29 C
Phnom Penh

អ្នក​តស៊ូ​មតិ​ទាមទារ​ឲ្យ​លោក សម រង្ស៊ី និង​បក្ខពួក​លាលែង​ពី​គណបក្ស​សង្គ្រោះ​ជាតិ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​អ្នក​តស៊ូ​មតិ គាំទ្រ​មន្ត្រី​បក្ស​ប្រឆាំង​ឲ្យ​ទៅ​ដឹកនាំ​គណបក្ស​ភ្លើងទៀន ប៉ុន្តែ​ត្រូវ​លាលែង​ចេញពី​គណបក្ស​សង្គ្រោះ​ជាតិ។

នាយក​ប្រតិបត្តិ​នៃ​ចលនា​ពលរដ្ឋ​ដើម្បី​ប្រជាធិបតេយ្យ លោក ទូច វិបុល គាំទ្រ​អតីត​មេដឹកនាំ​បក្ស​ប្រឆាំង លោក សម រង្ស៊ី និង​មន្ត្រី​បក្ស​ប្រឆាំង​ដែល​នាំគ្នា​ទៅ​ដឹកនាំ​គណបក្ស​ភ្លើងទៀន ប៉ុន្តែ​ត្រូវ​លាឈប់​ពី​គណបក្ស​សង្គ្រោះ​ជាតិ​ជា​ផ្លូវការ​ជា​មុន​សិន ដើម្បី​កុំ​ឱ្យ​មាន​ការ​ភាន់ច្រឡំ​ពី​ពលរដ្ឋ និង​ការ​ចោទប្រកាន់​នានា​ថា​ជា​អ្នក​នយោបាយ​ពុំ​មាន​សុចរិតភាព។

នាយក​ប្រតិបត្តិ​នៃ​ចលនា​ពលរដ្ឋ​ដើម្បី​ប្រជាធិបតេយ្យ លោក ទូច វិបុល បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​នៅ​ថ្ងៃ​ទី​៤ មេសា ថា លោក​គាំទ្រ​លោក សម រង្ស៊ី និង​សហការី​ដទៃ​ទៀត​ដែល​បាន​ចេញ​មុខ​គាំទ្រ​គណបក្ស​ភ្លើងទៀន ដែល​ជា​សិទ្ធិ​សេរីភាព​ផ្ទាល់ខ្លួន​របស់​អស់​លោក​លោកស្រី ប៉ុន្តែ​ពួកគេ​ត្រូវ​លាលែង​ពី​គណបក្ស​សង្គ្រោះ​ជាតិ គឺ​ដើម្បី​កុំ​ឱ្យ​មាន​ការ​ភ័ន្តច្រឡំ និង​ចោទ​ប្រកាន់​ថា​ក្រុម​មន្ត្រី​បក្ស​ប្រឆាំង​ទាំងនោះ​ថា​ធ្វើ​នយោបាយ​ពុំ​មាន​សុចរិតភាព ដោយ​ប្រើ​ឋានៈ​ជា​ប្រធាន​ស្តីទី និង​ជា​មន្ត្រី​ជាន់ខ្ពស់​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​ទៅ​គាំទ្រ​គណបក្ស​ដទៃ។

លោក​អះអាង​ថា ជាង​នេះ​ទៀត ការ​ចេញ​ទៅ​គាំទ្រ​បក្ស​ថ្មី​ដោយ​មិន​ភ្ជាប់​ជាមួយ​តួនាទី​ក្នុង​គណបក្ស​សង្គ្រោះ​ជាតិ​បែប​នេះ ក៏​ដើម្បី​កុំ​ឱ្យ​សហគមន៍​ជាតិ និង​អន្តរជាតិ​មើល​ឃើញ​ពី​ភាព​ច្របូកច្របល់​នៅ​ក្នុង​ជួរ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ក្រុម​មន្ត្រី​បក្ស​ប្រឆាំង​ទាំងនោះ​នាំគ្នា​ប្រព្រឹត្ត​ជា​ហូរហែ​នា​ពេល​កន្លងមក​ផង​ដែរ។

លោក ទូច វិបុល អំពាវនាវ​ឲ្យ​មន្ត្រី​បក្ស​ប្រឆាំង​ទាំងនោះ​បញ្ឈប់​ការ​ធ្វើ​ទុក្ខបុកម្នេញ​ទៅ​លើ​លោក កឹម សុខា ដែល​កំពុង​ទទួល​រង​ភាព​អយុត្តិធម៌​ពី​រដ្ឋាភិបាល​ផ្ដាច់ការ លោក ហ៊ុន សែន បន្ត​ទៀត ដើម្បី​នាំគ្នា​កសាង​កម្លាំង​អ្នក​ប្រជាធិបតេយ្យ ជាពិសេស​ទប់ស្កាត់​សកម្មភាព​អណាធិបតេយ្យ​របស់​សកម្មជន​នៅ​មូលដ្ឋាន​ក្នុង​ការ​ជេរប្រមាថ ប្រឌិត​រឿង​មួលបង្កាច់​បង្ខូច​ឈ្មោះ​លោក កឹម សុខា បន្ត​ទៀត។

លោក​សំណូមពរ​ឱ្យ​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ជា​កម្លាំង​អ្នក​ប្រជាធិបតេយ្យ​ដ៏​ធំ រួបរួម​សាមគ្គី​គ្នា​ជា​ធ្លុង​មួយ​ក្រោម​ការ​ដឹកនាំ​របស់​លោក កឹម សុខា ដែល​កំពុង​តតាំង​នឹង​រដ្ឋាភិបាល​ផ្ដាច់ការ​របស់​លោក ហ៊ុន សែន ហើយ​ទទួល​បាន​ការ​គាំទ្រ​ពី​សហគមន៍​ជាតិ-អន្តរជាតិ​លើ​ជំហរ​នយោបាយ​របស់​លោក​សព្វថ្ងៃ​នេះ។

ការ​អះអាង​នេះ ធ្វើឡើង​បន្ទាប់ពី​មន្ត្រី​បក្ស​ប្រឆាំង​ភាគី​លោក សម រង្ស៊ី រួម​ទាំង​លោក សម រង្ស៊ី ផ្ទាល់ ត្រូវ​គេ​មើល​ឃើញ​ថា​បាន​ចូល​ទៅ​ដឹកនាំ​គណបក្ស​ភ្លើងទៀន​ដោយ​លួចលាក់ ស្រប​ពេល​ដែល​ពួកគេ​នៅតែ​ប្រកាស​ថា​ខ្លួន​ជា​មន្ត្រី​ជាន់ខ្ពស់​របស់​គណបក្ស​សង្គ្រោះ​ជាតិ​នៅឡើយ។

កាលពី​ចុង​ឆ្នាំ​២០២០ លោក សម រង្ស៊ី ធ្លាប់​ព្រមាន​ថា មន្ត្រី​បក្ស​ប្រឆាំង​ដែល​បាន​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ ហើយ​នាំគ្នា​ទៅ​បង្កើត​បក្ស​ថ្មី គឺជា​ការ​ចាញ់​បោក និង​លក់​ខ្លួន​ឲ្យ​លោក ហ៊ុន សែន ប៉ុណ្ណោះ។

យ៉ាងណាក៏ដោយ ក្នុង​រយៈពេល​ចុងក្រោយ​នេះ មន្ត្រី និង​សកម្មជន​បក្ស​ប្រឆាំង​រិះគន់​ថា អតីត​មេដឹកនាំ​បក្ស​ប្រឆាំង លោក សម រង្ស៊ី លែង​ទាមទារ​ការ​រស់​ឡើងវិញ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ទៀត​ហើយ ស្រប​ពេល​ដែល​គណបក្ស​ចាស់​របស់​ពួកគេ​កំពុង​រៀបចំ​កំណែ​ទម្រង់​ថ្មី គឺ​គណបក្ស​ភ្លើងទៀន ដែល​គេ​សង្ស័យ​ថា​ជា​ការ​រៀបចំ​របស់​លោក សម រង្ស៊ី ដើម្បី​ចូលរួម​ការ​បោះឆ្នោត​ឃុំ-សង្កាត់​ឆ្នាំ​២០២២ ខាងមុខ​នេះ។

ដោយសារតែ​មើល​ឃើញ​ការ​ដឹកនាំ​របស់​អតីត​មេដឹកនាំ​បក្ស​ប្រឆាំង លោក សម រង្ស៊ី ងាក​ចេញពី​ស្មារតី​ដើម​របស់​គណបក្ស​សង្គ្រោះ​ជាតិ​បែប​នេះ អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក យ៉ង់ ប្រេឌី ណុយ អគ្គ​ជំនួយការ​ជាន់ខ្ពស់​ទី​១ របស់​គណបក្ស​សង្គ្រោះ​ជាតិ អ្នកស្រី Nalen Smith ដែល​សុទ្ធសឹងតែ​ជា​មន្ត្រី​ជាន់ខ្ពស់​ភាគី​លោក សម រង្ស៊ី ប្រចាំ​សហរដ្ឋ​អាមេរិក (CNRP-A) និង​អនុប្រធាន​បក្ស​ប្រឆាំង​ប្រចាំ​សហគមន៍​អឺរ៉ុប (CNRP-O) លោក ឡោ ឡៃសូ ជាដើម បាន​នាំគ្នា​ដាក់​ពាក្យ​លាលែង​ពី​តំណែង​ជា​បន្តបន្ទាប់​កាលពី​អំឡុង​ខែ​សីហា ឆ្នាំ​២០២១ កន្លងទៅ។

ចំណែក​អតីត​អគ្គលេខាធិការ​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ក្រៅ​ប្រទេស (CNRP-O) លោក ប៉ុន សៅរី កាលពី​ចុង​ខែ​មិថុនា ឆ្នាំ​២០២១ ធ្លាប់​បាន​រិះគន់​យ៉ាង​ចាស់ដៃ​ថា សកម្មជន​នៅ​មូលដ្ឋាន​ដែល​បាន​តស៊ូ​លះបង់​ដើម្បី​ស្ដារ​លទ្ធិប្រជាធិបតេយ្យ​កន្លង​មក បាន​ផ្តល់​ក្តី​សង្ឃឹម​ទៅ​លើ​គណបក្ស​សង្គ្រោះ​ជាតិ​តែ​មួយ​ប៉ុណ្ណោះ។ ប៉ុន្តែ​មន្ត្រី​បក្ស​ប្រឆាំង​ដែល​ចេញ​ទៅ​បង្កើត​បក្ស​ថ្មី មិន​ដឹង​ខ្លួន​ទេ​ថា ទង្វើ​របស់​ពួកគេ​ក្នុង​ពេល​នេះ គឺជា​ការ​ចូលរួម​ជាមួយ​លោក ហ៊ុន សែន ក្នុង​ការ​បំផ្លាញ និង​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ។

កាលពី​ខែ​កក្កដា ឆ្នាំ​២០១២ គណបក្ស​ប្រឆាំង​ធំៗ​ពីរ គឺ​គណបក្ស សម រង្ស៊ី ដែល​ក្រោយ​មក​ប្តូរ​ឈ្មោះ​ទៅជា​គណបក្ស​ភ្លើងទៀន បាន​ច្របាប់​បញ្ចូល​គ្នា​ជាមួយ​គណបក្ស​សិទ្ធិមនុស្ស ដើម្បី​បង្កើត​បាន​ជា​កម្លាំង​រួម​គ្នា​មួយ គឺ​គណបក្ស​សង្គ្រោះ​ជាតិ៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស