31 C
Phnom Penh

ចៅអធិការ​វត្ត​នៅ​ថៃ៖ រូបរាង​ប្រាសាទ​និង​រចនាបថ​ដែល​ខ្លួន​សង់​នោះ មិនមែន​ជា​ការ​លួច​ចម្លង​ប្លង់​តាម​ប្រាសាទ​អង្គរវត្ត​ទេ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​កម្ពុជា បាន​ប្រកាស​ជា​សាធារណៈ​ពី​ការ​អះអាង​របស់​ព្រះ​ចៅអធិការ​វត្ត​ដែល​សាងសង់​សំណង់​នានា ដែល​មាន​រចនាបថ​ដូច​ប្រាសាទ​អង្គរវត្ត​របស់​ខ្មែរ ថា​មិនមែន​ជា​ការ​លួច​ចម្លង​ប្លង់​តាម​ប្រាសាទ​អង្គរវត្ត​របស់​កម្ពុជា​នោះ​ទេ ប៉ុន្តែ​ជា​គំនូស​ប្លង់​ដែល​ពួកគេ​បង្កើត​ឡើង​ដោយ​ខ្លួនឯង​ប៉ុណ្ណោះ។

ការ​អះអាង​របស់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​កម្ពុជា ក្រោយពី​ផ្ទុះ​ការរិះគន់​យ៉ាង​ចាស់ដៃ​លើ​បណ្ដាញ​សង្គម Facebook ថា រូបរាង​ប្រាសាទ និង​រចនាបថ​ដែល​ថៃ បាន​សាងសង់​នោះ គឺជា​ការ​លួច​ចម្លង​តាម​ប្លង់​ប្រាសាទ​អង្គរវត្ត​ដែល​ជា​អត្តសញ្ញាណ​ជាតិ​ខ្មែរ។

ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ខ្លួន​នៅ​ថ្ងៃ​ទី​៧ ខែ​កក្កដា ឆ្នាំ​២០២១ អំពី​ការ​សាងសង់​ប្រាសាទ​ថ្មី​មួយ​នៅ​ខេត្ត​បុរីរម្យ ប្រទេស​ថៃ ដែល​មាន​ការរិះគន់​លើ​បណ្ដាញ​សង្គម Facebook ប៉ុន្មាន​ថ្ងៃ​នេះ គឺ​ក្រសួង​បាន​សហការ​ជាមួយ​ឯកអគ្គរាជទូត​កម្ពុជា ប្រចាំ​ប្រទេស​ថៃ បាន​ស្រាវជ្រាវ​យ៉ាង​ច្បាស់​ថា ប្រាសាទ​ថ្ម​នោះ​ពិតជា​បាន​សាងសង់​ពិតប្រាកដ​មែន។

ប្រភព​ដដែល​អះអាង​ថា សំណង់​ប្រាសាទ​នោះ​ជា​សំណង់​ប្រាសាទ​មួយ​ក្នុង​ចំណោម​សំណង់​ប្រាសាទ​ថ្ម​ដទៃ​ទៀត​ដែល​គេ​សាងសង់​ដើម្បី​ជា​តំណាង​ទី​ប្រតិស្ឋាន​នៃ​ព្រះពុទ្ធ​សម្រាប់​បូជា ប៉ុន្តែ​សំណង់​ទាំងនោះ​សាងសង់​ពី​ថ្ម​ភក់​នៅ​ផ្នែក​ខាងក្រៅ និង​ចាក់​បេតុង​បង្កប់​ដែក​ពី​ខាង​ក្នុង​ប៉ុណ្ណោះ។

ក្រសួង​បញ្ជាក់​ថា តំណាង​អ្នក​សម្របសម្រួល​គម្រោង​ស្ថាបនា​ប្រាសាទ​ទាំងនេះ ក៏​ស្វាគមន៍​ក្នុង​ការ​ទទួល​ស្នើ​ឲ្យ​មន្ត្រី​ជំនាញ​ផ្នែក​ស្ថាបត្យកម្ម​របស់​កម្ពុជា ចុះ​ពិនិត្យ​ដោយ​ផ្ទាល់​ផង​ដែរ​ក្នុង​ករណី​មាន​មន្ទិល​សង្ស័យ​ពី​សំណង់​នេះ។ បន្ថែម​ពី​នេះ ពួកគេ​អះអាង​ថា ប្លង់​របស់​ប្រាសាទ និង​រចនាបថ​លើ​ប្រាសាទ គឺ​ធ្វើ​ទៅ​ស្ថាបត្យកម្ម​មួយ​ចំនួន​ក្នុង​ប្រទេស​របស់​ពួកគេ​ប៉ុណ្ណោះ មិនមែន​ជា​ការ​លួច​ចម្លង​ពី​កម្ពុជា​នោះ​ទេ។

កាលពី​ថ្ងៃ​ទី​៦ ខែ​កក្កដា ឆ្នាំ​២០២១ មាន​ការ​ប្រតិកម្ម​ព្រោងព្រាត​លើ​បណ្ដាញ​សង្គម​Facebook នូវ​រូបភាព​ដែល​វិស្វករ​ថៃ បាន​បង្ហាញ​គម្រោង​សាងសង់​ប្រាសាទ​ដែល​ដូច​ទៅ​នឹង​ប្រាសាទ​អង្គរវត្ត​របស់​ខ្មែរ ដែល​គេ​ប្រសិទ្ធិនាម​ថា​ជា​ប្រាសាទ​សីហនគរ ដែល​បាន​សាងសង់​ក្នុង​បរិវេណ​វត្ត​ភូម៉ានហ្វា ភូមិ​ណងបួឡាយ ឃុំ​បានសឹង្ហ ស្រុក​ណាងរ៉ង ខេត្ត​បុរីរម្យ ប្រទេស​ថៃ។

ទាក់ទិន​នឹង​បញ្ហា​នេះ ក្រុម​អ្នក​ប្រវត្តិសាស្ត្រ​ខ្មែរ រិះគន់​ថា ប្រទេស​ថៃ តែងតែ​លួច​អរិយធម៌​ខ្មែរ​ទៅ​កុហក​ភ្ញៀវ​បរទេស​ថា​ប្រាសាទ​អង្គរវត្ត ប្រាសាទ​ព្រះវិហារ ប្រដាល់​ក្បាច់គុន​ខ្មែរ ល្ខោនខោល និង​របាំ​ព្រះរាជទ្រព្យ ជាដើម គឺជា​របស់​ខ្លួន ស្រប​ពេល​ដែល​ពួកគេ​ប្រឹង​រំលោភបំពាន និង​លួច​ចម្លង​ស្នាដៃ​ខ្មែរ​ឥត​ឈប់ឈរ។

ពួកគេ​បញ្ជាក់​ថា ការ​ធ្វើ​បែប​នេះ គឺ​ក្នុង​ចេតនា​កេង​ចំណេញ​លើ​វប្បធម៌ និង​ប្រពៃណី​ខ្មែរ ដើម្បី​ទាក់ទាញ​ភ្ញៀវ​បរទេស​ក្នុង​ការ​រកចំណូល​ថវិកា​ជាតិ​របស់​ពួកគេ ដោយ​គ្មាន​ការ​ខ្លាចក្រែង និង​ខ្មាសអៀន​ទាល់តែសោះ។

កាលពី​ចុង​ឆ្នាំ​២០២០ សាស្ត្រាចារ្យ​សិលាចារឹក និង​ប្រវត្តិសាស្ត្រ​ខ្មែរ​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ បណ្ឌិត វង់ សុធារ៉ា បាន​អះអាង​ថា ប្រាសាទ​អង្គរវត្ត អង្គរធំ និង​ប្រាសាទ​ជាច្រើន​ទៀត គឺជា​អត្តសញ្ញាណ​របស់​ខ្មែរ​ដែល​គេ​តែង​នាំគ្នា​លើក​តម្កើង​គោរព​បូជា និង​ការពារ​ដើម្បី​ជា​គោល​កម្លាំង​មោទកភាព​ជាតិ និង​ការ​រួបរួម​ជាតិ។

លោក​បន្ត​ថា បើ​អត្តសញ្ញាណ​នេះ​ត្រូវ​គេ​យក​ទៅ​ចម្លង​ដើម្បី​គោលដៅ​ផ្សេង​ពី​ការ​គោរព​បូជា និង​ប្រើប្រាស់​ដោយ​ប្រាសចាក​ពី​ខ្លឹមសារ​ដើម​នោះ វា​គឺជា​ការប្រមាថ​យ៉ាង​ធ្ងន់ធ្ងរ​ដល់​ព្រលឹង​ដូនតា​ខ្មែរ និង​ប្រជាជាតិ​ខ្មែរ​ទាំងមូល។

ជុំវិញ​បញ្ហា​នេះ កាល​ពី​ដើម​ខែ​តុលា ឆ្នាំ​២០២០ អ្នក​គ្រប់គ្រង​កោះ​ផាង៉ាន ប្រទេស​ថៃ ធ្លាប់​បាន​ចេញ​សុំទោស​ជា​សាធារណៈ​ចំពោះ​ការ​យក​គំរូ​រចនាបថ​ប្រាសាទ​អង្គរវត្ត​ដែល​ជា​តំណាង​ឲ្យ​ប្រទេស​កម្ពុជា ទៅ​តុបតែង​ក្នុង​សណ្ឋាគារ​របស់​ខ្លួន​ដែល​បណ្តាល​ឲ្យ​ផ្ទុះ​កំហឹង​យ៉ាង​ខ្លាំង​ពី​ពលរដ្ឋ​ខ្មែរ។

កាលពី​ចុង​ឆ្នាំ​២០២០ សណ្ឋាគារ​ឈ្មោះ Le palais Hotel មាន​ទីតាំង​នៅ​កោះ​ផាង៉ាន ខេត្ត​សុរ៉ាត់ថានី ប្រទេស​ថៃ បាន​ផ្សព្វផ្សាយ​លើ​គេហទំព័រ​របស់​ខ្លួន​ពី​សេវា និង​រូបរាង​សណ្ឋាគារ បន្ទប់​ស្នាក់​នៅ អាហារដ្ឋាន និង​អាងហែលទឹក ជាដើម ដែល​ជា​ការ​ចម្លង​រចនាបថ​ប្រាសាទ​អង្គរវត្ត អង្គរធំ ប្រាសាទ​បន្ទាយស្រី និង​ប្រាសាទ​បាយ័ន​របស់​កម្ពុជា​ទាំងស្រុង។

បន្ទប់​ស្នាក់​នៅ អាងហែលទឹក និង​អាហារដ្ឋាន​ក្នុង​សណ្ឋាគារ​នោះ បាន​ប្រើ​ឈ្មោះ​តាម​ប្រាសាទ​បុរាណ​ខ្មែរ​មួយ​ចំនួន រួម​មាន បន្ទប់​បន្ទាយស្រី បន្ទប់​បាយ័ន និង​បន្ទប់​អង្គរធំ ព្រមទាំង​បាន​ប្រើ​ឈ្មោះ​ប្រាសាទ​បុរាណ​ទាំងនោះ​ដាក់​ឈ្មោះ​អាហារដ្ឋាន និង​អាងហែលទឹក​របស់​ពួកគេ​ថា អាហារដ្ឋាន​បាយ័ន និង​អាងហែលទឹក​អង្គរធំ ជាដើម​ផង​ដែរ។

ប្រាសាទ​អង្គរវត្ត ស្ថិតនៅ​ភាគ​ពាយ័ព្យ​នៃ​ប្រទេស​កម្ពុជា ក្នុង​ទឹកដី​នៃ​ខេត្ត​សៀមរាប ដែល​មាន​កម្ពស់ ៦៥​ម៉ែត្រ មាន​ក្រឡាផ្ទៃ ២០០​ហិកតារ រាង​ចតុកោណ​ដែល​កំណត់​ដោយ​កំពែង​ព័ទ្ធជុំវិញ និង​គូ​ទឹក​ដែល​មាន​ទទឹង ២០០​ម៉ែត្រ ដែល​បាន​កសាង​ឡើង​ដោយ​ព្រះបាទ សូរ្យវរ្ម័នទី២ នៅ​ដើម​សតវត្ស​ទី​១២ ក៏​ជា​ទីតាំង​ដែល​កងទ័ព​ខ្មែរ​ទទួល​បាន​ជ័យជម្នះ​លើ​កងទ័ព​សៀម​ក្នុង​សម័យ​រាជាណាចក្រ​អយុធ្យា នៅ​សតវត្ស​ទី​១៧។

បច្ចុប្បន្ន​នេះ ប្រាសាទ​អង្គរវត្ត ក្លាយ​ជា​និមិត្តរូប​នៃ​ប្រទេស​កម្ពុជា តែ​មួយ​គត់​ដែល​រំលេច​លើ​ទង់ជាតិ​របស់​ប្រទេស​ជា​រូបភាព​តំណាង​ប្រទេស​ជាតិ​ខ្មែរ ហើយ​ក៏​បាន​ដាក់​បញ្ចូល​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក កាលពី​ថ្ងៃ​ទី​១៤ ខែ​ធ្នូ ឆ្នាំ​១៩៩២ និង​ត្រូវ​ចាត់ទុក​ថា​ជា​កន្លែង​បុរាណវិទ្យា​ដ៏​សំខាន់​បំផុត​មួយ​នៅ​អាស៊ី​ផង​ដែរ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស