34 C
Phnom Penh

ដំណោះស្រាយ​របស់​មហាសន្និបាត​អង្គការ​សហប្រជាជាតិ​គឺ​ការ​វាយ​សំពង​រុស្ស៊ី​យ៉ាង​ធ្ងន់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នៅ​ទីបំផុត មហាសន្និបាត​អង្គការ​សហប្រជាជាតិ បាន​សម្រេច​ជា​ផ្លូវការ និង​ជា​ប្រវត្តិសាស្ត្រ​របស់​ខ្លួន ដោយ​ចេញ​ដំណោះស្រាយ​ជំនួស​ឲ្យ​ក្រុមប្រឹក្សា​សន្តិសុខ ទាមទារ​ឱ្យ​មហាអំណាច​រុស្ស៊ី​ដក​ទ័ព​ចេញពី​ប្រទេស​អ៊ុយក្រែន​ដោយ​គ្មាន​លក្ខខណ្ឌ។

ទីភ្នាក់ងារ​សារព័ត៌មាន Reuters បាន​ចុះផ្សាយ​ថា ដំណោះស្រាយ​របស់​មហាសន្និបាត​នៃ​អង្គការ​សហប្រជាជាតិ ធ្វើឡើង​នៅ​ចំពោះ​តំណាង​របស់​ប្រទេស​រុស្ស៊ី ដោយ​បោះឆ្នោត​គាំទ្រ​រុស្ស៊ី​ដក​ទ័ព​ចេញពី​អ៊ុយក្រែន មាន​សំឡេង​ដល់​ទៅ ១៤១​សំឡេង​គាំទ្រ​ក្នុង​ចំណោម ១៩៣​ប្រទេស។

ក្នុង​ការ​បោះឆ្នោត​នេះ មាន ៤​ប្រទេស​បោះឆ្នោត​ប្រឆាំង​នឹង​ដំណោះស្រាយ​ដែល​ឱ្យ​រុស្ស៊ី​ដក​ទ័ព​ចេញពី​អ៊ុយក្រែន។ ប្រទេស​ទាំង​៤ នេះ​រួម​មាន ប្រទេស Belarus កូរ៉េ​ខាងជើង ស៊ីរី និង​ប្រទេស Eritrea ប៉ុន្តែ​ក៏​មាន​ប្រទេស​បោះឆ្នោត​អនុប្បវាទ​ផង​ដែរ​មាន ៣៥​ប្រទេស ក្នុង​នោះ​មាន ចិន ឥណ្ឌា គុយបា វៀតណាម និង​ឡាវ ជាដើម។

ដោយឡែក​ប្រទេស​មួយ​ដែល​មេដឹកនាំ​ប្រទេស​នេះ​តែង​ប្រកាស​គាំទ្រ​ឲ្យ​រុស្ស៊ី​ប្រកាន់​ជំហរ​ប្រឆាំង​នឹង​ពួក​លោក​ខាងលិច​ករណី​អ៊ុយក្រែន ហើយ​សន្យា​ជួយ​រុស្ស៊ី បើ​កងទ័ព​ណាតូ​វាយលុក​លើ​រុស្ស៊ី គឺ​ប្រធានាធិបតី​នៃ​ប្រទេស​វេណេហ្ស៊ុយអេឡា លោក នីកូឡាស ម៉ាឌូរ៉ូ បែរជា​បោះឆ្នោត​គាំទ្រ​ឲ្យ​រុស្ស៊ី ដក​ទ័ព​ចេញពី​អ៊ុយក្រែន ទៅវិញ។ ប្រទេស​វេណេហ្ស៊ុយអេឡា កំពុង​ស្ថិតនៅ​ក្រោម​ការ​ដឹកនាំ​បែប​ផ្ដាច់ការ​របស់​លោក ម៉ាឌូរ៉ូ។ ប្រទេស​នេះ​ក៏​កំពុង​រង​ទណ្ឌកម្ម​យ៉ាង​ធ្ងន់ធ្ងរ​ពី​សហគមន៍​អន្តរជាតិ​ករណី​រំលោភ​សិទ្ធិមនុស្ស និង​បំបិទ​សេរីភាព​ក្រុម​ប្រឆាំង។

ដោយឡែក​កម្ពុជា​ដែល​ត្រូវ​បាន​លោក​ខាងលិច​ចោទ​ជា​ប្រទេស​រំលោភ​សិទ្ធិ​សេរីភាព​ខាង​នយោបាយ​ធ្ងន់ធ្ងរ​ដែរ​នោះ ហើយ​ដឹកនាំ​ដោយ​បុរស​ខ្លាំង គឺ​លោក ហ៊ុន សែន ក៏​បាន​ចូលរួម​បោះឆ្នោត​គាំទ្រ​ឲ្យ​រុស្ស៊ី​ដក​ទ័ព​ចេញពី​ប្រទេស​អ៊ុយក្រែន​ដែរ។ ចំពោះ​ប្រទេស​ភូមា តំណាង​ដោយ​រដ្ឋាភិបាល​របស់​អ្នកស្រី អ៊ុងសាន ស៊ូជី ក៏​បាន​គាំទ្រ​ដែរ។

ប្រទេស​មួយ​ដែល​ជា​មិត្ត​ស្និទ្ធ​បំផុត​នឹង​រុស្ស៊ី​ផង​ដែរ គឺ​ប្រទេស Serbia ក៏​បាន​បោះឆ្នោត​ប្រឆាំង​ការ​ឈ្លានពាន​របស់​រុស្ស៊ី​ដែរ។ ដំណោះស្រាយ​របស់​មហាសន្និបាត​អង្គការ​សហប្រជាជាតិ បាន​ប្រើ​ពាក្យ​ធ្ងន់​មួយ​ឃ្លា​ថា « រុស្ស៊ី​ឈ្លានពាន​លើ​អ៊ុយក្រែន​យ៉ាង​កំរោល» -“aggression against Ukraine”។

នេះ​ជា​ការ​កត់សម្គាល់​មួយ​របស់​អ្នក​សង្កេតការណ៍។ អ្នក​សង្កេតការណ៍​យល់​ឃើញ​ថា ប្រទេស​ដែល​អាច​បោះឆ្នោត​ប្រឆាំង ឬ​អនុប្បវាទ​បែរជា​បោះឆ្នោត​គាំទ្រ​ដំណោះស្រាយ​របស់​អង្គការ​សហប្រជាជាតិ គឺជា​រឿង​ដ៏​កម្រ ហើយ​សូម្បី​មិត្ត​ដ៏​ស្និទ្ធ​នឹង​រុស្ស៊ី​ជាងគេ​នា​ទសវត្ស​ចុងក្រោយ​នេះ គឺ​ប្រទេស​គុយបា បែរជា​បោះឆ្នោត​អនុប្បវាទ​ដូច​ប្រទេស​វៀតណាម និង​ឡាវ ដែរ។ ប៉ុន្តែ​ប្រទេស​បី​នេះ គឺជា​ប្រទេស​ប្រកាន់​របប​កុម្មុយនីស្ត​ដូចគ្នា។

ចំណែក​ឯ​ចិន ដែល​ប្រកាន់​របប​កុម្មុយនីស្ត​នេះ បាន​បោះឆ្នោត​អនុប្បវាទ​តាំងពី​សម័យ​ប្រជុំ​របស់​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ ដែល​សម័យ​ប្រជុំ​របស់​ស្ថាប័ន​ដ៏​មាន​អំណាច​នេះ​មិន​អាច​ចេញ​សេចក្ដី​ថ្លែងការណ៍​រួច​ក្នុង​ការ​ថ្កោលទោស​រុស្ស៊ី លើក​ទ័ព​ឈ្លានពាន​អ៊ុយក្រែន ព្រោះ​តែ​រុស្ស៊ី​ខ្លួន​គេ​ជា​សមាជិក​អចិន្ត្រៃយ៍​បោះឆ្នោត​ជំទាស់ ឬ​វេតូ។

