33 C
Phnom Penh

អាជ្ញាធរ​ចោទ​ក្រុម​កូដករ​ណាហ្គា​ជា​ស្ត្រី​ថា​បាន​ប្រើ​អំពើ​ហិង្សា​និង​ជេរ​ប្រមាថ​លើ​សមត្ថកិច្ច

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អាជ្ញាធរ​រាជធានី​ភ្នំពេញ ចោទប្រកាន់​លើ​ក្រុម​កូដករ​ណាហ្គា​វើលដ៍ (NAGA World) ជា​ស្ត្រី ថា​បាន​ប្រើ​អំពើ​ហិង្សា និង​ជេរ​ប្រមាថ​លើ​សមត្ថកិច្ច​អំឡុង​ពេល​កូដកម្ម ខណៈ​វិវាទ​ការងារ​នេះ​បាន​អូស​បន្លាយ​ជាង ១​ឆ្នាំ​ទៅ​ហើយ ប៉ុន្តែ​នៅតែ​មិនទាន់​មាន​ដំណោះស្រាយ​សមរម្យ។

ការ​ចោទ​នេះ ធ្វើឡើង​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​មួយ​កាលពី​ថ្ងៃ​ទី​២៣ មីនា ដោយ​រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ​បាន​ឱ្យ​ដឹង​ថា កន្លងមក អាជ្ញាធរ​បាន​ណែនាំ​ដល់​កូដករ​ណាហ្គា​វើលដ៍​ឱ្យ​បញ្ឈប់​សកម្មភាព​តវ៉ា​នៅ​តាម​ទី​សាធារណៈ និង​ប្រាប់​ឱ្យ​ទៅ​ទីលាន​ប្រជាធិបតេយ្យ បើ​ពួកគេ​ចង់​សម្ដែង​មតិ ប៉ុន្តែ​កូដករ​ទាំងនោះ​នៅ​បន្ត​ប្រមូលផ្ដុំ​គ្នា​ធ្វើ​កូដកម្ម​ខុសច្បាប់​នៅ​តាម​ទី​សាធារណៈ​ដដែល។

កាលពី​ថ្ងៃ​ទី​២៤ ខែ​កុម្ភៈ អង្គការ​សមាគម​ចំនួន ៥១​ស្ថាប័ន​ដែល​ចេញ​សេចក្ដី​ថ្លែងការណ៍​រួម លើកឡើង​ថា មួយ​រយៈ​មកនេះ​កូដករ​ណាហ្គា​វើលដ៍​ដែល​ភាគច្រើន​ជា​ស្ត្រី​បាន​រង​នូវ​អំពើ​ហិង្សា ការ​បៀតបៀន​ផ្លូវ​ភេទ រួម​ទាំង​ការ​ប្រើ​វិធាន​សុខាភិបាល​មិន​ត្រឹមត្រូវ​ពី​សំណាក់​អាជ្ញាធរ​ដែល​ចុះ​ទប់ស្កាត់​ការ​ធ្វើ​កូដកម្ម​ដោយ​អហិង្សា។

ករណី​នេះ ក្រុម​អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ ទាមទារ​ឲ្យ​អាជ្ញាធរ​បញ្ឈប់​ជាបន្ទាន់​រាល់​ការ​បៀតបៀន ការ​ប្រើ​អំពើ​ហិង្សា រួម​ទាំង​ការ​អនុវត្ត​វិធានការ​កូវីដ-១៩ មិន​ត្រឹមត្រូវ​មួយ​ចំនួន​ទៀត ក្នុង​ការ​ឆ្លើយតប​ទៅ​នឹង​កូដករ​ណាហ្គា​វើលដ៍​ដោយ​សំអាង​ថា ទង្វើ​នេះ​ជា​ការ​រំលោភ​សិទ្ធិ​ស្ត្រី និង​សិទ្ធិ​ជួបជុំ​ដែល​ការពារ​ដោយ​រដ្ឋធម្មនុញ្ញ។

យ៉ាងណាក៏ដោយ កាលពី​ថ្ងៃ​ទី​២៣ មីនា នេះ ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ក៏​បាន​ចេញ​សេចក្ដី​ជូនដំណឹង​មួយ​ពាក់ព័ន្ធ​នឹង​ដំណើរការ​ការ​ដោះស្រាយ​វិវាទ​ការងារ​នៅ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ ក្រោយ​គូភាគី​វិវាទ​ជួប​ប្រជុំ​រក​ដំណោះស្រាយ​ជា​លើក​ទី​៥។

បើ​តាម​ក្រសួង​ការងារ ឱ្យ​ដឹង​ថា តំណាង​ភាគី​កម្មករ​បន្ត​ទាមទារ​ក្រុមហ៊ុន​ពិភាក្សា​លើ​ចំណុច​អនុញ្ញាត​ឱ្យ​បុគ្គលិក​ដែល​ចង់​ចូល​ធ្វើការ​វិញ មុន​នឹង​ឈាន​ទៅ​ពិភាក្សា​ចំណុច​វិវាទ​ផ្សេង​ទៀត។ ចំណែក​កម្មករ​ដែល​ព្រម​ឈប់​ពី​ការងារ​វិញ ទាមទារ​ឱ្យ​មាន​ការ​ទូទាត់​សំណង​ឱ្យ​បាន​ត្រឹមត្រូវ​តាម​ច្បាប់។ ភាគី​ក្រុមហ៊ុន​បន្ត​ប្រកាន់​ជំហរ​មិន​ទទួលយក​កម្មករ​ដែល​បាន​បញ្ឈប់​ពី​ការងារ ហើយ​ក៏​មិន​ពិចារណា​ដោះដូរ​កម្មករ​តាម​សំណើ​របស់​ក្រុម​អ្នក​តវ៉ា​ដែរ។

ការ​លើកឡើង​របស់​ក្រសួង បាន​ធ្វើឡើង​បន្ទាប់ពី​កិច្ចប្រជុំ​លើក​ទី​៥ ជាមួយ​ភាគី​ពាក់ព័ន្ធ ក្នុង​នោះ​មាន​ក្រុមហ៊ុន តំណាង​កូដករ ជាដើម ប៉ុន្តែ​មក​ដល់​ថ្ងៃ​នេះ វិវាទ​ការងារ​ក្រុមហ៊ុន​ណាហ្គា​នៅ​មិនទាន់​មាន​លទ្ធផល​ឡើយ ដោយ​រង់ចាំ​កិច្ចប្រជុំ​បន្ទាប់​នៅ​ថ្ងៃ​ទី​២៩ ខែ​មីនា៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស