ចៅក្រមស៊ើបសួរសាលាដំបូងខេត្តព្រះសីហនុ សម្រេចចោទប្រកាន់ និងឃុំខ្លួនជនជាតិចិនចំនួន ៣នាក់នៅក្នុងពន្ធនាគារ និងម្នាក់ទៀតត្រូវបានពន្យារពេលឃុំខ្លួនដោយសារបញ្ហាសុខភាព កាលពីថ្ងៃទី២ ខែមីនា កន្លងមកនេះ ក្រោយពេលអាជ្ញាធររកឃើញថា ព័ត៌មានទាសករលក់ឈាមជារឿងប្រតិដ្ឋ។
អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ លោក ហួត វិចិត្រ ដែលជាអ្នកចាត់ការផ្ទាល់លើករណីនេះ បានប្រាប់ក្រុមអ្នកសារព័ត៌មានថា លោកបានបញ្ជូនជនសង្ស័យទាំង ៣នាក់ទៅចៅក្រមស៊ើបសួរ ហើយចៅក្រមស៊ើបសួរក៏បានសម្រេចឃុំខ្លួនពួកគេទាំង ៣នាក់នោះនៅក្នុងពន្ធនាគារខេត្តព្រះសីហនុ កាលពីម្សិលមិញ (ថ្ងៃទី៣ មីនា)។
លោកថា អ្នកទាំង ៣នាក់ពាក់ព័ន្ធនឹងបទចោទ «ផ្តល់សេចក្តីប្រកាសដោយភូតកុហក ញុះញង់ឱ្យមានការរើសអើង» តាមបញ្ញត្តិមាត្រា ៤៩៦ និង ៦៣៣ នៃក្រមព្រហ្មទណ្ឌ។ ជនត្រូវចោទទាំង ៣នាក់ជាជនជាតិចិន។
ជនជាតិចិនទាំង ៤នាក់ ក្នុងនោះឈ្មោះ LI YA YUAN LUN ដែលអះអាងថាជាជនរងគ្រោះ ត្រូវបានចោទប្រកាន់ពីបទ «ចូលមកកម្ពុជាដោយគ្មានការអនុញ្ញាត ការញុះញង់ឱ្យមានការរើសអើង និងផ្តល់សេចក្តីប្រកាសដោយភូតកុហក» កាលពីអំឡុងខែមិថុនា ឆ្នាំ២០២១ ដល់អំឡុងខែកុម្ភៈ ឆ្នាំ២០២២។
ស្ត្រីឈ្មោះ TAN XIAO MEI ត្រូវចោទពីបទ «ផ្តើមគំនិតក្នុងអំពើញុះញង់ឱ្យមានការរើសអើង និងផ្តល់សេចក្តីប្រកាសដោយភូតកុហក»។ ចំណែកបុរសពីរនាក់ទៀត ក្នុងនោះឈ្មោះ CHEN BAO RONG និងឈ្មោះ CHEN XIAO HUA ចោទប្រកាន់ពីបទ «ញុះញង់ឱ្យមានការរើសអើង ជ្រៀតជ្រែកដោយខុសច្បាប់ទៅក្នុងការបំពេញមុខងារសាធារណៈ ប្រើប្រាស់ដោយខុសច្បាប់នូវឯកសារបញ្ជាក់វិជ្ជាជីវៈ និងផ្តល់សេចក្តីប្រកាសដោយភូតកុហក»។
យ៉ាងណាក៏ដោយ លោក LI YA YUAN LUN ដែលអះអាងខ្លួនជាជនរងគ្រោះធ្លាប់បានប្រាប់សារព័ត៌មានក្នុងស្រុកកន្លងមកថា អំពើប្រតិបត្តិការឆបោកនៅកម្ពុជាដែលត្រូវបានគេបូមឈាមរបស់គាត់ជាច្រើនដងតាំងពីខែសីហា ឆ្នាំ២០២១ ក្នុងខេត្តព្រះសីហនុ ធ្វើឱ្យស្ថានភាពសុខភាពគាត់ទន់ខ្សោយ និងមានហានិភ័យខ្ពស់។
កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២ អគ្គស្នងការដ្ឋាននគរបាលជាតិបានចេញសេចក្តីប្រកាសព័ត៌មានថា ការចុះផ្សព្វផ្សាយព័ត៌មានស្ដីពីការចាប់បង្ខាំងជនជាតិចិន ធ្វើជាទាសករលក់ឈាមនៅតំបន់ឆៃណាថោន ក្នុងខេត្តព្រះសីហនុ អង្គភាពជំនាញបានចុះស្រាវជ្រាវរកឃើញថាព័ត៌មាននោះជារឿងប្រតិដ្ឋ។
នគរបាលជាតិអះអាងថា ព័ត៌មានទាំងនោះប្រតិដ្ឋឡើងដោយឈ្មោះ LI YA YUAN LUN ស្នាក់នៅមន្ទីរពេទ្យប៊ីធនកម្ពុជា-ចិន រាជធានីភ្នំពេញ និងអ្នកពាក់ព័ន្ធចំនួន ៣នាក់ទៀត។
ក្រុមអ្នកជំនួញចិននៅកម្ពុជាបានសរសេរលិខិតចំហរួមមួយផ្ញើជូនអាជ្ញាធរចិន និងកម្ពុជា កាលពីថ្ងៃទី២៤ ខែកុម្ភៈ កន្លងទៅ ដោយស្នើឱ្យបង្ក្រាបអ្វីដែលពួកគេចាត់ទុកថាជាឧក្រិដ្ឋកម្ម «ខុសច្បាប់ដ៏កាចសាហាវ» ពាក់ព័ន្ធនឹងពលរដ្ឋចិននៅកម្ពុជា។ សភាពាណិជ្ជកម្មចិននៅកម្ពុជា ក៏បានជំរុញដល់មន្ត្រីពាក់ព័ន្ធទាំងឡាយឱ្យបង្ក្រាបក្រុមដែលប្រព្រឹត្តសកម្មភាពខុសច្បាប់ទាំងនេះ៕