ចំណែក​ឯ​ឥណ្ឌា ក្នុង​ឋានៈ​ជា​សមាជិក​មិន​អចិន្ត្រៃយ៍ ដែល​ពុំ​មាន​សិទ្ធិ​វេតូ ក៏​បាន​បោះឆ្នោត​អនុប្បវាទ គឺ​បោះឆ្នោត​ទម្រង់​បែប​នេះ​តាំងពី​ក្នុង​កិច្ចប្រជុំ​របស់​ក្រុមប្រឹក្សា​សន្តិសុខ​កាលពី​សប្ដាហ៍​មុន។

អ្នក​សង្កេតការណ៍​យល់​ថា ឥណ្ឌា​មិន​ចង់​បំបាក់​រុស្ស៊ី ហើយ​ម្យ៉ាង​ទៀត ឥណ្ឌា​នៅ​ដឹងគុណ​រុស្ស៊ី កាលពី​ពេល​ដែល​ឥណ្ឌា ផ្ទុះ​សង្គ្រាម​ជាមួយ​ប៉ាគីស្ថាន​នៅ​ឆ្នាំ​១៩៧១ គឺ​សហភាព​សូវៀត​ជួយ​គាំទ្រ​ឥណ្ឌា ប្រឆាំង​នឹង​អាមេរិក ដែល​គាំទ្រ​ប៉ាគីស្ថាន។

តែ​យ៉ាងណា​ក្ដី ឥណ្ឌា​បាន​រេ​ខ្លួន​បន្តិច​ដោយ​សម្រេច​ផ្ដល់​ជំនួយ​ស្បៀង​រាប់​តោន​ទៅ​ជួយ​ជនភៀសខ្លួន​អ៊ុយក្រែន។ សម្រាប់​ឥណ្ឌា ដែល​ជា​សមាជិក​យោធា​ចតុភាគី​ហៅថា Qaud មាន​អាមេរិក ជប៉ុន និង​អូស្ត្រាលី ត្រូវ​បាន​មើល​ឃើញ​ថា ឥណ្ឌា​ចាប់​យក​ប្រទេស​៣​នេះ​ជា​សម្ពន្ធភាព​យោធា ដើម្បី​ទប់ទល់​នឹង​ឥទ្ធិពល​របស់​ចិន ដែល​ជា​ប្រទេស​ជិតខាង​នឹង​គ្នា​ដែល​តែងតែ​ផ្ទុះ​សង្គ្រាម​ព្រំដែន​វាយប្រហារ​គ្នា​ទៅវិញ​ទៅមក។

ទាំង​ចិន ទាំង​ឥណ្ឌា សម្រេច​បោះឆ្នោត​អនុប្បវាទ​ដូចនេះ អាច​មកពី​ប្រទេស​ពីរ​នេះ​រក​ចំណុច​កណ្ដាល​ដើម្បី​ដើរ​ជាមួយ​រុស្ស៊ី​បន្ត​ទៀត។ ប្រទេស​ធំ​ពីរ​នេះ​តែងតែ​ទទូច​ឱ្យ​រុស្ស៊ី និង​អ៊ុយក្រែន បន្ត​បើក​ការ​ចរចា​នឹង​គ្នា​ជាជាង​បន្ត​សង្គ្រាម​វាយប្រហារ​គ្នា។

អ្នក​សង្កេតការណ៍​បន្ត​ចាប់អារម្មណ៍​មួយ​ទៀត គឺ​រុស្ស៊ី​បាក់​មុខ​យ៉ាង​ខ្លាំង​ទៅ​ហើយ​អំឡុង​រដ្ឋមន្ត្រី​ការបរទេស​រុស្ស៊ី ហ្សេហ្គេឡារ៉ុស បាន​ឡើង​ថ្លែងការណ៍​ការពារ​ខ្លួន​ទៅកាន់​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ​កាលពី​ថ្ងៃ​អង្គារ ស្រាប់តែ​តំណាង​ប្រទេស​ជាង ១០០ បាន​ងើប​ឡើង​ដើរ​ចេញ។ ពួកគេ​ដើរ​បែរ​ខ្នង​មិន​អង្គុយ​ស្ដាប់​ប្រមុខ​ការទូត​មហាអំណាច​មួយ​នេះ​ឡើង​ថ្លែង​អំពី​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​ក្នុង​ប្រទេស​រុស្ស៊ី នោះ​ទេ ដែល​ពួកគេ​ចាត់ទុក​ថា​ជា​សេចក្ដី​ថ្លែងការណ៍​រំខាន​ពេលវេលា​ប៉ុណ្ណោះ ព្រោះ​នៅ​ក្នុង​ប្រទេស​រុស្ស៊ី អាជ្ញាធរ​ប៉ូលិស​បាន​ចាប់​ខ្លួន​បាតុករ​ប្រឆាំង​លោក​ប្រធានាធិបតី វ៉្លាឌីមៀរ ពូទីន ដែល​បញ្ជា​ឲ្យ​លើក​ទ័ព​ឈ្លានពាន​អ៊ុយក្រែន​កើន​ឡើង​ជិត ៨​ពាន់​នាក់​ទៅ​ហើយ។

ចំណែក​នៅ​ក្នុង​សម័យ​មហាសន្និបាត​អង្គការ​សហប្រជាជាតិ ដែល​ធ្វើឡើង​កាល​ពី​ថ្ងៃ​ពុធ ទី​២ ខែ​មីនា មាន​ការ​ចាប់អារម្មណ៍​មួយ​ទៀត គឺ​សេចក្ដី​ថ្លែងការណ៍​របស់​តំណាង​សហរដ្ឋ​អាមេរិក គឺ​អ្នកស្រី Linda Thomas-Greenfield។ អ្នកស្រី​ថ្លែង​ថា សង្គ្រាម​រុស្ស៊ី​ឈ្លានពាន​អ៊ុយក្រែន គឺ​មាន​សភាព​ឃោរឃៅ​អមនុស្សធម៌​ណាស់ ដោយ​ជនស៊ីវិល​ក៏​ជា​គោលដៅ​របស់​កងទ័ព​រុស្ស៊ី​បាញ់​សម្លាប់​ដែរ។ អ្នកស្រី​ទាមទារ​ឱ្យ​រុស្ស៊ី ទទួល​កំហុស​ជា​ប្រវត្តិសាស្ត្រ​នេះ​នៅ​ចំពោះ​មុខ​ច្បាប់​អន្តរជាតិ។

យ៉ាងណា តំណាង​របស់​រុស្ស៊ី​ក៏​បាន​ឡើង​ការពារ​ខ្លួន​ផង​ដែរ។

ឯកអគ្គរដ្ឋទូត​រុស្ស៊ី Vassily Nebenzia បាន​ព្យាយាម​បកស្រាយ​ដោយ​ទឹក​មុខ​ស្ងួត​ដែល​អាច​ដឹង​ថា​រុស្ស៊ី​ច្បាស់​ជា​រង​នូវ​ភាព​អាម៉ាស់​ឯកា​ហើយ​នៅ​ពេលនេះ។ សរុប​ទៅ អ្នក​សង្កេតការណ៍​បាន​ហៅ​ដំណោះស្រាយ​របស់​អង្គការ​សហប្រជាជាតិ គឺ​ជា​ទម្ងន់​នយោបាយ​ជា​សកល​មួយ​ដ៏​ធ្ងន់​វាយ​សំពង​ទៅលើ​រុស្ស៊ី ព្រោះ​ជា​សេចក្ដី​សម្រេច​ទាមទារ​ឱ្យ​រុស្ស៊ី​បញ្ឈប់​ការឈ្លានពាន និង​ដក​ទ័ព​ចេញពី​អ៊ុយក្រែន ដោយ​គ្មាន​លក្ខខណ្ឌ។

សេចក្ដី​សម្រេច​នេះ គឺជា​និមិត្តរូប​នៃ​ជោគជ័យ​ការទូត​ដ៏​មាន​តម្លៃ​របស់​ប្រជាជន​អ៊ុយក្រែន ដែល​បាន​ក្រាញ​ននៀល​ទប់ទល់​ការឈ្លានពាន​ពី​សំណាក់​មហាអំណាច​យោធា​មួយ​មាន​ព្រំដែន​ជាប់​គ្នា៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស