អ្នកឃ្លាំមើលជាច្រើនសម្ដែងការព្រួយបារម្ភចំពោះអត្តសញ្ញាណជាតិខ្មែរ ដែលពួកគេអះអាងថាកំពុងបោះជំហានទៅរកភាពវិនាសហិនហោច ដោយសារការធ្វេសប្រហែសរបស់រដ្ឋាភិបាលបុរសខ្លាំងលោក ហ៊ុន សែន។
អត្តសញ្ញាណជាតិខ្មែរដ៏ធំបំផុតនោះ គឺប្រាសាទអង្គរវត្ត និងប្រាសាទជាច្រើនទៀតដែលកំពុងឈរត្រដែតក្នុងព្រះរាជាណាចក្រកម្ពុជា។ តើអ្វីទៅដែលជាហានិភ័យសម្រាប់ប្រាសាទអង្គរវត្តរបស់ខ្មែរដែលកំពុងប្រឈមនេះ?
ពីមុនគេឃើញសំណង់ប្រាសាទមានទម្រង់ស្រដៀងអង្គរវត្តខ្មែរនៅខេត្តសៀមរាប ដែលជាអត្តសញ្ញាណជាតិខ្មែរ ដាក់សម្គាល់លើទង់ជាតិខ្មែរ ត្រូវបានអ្នកទេសចរចែករំលែកលើបណ្ដាញសង្គមឃើញមានសង់នៅប្រទេសចិន និងនៅប្រទេសថៃ ដែរ។
នៅក្នុងរយៈពេលចុងក្រោយនេះទៀត ក៏ឃើញលេចត្រដែតសំណង់បែបនេះនៅក្រុងដាណាង ប្រទេសវៀតណាម ដែរ ប៉ុន្តែរដ្ឋាភិបាលលោក ហ៊ុន សែន មិនកម្រើកអ្វីបន្តិចដើម្បីការពារអត្តសញ្ញាណព្រលឹងជាតិខ្មែរឡើយ។
ប្រមាណតែជាង ២ឆ្នាំប៉ុណ្ណោះក្រោយមានការដកសិទ្ធិគ្រប់គ្រងអង្គរវត្តខ្មែរនៅខេត្តសៀមរាប ពីក្រុមហ៊ុន សុខា របស់ឧកញ៉ា សុខ គង់ នៅដើមឆ្នាំ២០១៦ ក៏ស្រាប់តែនៅឆ្នាំ២០១៨ វៀតណាមបានសាងសង់រួចរាល់នូវសំណង់អង្គរវត្តនៅក្រុងទេសចរណ៍ដាណាង លើទឹកដីវៀតណាម ដែលមានទម្រង់ស្រដៀងគ្នានឹងប្រាសាទអង្គរវត្តរបស់ខ្មែរដែរ។
កាលពីឆ្នាំ២០០០ រដ្ឋាភិបាលលោក ហ៊ុន សែន បានផ្ដល់សិទ្ធិឲ្យក្រុមហ៊ុន សុខា របស់ឧកញ៉ា សុខ គង់ គ្រប់គ្រងការលក់សំបុត្រចូលទស្សនាប្រាសាទអង្គរវត្តរយៈពេល ៩០ឆ្នាំ។ រហូតដល់ខែវិច្ឆិកា ឆ្នាំ២០១៥ នៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី លោក ហ៊ុន សែន បានចេញសេចក្ដីសម្រេចដកសិទ្ធិគ្រប់គ្រងអង្គរវត្តពីក្រុមហ៊ុន សុខា វិញ ហើយសេចក្ដីសម្រេចនេះត្រូវបានអនុវត្តនៅដើមឆ្នាំ២០១៦។
កត្តាដែលធ្វើឲ្យពលរដ្ឋខ្មែរសម្ដែងការព្រួយបារម្ភខ្លាំង ថាតើមូលហេតុអ្វីបានជាក្រោយពេលរដ្ឋាភិបាលលោក ហ៊ុន សែន ដកសិទ្ធិគ្រប់គ្រងអង្គរវត្តពីក្រុមហ៊ុន សុខា តែប្រមាណ ២ឆ្នាំសោះ វៀតណាមបែរជាសង់ប្រាសាទស្រដៀងអង្គរវត្តរបស់ខ្មែរក្នុងខេត្តសៀមរាប រួចរាល់ជាស្ថាពរនៅលើទឹកដីវៀតណាមទៅវិញ?

តើនេះជារឿងគាប់ជួន ឬវៀតណាមបានត្រៀមខ្លួនយ៉ាងច្បាស់ក្នុងការចម្លងប្រាសាទរបស់ខ្មែរធ្វើជាប្រាសាទរបស់ខ្លួន ដើម្បីសម្លាប់វិស័យទេសចរណ៍របស់ខ្មែរ? តើបញ្ហានេះមានការជួយជ្រោមជ្រែងពីរដ្ឋាភិបាលលោក ហ៊ុន សែន ដែរឬទេ?
អ្នកវិភាគនយោបាយ និងជាអនុប្រធានក្រុមប្រឹក្សាភិបាលនៃចលនាពលរដ្ឋដើម្បីប្រជាធិបតេយ្យ (PMD) លោក គឹម សុខ បានសម្ដែងក្តីបារម្ភថា កាលណាវៀតណាមសង់ប្រាសាទស្រដៀងអង្គរវត្តនៅលើទឹកដីវៀតណាម នោះប្រាសាទអង្គរវត្តដើមដែលជាសម្បត្តិបេតិកភណ្ឌព្រលឹងជាតិខ្មែរនៅខេត្តសៀមរាប អាចនឹងត្រូវគេរៀបផែនការបំផ្លាញកាន់តែឆាប់។
អ្នកនាំពាក្យក្រសួងវប្បធម៌របស់កម្ពុជា លោក ឡុង ប៉ុណ្ណាស៊ីរីវត្ថ ធ្លាប់អះអាងថា ការសាងសង់ប្រាសាទនោះ ភាគីវៀតណាមពិតជាមិនបានសុំសិទ្ធិពីប្រទេសកម្ពុជានោះទេ ប៉ុន្តែលោក គឹម សុខ អះអាងថា ចម្លើយរបស់អ្នកនាំពាក្យក្រសួងវប្បធម៌ខ្មែររូបនេះនៅតែមិនអាចបំភ្លឺធ្វើឲ្យជ្រះចម្ងល់ ឬមន្ទិលសង្ស័យរបស់ពលរដ្ឋបាននោះទេ ថាតើពួកអ្នកមានអំណាចនៅកម្ពុជា ពិតជាមិនគប់គិតជាមួយវៀតណាមមែនឬយ៉ាងណានោះ?

មូលហេតុសំខាន់ គឺសំណង់បែបនេះមិនមែនសង់មួយរយៈពេលខ្លីដែលងាយលាក់បាំងឡើយ។ ហេតុអ្វីវៀតណាមធ្វើបានសម្រេចងាយៗម្ល៉េះ?
លោក គឹម សុខ ពន្យល់ថា គួរតែបើការស៊ើបអង្កេតឡើងវិញអំពីរបៀបគ្រប់គ្រងរបស់ក្រុមហ៊ុន សុខា លើប្រាសាទអង្គរវត្តក្នុងរយៈពេលប្រមាណ ១៥ឆ្នាំកន្លងមកនេះ មិនអាចទុកចិត្តបានទេ ថាមិនធ្វើឲ្យបាត់ថ្មអង្គររបស់ខ្មែរ ព្រោះតែជាង ២ឆ្នាំក្រោយបញ្ចប់កុងត្រា វៀតណាមអាចសង់ប្រាសាទស្រដៀងអង្គរវត្តខ្មែរបានសម្រេចនៅលើទឹកដីវៀតណាមទៅហើយ។
អ្នកវិភាគនយោបាយនិងសង្គមរូបនេះ និយាយថា «ប្រយ័ត្ន វៀតណាមលួចយកផ្ទាំងសិលាប្រាសាទអង្គរវត្តខ្មែរនៅខេត្តសៀមរាប ម្ដងមួយៗទៅប្រទេសវៀតណាម ដើម្បីរៀបធ្វើអង្គរវត្តនៅវៀតណាម រីឯផ្ទាំងសិលាប្រាសាទខ្មែរនៅខេត្តសៀមរាប ត្រូវគេដាក់ជំនួសដោយដុំថ្មថ្មីៗក្លែងក្លាយបន្លំភ្នែក»។
លោកជំរុញឲ្យរដ្ឋាភិបាលលោក ហ៊ុន សែន ត្រូវតែបញ្ជូនមនុស្សឲ្យទៅថតថ្មប្រាសាទដែលវៀតណាមសង់នោះមកពិនិត្យវិភាគដោយអ្នកជំនាញឲ្យបានហ្មត់ចត់ តើវៀតណាមបានផ្ទាំងថ្មមកពីណាយកទៅសង់?
ចំណែកឯអ្នកតាមដានកិច្ចការសង្គម និងនយោបាយ បណ្ឌិត សេក សុជាតិ បានចោទជាសំណួរជាច្រើនថា តើកម្ពុជាគួរបណ្ដោយឲ្យបរទេសរំលោភបំពានលើបេតិកភណ្ឌរបស់ខ្លួនបន្តរហូតដល់ពេលណា? តើអ្វីជាចំណាត់ការយូរអង្វែងរបស់កម្ពុជា ទាក់ទងនឹងបញ្ហាការរំលោភបំពានលើបេតិកភណ្ឌជាតិជាបន្តបន្ទាប់រហូតមកពីសំណាក់បរទេស?
តើនៅក្នុងដំណាក់កាលនេះ កម្ពុជាហ៊ានដោះស្រាយបញ្ហានេះជាមួយមិត្តវៀតណាម ដែរឬទេ? រឿងនេះ ធ្វើឲ្យមានការព្រួយបារម្ភពីសំណាក់ពលរដ្ឋខ្មែរទូទៅ។
រឿងរ៉ាវគួរឲ្យកត់សម្គាល់មួយ គឺកន្លងមក ពួកទេសចរវៀតណាមដែលទៅមើលប្រាសាទអង្គរនៅខេត្តសៀមរាប ពួកគេហ៊ាននិយាយពេញមាត់ប្រាប់គ្នាគេនៅមុខភ្ញៀវទេសចរជាតិដទៃទៀតថា «វៀតណាមជាអ្នកកសាងប្រាសាទអង្គរវត្ត» ហើយភ្ញៀវទេសចរវៀតណាមទាំងនោះថែមទាំងបានធ្វើពិធីសាសនាតាមបែបប្រពៃណីជនជាតិវៀតណាម នៅប្រាសាទអង្គរវត្តថែមទៀតផង។
រូបភាព និងវីដេអូទាំងនោះត្រូវបានបង្ហោះ និងចែករំលែកពេញបណ្ដាញសង្គម។ ទោះមានការបំពានលើព្រលឹងវប្បធម៌ជាតិធ្ងន់ធ្ងរយ៉ាងនេះក្ដី រដ្ឋាភិបាលលោក ហ៊ុន សែន ហាក់មិនមានវិធានការសមស្របណាមួយទៅលើភាគីប្រទេសវៀតណាម នោះនៅឡើយទេ។

អ្នកវិភាគនយោបាយ លោក គឹម សុខ បាននិយាយថា «វៀតណាមមិនខ្លាចនឹងព្យាយាមបន្តបំភ្លៃដើម្បីបំផ្លាញវប្បធម៌ព្រលឹងជាតិខ្មែរនោះទេ»។
លោក គឹម សុខ បានបង្ហាញការស្រាវជ្រាវរបស់លោកថា «វៀតណាមបានផ្សាយបណ្ដើរៗលើ Wikipedia បោកពិភពលោកថា ដូនតាវៀតណាមធ្លាប់កាន់កាប់ក្រុងអង្គរកាលសតវត្សរ៍ទី១២»។
ជាងនេះទៅទៀត វៀតណាមថែមទាំងកុហកទេសចរបរទេសជាច្រើនដែលទៅទស្សនាប្រាសាទអង្គរវត្ត ថាដូនតាវៀតណាមរបស់ពួកគេជាអ្នកសាងសង់ប្រាសាទអង្គរវត្ត។ វៀតណាមបានផ្សាយបំភ័ន្តថា ភាសាខ្មែរមានអំបូរដើមជាមួយភាសាវៀតណាម ហើយថារាជាណាចក្រហ្វូណន ជារាជាណាចក្ររបស់វៀតណាម។
ប្រធានក្រុមប្រឹក្សាភិបាលនៃចលនាពលរដ្ឋដើម្បីប្រជាធិបតេយ្យ (PMD) លោក ម៉ែន ណាត ធ្លាប់បានប្រាប់ The Cambodia Daily ថា វៀតណាមហ៊ានបំពានលើកម្ពុជា ពីព្រោះវៀតណាមដឹងថា មេដឹកនាំខ្មែរសព្វថ្ងៃគឺក្រុមលោក ហ៊ុន សែន មិនហ៊ានមាត់ធំដាក់វៀតណាមនោះឡើយលើបញ្ហាដែលវៀតណាមបំពារបំពានជាទូទៅ ដូចជាបញ្ហាទឹកដី ព្រំដែន និគមជនអន្តោប្រវេសន៍ខុសច្បាប់ និងសកម្មភាពល្មើសច្បាប់នានា។
លោក គឹម សុខ ធ្លាប់សរសេរលើគណនីហ្វេសប៊ុករបស់លោកថា អំណាចរបស់លោក ហ៊ុន សែន ចាប់ផ្ដើមពីការអនុវត្តផែនការ «ក៥» របស់វៀតណាម បំផ្លាញកម្លាំងការពារជាតិខ្មែរ ចុះកិច្ចព្រមព្រៀង និងសន្យាឲ្យវៀតណាមឈ្លានពានព្រំដែនខ្មែរ បង្ហូរនិគមជនវៀតណាមខុសច្បាប់ចូលប្រទេសកម្ពុជា ឲ្យវៀតណាមប្រមូលយកធនធានជាតិសព្វសារពើពីកម្ពុជាលើដី ក្រោមដី និងក្នុងទឹក ជាដើម។
អ្នកវិភាគនយោបាយនិងសង្គមរូបនេះ សម្ដែងការព្រួយបារម្ភថា ប្រសិនបើលោក ហ៊ុន ម៉ាណែត ឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីបន្តពីឪពុករបស់លោកមែន ពេលនោះនាយករដ្ឋមន្ត្រីថ្មីរូបនេះនឹងអាចបំផ្លាញព្រលឹងជាតិខ្មែរបង្ហើយតែម្តង។ លោកអះអាងថា «ពេលកម្លាំងការពារជាតិខ្មែរខ្សោយ ហើយព្រលឹងជាតិខ្មែរខ្ទេចខ្ទាំទៀត ពេលនោះជាតិខ្មែរទាំងមូលអាចនឹងជួបគ្រោះធំទាំងទឹកដី និងពូជសាសន៍ ហើយពលរដ្ឋខ្មែរត្រូវប្រុងប្រយ័ត្នជានិច្ចលើបញ្ហានេះ»៕