33 C
Phnom Penh

អ្នក​តស៊ូ​មតិ៖ ការ​តស៊ូ​មតិ​របស់​លោក កឹម សុខា ជា​ប្រយោជន៍​សម្រាប់​អ្នក​ប្រជាធិបតេយ្យ​គ្រប់​គ្នា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

បញ្ញវន្ត​ខ្មែរ​រស់នៅ​ក្រៅ​ស្រុក ថា​ការ​តស៊ូ​មតិ​ដោយ​អហិង្សា​ដើម្បី​សេរីភាព និង​ប្រជាធិបតេយ្យ​របស់​មេ​បក្ស​ប្រឆាំង លោក កឹម សុខា គឺជា​ប្រយោជន៍​សម្រាប់​អ្នក​ប្រជាធិបតេយ្យ​គ្រប់​គ្នា​ដែល​ចង់​បាន​សេរីភាព យុត្តិធម៌ និង​ប្រជាធិបតេយ្យ​ពិតប្រាកដ​នៅ​កម្ពុជា។

ប្រធាន​ប្រតិបត្តិ​នៃ​ចលនា​ពលរដ្ឋ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ លោក ទូច វិបុល បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃ​ទី​៣១ មីនា ថា ការ​រក្សា​ជំហរ​ផ្លាស់ប្ដូរ​ដោយ​អហិង្សា​ស្រប​តាម​រដ្ឋធម្មនុញ្ញ និង​គោលការណ៍​អហិង្សា​សកល បាន​ធ្វើ​ឱ្យ​សហគមន៍​ជាតិ និង​អន្តរជាតិ​គោរព និង​ផ្តល់​តម្លៃ​លើ​ការ​តស៊ូ​មតិ​របស់​មេដឹកនាំ​ប្រឆាំង​លោក កឹម សុខា កាន់តែ​ខ្លាំង​ឡើងៗ។

លោក ទូច វិបុល អះអាង​ថា ដំណើរការ​ក្តី​របស់​លោក កឹម សុខា ដែល​ត្រូវ​អូស​បន្លាយ​ពេល​ដោយ​តុលាការ​កម្ពុជា​សព្វថ្ងៃ​នេះ គឺ​បង្ហាញ​យ៉ាង​ច្បាស់​ពី​ភាព​អយុត្តិធម៌ ការ​រំលោភ​រដ្ឋធម្មនុញ្ញ រំលោភ​សិទ្ធិមនុស្ស រំលោភ​គោលការណ៍​ប្រជាធិបតេយ្យ ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​មាន​ការ​បែកបាក់​សាមគ្គី​ជាតិ​ខ្មែរ​យ៉ាង​ធ្ងន់ធ្ងរ។

លោក​បញ្ជាក់​ថា គ្មាន​ឱកាស​ណា​សំខាន់​ជាង​ពេលនេះ​ទេ ដែល​អ្នក​ប្រជាធិបតេយ្យ​ត្រូវតែ​រួបរួម​សាមគ្គី​គ្នា​ដើម្បី​ធ្វើ​ការ​ផ្លាស់ប្ដូរ​ជា​វិជ្ជមាន​នៅ​កម្ពុជា ដើម្បី​លើក​កម្ពស់​លទ្ធិប្រជាធិបតេយ្យ​ពិតប្រាកដ ក៏ដូចជា​ផ្តល់​ការ​ព្រមាន​ដល់​លោក ហ៊ុន សែន ផង​ដែរ​ថា ការ​ដឹកនាំ​តាម​របៀប​រដ្ឋាភិបាល​របស់​គាត់​ដែល​ធ្វើ​ទុក្ខបុកម្នេញ​លើ​អ្នក​ប្រជាធិបតេយ្យ​សព្វថ្ងៃ​នេះ គឺ​ត្រូវតែ​ទទួល​នូវ​ភាព​បរាជ័យ​ជាដាច់ខាត។

ការ​អះអាង​នេះ ធ្វើឡើង​បន្ទាប់ពី​រដ្ឋាភិបាល​កម្ពុជា​បាន​ព្យាយាម​បំបិទ​សិទ្ធិ​សេរីភាព​មេដឹកនាំ​បក្ស​ប្រឆាំង លោក កឹម សុខា គ្រប់​បែប​យ៉ាង​ទាំង​ការ​អូស​បន្លាយ​រឿង​ក្តី​របស់​លោក​តាម​ផ្លូវ​តុលាការ ដែល​ចោទប្រកាន់​ទាំង​អយុត្តិធម៌ និង​ការ​រារាំង​មិន​ឱ្យ​លោក​ចេញ​ទៅ​បរទេស​តាម​ការ​អញ្ជើញ​របស់​សហគមន៍​អន្តរជាតិ ជាដើម។

កាលពី​ថ្ងៃ​ទី​៣០ ខែ​មីនា ឆ្នាំ​២០២២ តុលាការ​ក្រុង​ភ្នំពេញ​បាន​បើក​សវនាការ​លើក​ទី​៣៥ លើ​សំណុំរឿង​លោក កឹម សុខា ដែល​ឈាន​ចូល​ដល់​ការ​កំណត់​អង្គ​ហេតុ​ទី​៣ ស្ដីពី​ដំណើរការ​បោះឆ្នោត និង​ក្រោយ​ការ​បោះឆ្នោត​ឆ្នាំ​២០១៣ ហើយ​ការ​កំណត់​អង្គហេតុ​នេះ បាន​ធ្វើ​ឱ្យ​មាន​ការ​ខ្វែង​គំនិត​គ្នា​រវាង​តំណាង​អយ្យការ និង​មេធាវី​ការពារ​សិទ្ធិ​ឱ្យ​មេដឹកនាំ​បក្ស​ប្រឆាំង លោក កឹម សុខា យ៉ាង​ខ្លាំង។

ជុំវិញ​បញ្ហា​នេះ មន្ត្រី​ជាន់ខ្ពស់​របស់​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) លោក យី សុខសាន្ត បាន​ចាត់ទុក​សវនាការ​នេះ​ថា​មិនមែន​ជា​សវនាការ​ដើម្បី​ស្វែងរក​យុត្តិធម៌​សម្រាប់​អ្នក​រងគ្រោះ​នោះ​ទេ ប៉ុន្តែ​ជា​របៀប​លេង​ល្បែង​នយោបាយ​ប៉ុណ្ណោះ ហើយ​ការ​សួរ​ដេញដោល​នៅ​ក្នុង​អង្គ​សវនាការ​នេះ គឺជា​ការ​ព្យាយាម​អូស​បន្លាយ​ពេលវេលា​រឿង​ក្តី​ឱ្យ​បាន​យូរ​ផង​ដែរ។

ទាក់ទិន​នឹង​ការ​អូស​បន្លាយ​សវនាការ​លើ​សំណុំរឿង​មេដឹកនាំ​បក្ស​ប្រឆាំង​នេះ សារព័ត៌មាន​ក្នុង​ស្រុក​វីដូឌី បាន​ដកស្រង់​សម្ដី​លោក កឹម សុខា កាលពី​ថ្ងៃ​ទី​៣០ ខែ​មីនា ថា នីតិវិធី​របស់​តុលាការ​នា​ពេល​កន្លងមក គឺជា​រូបភាព​នៃ​ការ​សម្លុត​គំរាមកំហែង​ប្រឆាំង​នឹង​អ្នក​ប្រជាធិបតេយ្យ​យ៉ាង​ធ្ងន់ធ្ងរ។

កាលពី​ចុង​ខែ​កុម្ភៈ ឆ្នាំ​២០២២ អគ្គលេខាធិការ​នៃ​អង្គការ Global Solution បាន​អញ្ជើញ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ឱ្យ​ទៅ​ចូលរួម​ក្នុង​វេទិកា​គោល​នយោបាយ​ពិភពលោក​ក្នុង​ប្រទេស​អាល្លឺម៉ង់ ជា​វាគ្មិន​ដើម្បី​ធ្វើ​បាឋកថា​ក្នុង​សន្និសីទ​ដំណោះស្រាយ​សកល​សម្រាប់​ឆ្នាំ​២០២២ នេះ ប៉ុន្តែ​ត្រូវ​តុលាការ​ក្រុង​ភ្នំពេញ​បដិសេធ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស