ពិភពលោកបានឆ្លងកាត់សង្គ្រាមលោកចំនួនពីរលើកមកហើយ។ សង្គ្រាមលើកទី១ ផ្ទុះឡើងនៅអឺរ៉ុបនៅរវាងឆ្នាំ១៩១៤-១៩១៨។ សង្គ្រាមលោកលើកទី១ គឺជាសង្គ្រាមរវាងមហាអំណាចក្នុងទ្វីបអឺរ៉ុប និងអាស៊ីប៉ាស៊ីហ្វិក កើតឡើងចាប់ពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ១៩១៤ ដល់ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ១៩១៨ ទើបបានបិទបញ្ចប់។
តាមការស្រាវជ្រាវរបស់អ្នកប្រវត្តិសាស្ត្រ គឺសង្គ្រាមលោកលើកទី១ កើតឡើងបន្ទាប់ពីការធ្វើឃាតព្រះអង្គម្ចាស់ Franz Ferdinand ដែលជាពូជពង្សស្តេចនៃអាណាចក្រ Austro-Hungary ដែលសព្វថ្ងៃអាណាចក្រនេះបានក្លាយទៅជាប្រទេសអូទ្រីស និងប្រទេសហុងគ្រី។ ព្រះអង្គម្ចាស់ Franz Ferdinand ត្រូវបានធ្វើឃាតដោយជនជាតិ Serbia។
តាមពិត អាណាចក្រ Austro-Hungary មានផែនការវាយយកប្រទេស Serbia យូរមកហើយដើម្បីឱ្យនៅក្រោមចំណុះរបស់ខ្លួន។ ការធ្វើឃាតព្រះអង្គម្ចាស់ Franz Ferdinand បានក្លាយទៅជាលេសមួយសម្រាប់អាណាចក្រ Austro-Hungary ឈ្លានពានប្រទេស Serbia។ ក្នុងស្ថានការណ៍បែបនេះ អាណាចក្រ Austro-Hungary បានដាក់ឱសានវាទទៅលើប្រទេស Serbia ឱ្យទទួលនូវកិច្ចព្រមព្រៀង ១០ប្រការ និងត្រូវផ្តល់ចម្លើយត្រឹមរយៈពេល ៤៨ម៉ោង បើពុំដូចនោះទេ ប្រទេស Serbia នឹងត្រូវប្រឈមមុខនឹងសង្គ្រាម។
មេដឹកនាំប្រទេស Serbia គឺនាយករដ្ឋមន្ត្រី Nicola Pasic បានឆ្លើយតបវិញតាមកាលកំណត់ ប៉ុន្តែមិនយល់ព្រមលើ ១ចំណុចតែប៉ុណ្ណោះ។ ការជំទាស់នេះ បានធ្វើឱ្យអាណាចក្រ Austro-Hungary ខឹងយ៉ាងខ្លាំង ហើយក៏បានប្រកាសសង្គ្រាមវាយប្រទេស Serbia នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ១៩១៤។
ការឈ្លានពានរបស់អាណាចក្រ Austro-Hungary ក៏មានការជ្រោមជ្រែងផងដែរពីប្រទេសអាល្លឺម៉ង់ ដែលគ្រានោះគេហៅថាសម្ពន្ធមិត្ត ៣ប្រទេស។ បើមើលតែមួយជ្រុង គឺប្រទេសអាល្លឺម៉ង់ ចង់រកយុត្តិធម៌ឲ្យព្រះអង្គម្ចាស់ Franz Ferdinand ដែលត្រូវបានធ្វើឃាត។ ការពិត ប្រទេសអាល្លឺម៉ង់ ចង់ពង្រីកអំណាច និងអាណាចក្ររបស់ខ្លួនក្នុងទ្វីបអឺរ៉ុប។
នៅពេលនោះ ប្រទេស Serbia បានទំនាក់ទំនងនឹងប្រទេសរុស្ស៊ី ដែលជាប្រទេសសម្ពន្ធមិត្តដើម្បីឱ្យជួយ។ តែរុស្ស៊ីដូចជារួញរា គឺមិនចង់ធ្វើសង្គ្រាមទេ គឺចង់ចរចាជាងការធ្វើសង្គ្រាម ព្រោះរុស្ស៊ីពេលនោះយល់ថា អាល្លឺម៉ង់ជាប្រទេសមហាអំណាចធំជាងគេនៅពីក្រោយអាណាចក្រ Austro-Hungary។
បើតាមអ្នកស្រាវជ្រាវដែលគេហទំព័រ britannica.com បានកត់ត្រាទុក គឺរុស្ស៊ី ចង់ឱ្យអាល្លឺម៉ង់កុំលូកដៃរវាងជម្លោះអាណាចក្រ Austro-Hungary និងប្រទេស Serbia ប៉ុន្តែអាល្លឺម៉ង់មិនព្រម។ សម្រាប់ រុស្ស៊ី ក៏សម្រេចដាក់ពង្រាយទ័ពដើម្បីវាយប្រហារទៅលើអាណាចក្រ Austro-Hungary។ តែមេទ័ពម្នាក់របស់រុស្ស៊ី ប្រាប់ទៅស្តេច Tsar Nicholas របស់រុស្ស៊ីឲ្យវាយប្រហារទាំងអាល្លឺម៉ង់ផងដែរ។
នៅគ្រានោះហើយ គឺនៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ១៩១៤ សង្គ្រាមផ្ទុះពេញទំហឹងព្រោះតែរុស្ស៊ីប្រកាសធ្វើសង្គ្រាមជួយប្រទេស Serbia ដែលនាំឲ្យអាល្លឺម៉ង់ ជាប្រទេសពូកែខាងសង្គ្រាមផងនោះ ក៏ផ្ដើមជួយអាណាចក្រ Austro-Hungary ដោយវាយលើរុស្ស៊ី ហើយរហូតដល់អាល្លឺម៉ង់វាយបែលហ្ស៊ិក ដែលជាសម្ពន្ធមិត្តរបស់អង់គ្លេស ហើយអាល្លឺម៉ង់ក៏ហួសទៅវាយបារាំងថែមទៀតផងដែរ។
ទីបំផុត អង់គ្លេសក៏វាយអាល្លឺម៉ង់ ចំណែកសហរដ្ឋអាមេរិកវិញមិនចង់លូកដៃក្នុងសង្គ្រាមនោះទេ ព្រោះអាមេរិកនៅទ្វីបផ្សេងពីគ្នា ប៉ុន្តែអាមេរិកសម្រេចជួយអង់គ្លេស ដោយសារតែជនជាតិអាមេរិកស្លាប់ជាច្រើននាក់នៅក្នុងនាវារបស់អង់គ្លេស ដែលត្រូវគ្រាប់កាំភ្លើងរបស់អាល្លឺម៉ង់ ហើយអ៊ីតាលី ក៏សម្រេចហក់ចូលជួយអង់គ្លេសផងដែរ។
ទីបំផុត នៅពេលកម្លាំងសម្ពន្ធមិត្តកាន់តែខ្លាំងបានរុញឱ្យអាណាចក្រ Austro-Hungary សុំឲ្យមានបទឈប់បាញ់គ្នា។ ចំណែកអាល្លឺម៉ង់ដែលផ្ទុះការបះបោរផ្ទៃក្នុង ក៏យល់ព្រមតាមអាណាចក្រ Austro-Hungary ទទួលយកបទឈប់បាញ់គ្នា។
សង្គ្រាមលោកលើកទី១ បានបិទបញ្ចប់នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ១៩១៨ មុននឹងឈានទៅចុះសន្ធិសញ្ញាសន្តិភាពនៅទីក្រុង Versailles ប្រទេសបារាំង ដើម្បីបញ្ចប់សង្គ្រាមលោកលើកទី១ ជាផ្លូវការនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ១៩១៩។ សង្គ្រាមលោកលើកទី១ បានបិទបញ្ចប់ដោយបន្សល់ទុកមនុស្សស្លាប់ ១៧លាននាក់ និងរងរបួសជាង ២៥លាននាក់។
ចុះចំណែកសង្គ្រាមលោកលើកទី២ វិញ មានប្រវត្តិដូចម្ដេចខ្លះ?
នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ១៩៣៩ អាល្លឺម៉ង់បានវាយចូលប្រទេសប៉ូឡូញ បន្ទាប់ពីបង្កើតព្រឹត្តិការណ៍ព្រំដែនក្លែងក្លាយដើម្បីជាលេសក្នុងការចូលឈ្លានពាន។ ក្រោយពីទទួលដំណឹងថាអាល្លឺម៉ង់ លើកទ័ពឈ្លានពានលើប្រទេសប៉ូឡូញ អង់គ្លេសបានបញ្ជូនឱសានវាទទៅប្រាប់អាល្លឺម៉ង់ ដោយទាមទារឱ្យបញ្ឈប់ប្រតិបត្តិការយោធារបស់ខ្លួន ប៉ុន្តែឱសានវាទនោះត្រូវបានអាល្លឺម៉ង់ច្រានចោល។
នៅថ្ងៃទី៣ ខែកញ្ញា បារាំង អង់គ្លេស និងសម្ពន្ធមិត្តមានដូចជា អូស្ត្រាលី នូវែលហ្សេឡង់ អាហ្វ្រិកខាងត្បូង និងកាណាដា បានប្រកាសសង្គ្រាមវាយប្រទេសអាល្លឺម៉ង់។
នៅរវាងឆ្នាំ១៩៣៩ និងឆ្នាំ១៩៤២ ទ្វីបអឺរ៉ុបស្ទើរទាំងអស់ត្រូវបានធ្លាក់ក្រោមការគ្រប់គ្រងរបស់អាល្លឺម៉ង់ ហើយមិនត្រឹមតែប៉ុណ្ណោះ អាល្លឺម៉ង់បានថែមទាំងចងសម្ពន្ធភាពជាមួយអ៊ីតាលី ជប៉ុន និងប្រទេសមួយចំនួនផ្សេងទៀតផង។
នៅក្រោមកតិកាសញ្ញាទ្វេភាគីនៃឆ្នាំ១៩៣៩ អាល្លឺម៉ង់ និងសហភាពសូវៀត បានវាយយក និងបែងចែកទឹកដីប្រទេសជិតខាងរបស់ពួកគេមានដូចជាប្រទេសប៉ូឡូញ ហ្វាំងឡង់ រ៉ូម៉ានី និងបណ្ដារដ្ឋបាលទិក។
ប្រទេសបារាំង ត្រូវបានវាយឱ្យដួលរលំនៅពាក់កណ្តាលឆ្នាំ១៩៤០ ដែលបន្សល់ឱ្យចក្រភពអង់គ្លេសតែមួយបន្តទប់ទល់នឹងការឈ្លានពានពីសំណាក់អាល្លឺម៉ង់។ នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ១៩៤១ អាល្លឺម៉ង់ បានដឹកនាំកម្លាំងសម្ពន្ធមិត្តចូលឈ្លានពានសហភាពសូវៀត ហើយនៅពេលនោះហើយដែលប្រវត្តិវិទូជាច្រើនបានចាត់ទុកថាជាការឈ្លានពានដ៏ធំបង្អស់នៅក្នុងប្រវត្តិសាស្ត្រសង្គ្រាម។
ប្រទេសជប៉ុនដែលមានបំណងចង់ត្រួតត្រាលើទ្វីបអាស៊ី និងប៉ាស៊ីហ្វិក បានចូលឈ្លានពានប្រទេសចិន នៅក្នុងឆ្នាំ១៩៣៧។ នៅអំឡុងខែធ្នូ ឆ្នាំ១៩៤១ ជប៉ុនបានធ្វើការវាយលុកលើទឹកដីអង់គ្លេស និងអាមេរិក តាមរយៈតំបន់អាស៊ីអាគ្នេយ៍ និងនៅសមុទ្រប៉ាស៊ីហ្វិក ហើយក្នុងនោះរួមមានការវាយប្រហារលើកោះ Pearl Harbor នៃទឹកដីកោះហាវ៉ៃរបស់សហរដ្ឋអាមេរិក។ ដោយឃើញបែបនេះ អាមេរិកក៏សម្រេចចិត្តប្រកាសសង្គ្រាមវាយបកលើជប៉ុនតែម្ដង។
សហរដ្ឋអាមេរិកបានសម្រេចផ្តល់ជំនួយយោធាដល់ចិន និងសម្ពន្ធមិត្តលោកខាងលិច បន្ទាប់ពីអាមេរិកបានធ្វើវិសោធនកម្មច្បាប់អព្យាក្រឹតភាពរបស់ខ្លួន។ អំឡុងនោះហើយដែលសហរដ្ឋអាមេរិកជាប្រទេសតែមួយគត់សម្រេចផ្តល់ជំនួយជាសាច់ប្រាក់ និងអាវុធដល់សម្ពន្ធមិត្ត។
បន្ទាប់ពីអាល្លឺម៉ង់ បានកាន់កាប់ទីក្រុងប៉ារីស នៅឆ្នាំ១៩៤០ ទំហំនៃកងកម្លាំងជើងទឹកអាមេរិកកាន់តែកើនឡើងជាលំដាប់។ អាមេរិកបានធ្វើសេចក្តីព្រមព្រៀងដោះដូរយកមូលដ្ឋានយោធាអង់គ្លេស ជាថ្នូរនឹងការផ្តល់នាវាចម្បាំងមួយចំនួនឱ្យអង់គ្លេស។
ក្នុងខែធ្នូ ឆ្នាំ១៩៤០ ប្រធានាធិបតីអាមេរិក លោក Franklin D. Roosevelt បានចោទប្រកាន់ហ៊ីត្លែរ ថាមានផែនការគ្រប់គ្រងពិភពលោក និងបានច្រានចោលរាល់កិច្ចចរចាទាំងប៉ុន្មានជាមួយអាល្លឺម៉ង់ ព្រោះគ្មានប្រយោជន៍។ ចាប់ពីពេលនោះមក សហរដ្ឋអាមេរិកក្លាយជាឃ្លាំងអាវុធនៃកម្លាំងអ្នកប្រជាធិបតេយ្យ និងជំរុញកម្មវិធីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់អង់គ្លេស និងសម្ពន្ធមិត្តនៅក្នុងសង្គ្រាម។
បើនិយាយទៅ គឺមិនជាខុសនឹងសង្គ្រាមលោកលើកទី១ ប៉ុន្មាននោះទេ ទាំងអាល្លឺម៉ង់ និងជប៉ុន បានថមថយកម្លាំង និងបាត់បង់សមរភូមិរបស់ខ្លួន គឺចាប់ពីពាក់កណ្ដាលឆ្នាំ១៩៤៣ រហូតបិទបញ្ចប់សង្គ្រាមនៅអឺរ៉ុប នៅដើមខែឧសភា ឆ្នាំ១៩៤៥។ អាល្លឺម៉ង់នៃក្រុមណាហ្ស៊ីហ៊ីត្លែរ ទទួលបរាជ័យដោយនាំទៅជាមួយនូវអ៊ីតាលីហ្វាស៊ីស ហើយមេដឹកនាំផ្ដាច់ការអ៊ីតាលី បេនីតូ មូសូលីនី ត្រូវបានក្រុមបះបោរអ៊ីតាលី ចាប់ខ្លួន និងបាញ់សម្លាប់ចោល នៅថ្ងៃទី២៨ មេសា។ ចំណែកឯហ៊ីត្លែរ វិញ បានសម្លាប់ខ្លួនឯងនៅថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៤៥។
នៅក្នុងចំណោមប្រទេសទាំង៣ នៅក្នុងបក្សសម្ព័ន្ធត្រីភាគី នៅសល់តែជប៉ុនមួយប៉ុណ្ណោះដែលនៅមិនទាន់ចុះចាញ់សង្គ្រាម។
នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ១៩៤៥ ប្រមុខដឹកនាំអាមេរិក អង់គ្លេស និងសហភាពសូវៀត បានបើកធ្វើសន្និសីទមួយនៅទីក្រុង Potsdam ក្បែរទីក្រុងប៊ែរឡាំង ប្រទេសអាល្លឺម៉ង់។ ភាគីអាមេរិកតំណាងដោយលោក Harry Truman ដែលទើបនឹងឡើងមកធ្វើជាប្រធានាធិបតីជំនួសលោក Franklin Roosevelt ដែលទទួលមរណភាពដោយជំងឺកាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ១៩៤៥។ កាលនោះ ភាគីអង់គ្លេសតំណាងដោយនាយករដ្ឋមន្ត្រី Winston Churchill ហើយភាគីសហភាពសូវៀតតំណាងដោយលេខាបក្សកុម្មុយនីស្ត Joseph Staline។
សន្និសីទក្រុងប៉ុតស្តាំ បានផ្ដោតជាចម្បងទៅលើបញ្ហាធំៗពីរ គឺការគ្រប់គ្រងតំបន់អឺរ៉ុប ក្រោយសម័យសង្គ្រាម និងការរួមកម្លាំងគ្នាធ្វើសង្គ្រាមប្រឆាំងជប៉ុន ដើម្បីឈានទៅបញ្ចប់សង្គ្រាមនៅតំបន់អាស៊ីប៉ាស៊ីហ្វិក។
នៅថ្ងៃទី១៥ សីហា អធិរាជជប៉ុន ហ៊ីរ៉ូហ៊ីតូ ក៏បានប្រកាសចុះចាញ់សង្គ្រាមដោយឥតលក្ខខណ្ឌ។ កិច្ចព្រមព្រៀងចុះចាញ់សង្គ្រាមនេះ ត្រូវបានចុះហត្ថលេខាដោយជប៉ុន និងសហរដ្ឋអាមេរិក នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ១៩៤៥ គឺជាថ្ងៃដែលសង្គ្រាមលោកលើកទី២ ត្រូវបញ្ចប់ជាផ្លូវការនៅទូទាំងពិភពលោក។
យើងពុំអាចទស្សន៍ទាយថាសង្គ្រាមលោកលើកទី៣ អាចកើតដែរឬទេ ខណៈសង្គ្រាមរុស្ស៊ី ឈ្លានពានអ៊ុយក្រែន កំពុងតែឆាបឆេះយ៉ាងខ្លាំង។ តែមានការព្រមានថា បើសមាជិកយោធាណាតូ (NATO) ណាមួយរងការវាយប្រហារពីរុស្ស៊ី គឺអាចកើតមានសង្គ្រាមលោកលើកទី៣ ហើយ។
តែបើនិយាយពីរុស្ស៊ីវិញ ដូចជាគ្មានប្រទេសណានឹងចេញមុខដឹកនាំទ័ពទៅជួយច្បាំងនឹងរុស្ស៊ីនោះទេ សូម្បីតែចិនដែលមានព្រំដែនជាប់នឹងរុស្ស៊ី ទំនងក៏នឹងមិនជួយរុស្ស៊ីដែរ ព្រោះរុស្ស៊ីវាយលើតែប្រទេសអ៊ុយក្រែនមួយ មិនបានសម្រេចដូចការរំពឹងទុកផង រឿងអីដែលត្រូវឲ្យចិនជួយរុស្ស៊ី ដែលនាំឱ្យចិនចាញ់សង្គ្រាមជាមួយនឹងរុស្ស៊ីដែរ គឺចិនមិនធ្វើដូចនេះទេ។
តែអ្វីដែលបារម្ភបំផុត ខ្លាចតែប្រធានាធិបតីរុស្ស៊ី វ៉្លាឌីមៀរ ពូទីន បាញ់អាវុធនុយក្លេអ៊ែរ ហើយអាមេរិក និងសម្ពន្ធមិត្តវាយបកវិញដោយអាវុធប្រភេទនេះ ហើយនៅពេលនោះ គឺផែនដីទាំងមូលនឹងរលាយជាមិនខាន៕