សមាគមពុទ្ធសាសនាខ្មែរនៅសហរដ្ឋអាមេរិក នាំគ្នាធ្វើបុណ្យផ្កាប្រាក់មនុស្សធម៌ ដើម្បីប្រមូលថវិកាយកទៅជួយពលរដ្ឋភៀសខ្លួនអ៊ុយក្រែន ដែលកំពុងរងនូវវិបត្តិសង្គ្រាមឈ្លានពានពីប្រទេសរុស្ស៊ី ដែលសម្លាប់ជនស៊ីវិល និងកងទ័ពអ៊ុយក្រែនរាប់រយនាក់ក្នុងរយៈពេល ២០ថ្ងៃកន្លងមកនេះ។
ប្រធានពុទ្ធិកសមាគមខ្មែរប្រចាំវត្តសាមគ្គីរតនារាម លោក ប៉ោ ប៊ុនឆេង កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២២ បានដឹកនាំពលរដ្ឋខ្មែរក្នុងទីក្រុងតាកូម៉ា រដ្ឋវ៉ាស៊ីនតោន សហរដ្ឋអាមេរិក រៃអង្គាសថវិកាមនុស្សធម៌ ដើម្បីយកទៅជួយពលរដ្ឋអ៊ុយក្រែនដែលកំពុងភៀសខ្លួនដោយសារសង្គ្រាមឈ្លានពានរបស់ប្រទេសជិតខាងនៅពេលនេះ។
ប្រធានពុទ្ធិកសមាគមខ្មែររូបនេះ លើកឡើងថា សង្គ្រាមនៅអ៊ុយក្រែនដែលបង្កឡើងដោយប្រទេសរុស្ស៊ី បាននាំមកនូវវិបត្តិយ៉ាងធ្ងន់ធ្ងរទាំងសន្តិសុខ និងសុខមាលភាពរបស់ពលរដ្ឋអ៊ុយក្រែនទាំងមូលដែលកំពុងជួបការលំបាកយ៉ាងធ្ងន់ធ្ងរ។
លោកថា ក្នុងនាមលោកជាពលរដ្ឋខ្មែរដែលធ្លាប់ឆ្លងកាត់សង្គ្រាម និងជាប្រធានសមាគមផងនោះ លោកអំពាវនាវឱ្យពលរដ្ឋខ្មែរទាំងអស់ចូលរួមក្នុងបុណ្យផ្កាប្រាក់មនុស្សធម៌ ដើម្បីជួយឧបត្ថម្ភដល់ជនភៀសខ្លួនអ៊ុយក្រែនដែលកំពុងត្រូវការជំនួយនៅពេលនេះ។
ការធ្វើបុណ្យប្រាក់មនុស្សធម៌នេះ ធ្វើឡើងបន្ទាប់ពីពលរដ្ឋអ៊ុយក្រែនកំពុងរងនូវវិបត្តិសង្គ្រាម និងកំពុងភៀសខ្លួនកាន់តែច្រើនឡើងៗនៅពេលនេះ។
កាលពីថ្ងៃទី៦ ខែមីនា ឆ្នាំ២០២២ សហគមន៍ខ្មែរក្នុងទីក្រុង Philadelphia នៃរដ្ឋ Pennsylvania សហរដ្ឋអាមេរិក បានជួបជុំគ្នាក្នុងវត្តព្រះពុទ្ធរង្សី ធ្វើការបួងសួងសុំសេចក្តីសុខឱ្យពលរដ្ឋអ៊ុយក្រែន ដែលកំពុងធ្លាក់ចូលក្នុងភ្លើងសង្គ្រាម។ សហគមន៍នៅទីនោះ ក៏បានធ្វើកម្មវិធីរៃអង្គាសថវិកាជួយជនភៀសខ្លួនអ៊ុយក្រែនទាំងនោះផងដែរ។
កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ ប្រធានាធិបតីមហាអំណាចកុម្មុយនីស្តរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន (Vladimir Putin) បានប្រកាសបើកប្រតិបត្តិការយោធាលើប្រទេសអ៊ុយក្រែន។ រហូតមកទល់ពេលនេះ ជនភៀសខ្លួនអ៊ុយក្រែន បានកើនឡើងប្រមាណជា ២លាននាក់ហើយ ក្នុងនោះពួកគេបានភៀសខ្លួនទៅកាន់បណ្តាប្រទេសជិតខាងមួយចំនួន ដូចជាប្រទេសប៉ូឡូញ ប្រទេសរ៉ូម៉ានី ស្លូវ៉ាគី និងប្រទេសជិតខាងដទៃទៀតផងដែរ៕