ក្រោយពីប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy រៀបរាប់អំពីការឈឺចាប់របស់ប្រជាជនអ៊ុយក្រែន ដោយសារសង្គ្រាមឈ្លានពានពីសំណាក់រុស្ស៊ី ដែលលោកថ្លែងទៅកាន់សមាជិកសភាសហរដ្ឋអាមេរិក កាលពីថ្ងៃទី១៦ មីនា គឺមិនបានមួយម៉ោងផង លោកប្រធានាធិបតី ចូ បៃដិន ប្រកាសផ្ដល់ជំនួយសព្វាវុធគិតជាសាច់ប្រាក់ ៨០០លានដុល្លារទៅឱ្យប្រទេសអ៊ុយក្រែន។
តាមបណ្ដាញផ្សាយព័ត៌មានរបស់សហរដ្ឋអាមេរិក VOA ផ្សាយជាភាសាអង់គ្លេស ឲ្យដឹងថា សព្វាវុធដែលត្រូវបញ្ជូនថែមទៀតទៅឲ្យរដ្ឋាភិបាលរបស់ប្រធានាធិបតី Zelenskiy មានដូចជា យន្តហោះ Drone ប្រព័ន្ធកាំជ្រួចការពារដែនអាកាស និងកាំភ្លើងបាញ់កម្ទេចរថក្រោះ ជាដើម។
ក្នុងជំនួយជា អាវុធនេះ គឺកាំជ្រួចបាញ់ទម្លាក់យន្តហោះមាន ៨០០ដើម កាំជ្រួចបាញ់លើស្មា ២ពាន់ដើម អាវុធបាញ់រថពាសដែក ១ពាន់ដើម អាវុធបាញ់រថក្រោះ ៦ពាន់ដើម គ្រាប់រំសេវចំនួន ២០លាន មួកដែក និងអាវក្រោះចំនួន ១ម៉ឺន។
លោក បៃដិន បានប្រកាសផ្តល់ជំនួយយោធាបន្ថែមចំនួន ២០០លានដុល្លារដល់អ៊ុយក្រែនរួចហើយកាលពីថ្ងៃសៅរ៍សប្ដាហ៍មុន។ ចំណែកជំនួយយោធា ៣៥០លានដុល្លារលើកដំបូង ត្រូវបានប្រកាសផ្តល់ឱ្យអ៊ុយក្រែនកាលពីចុងខែកុម្ភៈ គឺប៉ុន្មានថ្ងៃប៉ុណ្ណោះក្រោយពីរុស្ស៊ី លើកទ័ពចូលឈ្លានពានអ៊ុយក្រែន កាលពីថ្ងៃទី២៤ កុម្ភៈ។ ជំនួយរបស់អាមេរិកដល់អ៊ុយក្រែន នេះ គឺជាជំនួយផ្នែកសន្តិសុខដ៏ធំបំផុតនៅក្នុងប្រវត្តិសាស្ត្ររបស់អាមេរិក។
បើតាមប្រភពដដែលនេះឲ្យដឹងថា ជំនួយលើកទី៣ ដែលសហរដ្ឋអាមេរិកបានបញ្ជូនទៅឱ្យប្រទេសអ៊ុយក្រែន នេះ គឺដើម្បីជួយការពារសន្តិសុខរបស់ប្រទេសនេះ ហើយដែលនាំឲ្យជំនួយរបស់អាមេរិកសម្រាប់ប្រទេសអ៊ុយក្រែនកើនឡើងជាង ១៣៥០លានដុល្លារ។
មន្ទីរប៉ុងតាហ្គោន និយាយថា សព្វាវុធដែលត្រូវផ្ដល់ឱ្យប្រទេសអ៊ុយក្រែនថែមទៀតនេះ បានរៀបចំអស់ហើយដើម្បីដឹកទៅឱ្យប្រទេសអ៊ុយក្រែន។
នៅក្នុងសេចក្ដីថ្លែងការណ៍ទៅកាន់សមាជិកសភា លោកប្រធានាធិបតី Zelenskiy បានទទូចសុំឱ្យសហរដ្ឋអាមេរិកបន្តជួយប្រជាជនអ៊ុយក្រែនថែមទៀត ជាពិសេសសព្វាវុធដើម្បីឱ្យប្រជាជន និងកងទ័ពអ៊ុយក្រែនបន្តពង្រឹងស្មារតីប្រយុទ្ធការពារទឹកដីប្រឆាំងនឹងកងទ័ពរុស្ស៊ី។ បន្ថែមលើសពីនេះទៀត លោកទទូចសុំឱ្យអាមេរិក និងមេដឹកនាំណាតូ (NATO) ប្រកាសដាក់លំហអាកាសប្រទេសអ៊ុយក្រែនជាតំបន់ហាមហោះហើរ។ ទន្ទឹមនេះ លោក Zelenskiy ចាត់ទុកលោក បៃដិន និងសហរដ្ឋអាមេរិកជាប្រទេសមហាអំណាចដែលមានឥទ្ធិពលក្នុងការជួយការពារសន្តិភាពពិភពលោក។
មន្ត្រីសេតវិមានម្នាក់និយាយថា រហូតមកទល់ពេលនេះ សហរដ្ឋអាមេរិកនៅតែជាប្រទេសផ្តល់ជំនួយយោធាច្រើនជាងគេបំផុតទៅឲ្យប្រទេសអ៊ុយក្រែន។ នៅក្នុងដំណើរទស្សនកិច្ចនៅបណ្ដាប្រទេសអឺរ៉ុបខាងកើត និងនៅក្នុងដែនដីប្រទេសប៉ូឡូញ កាលពីថ្ងៃទី៥ មីនា ដើម្បីត្រួតពិនិត្យស្ថានភាពរស់នៅរបស់ជនភៀសខ្លួននៃប្រជាជនអ៊ុយក្រែន រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Bliken បានសន្យាថា សហរដ្ឋអាមេរិកនឹងប្រកាសស្វែងរកជំនួយហិរញ្ញវត្ថុបន្ថែម ២៧៥០លានដុល្លារសម្រាប់ជួយដោះស្រាយវិបត្តិមនុស្សធម៌ និងជនភៀសខ្លួនដោយសារសង្គ្រាមនៅអ៊ុយក្រែន។
រហូតមកដល់ថ្ងៃទី១៧ ខែមីនា នេះ សង្គ្រាមដែលរុស្ស៊ីលើកទ័ពឈ្លានពានអ៊ុយក្រែន មានរយៈពេល ២២ថ្ងៃមកហើយ។ គោលដៅរបស់រដ្ឋាភិបាលលោកប្រធានាធិបតី វ៉្លាឌីមៀរ ពូទីន គឺផ្ដួលរំលំរដ្ឋាភិបាលលោកប្រធានាធិបតី Zelenskiy ហើយលើកបន្តុបរដ្ឋាភិបាលអាយ៉ងរបស់ខ្លួន។
ប្រធានាធិបតីរុស្ស៊ីរូបនេះអះអាងថា ប្រទេសរបស់លោកនឹងសម្រេចឱ្យបាននូវគោលដៅរបស់ខ្លួននៅក្នុងប្រទេសអ៊ុយក្រែន ហើយនឹងមិនចុះញ៉មឡើយចំពោះអ្វីដែលលោកហៅថាជាការប៉ុនប៉ងរបស់ក្រុមបស្ចិមប្រទេស ក្នុងការត្រួតត្រា និងបំបែកបំបាក់រុស្ស៊ី។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១៧ ខែមីនា។
លោក ពូទីន ធ្វើការកត់សម្គាល់បែបនេះនៅក្នុងសុន្ទរកថាមួយទៅកាន់គណៈរដ្ឋមន្ត្រីនៃរដ្ឋាភិបាលរបស់លោក កាលពីថ្ងៃពុធ សប្ដាហ៍នេះ។ ក្នុងឱកាសនោះ លោក ពូទីន ក៏បានទទួលស្គាល់ផងដែរអំពីផលប៉ះពាល់បង្កឡើងទណ្ឌកម្មក្រុមបស្ចិមប្រទេស ប៉ុន្តែលោកសច្ចាថា រុស្ស៊ីនឹងតស៊ូហែលឆ្លងពេលវេលាដ៏លំបាកនេះរហូតបានសម្រេច។
លោកបន្ថែមទៀតថា ក្រុមបស្ចិមប្រទេសដែលមានផែនការធ្វើឱ្យរុស្ស៊ីក្លាយជាប្រទេសទន់ខ្សោយមួយ គឺដើម្បីបំពានបូរណភាពទឹកដីរុស្ស៊ី និងចង់បំបែកបំបាក់រុស្ស៊ីដែលលោកថាចាំបាច់ត្រូវឆ្លើយតបដូចនេះ។ តែអ្នកសង្កេតការណ៍ចោទសួរថា តើនៅពេលនេះរបបលោក ពូទីន កំពុងតែឈ្នះ ឬកំពុងតែចាញ់៕