32.5 C
Phnom Penh

ទ័ព​ស្ម័គ្រចិត្ត​បរទេស​ជិត ២​ម៉ឺន​នាក់​បាន​ដល់​អ៊ុយក្រែន​ហើយ​ដើម្បី​ជួយ​ច្បាំង​ក្នុង​សង្គ្រាម​ជាមួយ​រុស្ស៊ី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ពី​ប្រទេស​អ៊ុយក្រែន ឯណោះ​វិញ កាសែត​អាមេរិកាំង New York Post បាន​ចុះផ្សាយ​ថា​កងទ័ព​ស្ម័គ្រចិត្ត​មកពី​ប្រទេស​ផ្សេងៗ​បាន​ចូល​ទៅ​ជួយ​កងទ័ព​អ៊ុយក្រែន មាន​ការ​កើន​ឡើង​ជិត ២​ម៉ឺន​នាក់​ហើយ​នៅ​ពេលនេះ ក្នុង​ការ​ធ្វើ​សង្គ្រាម​ប្រឆាំង​នឹង​ការ​ឈ្លានពាន​ពី​មហាអំណាច​រុស្ស៊ី។

រដ្ឋមន្ត្រី​ការបរទេស​អ៊ុយក្រែន Dmytro Kuleba ឲ្យ​ដឹង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​កាលពី​ថ្ងៃ​អាទិត្យ ទី​៦ ខែ​មីនា ថា កងទ័ព​បរទេស​ទាំងនេះ​បាន​ទៅដល់​ទីតាំង​របស់​ពួកគេ​អស់​ហើយ ដោយ​សហការ​ជាមួយ​នឹង​កងទ័ព​អ៊ុយក្រែន។ លោក​រដ្ឋមន្ត្រី​បញ្ជាក់​ថា កងទ័ព​ស្ម័គ្រចិត្ត​បរទេស​ទាំងនោះ​មកពី ៥២​ប្រទេស។

បើ​តាម​លោក​រដ្ឋមន្ត្រី​ការបរទេស​អ៊ុយក្រែន​រូប​នេះ ឲ្យ​ដឹង​ថា ការ​ចូល​ជួយ​របស់​កងទ័ព​នៃ​ប្រទេស​ទាំងនោះ ធ្វើឡើង​តាម​ការ​អំពាវនាវ​របស់​ប្រធានាធិបតី Volodymyr Zelenskiy ក្នុង​សប្តាហ៍​កន្លងមក​នេះ។ លោក​ថា កងទ័ព​ប្រទេស​ទាំងនោះ​នឹង​មិន​តម្រូវ​ឲ្យ​មាន​ទិដ្ឋាការ​ចូល​ប្រទេស​អ៊ុយក្រែន នោះ​ទេ។ កាលពី​ថ្ងៃ​ព្រហស្បតិ៍ សប្ដាហ៍​មុន កងទ័ព​បរទេស​ទាំងនោះ​មាន​ចំនួន ១​ម៉ឺន ៦​ពាន់​នាក់​បាន​មក​ដល់​ប្រទេស​អ៊ុយក្រែន។

មក​ដល់​ពេលនេះ សង្គ្រាម​រុស្ស៊ី​លើក​ទ័ព​ឈ្លានពាន​អ៊ុយក្រែន មាន​រយៈពេល ១៣​ថ្ងៃ​មក​ហើយ។ គេ​ពុំ​ដឹង​ថា រដ្ឋធានី​អ៊ុយក្រែន គឺ​ទីក្រុង​គៀវ នឹង​ត្រូវ​កងទ័ព​រុស្ស៊ី​រឹបអូស​បាន​នៅ​ពេល​ណា​នោះ​ទេ។ តែ​អ្នក​ជំនាញ​ថា រុស្ស៊ី​នឹង​ត្រូវ​វាយ​រំលំ​រដ្ឋាភិបាល​លោក ហ្សេឡិនស្គី ឲ្យ​បាន​ដើម្បី​លើក​បន្តុប​រដ្ឋាភិបាល​អាយ៉ង​របស់​ខ្លួន ប្រសិនបើ​រដ្ឋាភិបាល​លោក ហ្សេឡិនស្គី មិនព្រម​ទទួល​យក​លក្ខខណ្ឌ ៣​ចំណុច​ដែល​ក្រុង​មូស្គូ តម្រូវ​ឱ្យ​រដ្ឋាភិបាល​អ៊ុយក្រែន ទទួល​យក​តាម​សម្ពាធ​របស់​ខ្លួន។

លក្ខខណ្ឌ ៣​ចំណុច​នេះ គឺ៖

  • ទី​មួយ​យល់ព្រម​រុះរើ​រដ្ឋធម្មនុញ្ញ​ឡើងវិញ​ដោយ​ដាក់​ប្រទេស​អ៊ុយក្រែន​ជា​រដ្ឋ​អព្យាក្រឹត្យ។
  • ទី​ពីរ ទទួលស្គាល់​តំបន់​គ្រីមៀរ ដែល​រុស្ស៊ី​យក​បាន​តាមរយៈ​ការ​បោះឆ្នោត​ប្រជាមតិ​នៅ​ឆ្នាំ​២០១៤ ជា​ដែនដី​របស់​រុស្ស៊ី។
  • និង​ទី​បី ទទួលស្គាល់​តំបន់ Donetsk និង Luhansk ជា​សាធារណរដ្ឋ​ឯករាជ្យ​ពី​អ៊ុយក្រែន។

ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​រុស្ស៊ី បាន​ប្រកាស​ថា ប្រសិនបើ​ប្រធានាធិបតី ហ្សេឡីនស្គី និង​រដ្ឋាភិបាល​របស់​លោក ហ្សេឡិនស្គី យល់ព្រម​ចុះហត្ថលេខា​លើ​លក្ខខណ្ឌ​ទាំង​៣​នេះ គឺ​រុស្ស៊ី​នឹង​ប្រកាស​ឈប់​បាញ់​ទូទាំង​ប្រទេស និង​ដកទ័ព​ត្រឡប់​មក​ទៅវិញ ហើយ​អ៊ុយក្រែន ចាប់ផ្ដើម​មាន​សន្តិភាព​ឡើងវិញ។

សម្រាប់​លោក ហ្សេឡិនស្គី សច្ចា​ហើយ​ថា លោក​សុខចិត្ត​ស្លាប់​ក្នុង​សមរភូមិ​ដោយ​មិន​ប្រគល់​ទឹកដី​ជា​ថ្នូរ​នឹង​សន្តិភាព និង​ដើម្បី​ស្ថិរភាព​នៃ​អំណាច​របស់​លោក​ឡើយ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស