30 C
Phnom Penh

អ្នក​ឃ្លាំមើល​ចង់​ឃើញ​រដ្ឋាភិបាល​យកចិត្ត​ទុកដាក់​ពលរដ្ឋ​ខ្លួនឯង​ដូច​ពលរដ្ឋ​វៀតណាម​នៅ​កម្ពុជា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នកវិភាគ និង​សង្គម​ស៊ីវិល ទទូច​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​យកចិត្ត​ទុកដាក់​ដោះស្រាយ​បញ្ហា និង​ផ្ដល់​ឱកាស​ដល់​ពលរដ្ឋ​របស់​ខ្លួន​ដែល​កំពុង​រងគ្រោះ​ដោយ​បញ្ហា​ដីធ្លី និង​បញ្ហា​ផ្សេងៗ​ទៀត​ឲ្យ​ដូច​ការ​ផ្ដល់​ឱកាស​ដល់​ពលរដ្ឋ​វៀតណាម ដែល​កំពុង​រស់នៅ​ខុសច្បាប់​នៅ​កម្ពុជា។

អ្នក​នាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក ស៊ឹង សែនករុណា បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​៣ មីនា នេះ​ថា ក្នុង​នាម​ជា​អង្គការ​សង្គម​ស៊ីវិល លោក​មិន​ប្រកាន់​ជាតិសាសន៍​នោះ​ទេ ប្រសិនបើ​បរទេស​ទាំងនោះ​រស់នៅ​ស្រប​ច្បាប់ ប៉ុន្តែ​បើ​រស់នៅ​មិន​ស្រប​ច្បាប់​ទេ រដ្ឋាភិបាល​គួរតែ​អនុវត្ត​តាម​ច្បាប់​អន្តោប្រវេសន៍ ដោយ​បញ្ជូន​ពួកគាត់​ទៅ​ប្រទេស​កំណើត​វិញ។

លោក​បន្ត​ថា ការ​អនុវត្ត​ច្បាប់​អន្តោប្រវេសន៍​នេះ ដើម្បី​បញ្ចៀស​ការ​ចោទប្រកាន់​ថា​ជនបរទេស​ផ្សេង​ទៀត​ដែល​កំពុង​រស់នៅ​ខុសច្បាប់ ត្រូវ​បាន​អាជ្ញាធរ​ចាប់​បញ្ជូន​ទៅវិញ ហើយ​បើក​ដៃ​ឲ្យ​ពលរដ្ឋ​វៀតណាម​រស់នៅ​ទាំង​ខុសច្បាប់​ដោយ​សេរី។

លោក​ចាត់ទុក​ការ​អនុញ្ញាត​ឱ្យ​ជនជាតិ​វៀតណាម​ចិញ្ចឹម​ត្រី​បន្ត​នៅពេល​នេះ គឺជា​រឿង​ចម្លែក ហើយ​អាច​ធ្វើ​ឱ្យ​ពលរដ្ឋ​មាន​ការ​ងឿងឆ្ងល់ ដោយសារ​កន្លងទៅ​អាជ្ញាធរ​ហាក់ដូចជា​ដុត​ដៃ​ដុត​ជើង​ក្នុង​ការ​ចាត់​វិធានការ​ទៅលើ​ពលរដ្ឋ​វៀតណាម​ខុស​ច្បាប់​ទៅ​ស្រុក​កំណើត​វិញ។ ការ​អនុវត្ត​បែប​នេះ បាន​ឆ្លុះបញ្ចាំង​ឱ្យ​ឃើញ​ថា អាជ្ញាធរ​ហាក់​គ្មាន​ភាព​ច្បាស់លាស់​ក្នុង​ការ​អនុវត្ត​ច្បាប់​ទៅលើ​ជនបរទេស។

លោក​បន្ត​ទៀត​ថា ករណី​នេះ បើសិនជា​ប្រៀបធៀប​នឹង​ការ​បណ្ដេញ​ពលរដ្ឋ​ខ្លួនឯង​ចេញពី​ផ្ទះ និង​ដីធ្លី​វិញ ក៏​មាន​ភាព​ខុសគ្នា​ស្រឡះ​តែម្ដង ដោយ​ពលរដ្ឋ​រស់នៅ​ផ្ទះ​បណ្ដែត​ទឹក​ព្រែកព្នៅ​ភាគច្រើន​ជា​ជនជាតិ​វៀតណាម ប៉ុន្តែ​ហាក់ដូចជា​មាន​វាសនា​ប្រសើរ​ជាង​ពលរដ្ឋ​ខ្មែរ​ដែល​កំពុង​រងគ្រោះ​ដីធ្លី។

លោក​បន្ថែម​ទៀត​ថា អាជ្ញាធរ​ខ្មែរ​គួរតែ​គិតគូរ និង​ដោះស្រាយ​បញ្ហា​ជូន​ពលរដ្ឋ​ខ្លួនឯង​ដែល​កំពុង​រងគ្រោះ​នា​ពេល​បច្ចុប្បន្ន​នេះ ដើម្បី​កុំ​ឱ្យ​សាធារណជន​រិះគន់​ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ការ​ដឹកនាំ​របស់​រដ្ឋាភិបាល​ក្នុង​ការ​ការពារ​សិទ្ធិ និង​ផលប្រយោជន៍​ពលរដ្ឋ​ខ្លួនឯង​មិន​ស្មើ​ភាព​គ្នា​ជាមួយ​ពលរដ្ឋ​នៃ​ប្រទេស​ដទៃ ជាពិសេស​ពលរដ្ឋ​វៀតណាម។

លោក ករុណា អះអាង​ថា ជាក់ស្ដែង ពលរដ្ឋ​ស្ទើរ​ទូទាំង​ប្រទេស​ដែល​កំពុង​រងគ្រោះ​ដីធ្លី ត្រូវ​បាន​អាជ្ញាធរ​បង្ក្រាប​ដោយ​ការ​បាញ់​ឱ្យ​រង​របួស ពិការ ដូច​នៅ​ខេត្ត​ព្រះសីហនុ និង​ខេត្ត​កណ្ដាល ជាដើម បន្ទាប់ពី​ពួកគេ​ចេញ​តវ៉ា​ទាមទារ​រក​យុត្តិធម៌​ដោយសារ​ក្រុមហ៊ុន និង​អ្នក​មាន​អំណាច​រំលោភ​យក។ ក្រៅពី​បង្ក្រាប​ដោយ​ហិង្សា​ហើយ ពួកគេ​ប្រឈម​នឹង​ការ​ជាប់​គុក ឬ​រត់​គេច​ខ្លួន​ពី​អាជ្ញាធរ​ដែល​បាន​ចាប់​ពួកគេ ហើយ​អ្នក​ខ្លះ​ជាប់​បណ្ដឹង​នៅ​តុលាការ ជាដើម។

អ្នកវិភាគ​នយោបាយ សង្គម និង​ជា​អនុប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ចលនា​ពលរដ្ឋ​ដើម្បី​ប្រជាធិបតេយ្យ (PMD) លោក គឹម សុខ បាន​លើកឡើង​ថា អាជ្ញាធរ​ភ្នំពេញ​របស់​លោក ហ៊ុន សែន កំពុង​លេង​ប៉ាហ៊ី​បំភ័ន្ត​ភ្នែក​ប្រជាពលរដ្ឋ​ខ្មែរ​ម្ចាស់​ប្រទេស។ លោក​ថា មូលហេតុ​ដែល​រូបលោក​លើកឡើង​ដូច្នេះ ដោយសារ​អាជ្ញាធរ​បាន​ឱ្យ​ពលរដ្ឋ​ខ្មែរ​យល់​ច្រឡំ​ថា ក្រុម​អាជ្ញាធរ​មាន​វិធានការ​លើ​ជនជាតិ​វៀតណាម​ខុសច្បាប់​នៅ​លើ​ទឹក​ទន្លេ​ខ្មែរ ប៉ុន្តែ​ការពិត​អាជ្ញាធរ​ត្រូវការ​ពេល​សម្រួល​ឱ្យ​ជនជាតិ​វៀតណាម​ខុសច្បាប់​ទាំងនោះ​កាន់តែ​មាន​លក្ខខណ្ឌ​កាន់តែ​ល្អ ក្នុង​ការ​រស់នៅ​លើ​ទឹកដី​កម្ពុជា​ប៉ុណ្ណោះ។

លោក​បន្ត​ថា ការ​បំភ័ន្ត​ភ្នែក​មួយ​ទៀត​នោះ គឺ​ដើម្បី​ឱ្យ​ពលរដ្ឋ​ខ្មែរ​យល់​ច្រឡំ​ថា ក្រុម​អាជ្ញាធរ​លោក ហ៊ុន សែន គោរព​ច្បាប់​អន្តោប្រវេសន៍ ប៉ុន្តែ​ការពិត​គ្រាន់តែ​ព្យាយាម​បន្សាប​ប្រតិកម្ម​បន្ទោស​របស់​ពលរដ្ឋ​ខ្មែរ ហើយ​ជាក់ស្ដែង លោក ហ៊ុន សែន អនុវត្ត​រណសិរ្ស​ប្រជាសាស្ត្រ​ឈ្លានពាន​របស់​វៀតណាម ដោយ​រក​ដី​គោក​ឲ្យ​ជនជាតិ​វៀតណាម​រស់នៅ និង​ផ្ដល់​ឯកសារ​ស្រប​ច្បាប់​ងាយៗ​ដល់​ពួកគេ។

លោក គឹម សុខ បន្ត​ថា សកម្មភាព​របស់​អាជ្ញាធរ​ដែល​ដឹកនាំ​ដោយ​លោក ហ៊ុន សែន នា​ពេលនេះ បាន​ចាត់ទុក​ជនជាតិ​វៀតណាម​រស់នៅ​ខុសច្បាប់​ជា​ចៅហ្វាយ ហើយ​ចាត់ទុក​ពលរដ្ឋ​ខ្មែរ​ម្ចាស់​ប្រទេស​ជា​ទាសករ​នៃ​ឧបករណ៍​អំណាច​របស់​គ្រួសារ​ហ៊ុន។

កាលពី​ថ្ងៃ​ទី​២ ខែ​មិថុនា ឆ្នាំ​២០២១ សាលា​រាជធានី​ភ្នំពេញ បាន​ប្រាប់​ទៅ​ប្រជាពលរដ្ឋ ក្នុង​នោះ​ភាគច្រើន​ជា​ជនជាតិ​វៀតណាម​ដែល​រស់នៅ​លើ​ផ្ទះ​បណ្តែត​ទឹក​តូច​ធំ បែចិញ្ចឹមត្រី និង​សំណង់​មិន​រៀបរយ​តាម​ដងទន្លេ​ក្នុង​រាជធានី​ភ្នំពេញ ត្រូវ​រុះរើ​ចេញ​យ៉ាង​យូរ ១​សប្តាហ៍​តែប៉ុណ្ណោះ។ ការ​ឱ្យ​រុះរើ​នេះ ត្រូវ​រដ្ឋាភិបាល​វៀតណាម​ប្រតិកម្ម​ភ្លាមៗ ដោយ​ចាត់ទុក​ថា​វិធានការ​ហាក់ដូចជា​លឿន​ពេក និង​ប៉ះពាល់​ដល់​ពលរដ្ឋ​ខ្លួន ទោះបីជា​ជនជាតិ​វៀតណាម​មួយ​ចំនួន​កំពុង​រស់នៅ​កម្ពុជា​ខុសច្បាប់​ក៏ដោយ។

ក្រោយ​មាន​ប្រតិកម្ម​នេះ កាលពី​អំឡុង​ខែ​មិថុនា ឆ្នាំ​២០២១ អាជ្ញាធរ​រាជធានី​ភ្នំពេញ​បាន​ជម្លៀស​អ្នក​រស់នៅ​លើ​ផ្ទះ​បណ្ដែត​ទឹក​តាម​ដងទន្លេ​ក្នុង​ខណ្ឌ​ជ្រោយចង្វារ ឱ្យ​ទៅ​រស់នៅ​ខណ្ឌ​ព្រែកព្នៅ វិញ និង​បាន​ទុក​រយៈពេល​ឱ្យ​ពួកគេ​រស់នៅ​លើ​ផ្ទះ​បណ្តែត​ទឹក​ចិញ្ចឹម​ត្រី​ចំនួន ៦​ខែ​ទៀត​មុន​នឹង​រុះរើ។ ប៉ុន្តែ​នៅ​ថ្ងៃ​ទី​១ ខែ​មីនា ឆ្នាំ​២០២២ មន្ត្រី​ជាន់ខ្ពស់​របស់​សាលា​រាជធានី​ភ្នំពេញ លោក កើត ឆែ បាន​លើកឡើង​ក្នុង​សន្និសីទ​សារព័ត៌មាន​ថា អាជ្ញាធរ​អនុញ្ញាត​ឱ្យ​ពលរដ្ឋ​រស់នៅ​លើ​ទឹក​ក្នុង​សង្កាត់​ព្រែកព្នៅ អាច​បន្ត​ចិញ្ចឹម​ត្រី​បាន​ពី ២ ទៅ ៣​ឆ្នាំ​ទៀត មុន​នឹង​ត្រូវ​រុះរើ​ចេញ​ទៅ​រក​មុខរបរ​ផ្សេង ឬ​ទៅ​រស់នៅ​កន្លែង​ផ្សេង។

របាយការណ៍​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​នៃ​ក្រសួង​មហាផ្ទៃ បង្ហាញ​ថា គិត​ត្រឹម​ពាក់កណ្តាល​ឆ្នាំ​២០២០ នៅ​កម្ពុជា​មាន​ជនបរទេស​ជាង ១១​ម៉ឺន​នាក់ ក្នុង​នោះ​ជិត ៧​ម៉ឺន​នាក់​ជា​ជនជាតិ​វៀតណាម ប៉ុន្តែ​ក្រសួង​ដែល​មាន​សមត្ថកិច្ច​មួយ​នេះ​នៅ​មិនទាន់​អាច​បង្ហាញ​ជា​សាធារណៈ​បាន​ទេ​ថា តើ​ជនជាតិ​វៀតណាម​ខុសច្បាប់​មាន​ចំនួន​ប៉ុន្មាន​នោះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស