34 C
Phnom Penh

អង្គការ​សង្គម​ស៊ីវិល​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​លុបបំបាត់​អំពើ​ទាសភាព​ពី​ក្នុង​ប្រទេស

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សង្គម​ស៊ីវិល​ចំនួន​៣៥ បារម្ភ​ចំពោះ​របាយការណ៍​ដែល​បង្ហាញ​អំពី​ការ​កើន​ឡើង​យ៉ាង​ច្រើន​នៃ​ការ​ជួញដូរ​មនុស្ស​ចូល​មក​កម្ពុជា ដែល​ធ្វើ​ឱ្យ​មាន​ការ​ប្រើ​កម្លាំង​ពលកម្ម​ដោយ​បង្ខំ អំពើ​ទាសភាព និង​ទារុណកម្ម​នៅ​តាម​បរិវេណ​អគារ​នានា​នៅ​ក្នុង​ប្រទេស​កម្ពុជា។

តាមរយៈ​សេចក្ដី​ថ្លែងការណ៍​រួម​នៅ​ថ្ងៃ​ទី​១០ ខែ​មីនា អង្គការ​សង្គម​ស៊ីវិល​ចំនួន​៣៥ ដែល​បាន​បង្ហោះ​នៅ​លើ​គេហទំព័រ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​លុបបំបាត់​អំពើ​ទាសភាព​ទាំងនោះ​ពី​ក្នុង​ប្រទេស ដោយ​បាន​ស្នើ​ឱ្យ​អាជ្ញាធរ​កម្ពុជា​បំពេញ​ការ​ទទួល​ខុសត្រូវ​របស់​ខ្លួន ស៊ើប​អង្កេត​ឱ្យ​បាន​ពេញលេញ​នូវ​ការ​រំលោភបំពាន​នៅ​ក្នុង​ប្រទេស​របស់​ខ្លួន និង​លុបបំបាត់​រាល់​ទីតាំង​ទាំងអស់​ដែល​ពាក់ព័ន្ធ​នឹង​ល្បែងស៊ីសង​ខុសច្បាប់ និង​ប្រតិបត្តិការ​បោក​បញ្ឆោត ក៏ដូចជា​ការ​បង្ខំ​ឱ្យ​ធ្វើ​ពលកម្ម ទាសភាព ឬ​ការ​ធ្វើ​ទារុណកម្ម។

សេចក្ដី​ថ្លែងការណ៍​ដដែល​បន្ត​ថា ផ្អែក​តាម​ការ​រាយការណ៍​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​គណនី​បណ្ដាញ​សង្គម​របស់​ជនរងគ្រោះ​ជាច្រើន ដែល​ចងក្រង​ដោយ​អង្គការ​ក្នុង​ស្រុក និង​អន្តរជាតិ បង្ហាញ​ថា មនុស្ស​រាប់​ពាន់​នាក់​ដែល​ភាគច្រើន​ជា​ជនបរទេស ត្រូវ​បាន​ជាប់​ក្នុង​ស្ថានភាព​ទាំងអស់​នេះ។

របាយការណ៍​ដដែល​បង្ហាញ​ថា ភាគច្រើន​នៃ​បរិវេណ​អគារ​ទាំងនោះ គឺ​ស្ថិតនៅ​ក្នុង​ខេត្ត​ព្រះសីហនុ ប៉ុន្តែ​ក៏​មាន​ការ​រំលោភបំពាន​ស្រដៀង​គ្នា​នេះ ដែល​ត្រូវ​បាន​គេ​រាយការណ៍​ថា​កើតឡើង​នៅ​ក្នុង​រាជធានី​ភ្នំពេញ ខេត្ត​ពោធិ៍សាត់ ខេត្ត​កោះកុង និង​ខេត្ត​ផ្សេង​ទៀត​ផង​ដែរ។

កាលពី​ដើម​ខែ​កក្កដា ឆ្នាំ​២០២១ កន្លងទៅ ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក បាន​ចេញផ្សាយ​របាយការណ៍​អង្កេត និង​វាយតម្លៃ​ប្រចាំ​ឆ្នាំ​របស់​ខ្លួន ស្ដីពី «ការ​ជួញដូរ​មនុស្ស​លើ​សកលលោក ឆ្នាំ​២០២១»។ របាយការណ៍​នោះ​បាន​ចាត់​ថ្នាក់​ប្រទេស​កម្ពុជា​ស្ថិតនៅ​ក្នុង​បញ្ជី​ឃ្លាំមើល​ទី​២។

របាយការណ៍​ដដែល​នេះ​ក៏​បាន​ចោទ​រដ្ឋាភិបាល​កម្ពុជា ថា​មិន​បាន​គោរព​ឱ្យ​បាន​ពេញលេញ​តាម​បទដ្ឋាន​អប្បបរមា​ក្នុង​ការ​លុបបំបាត់​ការ​ជួញដូរ​មនុស្ស​នោះ​ទេ ហើយ​ថា​អំពើពុករលួយ​នៅតែ​បន្ត​រារាំង​ដល់​ការ​អនុវត្ត​ច្បាប់ នីតិវិធី​ព្រហ្មទណ្ឌ និង​ការ​ផ្ដល់​សេវា​ដល់​ជនរងគ្រោះ។

សារព័ត៌មាន The Cambodia Daily មិន​អាច​ទាក់ទង​លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការ និង​ជា​អនុប្រធាន​អចិន្ត្រៃយ៍​នៃ​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ជួញដូរ​មនុស្ស​នៃ​ក្រសួង​មហាផ្ទៃ ដើម្បី​ធ្វើការ​អត្ថាធិប្បាយ​បាន​ទេ។

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង អះអាង​កាលពី​ពេល​ថ្មីៗ​នេះ​ថា ករណី​ឧក្រិដ្ឋ​សាហាវ​ឃោរឃៅ​នា​ពេល​កន្លងមក បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​កេរ្តិ៍ឈ្មោះ​របស់​កម្ពុជា​យ៉ាង​ធ្ងន់ធ្ងរ ជាពិសេស​ប៉ះពាល់​ដល់​កិច្ច​សហប្រតិបត្តិការ​រវាង​អ្នក​វិនិយោគ​ចិន​ដែល​មាន​បំណង​ធ្វើ​វិនិយោគ​នៅ​កម្ពុជា។

ប៉ុន្តែ​អ្នក​នាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក ស៊ឹង សែនករុណា បាន​លើកឡើង​ថា អាជ្ញាធរ​កម្ពុជា​គួរតែ​ចាត់​វិធានការ​ប្រកប​ដោយ​ប្រសិទ្ធភាព​ក្នុង​ការ​ឆ្លើយតប​ទៅ​នឹង​ការ​រំលោភ​សិទ្ធិមនុស្ស​យ៉ាង​ធ្ងន់ធ្ងរ ដែល​បាន​កើតឡើង​កន្លង​មកនេះ​នៅ​ក្នុង​ប្រទេស​របស់​ខ្លួន។ លោក​ថា ករណី​ដែល​បាន​កើតឡើង​កន្លងមក គឺ​ភាគច្រើន​ជា​បរទេស​ជាមួយ​នឹង​បរទេស តែ​ពួកគេ​បាន​យក​កម្ពុជា​ធ្វើជា​កន្លែង​ដែល​ឆ្លងកាត់ ឬ​ការ​ប្រព្រឹត្ត​បទល្មើស ដូច្នេះ​អាជ្ញាធរ​គួរតែ​ចាត់​វិធានការ​ឱ្យ​បាន​តឹងរ៉ឹង​បំផុត ដើម្បី​លុបបំបាត់​រាល់​ទង្វើ​ទាំងនោះ​នៅ​លើ​ទឹកដី​កម្ពុជា៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស