26.6 C
Phnom Penh

ជនបរទេស ២៩០​នាក់​ត្រូវ​បាន​ឃាត់​ខ្លួន​ដោយសារ​ធ្វើការ​ដោយ​ខុស​ច្បាប់ បន្ទាប់ពី​ពួកគេ​ចេញ​តវ៉ា​នឹង​ថៅកែ​ចិន​នៅ​ខេត្ត​ព្រះសីហនុ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ អះអាង​ថា សមត្ថកិច្ច​ខេត្ត​ព្រះសីហនុ ឃាត់​ខ្លួន​ជនបរទេស​ចំនួន ២៩០​នាក់ ដោយ​រក​ឃើញ​ថា​ពួកគេ​ស្នាក់នៅ និង​ធ្វើការ​ខុស​ច្បាប់ បន្ទាប់ពី​ពួកគេ​ចេញ​តវ៉ា​ប្រឆាំង​ជនជាតិ​ចិន ក្នុង​ទំនាស់​ការងារ ដោយ​បាន​វាយ​បំផ្លាញ​ការិយាល័យ​របស់​ថៅកែ​ជនជាតិ​ចិន នៅ China Town។

អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ បាន​ឲ្យ​ដឹង​ថា នៅ​យប់​ថ្ងៃទី​៤ តុលា ឈាន​ចូល​ថ្ងៃទី​៥ តុលា ក្រុម​ជនជាតិ​ប៉ាគីស្ថាន និង​បង់ក្លាដេស បាន​នាំគ្នា​ចេញ​តវ៉ា​ប្រឆាំង​នឹង​ជនជាតិ​ចិន ដែល​ប្រើ​ពាក្យ​ប្រមាថ​ជាតិ​សាសន៍​នៅ​កន្លែង​ធ្វើការ។ លុះ​ដល់​ថ្ងៃទី​៦ សមត្ថកិច្ច​ជំនាញ​បាន​រក​ឃើញ និង​បាន​ឃាត់​ខ្លួន​ជនបរទេស​ចំនួន ២៩០​នាក់ ក្នុង​នោះ​មាន​ជនជាតិ​ប៉ាគីស្ថាន ២១៦​នាក់ បង់ក្លាដេស ៦៨​នាក់ និង​នេប៉ាល់ ៦​នាក់។

ប្រភព​ខាងលើ​អះអាង​ថា ពួកគេ​ពាក់ព័ន្ធ​ករណី​ស្នាក់នៅ និង​ធ្វើការ​ដោយ​ខុស​ច្បាប់​នៅ​កម្ពុជា។ បច្ចុប្បន្ន សមត្ថកិច្ច​ជំនាញ​កំពុង​ស៊ើបអង្កេត​បន្ថែម ដើម្បី​ចាត់ការ​តាម​នីតិវិធី​លើ​សំណុំរឿង​នេះ។

កាលពី​យប់​ថ្ងៃទី​៤ ខែ​តុលា ឆ្នាំ​២០២៥ ជនជាតិ​ប៉ាគីស្ថាន និង​បង់ក្លាដេស ជាច្រើន​នាក់ បាន​នាំគ្នា​តវ៉ា​ប្រឆាំង​ដោយ​ខឹងសម្បា​នឹង​ជនជាតិ​ចិន ដែល​ប្រើ​ពាក្យ​ប្រមាថ​ជាតិ​សាសន៍​ខ្លួន​នៅ​កន្លែង​ធ្វើការ​ក្នុង​អគារ​មួយ ស្ថិត​ក្នុង​ក្រុង​ព្រះសីហនុ ខេត្ត​ព្រះសីហនុ ធ្វើ​ឲ្យ​មាន​ការ​ភ្ញាក់ផ្អើល​ដល់​ពលរដ្ឋ។

ប្រធាន​អង្គការ​ប្រជាធិបតេយ្យ​ខ្មែរ ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​អូស្ត្រាលី លោក ស៊ឹង សែនករុណា លើកឡើង​ថា ការ​អនុវត្ត​ច្បាប់​អន្តោប្រវេសន៍​នៅ​ក្នុង​ប្រទេស​កម្ពុជា នៅ​មាន​កម្រិត​នៅឡើយ ដោយសារតែ​ជនបរទេស​ជាច្រើន​បាន​ស្នាក់នៅ​ខុស​ច្បាប់​នៅ​កម្ពុជា ដើម្បី​ឆបោក​តាម​អនឡាញ។ លោក​ថា ដើម្បី​ទប់ស្កាត់​ឲ្យ​មាន​ប្រសិទ្ធភាព រដ្ឋាភិបាល​ត្រូវ​លុបបំបាត់​អំពើពុករលួយ បើ​មិន​ដូច្នេះ​ទេ បញ្ហា​ទាំងនេះ​នៅតែ​កើតមាន​ដូច​ភ្លៀង​រលឹម។

ទាក់ទង​នឹង​ការ​បោកប្រាស់​តាម​អនឡាញ​នេះ អតីត​អ្នកឧកញ៉ា ហេង សិទ្ធី កាលពី​ខែ​វិច្ឆិកា ឆ្នាំ​២០២៤ បាន​ប្រើប្រាស់​ហ្វេសប៊ុក​ផ្ទាល់ខ្លួន​លាតត្រដាង​ពី​ការ​រួម​ដៃ​គ្នា​រវាង​មន្ត្រី​រដ្ឋាភិបាល​ជាមួយ​ឧក្រិដ្ឋជន បើក​ល្បែង​អនឡាញ​ខុស​ច្បាប់ ការ​ជួញដូរ​មនុស្ស ការ​បោកប្រាស់​តាម​អនឡាញ និង​ការ​លាង​លុយ​កខ្វក់។ មន្ត្រី​ជាន់ខ្ពស់​របស់​រដ្ឋាភិបាល​ដែល​ពាក់ព័ន្ធ​នឹង​បទឧក្រិដ្ឋ​ទាំងនោះ មាន​ដូចជា លោក គួច ចំរើន លោក កើត រិទ្ធ និង​ឧកញ៉ា ហ៊ុន តូ ដែល​ជា​បងប្អូន​ជីដូនមួយ​របស់​លោក ហ៊ុន ម៉ាណែត គឺជា​ឧក្រិដ្ឋជន​ឆបោក ការ​ចាប់​ជំរិត និង​ជា​មេខ្លោង​គ្រឿងញៀន ដែល​មាន​ការ​គាំទ្រ​ពី​មន្ត្រី​រដ្ឋាភិបាល រួម​ទាំង​ប៉ូលិស​អន្តោប្រវេសន៍ ជាដើម។

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ​ដែរ កាលពី​ខែ​មេសា ឆ្នាំ​២០២៤ កន្លង​មក អាជ្ញាធរ​ខេត្ត​ព្រះសីហនុ បាន​បណ្តេញ​ជនជាតិ​វៀតណាម ចំនួន ២៣១​នាក់​ចេញពី​ប្រទេស​កម្ពុជា តាម​ច្រក​អន្តរជាតិ​ព្រែកចាក។

ការ​បណ្តេញ​ជនជាតិ​វៀតណាម ទាំងនោះ ក្រោយពី​សមត្ថកិច្ច​រក​ឃើញ​ថា ពួកគេ​មាន​ជាប់​ពាក់ព័ន្ធ​នឹង​បទល្មើស​ឆបោក​តាម​អនឡាញ​ដែល​ប្រព្រឹត្ត​នៅ​តាម ៣​ទីតាំង​ផ្សេង​គ្នា​ក្នុង​ខេត្ត​ព្រះសីហនុ៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស