34 C
Phnom Penh

បណ្ឌិត សុខ ទូច អះអាង​ថា​ជនជាតិ​វៀតណាម​កំពុង​ធ្វើ​ឱ្យ​បាត់បង់​ត្រី​នៅ​ក្នុង​បឹង​ទន្លេសាប​កម្ពុជា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រធាន​រាជបណ្ឌិត្យសភា​កម្ពុជា លោក សុខ ទូច បាន​លើកឡើង​ថា ជនជាតិ​វៀតណាម​ដែល​កំពុង​រស់នៅ​ក្នុង​ប្រទេស​កម្ពុជា ជាពិសេស​លើ​ផ្ទះ​បណ្ដែត​នៅ​បឹង​ទន្លេសាប បាន​ប្រើប្រាស់​ឧបករណ៍​ខុសច្បាប់​ដើម្បី​ឆក់​ត្រី​ក្នុង​ទន្លេ ធ្វើ​ឲ្យ​បាត់បង់​ត្រី​បឹង​ទន្លេសាប​កម្ពុជា។

ក្នុង​វីដេអូ​ឃ្លីប​ជាង ១​នាទី ដែល​បង្ហោះ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​របស់​លោក កាលពី​ថ្ងៃ​ទី​៧ ខែ​មីនា ឆ្នាំ​២០២២ អំឡុង​ពេល​ចុះ​ពិនិត្យមើល​សកម្មភាព​របស់​ជនជាតិ​វៀតណាម​រស់​នៅ​ផ្ទះ​បណ្ដែត​ទឹក​នៅ​បឹង​ទន្លេសាប​ក្នុង​ប្រទេស​កម្ពុជា។

លោក សុខ ទូច លើកឡើង​ដោយ​ប្រហែល​សំដៅ​លើ​ជនជាតិ​វៀតណាម​ថា អ្នក​មក​រស់នៅ​លើ​ទឹកដី​កម្ពុជា អ្នក​ធ្វើ​មាន​ធ្វើ​បាន​នៅ​លើ​ទឹកដី​ខ្ញុំ​ហើយ ចុះ​ហេតុ​អ្វី​អ្នក​កម្ទេច​ត្រី​នៅ​ក្នុង​ទន្លេ​ខ្ញុំ​ទៀត។

លោក​បន្ត​ថា «អ្នក​គិត​ទៅ​មើល អ្នក​ប្រព្រឹត្ត​ខុសច្បាប់ អ្នក​ឆក់​ត្រជាក់ (យ៉ាំងកាវ) ឆក់​ក្តៅ ឈិប​យន្ត ឆក់​ទូក​លឿន​ក្នុង​ដែន ៦០​ម៉ែត្រ​បួន​ជ្រុង ហើយ​អូស​យក​ត្រី​ទាំង​ត្រីស្រកា ទាំង​ត្រី​អត់​ស្រកា។ ចំណែក​ឯ​ត្រី​តូចៗ​វិញ នៅ​ពេល​អ្នក​ប្រើ​ការ​មិន​កើត អ្នក​បែរ​ជា​យក​ទៅ​ធ្វើ​ជី តើ​ឱ្យ​ខ្ញុំ​ទ្រាំ​នឹង​សកម្មភាព​របស់​អ្នក​បាន​យ៉ាង​ដូចម្តេច​ទៅ

នៅ​ក្នុង​វីដេអូ​ឃ្លីប​ជាង ១​នាទី​ដដែល លោក សុខ ទូច ក៏​បាន​លើក​កាំភ្លើង​បាញ់​គំរាម​ទៅ​ជនជាតិ​វៀតណាម​មួយ​គ្រាប់ អំឡុង​ពេល​ដែល​ជនជាតិ​វៀតណាម​រូប​នោះ​បម្រុង​បើក​ទូក​គេច ដោយ​ឧបករណ៍​ឆក់​ត្រជាក់​យក​ត្រី​នៅ​កន្លែង​ដែល​ពួកគេ​កំពុង​រស់នៅ​លើ​ផ្ទៃ​ទឹក​ក្នុង​បឹង​ទន្លេសាប​កម្ពុជា។

បច្ចុប្បន្ន ជនជាតិ​វៀតណាម​ជាច្រើន​នាក់​បាន និង​កំពុង​រស់នៅ​លើ​ផ្ទះ​បណ្ដែត​ទឹក​លើ​ផ្ទៃ​បឹង​ទន្លេសាប​នៅ​រាជធានី​ភ្នំពេញ និង​តាម​បណ្ដា​ខេត្ត​មួយ​ចំនួន​ក្នុង​នោះ​ខេត្ត​កំពង់ឆ្នាំង ព្រៃវែង រួម​ទាំង​ខេត្ត​កណ្ដាល ជាដើម ក្រោយ​ពី​រដ្ឋាភិបាល​វៀតណាម មិនព្រម​ទទួល​យក​ទៅ​ស្រុក​កំណើត​វិញ។

កាលពី​ខែ​មិថុនា ឆ្នាំ​២០២១ អាជ្ញាធរ​រាជធានី​ភ្នំពេញ​បាន​ជម្លៀស​ពលរដ្ឋ​វៀតណាម ដែល​រស់នៅ​លើ​ផ្ទះ​បណ្ដែត​ទឹក​តាម​ដងទន្លេ​ក្នុង​ខណ្ឌ​ជ្រោយចង្វារ នោះ​ឱ្យ​ទៅ​រស់នៅ​ខណ្ឌ​ព្រែកព្នៅ វិញ។ ប៉ុន្តែ​អំឡុង​ពេល​ជម្លៀស​នោះ ក៏​បាន​ធ្វើ​ឱ្យ​ពលរដ្ឋ​មួយ​ចំនួន​បាន​នាំគ្នា​ធ្វើ​ដំណើរ​វិលត្រឡប់​ទៅ​ស្រុក​កំណើត​វិញ​តាម​ច្រក​ក្អម​សំណ ស្រុក​លើកដែក ខេត្ត​កណ្ដាល។ ហើយ​ពេល​ទៅ​ជិត​ដល់​ព្រំដែន​នោះ វៀតណាម​បាន​បិទ​ច្រក​ដោយ​មិន​ទទួល​យក​ពលរដ្ឋ​វៀតណាម​ឡើយ។

កាលពី​ថ្ងៃ​ទី​២៣ ខែ​កុម្ភៈ ឆ្នាំ​២០២២ អគ្គលេខាធិការ​នៃ​អគ្គលេខាធិការដ្ឋាន​ក្រសួង​មហាផ្ទៃ លោក ប៉ោ ភក្តិ បាន​ជំរុញ​ឱ្យ​ធ្វើ​វិសោធនកម្ម​ច្បាប់​អន្តោប្រវេសន៍​ឆ្នាំ​១៩៩៤ ជាបន្ទាន់ ដើម្បី​ធានា​អំពី​ប្រសិទ្ធភាព​នៃ​ការ​គ្រប់គ្រង​ជន​អន្តោប្រវេសន៍​រស់នៅ​ខុសច្បាប់។ ទោះជាយ៉ាងណា​ក៏ដោយ អាជ្ញាធរ​វៀតណាម មិនព្រម​ទទួល​យក​ពលរដ្ឋ​របស់​ខ្លួន ទោះបី​ពួកគេ​ខ្លះ​ចង់​ត្រឡប់​ទៅ​វៀតណាម​វិញ​ក៏ដោយ៕

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស