ក្រុមអ្នកឃ្លាំមើលនិយាយថា ការបង្ហាញវត្តមានរបស់លោក កឹម សុខា ជាមេបក្សប្រឆាំងធំជាងគេដែលកំពុងជាប់បម្រាមតុលាការ នៅលើវេទិកាអន្តរជាតិដ៏ធំ គឺជាការលើកមុខមាត់របស់កម្ពុជា និងរដ្ឋាភិបាលខ្មែរយ៉ាងធំធេង។
អតីតអគ្គទីប្រឹក្សាខ្មែរប្រចាំស្ថានទូតប្រទេសឥណ្ឌូនេស៊ី បណ្ឌិត សូ ណារ៉ូ បានសរសេរលើគណនីហ្វេសប៊ុករបស់លោកកាលពីថ្ងៃទី២៣ ខែមីនា ថា វត្តមានរបស់មេដឹកនាំប្រឆាំង លោក កឹម សុខា នៅលើវេទិកាពិភពលោកនេះ នឹងប្រាប់ពិភពលោកថា ដើម្បីឧត្តមប្រយោជន៍ជាតិ រដ្ឋាភិបាលកម្ពុជាមានចិត្តទូលាយហ៊ានធ្វើនូវអ្វីដែលគេមិនហ៊ាន ក្នុងការអនុញ្ញាតរយៈពេលខ្លីឲ្យលោក កឹម សុខា មានសេរីភាពដើម្បីបំពេញបេសកកម្មបម្រើប្រយោជន៍ជាតិ និងប្រជាជនតាមសំណូមពររបស់សហគមន៍អន្តរជាតិ។
បណ្ឌិត សូ ណារ៉ូ អះអាងថា ការបង្ហាញវត្តមានរបស់លោក កឹម សុខា ជាមេបក្សប្រឆាំងធំជាងគេដែលកំពុងជាប់បម្រាមតុលាការ លើវេទិកាអន្តរជាតិដ៏ធំនេះ គឺជាការលើកមុខមាត់របស់កម្ពុជា និងរដ្ឋាភិបាលខ្មែរយ៉ាងធំធេង។ លោកបន្ថែមថា តាមរយៈនៃវេទិកានេះ បានបង្ហាញយ៉ាងច្បាស់ថា ការតស៊ូដោយអហិង្សារបស់លោក កឹម សុខា កន្លងមកត្រូវបានទទួលស្គាល់ និងស្វាគមន៍យ៉ាងពេញទំហឹងពីសហគមន៍អន្តរជាតិ ខណៈមេដឹកនាំបក្សកាន់អំណាច និងអតីតមេដឹកនាំបក្សប្រឆាំង លោក សម រង្ស៊ី ដែលមានសេរីភាពក្នុងការដើរហើរយ៉ាងពេញលេញ មិនត្រូវបានអញ្ជើញ និងស្វាគមន៍ឱ្យទៅចូលរួមក្នុងវេទិកាពិភពលោកនេះ។
ការអះអាងនេះ ធ្វើឡើងបន្ទាប់ពីតុលាការក្រុងភ្នំពេញបានបដិសេធនូវសំណើរបស់ប្រធានបក្សប្រឆាំង លោក កឹម សុខា សុំទៅចូលរួមវេទិកាពិភពលោកនៅប្រទេសអាល្លឺម៉ង់ នៅចុងខែមីនា ឆ្នាំ២០២២ នេះ។
កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ តុលាការក្រុងភ្នំពេញបានបដិសេធសំណើសុំចេញទៅចូលរួមកិច្ចប្រជុំវេទិកាគោលនយោបាយពិភពលោករបស់អង្គការ Global Solution ក្នុងទីក្រុងប៊ែរឡាំង ប្រទេសអាល្លឺម៉ង់ របស់លោក កឹម សុខា នៅថ្ងៃទី២៨ និងទី២៩ ខែមីនា ឆ្នាំ២០២២។
មន្ត្រីជាន់ខ្ពស់បក្សប្រឆាំង លោក មាជ សុវណ្ណារ៉ា បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី២៤ មីនា នេះថា ប្រធានាធិបតីអាល្លឺម៉ង់ លោក Frank-Walter Steinmeier គ្រោងជួបដោយផ្ទាល់ជាមួយលោក កឹម សុខា នៅក្នុងឱកាសនោះ។ លោកបន្តថា នេះគឺជាឱកាសដ៏ល្អបំផុតសម្រាប់កម្ពុជាដែលនឹងទទួលគុណប្រយោជន៍ពីវេទិកាអន្តរជាតិដ៏សំខាន់មួយនេះ។
លោក មាជ សុវណ្ណារ៉ា បញ្ជាក់ថា វេទិកាគោលនយោបាយពិភពលោកនេះ នឹងធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីអ្នកវិនិយោគទុនចង់មកកម្ពុជា ដែលជាប្រទេសមហាអំណាចសេដ្ឋកិច្ចទាំងប្រទេសសមាជិក G7 និងប្រទេសសមាជិក G20 តាមរយៈវត្តមានមេដឹកនាំបក្សប្រឆាំងនៅក្នុងវេទិកាគោលនយោបាយពិភពលោកមួយនេះ។
ចំណែកអ្នកវិភាគនយោបាយ សង្គម និងជាអនុប្រធានក្រុមប្រឹក្សាភិបាលនៃចលនាពលរដ្ឋដើម្បីលទ្ធិប្រជាធិបតេយ្យ លោក គឹម សុខ បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី២៤ មីនា នេះថា មូលហេតុដែលអង្គការ GLOBAL SOLUTIONS អញ្ជើញលោក កឹម សុខា ឲ្យទៅចូលរួមវេទិកាអន្តរជាតិនេះ គឺអាចដោយសារតែសហរដ្ឋអាមេរិក និងសហគមន៍អឺរ៉ុប រួមទាំងសហគមន៍អន្តរជាតិ មើលឃើញថា ផ្លូវដោះស្រាយវិបត្តិនយោបាយនៅកម្ពុជា គឺមានតែរុញឲ្យលោក កឹម សុខា ចេញមុខកាន់តែលេចធ្លោលើឆាកអន្តរជាតិប៉ុណ្ណោះ។
លោក គឹម សុខ លើកឡើងថា ការធ្វើបែបនេះមានន័យថា សហគមន៍អន្តរជាតិបានបង្ហាញជំហរចង់ដោះស្រាយវិបត្តិនយោបាយកម្ពុជាកុំឲ្យរីកក្លាយទៅជាវិបត្តិផ្សេងៗទៀត ដែលអាចជះឥទ្ធិពលដល់សន្តិសុខក្នុងតំបន់ និងអន្តរជាតិ ហើយលោក កឹម សុខា ក៏ទំនងជាគន្លឹះសំខាន់បំផុតមួយក្នុងដំណោះស្រាយនៃវិបត្តិនេះដែរ ដែលធ្វើឲ្យសហគមន៍អន្តរជាតិផ្តល់កិត្តិយសដល់រូបគាត់ក្នុងការចូលរួមវេទិកាគោលនយោបាយពិភពលោកនេះ។
អ្នកវិភាគនយោបាយសង្គមរូបនេះ បញ្ជាក់ថា ការលើកតម្កើងលោក កឹម សុខា ដោយសហគមន៍អន្តរជាតិនេះ គឺជាមេរៀនបង្រៀនអ្នកនយោបាយជំនាន់ក្រោយឲ្យយល់ច្បាស់ថា គឺមានតែការធ្វើនយោបាយប្រតិបត្តិនៅលើសមរភូមិជាក់ស្តែងប៉ុណ្ណោះ ដែលមានការទទួលស្គាល់ពីអន្តរជាតិឈានទៅរកការប្រែប្រួល និងមានដំណោះស្រាយពិតប្រាកដសម្រាប់រាល់វិបត្តិទាំងអស់របស់នៅកម្ពុជា៕