30 C
Phnom Penh

អង្គការ​៥០​ស្នើ UN ជំរុញ​អាជ្ញាធរ​ស៊ើបអង្កេត​ការ​បាត់​ខ្លួន​សកម្មជន​ថៃ​ម្នាក់​នៅ​កម្ពុជា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អង្គការ​ជាតិ និង​អន្តរជាតិ​ចំនួន​៥០ ស្នើ​ទៅ​អង្គការ​សហប្រជាជាតិ (UN) ឱ្យ​ជួយ​ជំរុញ​អាជ្ញាធរ​កម្ពុជា​ស៊ើបអង្កេត​ការ​បាត់​ខ្លួន​សកម្មជន​នយោបាយ​ថៃ លោក វ៉ាន់ឆាឡឺម នៅ​កម្ពុជា​ប្រកប​ដោយ​ប្រសិទ្ធភាព និង​តម្លាភាព ខណៈ​អាជ្ញាធរ​កម្ពុជា​បាន​ខកខាន​ក្នុង​ការ​ស្វែងរក​សកម្មជន​រូប​នេះ​ចាប់តាំង​ពី​ថ្ងៃ​បាត់​ខ្លួន​មក។

ការ​ស្នើសុំ​របស់​អង្គការ​ជាតិ និង​អន្តរជាតិ​ទាំង ៥០​ស្ថាប័ន ធ្វើឡើង​ស្រប​ពេល​ដែល​គណៈកម្មាធិការ​អង្គការ​សហប្រជាជាតិ​ស្ដីពី​ការ​បាត់​ខ្លួន​ដោយ​បង្ខំ (CED) នឹង​រៀបចំ​ពិនិត្យ​មើល​ឡើងវិញ​ជា​បឋម​អំពី​ស្ថានភាព​នៃ​ការ​បាត់​ខ្លួន​ដោយ​បង្ខំ​នៅ​ប្រទេស​កម្ពុជា នៅ​ថ្ងៃ​ទី​០៥ ខែ​មេសា ឆ្នាំ​២០២២។

អង្គការ​ទាំង ៥០​ស្ថាប័ន ក្នុង​នោះ​មាន​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា (CCHR) អង្គការ​សម្ព័ន្ធ​ខ្មែរ​ជំរឿន និង​ការពារ​សិទ្ធិមនុស្ស (លីកាដូ) សមាគម​ការពារ​សិទ្ធិមនុស្ស និង​អភិវឌ្ឍន៍​នៅ​កម្ពុជា (ADHOC) អង្គការ​មូលនិធិ​អាស៊ី​ថៃ (Asian Resource Foundation) និង​អង្គការ​មួយ​ចំនួន​ទៀត។

ក្នុង​សេចក្ដី​ថ្លែងការណ៍​ចេញផ្សាយ​នៅ​ថ្ងៃ​ទី​៤ ខែ​មេសា ឆ្នាំ​២០២២ អង្គការ​ទាំងនោះ​លើកឡើង​ថា ការ​បាត់​ខ្លួន​សកម្មជន​នយោបាយ​ថៃ លោក វ៉ាន់ឆាឡឺម កាលពី​អំឡុង​ឆ្នាំ​២០២០ បន្ទាប់ពី​មាន​ការ​ចាប់​ពង្រត់​ទាំង​កណ្តាល​ថ្ងៃ​នៅ​ខាងក្រៅ​អគារ​ដែល​លោក​ស្នាក់នៅ ខណៈ​សកម្មជន​រូប​នេះ​កំពុង​រស់នៅ​និរទេស​ខ្លួន​ក្នុង​រាជធានី​ភ្នំពេញ។ ពួកគេ​និយាយ​ថា ការ​បាត់​ខ្លួន​ដោយ​បង្ខំ គឺជា​ឧក្រិដ្ឋកម្ម​កើត​មាន​ជា​បន្ត​ទៀត ដែល​នាំ​ឱ្យ​មាន​ហានិភ័យ​ធ្ងន់ធ្ងរ​ដល់​សិទ្ធិ​រស់រាន​មាន​ជីវិត សេរីភាព និង​សុវត្ថិភាព​របស់​មនុស្ស សេរីភាព​ពី​ការ​ឃុំឃាំង និង​ការ​ធ្វើ​ទារុណកម្ម​ដោយ​សម្ងាត់ ក៏ដូចជា​សិទ្ធិ​រស់នៅ​ជួបជុំ​ជាមួយ​ក្រុម​គ្រួសារ។

ប្រភព​ដដែល​អះអាង​ថា ទោះបីជា​ការ​ចាប់​ពង្រត់​លោក វ៉ាន់ឆាឡឺម ត្រូវ​បាន​ថត​ជាប់​នៅ​លើ​វីដេអូ​នៃ​កាមេរ៉ា​សុវត្ថិភាព​របស់​ក្រុមហ៊ុន CCTV រួម​មាន​ទាំង​រូបភាព​រថយន្ត​ដែល​ត្រូវ​បាន​ប្រើប្រាស់ និង​ស្លាក​លេខ​រថយន្ត ក៏ដូចជា​សាក្សី​ដែល​បាន​ឃើញ​ផ្ទាល់​ភ្នែក​ក៏ដោយ ប៉ុន្តែ​អាជ្ញាធរ​កម្ពុជា​បែរជា​ខកខាន​ក្នុង​ការ​កំណត់ និង​ធ្វើការ​ស្រាវជ្រាវ និង​ស៊ើបអង្កេត​ដោយ​ហ្មត់ចត់ ឥត​លម្អៀង ពាក់ព័ន្ធ​នឹង​រឿង​នេះ​ទៅវិញ។

ពួកគេ​បាន​ស្នើ​ទៅ​គណៈកម្មាធិការ​អង្គការ​សហប្រជាជាតិ ឱ្យ​ជួយ​ដោះស្រាយ​ការ​ខកខាន​របស់​អាជ្ញាធរ​កម្ពុជា ដើម្បី​ស្វែងរក​លោក វ៉ាន់ឆាឡឺម ឱ្យ​បាន​ឆាប់​រហ័ស ដើម្បី​ឱ្យ​ការ​ស៊ើបអង្កេត​ការ​បាត់​ខ្លួន​របស់​គាត់​ប្រកប​ដោយ​ប្រសិទ្ធភាព និង​តម្លាភាព។ មួយ​វិញ​ទៀត ពួកគេ​ក៏​ស្នើ​រដ្ឋាភិបាល​កម្ពុជា​ឱ្យ​បំពេញ​កាតព្វកិច្ច​របស់​ខ្លួន ដើម្បី​ធានា​ពី​សិទ្ធិ​របស់​ជនរងគ្រោះ​ក្នុង​ការ​ទទួល​បាន​យុត្តិធម៌ និង​សំណង ដោយ​ការ​បាត់​ខ្លួន​របស់​លោក វ៉ាន់ឆាឡឺម វា​ក៏​ជា​ការ​រំឭក​នៃ​ការ​បាត់​ខ្លួន​សកម្មជន​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ និង​សកម្មជន​សិទ្ធិ​ការងារ​ជា​ជនជាតិ​វៀតណាម ២​រូប​នៅ​កម្ពុជា បន្ទាប់ពី​ពួកគេ​បាន​ឆ្លង​ប្រទេស​កាលពី​ឆ្នាំ​២០០៧។

ក្រុម​អង្គការ​សង្គម​ស៊ីវិល​ទាំងនោះ​ចាត់ទុក​ការ​ការ​ខកខាន​របស់​អាជ្ញាធរ​កម្ពុជា ក្នុង​ការ​ស៊ើបអង្កេត​ប្រកប​ដោយ​ប្រសិទ្ធភាព​នៃ​ការ​បាត់​ខ្លួន​ដោយ​បង្ខំ គឺជា​រំលោភ​បំពាន​កាតព្វកិច្ច​យ៉ាង​ធ្ងន់ធ្ងរ​របស់​ប្រទេស​កម្ពុជា ក្រោម​អនុសញ្ញា​អន្តរជាតិ​ស្ដីពី​ការ​ការពារ​ជន​គ្រប់​រូប​ពី​ការ​បាត់​ខ្លួន​ដោយ​បង្ខំ (ICPPED) ដែល​កម្ពុជា​បាន​ក្លាយជា​រដ្ឋ​ភាគី​ក្នុង​ឆ្នាំ​២០១៣។

អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស Human Rights Watch បាន​ទម្លាយ​ថា ការ​ចាប់​ពង្រត់​សកម្មជន​បក្ស​ប្រឆាំង​ថៃ លោក វ៉ាន់ឆាឡឺម ធ្វើឡើង​ដោយ​ជន​ប្រដាប់​អាវុធ​មួយ​ក្រុម​ជិះ​រថយន្ត​ពណ៌​ខ្មៅ​មួយ​គ្រឿង នៅ​ពេល​ដែល​គាត់​ដើរ​តាម​ផ្លូវ​ទិញ​អាហារ​មុខ​អគារ​ស្នាក់នៅ​ក្នុង​រាជធានី​ភ្នំពេញ នៅ​ម៉ោង​ជិត ៦​ល្ងាច​ថ្ងៃ​ទី​៤ ខែ​មិថុនា ឆ្នាំ​២០២០។

លោក វ៉ាន់ឆាឡឺម គឺជា​សកម្មជន​ប្រជាធិបតេយ្យ​ល្បី​ឈ្មោះ​ម្នាក់​ដែល​មាន​ទំនាក់ទំនង​ជាមួយ​រណសិរ្ស​រួបរួម​ដើម្បី​លទ្ធិប្រជាធិបតេយ្យ​ប្រឆាំង​នឹង​របប​ផ្ដាច់ការ ហើយ​បុរស​រូប​នេះ​ត្រូវ​គេ​ស្គាល់​ថា​ជា​ក្រុម​អាវ​ក្រហម​របស់​ថៃ។ លោក វ៉ាន់ឆាឡឺម បាន​ភៀសខ្លួន​មក​រស់នៅ​កម្ពុជា​ក្រោយ​រដ្ឋប្រហារ​យោធា​ក្នុង​ឆ្នាំ​២០១៤ រួច​បន្ត​សកម្មភាព​នយោបាយ​រិះគន់​រដ្ឋាភិបាល​ថៃ​ថ្មី​តាម​បណ្ដាញ​សង្គម៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស