32.1 C
Phnom Penh

បុរស​ជនជាតិ​ចិន​ជាប់​ពាក់ព័ន្ធ​ចាប់​ជំរិត​នៅ​កម្ពុជា ត្រូវ​អាជ្ញាធរ​ថៃ​ចាប់​ខ្លួន​បន្ទាប់ពី​លួច​ឆ្លងដែន​ទៅ​លាក់​ខ្លួន​នៅ​ខេត្ត​ឈុនបុរី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

បុរស​ជនជាតិ​ចិន ដែល​ធ្លាប់​រកស៊ី​ឆបោក​តាម​អ៊ីនធឺណិត ចាប់​ជំរិត និង​ធ្វើ​ទារុណកម្ម​ស្ត្រី​ជនជាតិ​ចិន នៅ​ក្នុង​ប្រទេស​កម្ពុជា ត្រូវ​បាន​ភ្នាក់ងារ​តម្រួត​ថៃ ផ្នែក​ការិយាល័យ​ស៊ើបអង្កេត​ឧក្រិដ្ឋកម្ម​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ចាប់​ខ្លួន បន្ទាប់ពី​លួច​ឆ្លងដែន​ពី​ប្រទេស​កម្ពុជា ចូល​ទៅ​លាក់​ខ្លួន​នៅ​ស្រុក​បាងឡាមុង ខេត្ត​ឈុនបុរី។

តាម​សារព័ត៌មាន​ថៃ The Nation ផ្សាយ​ថ្ងៃ​សុក្រ ទី​២១ ខែ​មីនា ឆ្នាំ​២០២៥ ការិយាល័យ​ស៊ើបអង្កេត​ឧក្រិដ្ឋកម្ម​នៃ​កងរាជ​តម្រួត​ថៃ (CCIB) បាន​តាមដាន​អង្កេត​មុខរបរ​រកស៊ី​បែប​ឆបោក​នៅ​ក្នុង​ខេត្ត​ឈុនបុរី ក៏​ប្រទះ​ឃើញ​បុរស​ជនជាតិ​ចិន កំពុង​លាក់​ខ្លួន​ក្នុង​ភូមិគ្រឹះ​មាន​អាង​ហែល​ទឹក​មួយ ដែល​មាន​ស្ត្រី​ជនជាតិ​ចិន អាយុ ២៧​ឆ្នាំ​ម្នាក់​ជា​ម្ចាស់។

នាយ​កងរាជ​តម្រួត ឧត្ដមសេនីយ៍ឯក ធីរុង ភៀវផាន់ ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​ថា បុរស​ជនជាតិ​ចិន នោះ ធ្លាប់​បោក​តាម​អនឡាញ​ក្នុង​គម្រោង​វិនិយោគទុន​បាន​ប្រាក់ ៦១៨​លាន​បាត ឬ​ស្មើ​នឹង​ប្រមាណ ១៩​លាន​ដុល្លារ​អាមេរិក។

លោក​ថា បុរស​នោះ​ជាប់​ទាក់ទង​នឹង​ករណី​ចាប់​ជំរិត​ស្ត្រី​ជនជាតិ​ចិន ដោយ​បាន​ផ្ញើ​រូបថត​អាក្រាត​ពី​ខេត្ត​ព្រះសីហនុ ទៅ​ក្រុម​គ្រួសារ​ទារ​ប្រាក់​លស់​យក​ចំនួន ១​លាន​យ័ន ប៉ុន្តែ​ក្រុម​គ្រួសារ​បាន​ផ្ដល់​ដំណឹង​ទៅ​អាជ្ញាធរ​មាន​សមត្ថកិច្ច​ចិន ហើយ​ទាក់ទង​ទៅ​ប៉ូលិស​អន្តរជាតិ Interpol ដែល​ចេញ​សេចក្តី​ជូនដំណឹង​ពណ៌​ក្រហម​តាម​ចាប់​ខ្លួន​បុរស​នោះ។

អាជ្ញាធរ​ថៃ កំពុង​ធ្វើ​កិច្ចសហការ​ជាមួយ​អាជ្ញាធរ​ចិន តាមរយៈ​ស្ថានទូត​សាធារណរដ្ឋ​ប្រជាមានិត​ចិន ដើម្បី​ធ្វើ​បត្យាប័ន ឬ​បញ្ជូន​ទៅ​រដ្ឋអំណាច​ចិន វិញ។ មក​ទល់​ពេលនេះ ពុំ​មាន​នរណា​ដឹង​ថា ស្ត្រី​រងគ្រោះ​ជនជាតិ​ចិន ដែល​គេ​ចាប់​ជំរិត​នោះ នៅ​ទីណា​ទេ។ បុរស​ជនជាតិ​ចិន រត់​គេច​ពី​ច្បាប់​នោះ មាន​ជំពាក់ជំពិន​នឹង​បណ្ដាញ​ឧក្រិដ្ឋកម្ម​អន្តរជាតិ និង​សកម្មភាព​លាង​ប្រាក់​កខ្វក់៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស