28 C
Phnom Penh

លោក កឹម សុខា៖ សហភាព​អឺរ៉ុប​ចង់​ជួយ​សេដ្ឋកិច្ច​កម្ពុជា ប៉ុន្តែ​រដ្ឋាភិបាល​ត្រូវ​បើក​លំហ​លទ្ធិប្រជាធិបតេយ្យ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មេដឹកនាំ​បក្ស​ប្រឆាំង​ដែល​កំពុង​រង​ការ​គាបសង្កត់​សេរីភាព​ពី​បក្ស​កាន់​អំណាច តាមរយៈ​ប្រព័ន្ធ​តុលាការ លោក កឹម សុខា អះអាង​ថា សហភាព​អឺរ៉ុប​មាន​គោលបំណង​ចង់​ជួយ​ដល់​សេដ្ឋកិច្ច​កម្ពុជា​លើ​វិស័យ​វាយនភណ្ឌ និង​រោងចក្រ​កាត់ដេរ ប៉ុន្តែ​កម្ពុជា​ត្រូវតែ​អនុវត្ត​តាម​គុណតម្លៃ​ស្នូល​របស់​សហភាព​អឺរ៉ុប គឺ​ការគោរព​សិទ្ធិមនុស្ស លំហ​លទ្ធិប្រជាធិបតេយ្យ និង​ការ​បោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌។

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ពុំ​ទាន់​មាន​សេរីភាព​ពេញលេញ​នៅឡើយ លោក កឹម សុខា បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​កាលពី​ថ្ងៃ​ទី​១៣ ខែ​មីនា ឆ្នាំ​២០២២ ថា សហភាព​អឺរ៉ុប​មាន​គោលបំណង​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ជាមួយ​កម្ពុជា ក្នុង​បំណង​ចង់​ជួយ​ដល់​សេដ្ឋកិច្ច​កម្ពុជា លើក​កម្ពស់​ជីវភាព​ពលរដ្ឋ​ខ្មែរ ជាពិសេស​លើ​វិស័យ​វាយនភណ្ឌ និង​រោងចក្រ​កាត់ដេរ ដូចជា​វិស័យ​ពាណិជ្ជកម្ម និង​ការ​វិនិយោគ​ផ្សេងៗ ជាដើម។

មេដឹកនាំ​បក្ស​ប្រឆាំង​រូប​នេះ​អះអាង​ថា ដើម្បី​ឆ្ពោះ​ទៅ​រក​ការ​សហការ​បាន​ល្អ កម្ពុជា​ត្រូវតែ​អនុវត្ត​តាម​គុណតម្លៃ​ស្នូល​របស់​សហភាព​អឺរ៉ុប គឺ​ការ​គោរព​សិទ្ធិមនុស្ស សិទ្ធិ​នយោបាយ​របស់​ពលរដ្ឋ លទ្ធិប្រជាធិបតេយ្យ រួម​ទាំង​សេរីភាព​សារព័ត៌មាន អង្គការ​សង្គម​ស៊ីវិល សហជីព និង​ការ​បោះឆ្នោត​ស្រប​តាម​បទដ្ឋាន​ដែល​ជា​គោលការណ៍​ប្រជាធិបតេយ្យ​ពហុ​និយម ដែល​ជា​ជម្រើស​ដ៏​ល្អ​សម្រាប់​ម្ចាស់​ឆ្នោត​ផង​ដែរ។

លោក កឹម សុខា បញ្ជាក់​ថា គណៈកម្មការ​កិច្ចការ​បរទេស​នៃ​សហភាព​អឺរ៉ុប បាន​សម្ដែង​ការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​អំពី​លំហ​ប្រជាធិបតេយ្យ សិទ្ធិពលរដ្ឋ និង​នយោបាយ សិទ្ធិ​សង្គម​ស៊ីវិល និង​សេរីភាព​របស់​លោក ដែល​ពាក់ព័ន្ធ​នឹង​នីតិវិធី​យឺតយ៉ាវ​របស់​តុលាការ​ក្រុង​ភ្នំពេញ​សព្វថ្ងៃ​នេះ។

កាលពី​ថ្ងៃ​ទី​១៣ ខែ​មីនា ឆ្នាំ​២០២២ មេដឹកនាំ​បក្ស​ប្រឆាំង លោក កឹម សុខា បាន​ជួប​ពិភាក្សា​ជាមួយ​គណៈប្រតិភូ​តំណាង​សហភាព​អឺរ៉ុប អ្នកស្រី ផៅឡា ផាមផាឡូនី (Paola PAMPALONI) ដែល​ជា​អនុប្រធាន​ទទួល​បន្ទុក​តំបន់​អាស៊ី-ប៉ាស៊ីហ្វិក​នៃ​គណៈកម្មការ​កិច្ចការ​បរទេស​សហភាព​អឺរ៉ុប មក​កាន់​ប្រទេស​កម្ពុជា។ ជំនួប​នេះ​ជា​ផ្នែក​មួយ​នៃ​ការ​សន្ទនា​រវាង​សហភាព​អឺរ៉ុប-ប្រ៊ូសសែល និង​សមភាគី​កម្ពុជា​ក្នុង​ក្របខ័ណ្ឌ​គណៈកម្មការ​ចម្រុះ​សហភាព​អឺរ៉ុប-កម្ពុជា​លើក​ទី​១១ ក្នុង​ឆ្នាំ​២០២២។

អ្នកស្រី Paola PAMPALONI បាន​សរសេរ​លើ​បណ្ដាញ​សង្គម Twitter របស់​អ្នកស្រី កាលពី​ថ្ងៃ​ទី​១៣ ខែ​មីនា ឆ្នាំ​២០២២ ថា អ្នកស្រី​មាន​ភាព​រីករាយ​ដែល​បាន​ជួប​ជាមួយ​មេដឹកនាំ​បក្ស​ប្រឆាំង លោក កឹម សុខា នៅ​ទីក្រុង​ភ្នំពេញ និង​បាន​ស្តាប់​ប្រសាសន៍​របស់​លោក​អំពី​ស្ថានភាព​នៃ​ការ​ជំនុំជម្រះ​ក្តី​របស់​តុលាការ​ក្រុង​ភ្នំពេញ​នា​ពេល​កន្លងមក។ អ្នកស្រី​រំពឹង​ថា កម្ពុជា​នឹង​មាន​ដំណោះស្រាយ​យ៉ាង​ឆាប់​រហ័ស​ដោយ​ការ​បើក​លំហ​សិទ្ធិ​សេរីភាព​ស៊ីវិល និង​នយោបាយ​ឲ្យ​បាន​ទូលំទូលាយ ដែល​ជា​ធាតុផ្សំ​យ៉ាង​សំខាន់​សម្រាប់​ការ​បោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​ឆ្នាំ​២០២២ និង​ឆ្នាំ​២០២៣ នៅ​កម្ពុជា នា​ពេល​ខាងមុខ​នេះ។

មេដឹកនាំ​បក្ស​ប្រឆាំង លោក កឹម សុខា ត្រូវ​តុលាការ​ក្រុង​ភ្នំពេញ​ចោទប្រកាន់​ពី​បទ​ឃុបឃិត​ជាមួយ​រដ្ឋ​បរទេស ដើម្បី​ផ្តួល​រំលំ​រដ្ឋាភិបាល​កម្ពុជា រហូត​ឈាន​ដល់​ការ​ចាប់​ខ្លួន​ដាក់​ពន្ធនាគារ​កាលពី​ឆ្នាំ​២០១៧ កន្លងទៅ។ រហូត​ដល់​ពេលនេះ តុលាការ​កម្ពុជា​នៅ​មិនទាន់​មាន​ភស្តុតាង​ត្រឹមត្រូវ​ណា​មួយ​ដើម្បី​កាត់ទោស​លោក​នៅឡើយ​ទេ។

ចំណែក​បរទេស​ដែល​តុលាការ​ចោទ​ថា​ជា​អ្នក​នៅ​ពីក្រោយ​លោក កឹម សុខា ក្នុង​ផែនការ​ផ្តួល​រំលំ​នោះ ក៏​តុលាការ​មិន​បាន​បង្ហាញ​ថា​ជា​ប្រទេស​ណា​នោះ​ដែរ។

ជា​រឿយៗ តំណាង​សហគមន៍​អឺរ៉ុប តំណាង​ស្ថានទូត​សហរដ្ឋ​អាមេរិក និង​បណ្តា​ប្រទេស​ជាច្រើន​ទៀត តែង​ទាមទារ​ឲ្យ​រដ្ឋាភិបាល​របស់​បុរស​ខ្លាំង​កម្ពុជា លោក ហ៊ុន សែន បើក​លំហ​ប្រជាធិបតេយ្យ ការ​គោរព​សិទ្ធិមនុស្ស និង​បើក​សិទ្ធិ​សេរីភាព​ដល់​មេដឹកនាំ​បក្ស​ប្រឆាំង​ឡើងវិញ​ផង​ដែរ៕

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស