28.4 C
Phnom Penh

មេដឹកនាំ​ពិភពលោក​នាំគ្នា​ចោទ​ប្រធានាធិបតី​រុស្ស៊ី ពូទីន ថា​ជា​ឧក្រិដ្ឋជន​សង្គ្រាម

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ចាប់តាំង​ពី​កងទ័ព​រុស្ស៊ី លើក​ទ័ព​ចូល​ឈ្លានពាន​អ៊ុយក្រែន នៅ​ថ្ងៃ​ទី​២៤ កុម្ភៈ មក សោកនាដកម្ម​យ៉ាង​រន្ធត់​កើត​មាន​ទៅលើ​ជនស៊ីវិល​ដោយសារតែ​គ្រាប់កាំភ្លើង​របស់​កងទ័ព​រុស្ស៊ី។

បណ្ដាញ​ផ្សាយ​ព័ត៌មាន​ជាច្រើន​បាន​ធ្វើ​សេចក្ដី​រាយការណ៍​ពី​ប្រទេស​អ៊ុយក្រែន មក​​​ថា មិន​ថា​ឡើយ​ទីតាំង​របស់​កងទ័ព​នោះ​ទេ​ដែល​ជា​គោលដៅ​នៃ​ការ​វាយប្រហារ​របស់​កងទ័ព​រុស្ស៊ី គឺ​សូម្បី​មន្ទីរពេទ្យ សាលារៀន ទីផ្សារ និង​ព្រះវិហារ ក៏​រង​ការ​វាយប្រហារ​ដោយ​គ្រាប់​កាំជ្រួច និង​កាំភ្លើងធំ​របស់​កងទ័ព​រុស្ស៊ី ដែរ។

បណ្ដាញ​ផ្សាយ​ព័ត៌មាន CNN, BBC, Independent, AP, ABC បាន​បង្ហាញ​វីដេអូ​អំពី​លំនៅឋាន អគារ​របស់​ប្រជាជន មន្ទីរពេទ្យ សាលារៀន ទីផ្សារ និង​ការ​ស្លាប់​ជនស៊ីវិល​រាប់​ពាន់​នាក់​មាន​ទាំង​កុមារ បាន​ក្លាយ​ជា​ជនរងគ្រោះ​នៃ​សង្គ្រាម​រុស្ស៊ី​ឈ្លានពាន​អ៊ុយក្រែន។ ដោយសារ​ស្ថានភាព​ដូចនេះ តុលាការ​យុត្តិធម៌​អន្តរជាតិ (ICJ) កាលពី​ថ្ងៃ​ទី​១៦ មីនា បាន​ចេញ​ដីកា​បង្គាប់​ឱ្យ​របប​លោក​ប្រធានាធិបតី​រុស្ស៊ី វ៉្លាឌីមៀរ ពូទីន បញ្ចប់​សង្គ្រាម​នៅ​អ៊ុយក្រែន​ជាបន្ទាន់។

ចៅក្រម ១៣​រូប​ក្នុង​ចំណោម ១៥​រូប​នៃ​តុលាការ​ពិភពលោក​នេះ​បាន​បោះឆ្នោត​ឲ្យ​រុស្ស៊ី​បញ្ឈប់​សកម្មភាព​យោធា​ទៅលើ​ប្រទេស​អ៊ុយក្រែន ដោយ​បញ្ជាក់​ថា ទីតាំង​ដែល​ត្រូវ​បាន​វាយកម្ទេច​ភាគច្រើន​ជា​ទីតាំង​របស់​ជនស៊ីវិល​ដែល​ចាំបាច់​ត្រូវ​បញ្ឈប់​ជាបន្ទាន់។

តាម​បណ្ដាញ​ផ្សាយ​ព័ត៌មាន BBC តុលាការ​អន្តរជាតិ​នេះ​កំពុងតែ​ដំណើរការ​រឿងក្ដី​ប្រឆាំង​នឹង​របប​លោក ពូទីន ករណី​ប្រល័យ​ពូជសាសន៍ ព្រោះ​តែ​ការ​ស្លាប់​ជនស៊ីវិល​នៃ​ជាតិសាសន៍​អ៊ុយក្រែន គឺ​អំពើ​ឧក្រិដ្ឋកម្ម​សង្គ្រាម និង​ប្រល័យ​ពូជសាសន៍។ ចំណែក​ឯ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ (ICC) បាន​កំពុង​បើក​ការ​ស៊ើប​អង្កេត​ករណី​ឧក្រិដ្ឋកម្ម​សង្គ្រាម​ប្រឆាំង​របប​លោក ពូទីន។

ក្នុង​ស្ថានភាព​បែប​នេះ ប្រធានាធិបតី​អាមេរិក​បាន​ផ្ដើម​ចោទ​លោក ពូទីន មុន​គេ​ដោយ​ហៅ​មេដឹកនាំ​ផ្ដាច់ការ​នៃ​ប្រទេស​រុស្ស៊ី​ម្នាក់​នេះ​ថា​ជា​ឧក្រិដ្ឋជន​សង្គ្រាម​ដ៏​សាហាវ។ ជាមួយ​គ្នា​នេះ លោក​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក Antony Blinken បាន​យល់ស្រប​នឹង​លោក បៃដិន។ លោក​ទទូច​ឱ្យ​ពិភពលោក​ចូលរួម​ជាមួយ​គ្នា​ថ្កោលទោស​លោក ពូទីន ហើយ​ចាត់ទុក​មេដឹកនាំ​រុស្ស៊ី​ថា​ជា​ឧក្រិដ្ឋជន​ប្រឆាំង​មនុស្ស​ជាតិ។

Rosemary DiCarlo អគ្គលេខាធិការ​រង​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​កិច្ចការ​សន្តិភាព និង​នយោបាយ បាន​រំឭក​ទៅ​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​ឱ្យ​ប្រាប់​ទៅ​រុស្ស៊ី​ថា ជនស៊ីវិល​ស្លាប់​រាប់​ពាន់​នាក់​ក្នុង​សង្គ្រាម​រុស្ស៊ី-អ៊ុយក្រែន ហើយ​ស្នើ​ទៅ​កងទ័ព​រុស្ស៊ី​កុំ​វាយប្រហារ​លើ​ជនស៊ីវិល។ លោក​ចាត់ទុក​ថា​ជា​ការ​រំលោភ​ច្បាប់​អន្តរជាតិ​យ៉ាង​ធ្ងន់ធ្ងរ។

ជាមួយ​គ្នា​នេះ ថ្នាក់​ដឹកនាំ​រដ្ឋមន្ត្រី​ការបរទេស​នៃ​ប្រទេស​ឧស្សាហកម្ម​ជឿនលឿន G-7 ក៏​បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​រួម​ដោយ​ទាមទារ​ឱ្យ​រុស្ស៊ី​គោរព​តាម​ដីកា​របស់​តុលាការ​យុត្តិធម៌​អន្តរជាតិ ដែល​បង្គាប់​ឱ្យ​រុស្ស៊ី​បញ្ចប់​សង្គ្រាម​នៅ​អ៊ុយក្រែន។

ចំណែក​លោក Josep Borrell ប្រធាន​គោល​នយោបាយ​សហភាព​អឺរ៉ុប បាន​ចោទ​ធ្ងន់ៗ​ថា រុស្ស៊ី​បាន​រំលោភ​ធ្ងន់​ណាស់​លើ​ច្បាប់​អន្តរជាតិ និង​ជា​បទល្មើស​ឧក្រិដ្ឋកម្ម​សង្គ្រាម។ លោក​ថា​សហភាព​អឺរ៉ុប​សូម​ថ្កោលទោស​យ៉ាង​ខ្លាំង​ទៅលើ​កងទ័ព​រុស្ស៊ី ដែល​បាញ់​ប្រហារ​ទៅលើ​ជនស៊ីវិល និង​អគារ​លំនៅឋាន​របស់​ប្រជាជន។ នៅ​ទីក្រុង Mariupol មន្ទីរពេទ្យ​ដ៏​ធំ​របស់​ទីក្រុង​នេះ​ចំនួន ៣​កន្លែង​រង​ការ​វាយប្រហារ​ដោយ​គ្រាប់​កាំជ្រួច និង​កាំភ្លើងធំ​របស់​រុស្ស៊ី។ នៅ​ទីក្រុង​មួយ​នេះ ជនស៊ីវិល​ស្លាប់​ជាង ២៥០០​នាក់ ក្នុង​នោះ​មាន​ទាំង​កុមារ​ផង​ដែរ។

បើ​តាម​របាយការណ៍​របស់​អង្គការ​សុខភាព​ពិភពលោក​ដែល​ស្រង់​មក​ចុះផ្សាយ​ដោយ​ទីភ្នាក់ងារ​សារព័ត៌មាន AP គឺ​អំឡុង​សង្គ្រាម​ជាង ២០​ថ្ងៃ​មក​នេះ មន្ទីរពេទ្យ និង​មណ្ឌល​សុខភាព​ចំនួន ៤៣​កន្លែង​នៅ​ទូទាំង​ប្រទេស ត្រូវ​បាន​រង​ការ​វាយប្រហារ​ដោយ​គ្រាប់កាំភ្លើង​របស់​កងទ័ព​រុស្ស៊ី។

តែ​យ៉ាងនេះ​ក្ដី រដ្ឋាភិបាល​លោក ពូទីន បាន​ប្រតិកម្ម​នឹង​ការ​ចោទ​របស់​ប្រធានាធិបតី​អាមេរិក លោក បៃដិន ដែល​ហៅ​លោក ពូទីន ជា​ឧក្រិដ្ឋជន​សង្គ្រាម។ អ្នក​នាំពាក្យ​វិមាន​ក្រឹមឡាំង លោក Dmitry Peskov បាន​និយាយ​ថា ការ​ចោទប្រកាន់​របស់​លោក​ប្រធានាធិបតី​អាមេរិក​ថា​លោក​ប្រធានាធិបតី ពូទីន គឺជា​ឧក្រិដ្ឋជន​សង្គ្រាម គឺជា​ពាក្យ​សម្ដី​មិន​អាច​ទទួលយក​បាន​ឡើយ។

អ្នក​នាំពាក្យ​វិមាន​ក្រឹមឡាំង​រូប​នេះ​បាន​សង្កត់​ធ្ងន់​ថា គឺជា​រឿង​មិន​អាច​ទទួលយក​បាន និង​មិន​អាច​លើកលែង​ឱ្យ​បាន​ជាដាច់ខាត។ លោក​បញ្ជាក់​ថា លោក បៃដិន គ្មាន​សិទ្ធិ​ប្រៀនប្រដៅ​លោក ពូទីន ឡើយ។ តែ​យ៉ាងណា ទាំង​តុលាការ​យុត្តិធម៌​អន្តរជាតិ (ICJ) និង​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ (ICC) បាន​សម្រេច​ដំណើរការ​សំណុំរឿង​ឧក្រិដ្ឋកម្ម​សង្គ្រាម​ករណី​សង្គ្រាម​នៅ​អ៊ុយក្រែន​ទៅលើ​របប​លោក ពូទីន ជា​ផ្លូវការ​ហើយ​នៅ​ពេលនេះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស