សង្គមស៊ីវិល និងសហគមន៍ជាង ៧០ ស្នើឲ្យរដ្ឋាភិបាលបញ្ឈប់ការឃាត់ខ្លួន និងប្រើប្រាស់អំពើហិង្សាលើសមាជិកសហជីព និងកូដករណាហ្គាវើលដ៍ (NAGA World) ហើយងាកមកដោះស្រាយវិវាទការងារនេះឱ្យបានច្បាស់លាស់ ដើម្បីបញ្ចៀសការរំលោភសិទ្ធិមនុស្សកាន់តែធ្ងន់ធ្ងរ។
សេចក្ដីថ្លែងការណ៍រួមរបស់ក្រុមអង្គការសង្គមស៊ីវិល និងសហគមន៍ចំនួន៧២ ស្ដីពី «ការបញ្ឈប់ការបង្ក្រាបកាន់តែខ្លាំងឡើងៗទៅលើកូដករ» ធ្វើឡើងនៅថ្ងៃទី២៥ ខែមីនា។ អង្គការ និងសមាគមដែលនាំគ្នាធ្វើសេចក្តីថ្លែងការណ៍នេះរួមមាន អង្គការលីកាដូ មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា សម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (សង់ត្រាល់) សមាគមការពារសិទ្ធិមនុស្សអាដហុក និងសហគមន៍ ជាដើម។
បើតាមសង្គមស៊ីវិលលើកឡើងក្នុងសេចក្ដីថ្លែងការណ៍ថា នាពេលថ្មីៗនេះ អាជ្ញាធរបានឃាត់ខ្លួន និងប្រើអំពើហិង្សាកាន់តែខ្លាំងឡើងទៅលើសមាជិកសហជីពនៅខាងមុខក្រុមហ៊ុនកាស៊ីណូណាហ្គាវើលដ៍ ខណៈការរឹតត្បិតអ្នកឃ្លាំមើលសិទ្ធិមនុស្ស និងអ្នកសារព័ត៌មានដែលចុះតាមដានការបង្ក្រាបដ៏អាក្រក់របស់ក្រុមអាជ្ញាធរក៏កាន់តែកើនឡើងដែរ។
ប្រភពដដែលឲ្យដឹងទៀតថា អាជ្ញាធរបានរុញច្រានកូដករចូលទៅក្នុងរថយន្តក្រុងយ៉ាងហិង្សា ដោយដឹកពួកគេទៅកាន់ជាយក្រុង ហើយទុកពួកគេចោល និងបង្ខំឱ្យពួកគេរកមធ្យោបាយធ្វើដំណើរត្រឡប់មកផ្ទះវិញដោយខ្លួនឯងជាច្រើនលើកច្រើនសា ខណៈកូដករជាស្ត្រីមួយចំនួនក៏បានរងនូវអំពើហិង្សា ការបៀតបៀនផ្លូវភេទ និងការចាប់ដាក់ពន្ធនាគារ ជាដើម។
ពួកគេចាត់ទុកសកម្មភាពរបស់អាជ្ញាធរ ថាជាអំពើអសីលធម៌ មានចេតនាដាក់ទណ្ឌកម្មយ៉ាងច្បាស់ទៅលើក្រុមកូដករនៃសហជីពណាហ្គាវើលដ៍ ដោយគ្មានមូលហេតុ និងមិនស្របច្បាប់។
យ៉ាងណាក៏ដោយ ការចេញសេចក្ដីថ្លែងការណ៍របស់សង្គមស៊ីវិលនាថ្ងៃនេះ ធ្វើឡើងបន្ទាប់ពីអាជ្ញាធររាជធានីភ្នំពេញបានចេញសេចក្ដីប្រកាសព័ត៌មានមួយកាលពីថ្ងៃទី២៣ ខែមីនា ដោយបានចោទក្រុមកូដករណាហ្គាដែលភាគច្រើនជាស្ត្រីនោះ ថាបានប្រើអំពើហិង្សា និងជេរប្រមាថលើសមត្ថកិច្ចទៅវិញ។
ទោះបីជាមានការប្រើប្រាស់អំពើហិង្សា រុញច្រាន និងការបៀតបៀនកេរខ្មាសពីសំណាក់អាជ្ញាធរក៏ដោយ ប៉ុន្តែក្រុមសមាជិកសហជីព និងកូដករណាហ្គាវើលដ៍នៅតែបន្តធ្វើកូដកម្មដោយសន្តិវិធី និងក្នុងក្របខ័ណ្ឌនៃច្បាប់ជាតិ និងអន្តរជាតិដែលធានាអំពីសិទ្ធិក្នុងការជួបជុំ និងប្រមូលផ្ដុំគ្នាដោយសេរី ខណៈវិវាទការងាររវាងកូដករ និងក្រុមហ៊ុនកាស៊ីណូណាហ្គាវើលដ៍មិនទាន់មានដំណោះស្រាយនោះ។
ជាក់ស្ដែងនៅថ្ងៃទី១៥ មីនា នេះ ក្រុមកូដករបាននាំគ្នាទៅធ្វើកូដកម្មបន្តទៀត ប៉ុន្តែត្រូវបានសមត្ថកិច្ចចាប់ដាក់រថយន្តដឹកចេញពីមុខក្រុមហ៊ុនណាហ្គាវើលដ៍ ទោះបីជាការធ្វើកូដកម្មរបស់ពួកគាត់អហិង្សា ដើម្បីទាមទារដំណោះស្រាយការងារក៏ដោយ៕