28 C
Phnom Penh

ដៃគូ​ជម្លោះ​ទស្សនៈ​ជាមួយ​លោក ខាន់ សុវណ្ណ មួយ​រូប​ចូលរួម​មរណទុក្ខ​និង​អហោសិកម្ម​ឲ្យ​លោក

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នក​តាមដាន​ស្ថានការណ៍​នយោបាយ​កម្ពុជា​មួយ​រូប អះអាង​ថា លោក ខាន់ សុវណ្ណ ដែល​ជា​វាគ្មិន​ដ៏​សកម្ម​ក្នុង​នាទី​អង្គ​ព្រោកប្រាជ្ញ​កាល​ពេល​នៅ​មាន​ជីវិត មាន​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​ដើរ​បំបែក​ពលរដ្ឋ​ខ្មែរ​ដែល​រស់នៅ​ក្រៅ​ស្រុក និង​ក្នុង​ស្រុក និង​ជា​អ្នក​បំផ្លាញ​នយោបាយ​របស់​មេដឹកនាំ​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន ផង​ដែរ។

លោក សុខ សុគន្ធ បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​២៤ មីនា ថា លោក ខាន់ សុវណ្ណ ជា​អ្នក​មាន​ទស្សនៈ​ប្រឆាំង​នឹង​របប​ប្រជាធិបតេយ្យ​សេរី។

អ្នក​តាមដាន​ស្ថានការណ៍​នយោបាយ​កម្ពុជា​រូប​នេះ បញ្ជាក់​ថា ទោះបី​កន្លងមក​លោក ខាន់ សុវណ្ណ បន់​ឲ្យ​លោក​ឆាប់​ស្លាប់​មុន​ក៏ដោយ ប៉ុន្តែ​ក្នុង​នាម​ជា​មនុស្ស​មាន​គុណធម៌ សុជីវធម៌ សុភាវធម៌ និង​រស់នៅ​ក្នុង​សង្គម​ស៊ីវិល័យ លោក​សូម​ចូលរួម​មរណទុក្ខ និង​អហោសិកម្ម​ឲ្យ​លោក ខាន់ សុវណ្ណ នូវ​រឿង​គ្រប់​យ៉ាង​ទាំងអស់។

កាលពី​ថ្ងៃ​ទី​២៣ ខែ​មីនា ឆ្នាំ​២០២២ សារព័ត៌មាន​ក្នុង​ស្រុក​ដែល​ស្និទ្ធ​នឹង​រដ្ឋាភិបាល​កម្ពុជា​ឈ្មោះ​ថា Fresh News បាន​ចុះផ្សាយ​ថា វាគ្មិន​ដ៏​សកម្ម​ក្នុង​នាទី​អង្គ​ព្រោកប្រាជ្ញ​ដែល​និយាយ​អំពី​បញ្ហា​សង្គម និង​នយោបាយ​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក លោក ខាន់ សុវណ្ណ បាន​ទទួល​មរណភាព​ហើយ​ដោយ​រោគាពាធ​ក្នុង​អាយុ ៦៦​ឆ្នាំ។

កាលពី​ពេល​កន្លងទៅ លោក ខាន់ សុវណ្ណ ធ្លាប់​បាន​លើកឡើង​អំពី​ប្រវត្តិសាស្ត្រ​មួយ​ជ្រុង​របស់​កម្ពុជា ថា​មហាអំណាច​កុម្មុយនីស្ត​សូវៀត បាន​ប្រជែង​គ្នា​ជាមួយ​កុម្មុយនីស្ត​វៀតណាម ក្នុង​ការ​លើក​បន្តុប​រដ្ឋាភិបាល​កម្ពុជា។ លោក​បន្ត​ថា លោក ប៉ែន សុវណ្ណ ដែល​បាន​ធ្វើជា​នាយករដ្ឋមន្ត្រី​កម្ពុជា​កាលពី​អំឡុង​ទសវត្ស​ឆ្នាំ​១៩៨០ គឺជា​ការ​ចាត់តាំង​របស់​វៀតណាម។ ប៉ុន្តែ​ក្រោយ​មក​ត្រូវ​វៀតណាម​ដក​ទៅវិញ ពីព្រោះ​សូវៀត មិន​ពេញ​ចិត្ត​នូវ​ការ​ធ្វើ​បែប​នេះ ហើយ​ក៏​ដាក់​ជំនួស​ដោយ​មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន ដែល​កំពុង​ដឹកនាំ​កម្ពុជា​បច្ចុប្បន្ន​នេះ។

លោក ខាន់ សុវណ្ណ ធ្លាប់​អះអាង​ថា ការ​ជួយ​រំដោះ​របស់​វៀតណាម លើ​ទឹកដី​កម្ពុជា​ប្រៀប​ដូចជា​ទាហាន​ស៊ីឈ្នួល​របស់​សហភាព​សូវៀត​តែប៉ុណ្ណោះ។

យ៉ាងណាក៏ដោយ មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន កាលពី​ថ្ងៃ​ទី​១៦ ខែ​មករា ឆ្នាំ​២០២២ កន្លងទៅ បាន​ប្រតិកម្ម​យ៉ាង​ខ្លាំង​ក្នុង​ខ្សែអាត់​សំឡេង​ជិត ១​ម៉ោង​កន្លះ​លើ​ការ​បកស្រាយ​របស់​លោក ខាន់ សុវណ្ណ ថា​ការ​លើកឡើង​របស់​លោក ខាន់ សុវណ្ណ ដែល​ថា​វៀតណាម​ជា​ទាហាន​ស៊ីឈ្នួល​របស់​សហភាព​សូវៀត ក្នុង​ការ​ជួយ​រំដោះ​កម្ពុជា គឺជា​ការ​ប្រមាថ​យ៉ាង​ធ្ងន់ធ្ងរ​ចំពោះ​ការ​លះបង់​ជីវិត​របស់​កងទ័ព​វៀតណាម ក្នុង​ការ​ជួយ​រំដោះ​កម្ពុជា​ពី​របប​ប្រល័យ​ពូជសាសន៍ ប៉ុល ពត។

លោក ហ៊ុន សែន ព្រមាន​ថា ថ្ងៃ​ក្រោយ លោក ខាន់ សុវណ្ណ មិន​គួរ​ហ៊ាន​បកស្រាយ​ប្រវត្តិសាស្ត្រ​ដែល​ខ្លួន​យល់​មិន​ច្បាស់​នោះ​ទេ៕

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស