32 C
Phnom Penh

អគ្គលេខាធិការ​ណាតូ​ព្រមាន​វាយបក​រុស្ស៊ី​ភ្លាមៗ​បើ​ដែនដី​សមាជិក​ខ្លួន​រង​ការ​វាយប្រហារ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អគ្គលេខាធិការ​អង្គការ​យោធា​ណាតូ (NATO) លោក Jens Stoltenberg ទទូច​ទៅ​មេដឹកនាំ​ណាតូ ថា​ត្រូវ​ដោះស្រាយ​វិបត្តិ​សន្តិសុខ​ដ៏​ធ្ងន់ធ្ងរ​បំផុត ជាពិសេស​ណាតូ​ត្រូវតែ​សម្រេច​វាយបក​ភ្លាមៗ ប្រសិនបើ​សមាជិក​របស់​ខ្លួន​រង​ការ​វាយប្រហារ​ពី​សំណាក់​គ្រាប់កាំភ្លើង​របស់​រុស្ស៊ី។

ក្នុង​កិច្ចប្រជុំ​កំពូល​វិសាមញ្ញ​របស់​អង្គការ​យោធា​ណាតូ ក្នុង​ទីក្រុង​ប្រ៊ុចសែល ប្រទេស​បែលហ្សិក កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​២៤ ខែ​មីនា ឆ្នាំ​២០២២ ដែល​ធ្វើឡើង​នៅ​ចំពោះ​មេដឹកនាំ​កំពូលៗ​របស់​ណាតូ លោក Jens Stoltenberg បាន​បញ្ជាក់​ថា ប្រទេស​ដែល​មាន​ព្រំដែន​ជាប់​នឹង​ប្រទេស​អ៊ុយក្រែន និង​ប្រទេស​ជាប់​នឹង​ព្រំដែន​នៃ​ប្រទេស​រុស្ស៊ី ដូចជា​ប្រទេស​ប៉ូឡូញ ហុងគ្រី ប៊ុលហ្គារី រូម៉ានី ស្លូវើនៀ សាធារណរដ្ឋ​ឆេក និង​ក្រុម​ប្រទេស​នៅ​បាល់ទិច ជាដើម គឺជា​ក្រុម​ប្រទេស​ផុយ​ស្រួយ​រង​ការ​វាយប្រហារ​ពី​សំណាក់​កងទ័ព​រុស្ស៊ី ដែល​ចាំបាច់​ណាតូ​ត្រូវ​ការពារ​ប្រទេស​ទាំងនេះ ហើយ​ត្រូវ​ធ្វើការ​វាយបក​ភ្លាមៗ​ទៅលើ​ប្រទេស​រុស្ស៊ី។

លោក​ថា ណាតូ​បើ​ទោះ​ជា​ប្រកាន់​នូវ​ភាព​អត់ធ្មត់​ក្ដី តែ​ណាតូ​មិន​បណ្ដោយ​ឲ្យ​សមាជិក​ណា​មួយ​រង​ការ​ឈ្លានពាន​ឡើយ។ នេះ​បើ​យោង​តាម​បណ្ដាញ​ផ្សាយ​ព័ត៌មាន Independent ដែល​បាន​ចុះផ្សាយ​នៅ​ថ្ងៃ​ទី​២៥ មីនា។

នៅ​ក្នុង​ជំនួប​កំពូល​នេះ ប្រធានាធិបតី លោក ចូ បៃដិន អះអាង​ថា សហរដ្ឋ​អាមេរិក​បាន​ប្រកាស​ដាក់​ទណ្ឌកម្ម​ថ្មី​ថែម​ទៀត​ទៅលើ​បុគ្គល និង​អង្គភាព​ជាង ៤០០ រួម​ទាំង​សមាជិក​សភា​រុស្ស៊ី មហាសេដ្ឋី និង​ក្រុមហ៊ុន​ការពារ​ជាតិ​ជាង ៣០០ របស់​ប្រទេស​មួយ​នេះ ខណៈ​លោក​បញ្ជាក់​ថា ជា​លើកដំបូង​ហើយ​ដែល​ណាតូ​មិន​ដែល​រួម​គ្នា​ខ្លាំង​ជាង​ពេលនេះ​ទេ ហើយ​ផ្ទុយពី​អ្វី​ដែល​ប្រធានាធិបតី ពូទីន គិត​ថា​ណាតូ​ពុំ​អាច​មាន​កម្លាំង​រួម​គ្នា​បាន។

នៅ​ក្នុង​ឱកាស​នេះ​ដែរ លោក បៃដិន ព្រមាន​រុស្ស៊ី​ធ្ងន់ៗ​ថា ប្រសិនបើ​រុស្ស៊ី ប្រើ​អាវុធគីមី គឺ​អាមេរិក និង​សម្ពន្ធមិត្ត​នឹង​ឆ្លើយតប ព្រោះ​ជា​ការ​រំលោភ​ច្បាប់​សង្គ្រាម​ដ៏​ធ្ងន់ធ្ងរ​ណាស់។ ថ្លែង​នៅ​ចំពោះ​មុខ​មេដឹកនាំ​ណាតូ លោក បៃដិន អះអាង​ថា លោក​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ទៅកាន់​ប្រធានាធិបតី​ចិន ស៊ី ជីនពីង ថា​នឹង​ធ្វើ​ឲ្យ​ទំនាក់ទំនង​សេដ្ឋកិច្ច​របស់​ចិន​មាន​គ្រោះថ្នាក់ ប្រសិនបើ​ចិន​ហក់​ចង់​ជួយ​រុស្ស៊ី ទោះ​ជា​ការ​ជួយ​ដោយ​លួចលាក់​ក៏ដោយ។ ត្រង់​ចំណុច​នេះ លោក បៃដិន ពុំ​បាន​និយាយ​លម្អិត​នោះ​ទេ តែ​ទំនង​លោក​ចង់​សំដៅ​ទៅលើ​ការ​ជួយ​រុស្ស៊ី ដោយ​ការ​បញ្ជូន​សព្វាវុធ ឬ​កងទ័ព។

ជំនួប​រវាង​លោក បៃដិន និង​លោក ស៊ី ជីនពីង ដែល​បាន​ធ្វើឡើង​តាម​វីដេអូ conference មុន​ជំនួប​កំពូល​ណាតូ ធ្វើឡើង គឺ​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ។ តែ​ជំនួប​នេះ មិន​សម្រេច​បាន​នូវ​ការ​ឈាន​ដល់​កិច្ចព្រមព្រៀង​អ្វី​ឡើយ។ ផ្ទុយទៅវិញ លោក ស៊ី បាន​ប្រកាស​មិន​ចូលរួម​ដាក់​ទណ្ឌកម្ម​ទៅលើ​ប្រទេស​រុស្ស៊ី នោះ​ទេ។

មេដឹកនាំ​ចិន​រូប​នេះ​បាន​បន្ទោស​ថា សង្គ្រាម​រុស្ស៊ី និង​អ៊ុយក្រែន ក៏​ជា​ការ​កើត​ចេញពី​អង្គការ​ណាតូ​ផង​ដែរ ព្រោះ​ក្រុម​អង្គការ​ណាតូ​នេះ​ហើយ​ជា​អ្នក​បន្ថែម​ភ្លើង ហើយ​បង្ក​អសន្តិសុខ​ដល់​រុស្ស៊ី។ យ៉ាងណា​ក៏ដោយ រុស្ស៊ី​អាច​ប្រឈម​នឹង​ការ​ដក​សមាជិកភាព​របស់​ខ្លួន​ចេញពី​ប្រទេស​ឧស្សាហកម្ម G20។

លោក បៃដិន បន្ត​ប្រាប់​ទៅ​មេដឹកនាំ​យោធា​ណាតូ​ថា អាមេរិក និង​សម្ពន្ធមិត្ត​កំពុង​សិក្សា​អំពី​ការ​ដក​រុស្ស៊ី ចេញពី​ក្រុម​ប្រទេស G20។

នៅ​ចំពោះ​មុខ​មេដឹកនាំ​ណាតូ នាយករដ្ឋមន្ត្រី​អង់គ្លេស បូរិស ចនសុន ប្រកាស​ថា ចក្រភព​អង់គ្លេស​បាន​សម្រេច​បង្កើន​ជំនួយ​យោធា​ដល់​អ៊ុយក្រែន ដើម្បី​ជួយ​ប្រធានាធិបតី Zelenskiy ក្នុង​ការ​ការពារ​ប្រទេស​អ៊ុយក្រែន ដែល​កំពុង​ធ្លាក់​ក្នុង​សង្គ្រាម​ឈ្លានពាន​ពី​រុស្ស៊ី។ លោក​បញ្ជាក់​ថា មីស៊ីល​រាប់​ពាន់​គ្រាប់​នឹង​ទៅដល់​កងទ័ព​អ៊ុយក្រែន​នៅ​ពេល​ឆាប់ៗ​នេះ។

តាម​បណ្ដាញ​ផ្សាយ​ព័ត៌មាន Independent អង់គ្លេស​នឹង​បញ្ជូន​មីស៊ីល​ចំនួន ៦​ពាន់​គ្រាប់​បន្ថែម​ទៀត និង​ថវិកា ២៥​លាន​ផោន​ដល់​កងទ័ព​អ៊ុយក្រែន ជាមួយ​នឹង​ការ​ដាក់​ពង្រាយ​កងទ័ព​ទៅកាន់​ប្រទេស​ប៊ុលហ្គារី ប្រទេស​ប៉ូឡូញ និង​នៅ​អេស្តូនី បន្ថែម​ទៀត។

តែ​យ៉ាងណា​ក៏ដោយ អគ្គលេខាធិការ​អង្គការ​ណាតូ លោក Jens Stoltenberg ដែល​ជា​អ្នក​ធ្វើ​សេចក្ដី​សម្រេច​មួយ​ដ៏​សំខាន់​ក្នុង​ការ​បញ្ជា​ទ័ព​ណាតូ​វាយបក​នឹង​ប្រទេស​ណា​មួយ បាន​ថ្លែង​ថា អង្គការ​ណាតូ​បាន​ច្រានចោល​ម្តង​ទៀត​នូវ​ការ​ស្នើ​ដាក់​តំបន់​គ្មាន​ការ​ហោះហើរ​លើ​អ៊ុយក្រែន ដែល​ស្នើ​ដោយ​ប្រធានាធិបតី​អ៊ុយក្រែន ខណៈ​លោក​ថ្លែង​អំពី​ការ​គំរាមកំហែង​នូវ​ការ​ប្រើប្រាស់​អាវុធ​នុយក្លេអ៊ែរ​ពី​សំណាក់​រុស្ស៊ី ដែល​លោក​ថា​ជា​អំពើ​សាហាវ​បំផុត។

លោក​បញ្ជាក់​ថា ណាតូ​ក៏​មាន​អាវុធ​ប្រល័យ​លោក​នេះ​ដែរ តែ​ណាតូ​មិន​ចង់​ធ្វើ​ឱ្យ​មាន​វិនាសកម្ម​ដ៏​ធ្ងន់ធ្ងរ​នៅ​លើ​ពិភពលោក​នេះ​ទេ។ លោក​ក៏​ព្រមាន​រុស្ស៊ី​កុំ​ឲ្យ​ប្រើប្រាស់​អាវុធ​ជីវសាស្ត្រ ព្រោះ​ជា​ការ​ប្រឆាំង​នឹង​មនុស្ស​ជាតិ​ទាំងស្រុង។

បច្ចុប្បន្ន កងទ័ព​ណាតូ​ត្រូវ​បាន​ដាក់​ពង្រាយ​ទៅកាន់​ប្រទេស​ជាប់​នឹង​ព្រំដែន​រុស្ស៊ី និង​អ៊ុយក្រែន គឺ​មាន​ជាង ៤​ម៉ឺន​នាក់ ក្នុង​គោល​បំណង​ឆ្លើយតប​ទៅ​នឹង​ការ​វាយលុក​ពី​កងទ័ព​រុស្ស៊ី។ សម្រាប់​កងទ័ព​អាមេរិក មាន​ច្រើន​ជាងគេ ហើយ​ស្ថិតនៅ​ក្នុង​ប្រទេស​ប៉ូឡូញ ដែល​មាន​ព្រំដែន​ធំ​ជាងគេ​ជាប់​នឹង​ប្រទេស​អ៊ុយក្រែន។

អ្វី​ដែល​ជា​ការ​កត់សម្គាល់ កិច្ចប្រជុំ​កំពូល​វិសាមញ្ញ​របស់​អង្គការ​ណាតូ គឺ​មាន​ចំណុច​ពីរ​សំខាន់​ដែល​ប្រទេស​ជា​សមាជិក​បាន​សម្រេច​រួម​គ្នា គឺ៖

  • ទី​១ ការ​ផ្តល់​អាវុធ​បន្ថែម​ទៀត​ទៅ​ឱ្យ​កងទ័ព​អ៊ុយក្រែន
  • ទី​២ បន្ថែម​ទណ្ឌកម្ម​ជាច្រើន​ទៀត​លើ​សេដ្ឋកិច្ច​របស់​រុស្ស៊ី ដែល​សហរដ្ឋ​អាមេរិក​បាន​ប្រកាស​មុន​គេ ហើយ​ក្រុម​ប្រទេស​ឧស្សាហកម្ម G7 នឹង​រិះរក​មធ្យោបាយ​កាត់ផ្ដាច់​ទាំងស្រុង​ការ​នាំ​ឧស្ម័ន និង​ប្រេង​ពី​រុស្ស៊ី។

ក្រោយ​ពី​បិទ​កិច្ចប្រជុំ​អង្គការ​ណាតូ ប្រធានាធិបតី​អាមេរិក លោក ចូ បៃដិន ត្រូវ​ធ្វើ​ដំណើរ​ទៅកាន់​ប្រទេស​ប៉ូឡូញ។ ប៉ូឡូញ គឺជា​ប្រទេស​ដែល​ទទួល​ជនភៀសខ្លួន​អ៊ុយក្រែន​ច្រើន​ជាងគេ គឺ​មាន​ជាង ២​លាន​នាក់​ក្នុង​ចំនួន ៣​លាន ៦​សែន​នាក់។

នៅ​ទីក្រុង​វ៉ាសូវី លោក បៃដិន ត្រូវ​ជួប​ពិភាក្សា​ជាមួយ​ប្រធានាធិបតី​ប៉ូឡូញ លោក Andrzej Duda ដោយ​ផ្ដោត​អំពី​វិបត្តិ​ជនភៀសខ្លួន​ដោយសារតែ​ការ​ឈ្លានពាន​ពី​សំណាក់​ប្រទេស​រុស្ស៊ី លើ​អ៊ុយក្រែន។

គេ​រំពឹង​ថា លោក បៃដិន អាច​នឹង​ទៅ​សួរ​សុខទុក្ខ​កងទ័ព​អាមេរិក​ដែល​នៅ​លើ​ទឹកដី​ប្រទេស​ប៉ូឡូញ។ នៅ​ខណៈ​មេដឹកនាំ​ណាតូ​កំពុង​ជួប​ប្រជុំ​គ្នា លោក​ប្រធានាធិបតី​អ៊ុយក្រែន Volodymyr Zelenskiy ដែល​កំពុង​ស្ថិតនៅ​ក្នុង​ការ​រដ្ឋធានី​គៀវ នៃ​ប្រទេស​អ៊ុយក្រែន ហើយ​ទីក្រុង​មួយ​នេះ​កំពុង​រង​ការ​បាញ់​ផ្លោង​ដោយ​កាំជ្រួច​របស់​រុស្ស៊ី លោក​បាន​សម្ដែង​ការ​សាទរ​ចំពោះ​ការ​រួម​កម្លាំង​គ្នា​របស់​អង្គការ​ណាតូ​ប្រឆាំង​រុស្ស៊ី តែ​លោក​បន្ត​សុំ​ឲ្យ​ណាតូ​បន្ថែម​អាវុធ​ច្រើន​ថែម​ទៀត​ជួយ​កងទ័ព​របស់​លោក។

មក​ទល់នឹង​ពេលនេះ សង្គ្រាម​អ៊ុយក្រែន​នៅ​មិនទាន់​នាំ​ឲ្យ​មាន​ការ​ប៉ះទង្គិច​គ្នា​ផ្នែក​យោធា​ដោយ​ផ្ទាល់​រវាង​រុស្ស៊ី និង​អង្គការ​ណាតូ​នៅឡើយ​ទេ ប៉ុន្តែ​មាន​ការ​បារម្ភ​កាន់តែ​ខ្លាំង​ឡើង​ថា រុស្ស៊ី​អាច​នឹង​វាយប្រហារ​ទៅលើ​អ៊ុយក្រែន​ដោយ​ប្រើ​អាវុធគីមី ឬ​អាវុធជីវសាស្ត្រ ឬ​ក៏​អាច​ឈាន​ដល់​ប្រើ​អាវុធ​នុយក្លេអ៊ែរ​ទៀត​ផង ព្រោះ​រុស្ស៊ី​បាន​ដាក់​ពង្រាយ​អាវុធ​ប្រល័យលោក​នេះ​រួច​ទៅ​ហើយ៕

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស