32 C
Phnom Penh

អាជ្ញាធរ​ចាប់​ខ្លួន​កូដករ NAGA ជិត​២០០​នាក់​បញ្ជូន​ទៅ​ចត្តាឡីស័ក​បន្ទាប់​ពួកគេ​ធ្វើ​កូដកម្ម​សាជាថ្មី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សមត្ថកិច្ច​រាជធានី​ភ្នំពេញ វាយ និង​ចាប់​ខ្លួន​ក្រុម​កូដករ​ណាហ្គា​វើលដ៍ (NAGA World) ជិត ២០០​នាក់​ទាំង​បង្ខំ​ដាក់​រថយន្ត​បញ្ជូន​ទៅ​ទុក​នៅ​មណ្ឌល​ចត្តាឡីស័ក​ក្នុង​ខណ្ឌ​ព្រែកព្នៅ បន្ទាប់ពី​ពួកគេ​បាន​នាំគ្នា​ចេញ​ធ្វើ​កូដកម្ម​ជា​ថ្មី​ទៀត។

ក្នុង​វីដេអូ​ឃ្លីប​កងកម្លាំង​សមត្ថកិច្ច​ជាច្រើន​នៅ​ថ្ងៃ​ទី​៧ មីនា នេះ បាន​ចុះ​ទៅ​ចាប់​ខ្លួន ហើយ​ថែមទាំង​បាន​វាយ​ត្រូវ​ក្បាល​កូដករ និង​បាន​ចាប់​បង្ខំ​ឱ្យ​ចូល​រថយន្ត ដើម្បី​ដឹក​យក​ទៅ​មណ្ឌល​ចត្តាឡីស័ក​ជា​ថ្មី​ទៀត។ វិធានការ​របស់​សមត្ថកិច្ច បាន​ធ្វើឡើង​បន្ទាប់ពី​ពួកគេ​បាន​នាំគ្នា​បន្ត​ធ្វើ​កូដកម្ម​ជា​ថ្មី​ទៀត​នៅ​មុខ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍​ទី​២។

កូដករ​ម្នាក់​ក្នុង​ចំណោម​ជិត ២០០​នាក់ ឈ្មោះ Tulip Mar ដែល​ត្រូវ​បាន​សមត្ថកិច្ច​រាជធានី​ភ្នំពេញ​ចាប់​ទៅ​ដាក់​នៅ​មណ្ឌល​ចត្តាឡីស័ក​ខណ្ឌ​ព្រែកព្នៅ បាន​ប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ឡាយ​រៀបរាប់​ថា សមត្ថកិច្ច​មិន​បាន​ជួយ​ដោះស្រាយ​វិវាទ​ជាមួយ​ក្រុមហ៊ុន​ណាហ្គា ប៉ុន្តែ​ថែមទាំង​ចាប់​ខ្លួន និង​ប្រើ​ទាំង​អំពើ​ហិង្សា​លើ​ពួកគាត់​ជា​កូដករ​ទៀត។

អ្នកស្រី​ចាត់ទុក​សកម្មភាព​របស់​ក្រុម​សមត្ថកិច្ច​ដែល​ចេះតែ​រារាំង និង​ប្រើ​អំពើ​ហិង្សា រួម​ទាំង​ចាប់​ខ្លួន​ទាំង​បង្ខំ​យក​ទៅ​ដាក់​នៅ​មណ្ឌល​ចត្តាឡីស័ក​ម្ដង​ហើយ​ម្តង​ទៀត​នេះ ថា​ជា​រឿង​អយុត្តិធម៌​សម្រាប់​ពួកគាត់​ដែល​ជា​ជនរងគ្រោះ។ អ្នកស្រី​យល់​ថា អាជ្ញាធរ​កំពុង​យក​លេស​ទប់ស្កាត់​កូវីដ-១៩ បំបិទ​សិទ្ធិ​សេរីភាព​ក្នុង​ការ​ជួបជុំ​ដោយ​សន្តិវិធី។

អ្នក​គ្រប់គ្រង​កម្មវិធី​ការងារ​នៃ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស (សង់ត្រាល់) លោក ឃុន ថារ៉ូ យល់​ថា​វិវាទ​ការងារ​នេះ​នឹង​មិន​អាច​បញ្ចប់​ដោយ​សន្តិវិធី​នោះ​ទេ បើ​ភាគី​និយោជក និង​រដ្ឋ​អំណាច​មិន​មាន​ឆន្ទៈ​ក្នុង​ការ​ចូលរួម​ដោះស្រាយ​ដោយ​ភាព​ស្មោះត្រង់ តម្លាភាព និង​អាច​ទុកចិត្ត​បាន ហើយ​នៅតែ​បន្ត​ដាក់​សម្ពាធ​ទៅកាន់​ភាគី​ជនរងគ្រោះ។

កាលពី​ថ្ងៃ​ទី​២៥ ខែ​កុម្ភៈ ឆ្នាំ​២០២២ ក្រុម​សង្គម​ស៊ីវិល​ទាមទារ​ឲ្យ​អាជ្ញាធរ​បញ្ឈប់​ជាបន្ទាន់​រាល់​ការ​បៀតបៀន ការ​ប្រើ​អំពើ​ហិង្សា រួម​ទាំង​ការ​អនុវត្ត​វិធានការ​កូវីដ-១៩ មិន​ត្រឹមត្រូវ​មួយ​ចំនួន​ទៀត​ដែល​នាំ​ឲ្យ​មាន​ការ​រំលោភ​សិទ្ធិ​ស្ត្រី និង​សិទ្ធិ​ជួបជុំ​ដែល​ការពារ​ដោយ​រដ្ឋធម្មនុញ្ញ៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស