32 C
Phnom Penh

ចិន​បង្ហាញ​ចរិត​ជា​អ្នក​ការពារ​រុស្ស៊ី​ដែល​បង្ក​សង្គ្រាម​សម្លាប់​រង្គាល​នៅ​អ៊ុយក្រែន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នៅ​ទីបំផុត ចិន​ដែល​ត្រូវ​បាន​ចោទ​ជា​ប្រទេស​អនុត្តរភាព​នា​សតវត្ស​ទី​២១ ចាប់ផ្ដើម​ចេញ​មុខ​យ៉ាង​ច្បាស់​ក្រឡែត​ហើយ​នៅ​ពេលនេះ ជា​អ្នក​ការពារ​រុស្ស៊ី ដែល​បង្ក​សង្គ្រាម​សម្លាប់​មនុស្ស​យ៉ាង​រង្គាល​ក្នុង​សង្គ្រាម​ឈ្លានពាន​ប្រទេស​អ៊ុយក្រែន។

កាលពី​ថ្ងៃ​ទី​២៣ មីនា ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ បាន​ទាត់ចោល​សំណើ​របស់​រុស្ស៊ី ដែល​សុំ​ឱ្យ​មាន​ដំណោះស្រាយ​មួយ​ជាបន្ទាន់​ជួយ​ផ្នែក​មនុស្សធម៌​ដែល​រងគ្រោះ​ដោយសារ​សង្គ្រាម​នៅ​អ៊ុយក្រែន។ សំណើ​របស់​ប្រទេស​រុស្ស៊ី ត្រូវ​បាន​ប្រទេស​១៣​ទៀត​មិន​គាំទ្រ ដោយ​ត្រូវ​ចោទ​ថា​ជា​ល្បិច​របស់​រុស្ស៊ី​ទាញ​ឲ្យ​ចេញពី​សំណើ​របស់​អាមេរិក អង់គ្លេស និង​បារាំង ដែល​ទាមទារ​ឲ្យ​រុស្ស៊ី បញ្ចប់​សង្គ្រាម និង​ដក​ទ័ព​ចេញពី​អ៊ុយក្រែន។

ក្រុម​អ្នក​សង្កេតការណ៍​មើល​ឃើញ​ថា រុស្ស៊ី​ចង់​ធ្វើ​ឱ្យ​រាំង​ស្ទះ​នូវ​អ្វី​ដែល​ជា​ការ​បង្ខំ​ឱ្យ​មហាអំណាច​មួយ​នេះ​បញ្ចប់​សង្គ្រាម​នៅ​អ៊ុយក្រែន​ជាបន្ទាន់ ហើយ​ប្រទេស​ទាំង​១៣ នៃ​ក្រុមប្រឹក្សា​សន្តិសុខ​ដែល​មិន​គាំទ្រ​សំណើ​របស់​រុស្ស៊ី យល់​ថា​រុស្ស៊ី​គិត​ថា​វិបត្តិ​ជនភៀសខ្លួន និង​មនុស្សធម៌​នៅ​អ៊ុយក្រែន គឺជា​រឿង​អាសន្ន គឺ​ត្រូវ​បញ្ចប់​សង្គ្រាម​ជាបន្ទាន់ ប៉ុន្តែ​រុស្ស៊ី​ច្រានចោល។

អ្វី​ជា​ការ​កត់សម្គាល់​របស់​អ្នក​សារព័ត៌មាន គឺ​ចិន​តែ​មួយ​គត់​បាន​គាំទ្រ​សំណើ​របស់​រុស្ស៊ី ខណៈ ១៣​ប្រទេស​ទៀត​នៃ​ក្រុមប្រឹក្សា​សន្តិសុខ​បោះឆ្នោត​ជំទាស់។ នេះ​បើ​យោង​តាម Radio Free Europe ដែល​បាន​ចុះផ្សាយ​នៅ​ថ្ងៃ​ទី​២៤ មីនា។ ការ​ដែល​ចិន​ម្នាក់​គត់​គាំទ្រ​សំណើ​រុស្ស៊ី ដែល​ភាគច្រើន​ចោទ​ថា​របប​ប្រធានាធិបតី វ៉្លាឌីមៀរ ពូទីន កំពុង​សម្លាប់​រង្គាល​នៅ​អ៊ុយក្រែន ដោយ​គ្រាប់កាំភ្លើង​របស់​រុស្ស៊ី គឺជា​ការ​ចេញ​មុខ​ជា​ចំហ​ការពារ​របប​លោក ពូទីន។

ជាក់ស្ដែង កាលពី​ថ្ងៃ​ពុធ ទី​២៣ មីនា ចិន​បាន​ចាត់ទុក​រុស្ស៊ី​ថា​ជា​សមាជិក​ដ៏​សំខាន់​មួយ​របស់​ក្រុម​ប្រទេស​មហា​ឧស្សាហកម្ម G20 និង​ជំទាស់​មិន​ឲ្យ​ដក​សមាជិកភាព​របស់​រុស្ស៊ី​ចេញពី​ក្រុម​នេះ​ឡើយ។ ជំហរ​ការពារ​របស់​ចិន ដែល​ចេញ​មុខ​ដូចនេះ គឺ​ក្រោយ​ពី​សហរដ្ឋ​អាមេរិក​លើកឡើង​ពី​លទ្ធភាព​នៃ​ការ​ដក​សមាជិកភាព​រុស្ស៊ី​ចេញពី​ក្រុម G20 ជុំវិញ​ការ​បង្ក​សង្គ្រាម​ឈ្លានពាន​អ៊ុយក្រែន។

អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​ចិន លោក Wang Wenbin បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា G20 គឺជា​វេទិកា​ដ៏​សំខាន់​សម្រាប់​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​សកល។ ចំណែក​រុស្ស៊ី​ជា​សមាជិក​ដ៏​សំខាន់​មួយ។ យ៉ាងណា តំណាង​ចិន​ថា​គ្មាន​សមាជិក​ណា​មួយ​នៃ​ក្រុម G20 ត្រូវ​បាន​ដក​សិទ្ធិ ឬ​បណ្ដេញ​ពី​សមាជិកភាព​របស់​ខ្លួន​បាន​ឡើយ។

ការពិត ជំហរ​របស់​ចិន ធ្វើឡើង​បន្ទាប់​ពី​សហរដ្ឋ​អាមេរិក និង​ប្រទេស​ជាច្រើន​ទៀត​នៃ​ក្រុម G20 មាន​ផែនការ​ដក​រុស្ស៊ី​ចេញពី​ក្រុម​ប្រទេស​ឧស្សាហកម្ម​ជឿនលឿន​នេះ តាម​ការ​សម្រេច​មួយ​នៃ​សមាជិក ១៩​ប្រទេស​ទៀត​ដែល​ក្នុង​នោះ​មាន​ចិន​ផង​ដែរ។

ក្នុង​សំណុំរឿង​នេះ លោក​ប្រធានាធិបតី​អាមេរិក ចូ បៃដិន ដែល​ធ្វើ​ដំណើរ​ទៅដល់​អឺរ៉ុប នៅ​ថ្ងៃ​ព្រហស្បតិ៍ នេះ លោក​នឹង​សុំ​ឲ្យ​សម្ពន្ធមិត្ត​បន្ថែម​ទណ្ឌកម្ម​ថ្មី និង​អំពី​លទ្ធភាព​នៃ​ការ​ដក​រុស្ស៊ី​ចេញពី​សមាជិក G20។

នាយករដ្ឋមន្ត្រី​អូស្ត្រាលី លោក Scott Morrison បាន​និយាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា ការ​អនុញ្ញាត​ឲ្យ​ប្រធានាធិបតី​រុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន អង្គុយ​ជាមួយ​មេដឹកនាំ​ពិភពលោក​ផ្សេង​ទៀត​ក្នុង​កិច្ចប្រជុំ​កំពូល G20 នៅ​ឆ្នាំ​នេះ គឺ​នឹង​មិន​អាច​ទទួលយក​បាន​នោះ​ឡើយ ករណី​រុស្ស៊ី​បង្ក​សង្គ្រាម​ក្នុង​ប្រទេស​អ៊ុយក្រែន។

លោក Morrison បាន​ថ្លែង​ប្រាប់​សន្និសីទ​សារព័ត៌មាន​នៅ​ទីក្រុង Melbourne ថា រុស្ស៊ី​បង្ក​សង្គ្រាម​នៅ​អ៊ុយក្រែន គឺជា​អំពើ​ហិង្សា​ដែល​បំផ្លាញ​ច្បាប់​អន្តរជាតិ។ លោក​ថា បុគ្គល​ដែល​អង្គុយ​ក្នុង​បន្ទប់​ប្រជុំ​មិន​គួរ​មាន​មេដឹកនាំ​ដែល​ឈ្លានពាន​ប្រទេស​ដទៃ​នោះ​ទេ។ នាយករដ្ឋមន្ត្រី​អូស្ត្រាលី​បាន​បន្ថែម​ថា លោក​នឹង​ទាក់ទង​ដោយ​ផ្ទាល់​ទៅកាន់​ប្រធានាធិបតី​ឥណ្ឌូនេស៊ី លោក Joko Widodo ឲ្យ​ពិចារណា​ចំពោះ​វត្តមាន​របស់​លោក ពូទីន នៅ​ក្នុង​កិច្ចប្រជុំ G20 ដែល​ឥណ្ឌូនេស៊ី​ធ្វើជា​ម្ចាស់​ផ្ទះ​សម្រាប់​ឆ្នាំ​នេះ។

ប្រទេស​ចិន នៅ​តែ​ជួយ​ការពារ​រុស្ស៊ី ដោយ​មិន​ចូលរួម​ថ្កោលទោស និង​មិន​ដាក់​ទណ្ឌកម្ម​ទៅ​លើ​រុស្ស៊ី។ បន្ថែម​លើស​ពី​នេះ ចិន​បាន​ប្រកាស​ប្រឆាំង​ដាច់ខាត​ផែនការ​ណា​មួយ​ចង់​ដក​រុស្ស៊ី​ចេញពី​ក្រុម​ប្រទេស G20 ទៀត ដែល​នេះ​ជា​ការ​ចេញ​មុខ​ការពារ​អំពើ​ឈ្លានពាន និង​ការ​សម្លាប់​រង្គាល​លើ​ជាតិសាសន៍​អ៊ុយក្រែន តាមរយៈ​ការ​បង្ក​សង្គ្រាម​ដ៏​ឃោរឃៅ​បំផុត​ពី​សំណាក់​របប​របស់​លោក​ប្រធានាធិបតី​រុស្ស៊ី វ៉្លាឌីមៀរ ពូទីន៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស