27.5 C
Phnom Penh

អ្នក​តស៊ូ​មតិ​យល់ស្រប​ចំពោះ​ការ​ផ្លាស់​ជន​អន្តោប្រវេសន៍​វៀតណាម​មក​នៅ​លើ​គោក

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​បញ្ញវន្ត​ខ្មែរ​នៅ​ក្រៅ​ស្រុក ឯកភាព​នូវ​គោលការណ៍​ផ្លាស់​ជន​អន្តោប្រវេសន៍​វៀតណាម​ខុសច្បាប់​ដែល​កំពុង​រស់នៅ​លើ​ទូក​ក្នុង​បឹង​ទន្លេសាប មក​រស់នៅ​លើ​គោក ប៉ុន្តែ​ត្រូវ​ដោះស្រាយ​ស្រប​តាម​គោលការណ៍​សកល​ស្ដីពី​សិទ្ធិ​ជន​អន្តោប្រវេសន៍។

ប្រធាន​ប្រតិបត្តិ​នៃ​ចលនា​ពលរដ្ឋ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ (PMD) លោក ទូច វិបុល បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃ​ទី​២២ មីនា ថា ការ​ផ្លាស់​ឱ្យ​ជន​អន្តោប្រវេសន៍​វៀតណាម​ដែល​កំពុង​រស់នៅ​លើ​ទឹក​ក្នុង​បឹង​ទន្លេសាប មក​រស់​នៅ​លើ​គោក គឺជា​គោលការណ៍​ល្អ ប៉ុន្តែ​បញ្ហា​នៅ​ត្រង់​ថា តើ​រដ្ឋាភិបាល​កម្ពុជា​ត្រូវ​បញ្ជូន​ពួកគេ​ទៅ​ប្រទេស​វៀតណាម​វិញ ឬ​ផ្តល់​សិទ្ធិ​ឱ្យ​អ្នក​ទាំងនោះ​រស់នៅ​ដោយ​ស្រប​ច្បាប់​នៅ​កម្ពុជា​បន្ត​ទៀត ឬ​ត្រូវ​បញ្ជូន​ពួកគេ​ទៅកាន់​ប្រទេស​ទី​បី។ នេះ គឺជា​បញ្ហា​ដែល​កម្ពុជា​ត្រូវ​ដោះស្រាយ​ជាបន្ទាន់។

លោក ទូច វិបុល លើក​ជា​សំណួរ​ថា ប្រសិនបើ​រដ្ឋាភិបាល​វៀតណាម​មិនព្រម​ទទួល​យក​ជន​អន្តោប្រវេសន៍​វៀតណាម​ទាំងនោះ តើ​រដ្ឋាភិបាល​កម្ពុជា​ត្រូវ​ដោះស្រាយ​ដោយ​របៀប​ណា? ហើយ​បើ​សិន​ជន​អន្តោប្រវេសន៍​ទាំងនោះ​មាន​កូន​ចៅ​កើត​នៅ​លើ​ទឹកដី​ខ្មែរ តើ​រដ្ឋាភិបាល​កម្ពុជា​ត្រូវ​ដោះស្រាយ​ដូចម្តេច?

លោក​សួរ​បន្ថែម​ទៀត​ថា នៅ​ពេល​ដែល​ជន​អន្តោប្រវេសន៍​វៀតណាម​ទាំងនោះ​មក​រស់នៅ​លើ​ទឹកដី​ខ្មែរ​ជាង ៣០-៤០​ឆ្នាំ​ហើយ រដ្ឋាភិបាល​កម្ពុជា​រក​ឃើញ​ថា​ពួកគាត់​ពុំ​មាន​ឯកសារ​ស្រប​ច្បាប់ តើ​រដ្ឋាភិបាល​កម្ពុជា​គួរ​អនុវត្ត​ច្បាប់​មួយ​ណា?

បញ្ហា​នេះ តើ​ឧត្ដមស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​ជន​អន្តោប្រវេសន៍ អាច​ចូលរួម​ជាមួយ​រដ្ឋាភិបាល​កម្ពុជា​ទទួល​ពួក​ជន​អន្តោប្រវេសន៍​ខុសច្បាប់​ទាំងនោះ​ទៅកាន់​ប្រទេស​ទី​បី​បាន​ដែរ​ឬ​ទេ?

លោក​បន្ថែម​ថា ជាង​នេះ​ទៀត ប្រសិនបើ​គ្មាន​ជម្រើស​អ្វី​ទាំងអស់ តើ​រដ្ឋាភិបាល​កម្ពុជា​គួរ​យក​ជន​អន្តោប្រវេសន៍​ខុសច្បាប់​ទាំងនោះ​ឱ្យ​រស់នៅ​ទីណា​នៅ​ពេល​ដែល​រដ្ឋាភិបាល​វៀតណាម​ក៏​មិន​ទទួល​យក ចំណែក​ប្រទេស​ទី​បី​ក៏​បដិសេធ​ដែរ​នោះ?

ប្រធាន​ប្រតិបត្តិ​នៃ​ចលនា​ពលរដ្ឋ​រូប​នេះ អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ដោះស្រាយ​បញ្ហា​ជន​អន្តោប្រវេសន៍​ទាំងនោះ​ស្រប​តាម​ច្បាប់​ជាតិ និង​គោលការណ៍​សកល​ស្ដីពី​សិទ្ធិមនុស្ស និង​ច្បាប់​អន្តោប្រវេសន៍ ព្រោះ​ថា​នេះ​ជា​បន្ទុក​ដ៏​ធ្ងន់​សម្រាប់​កម្ពុជា។

ការ​អះអាង​នេះ ធ្វើឡើង​ស្រប​ពេល​ដែល​កម្ពុជា​កំពុង​ហូរ​ចូល​ជន​អន្តោប្រវេសន៍​វៀតណាម​ខុសច្បាប់​មក​រស់នៅ​លើ​ទឹកដី​របស់​ខ្លួន ខណៈ​អាជ្ញាធរ​ខ្មែរ​មិន​បាន​អនុវត្ត​ច្បាប់​អន្តោប្រវេសន៍​របស់​ខ្លួន​ឱ្យ​បាន​ហ្មត់ចត់​នៅឡើយ។

កាលពី​អំឡុង​ខែ​មិថុនា ឆ្នាំ​២០២១ អាជ្ញាធរ​រាជធានី​ភ្នំពេញ​បាន​ជម្លៀស​ជន​អន្តោប្រវេសន៍​ខុសច្បាប់​វៀតណាម​ដែល​រស់នៅ​លើ​ផ្ទះ​បណ្ដែត​ទឹក​តាម​ដងទន្លេ ក្នុង​ខណ្ឌ​ជ្រោយចង្វារ ឱ្យ​ទៅ​រស់នៅ​ខណ្ឌ​ព្រែកព្នៅ វិញ។ ប៉ុន្តែ​អំឡុង​ពេល​ជម្លៀស​នោះ ក៏​មាន​ពលរដ្ឋ​វៀតណាម​ខ្លះ​បាន​នាំគ្នា​ឡើង​លើ​គោក ហើយ​នាំគ្នា​ទិញ​ដី ទិញ​ផ្ទះ​សម្រាប់​រស់នៅ​ក្នុង​រាជធានី​ភ្នំពេញ​តែម្តង ដោយ​មាន​អាជ្ញាធរ​កម្ពុជា​ជួយ​សម្រួល ខណៈ​អ្នក​ខ្លះ​បន្ត​រស់នៅ​លើ​ផ្ទះ​បណ្តែត​ទឹក​បន្ត​ទៀត។

យ៉ាងណាក៏ដោយ កាលពី​ថ្ងៃ​ទី​២៣ ខែ​កុម្ភៈ ឆ្នាំ​២០២២ អគ្គលេខាធិការ​នៃ​អគ្គលេខាធិការដ្ឋាន​ក្រសួង​មហាផ្ទៃ លោក ប៉ោ ភក្តិ លើកឡើង​ថា អាជ្ញាធរ​វៀតណាម​មិនព្រម​ទទួល​យក​ជន​អន្តោប្រវេសន៍​វៀតណាម​ដែល​រឹងរូស និង​ជនជាតិ​វៀតណាម​ដែល​មាន​បំណង​ចង់​ត្រឡប់​ទៅ​ប្រទេស​កំណើត​វិញ​ឡើយ ដែល​ករណី​នេះ​ជា​បញ្ហា​ប្រឈម​សម្រាប់​កម្ពុជា។

លោក ប៉ោ ភក្តិ ស្នើ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ពន្លឿន​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​អន្តោប្រវេសន៍​ឆ្នាំ​១៩៩៤ ដើម្បី​ធានា​អំពី​ប្រសិទ្ធភាព​នៃ​ការ​គ្រប់គ្រង​ជន​អន្តោប្រវេសន៍​ខុសច្បាប់​នៅ​កម្ពុជា។

ក្រុម​អ្នក​ឃ្លាំមើល​សង្គម​លើកឡើង​ថា ការ​បណ្ដោយ​ឲ្យ​វៀតណាម​បំពាន​កម្ពុជា​តាម​ចិត្ត​នេះ ក៏​អាច​ជា​យុទ្ធសាស្ត្រ​បន្ត​បម្រើ​វៀតណាម​របស់​លោក ហ៊ុន សែន បន្ត​ទៅ​លោក ហ៊ុន ម៉ាណែត ដែរ ដើម្បី​ពឹងពាក់​វៀតណាម​ឲ្យ​ជួយ​គាំទ្រ​ផែនការ​ផ្ទេរ​អំណាច​របស់​ខ្លួន ព្រោះ​ថា​ផែនការ​ផ្ទេរ​អំណាច​នេះ​អាច​មាន​ផ្លូវ​ជោគជ័យ​ទៅ​បាន លុះត្រាតែ​មាន​វៀតណាម​ជា​អ្នក​គាំទ្រ។

កាលពី​ថ្ងៃ​ទី​២៦ ខែ​កុម្ភៈ ឆ្នាំ​១៩៨៦ ប្រមុខ​រដ្ឋាភិបាល លោក ហ៊ុន សែន បាន​ចុះហត្ថលេខា​លើ​សារាចរ​ណែនាំ​ស្ដីពី​ការ​អនុវត្ត​គោល​នយោបាយ​ចំពោះ​អណិកជន​វៀតណាម​នៅ​កម្ពុជា ដែល​តម្រូវ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ផ្តល់​ដីធ្លី ទីជម្រក ផ្តល់​អត្តសញ្ញាណប័ណ្ណ ថែរក្សា និង​ផ្គត់ផ្គង់​ឲ្យ​បាន​ត្រឹមត្រូវ ហើយ​សារាចរ​នេះ​នៅតែ​មាន​សុពលភាព​រហូត​ដល់​សព្វថ្ងៃ​នេះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស