មេដឹកនាំបក្សប្រឆាំងដែលកំពុងរងការគាបសង្កត់សិទ្ធិសេរីភាពពីសំណាក់រដ្ឋាភិបាលឯកបក្សកម្ពុជា លោក កឹម សុខា សម្ដែងការសោកស្តាយដែលមិនអាចធ្វើដំណើរទៅចូលរួមវេទិកាគោលនយោបាយពិភពលោកនៅប្រទេសអាល្លឺម៉ង់ ជាមួយបណ្តាប្រទេសមហាអំណាចសេដ្ឋកិច្ច G7 និង G20 ដោយសារតែបម្រាមរបស់តុលាការក្រុងភ្នំពេញ។
ប្រធានគណបក្សសង្គ្រោះជាតិដែលមិនទាន់មានសេរីភាពពេញលេញឡើងវិញ លោក កឹម សុខា បានសរសេរលើគណនីហ្វេសប៊ុករបស់លោកនៅថ្ងៃទី២៨ មីនា ថា តាមការរំពឹងទុក អ្នករៀបចំកម្មវិធីគោលនយោបាយពិភពលោកនេះសង្ឃឹមថា លោកអាចនឹងចូលរួមក្នុងវេទិកានេះបានដើម្បីផ្តល់ទស្សនទានជាផលប្រយោជន៍ដល់ពិភពលោក និងក៏ដើម្បីកេរ្តិ៍ឈ្មោះ ព្រមទាំងកិត្តិយសរបស់កម្ពុជាផងដែរ។
មេដឹកនាំបក្សប្រឆាំងដែលកំពុងតស៊ូដើម្បីលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា លោក កឹម សុខា បានថ្លែងអំណរគុណដល់រដ្ឋាភិបាលសហព័ន្ធអាល្លឺម៉ង់ និងវេទិកាគោលនយោបាយពិភពលោក (World Policy Forum) ដែលបានផ្តល់កិត្តិយសអញ្ជើញលោកឱ្យចូលរួមធ្វើបាឋកថាចែករំលែកនូវទស្សនៈ និងបទពិសោធន៍ក្នុង «សន្និសីទកំពូលស្ដីពីដំណោះស្រាយសកល (Global Solution Summit) ក្នុងទីក្រុងប៊ែរឡាំង ប្រទេសអាល្លឺម៉ង់ នៅថ្ងៃទី២៨ និងទី២៩ ខែមីនា ឆ្នាំ២០២២។
មេដឹកនាំបក្សប្រឆាំងរូបនេះបួងសួងសុំឱ្យឲ្យមនុស្សជាតិគ្រប់ជាតិសាសន៍ គ្រប់ពណ៌សម្បុរទាំងអស់លើពិភពលោក មានសិទ្ធិសេរីភាព មានយុត្តិធម៌ និងមានព្រហ្មវិហារធម៌ដើម្បីឲ្យពិភពលោកមានសន្តិភាពពិតប្រាកដ។
ការអះអាងនេះ ធ្វើឡើងបន្ទាប់ពីរដ្ឋាភិបាលកម្ពុជារាំងខ្ទប់មិនឱ្យមេដឹកនាំបក្សប្រឆាំង លោក កឹម សុខា ទៅចូលរួមវេទិកាគោលនយោបាយពិភពលោកនៅប្រទេសអាល្លឺម៉ង់ នៅថ្ងៃចន្ទដើមសប្តាហ៍នេះ។
នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២ សហមេធាវីការពារក្តីឱ្យលោក កឹម សុខា បានចេញសេចក្តីប្រកាសព័ត៌មានថា ការណ៍ដែលប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា មិនអាចទៅចូលរួមវេទិកាគោលនយោបាយពិភពលោកនៅប្រទេសអាល្លឺម៉ង់ នៅថ្ងៃទី២៨ និងទី២៩ ខែមីនា ឆ្នាំ២០២២ បាន គឺដោយសារតែតុលាការបដិសេធ។
ប្រភពដដែលបានអះអាងថា មន្ត្រីសម្របសម្រួលរបស់អាល្លឺម៉ង់ បានឱ្យដឹងថា អ្នករៀបចំកម្មវិធីនេះបានកំណត់កម្មវិធីរួចរាល់ហើយសម្រាប់ប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ជាវាគ្មិនកិត្តិយសដែលត្រូវធ្វើបាឋកថាដោយផ្ទាល់នៅវេលាម៉ោង ៧ និង ១៥នាទី នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២ មិនអាចធ្វើតាមប្រព័ន្ធអនឡាញបាននោះទេ។ សហមេធាវីទាំងនោះបញ្ជាក់ថា អ្នកតំណាងក្រុមនៃគំនិតផ្ដួចផ្ដើមដំណោះស្រាយសកលនៃវេទិកាគោលនយោបាយពិភពលោកនេះ បានសម្ដែងការសោកស្តាយដែលមេដឹកនាំបក្សប្រឆាំងរូបនេះមិនអាចមានវត្តមានដើម្បីធ្វើបាឋកថាបាន។
កាលពីចុងខែកុម្ភៈ ឆ្នាំ២០២២ អគ្គលេខាធិការនៃអង្គការ Global Solution បានអញ្ជើញប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ឱ្យទៅចូលរួមក្នុងវេទិកាគោលនយោបាយពិភពលោកក្នុងប្រទេសអាល្លឺម៉ង់ ជាវាគ្មិនដើម្បីធ្វើបាឋកថាក្នុងសន្និសីទដំណោះស្រាយសកលសម្រាប់ឆ្នាំ២០២២ នេះ។ លិខិតដដែលលើកឡើងថា ការចូលរួមរបស់មេបក្សប្រឆាំងរូបនេះ នឹងពិភាក្សាទៅលើបញ្ហាប្រឈមសំខាន់ៗអំពីគោលនយោបាយសកលសម្រាប់ប្រទេសជាសមាជិក G20 និងប្រទេសជាសមាជិក G7 ក្នុងឆ្នាំ២០២២ នេះ និងឆ្នាំបន្តទៀត ជាពិសេសពិភាក្សាលើប្រជាធិបតេយ្យូបនីយកម្ម ដើម្បីចូលរួមស្ដារឡើងវិញនូវការអភិវឌ្ឍផ្នែកសេដ្ឋកិច្ច និងសង្គម។
គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ សាលាដំបូងរាជធានីភ្នំពេញបានច្រានចោលនូវសំណើសុំទៅចូលរួមវេទិកាគោលនយោបាយពិភពលោកនៅប្រទេសអាល្លឺម៉ង់ របស់មេដឹកនាំប្រឆាំង លោក កឹម សុខា ប៉ុន្តែតុលាការអនុញ្ញាតឱ្យចូលរួមកិច្ចប្រជុំនេះតាមប្រព័ន្ធវីដេអូជំនួសវិញ៕