28 C
Phnom Penh

អ្នក​តស៊ូ​មតិ៖ លោក ហ៊ុន សែន បំផ្លាញ​សន្តិភាព​ប្រសូត​ចេញពី​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

បញ្ញវន្ត​ខ្មែរ​នៅ​ក្រៅ​ស្រុក អះអាង​ថា អ្នក​បំផ្លាញ​សន្តិភាព​ដែល​ប្រសូត​ចេញពី​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ឆ្នាំ​១៩៩១ គឺ​មេដឹកនាំ​បក្ស​កាន់​អំណាច​ឯក​បក្ស លោក ហ៊ុន សែន។

អ្នកវិភាគ​នយោបាយ សង្គម និង​ជា​អនុប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ចលនា​ពលរដ្ឋ​ដើម្បី​ប្រជាធិបតេយ្យ (PMD) លោក គឹម សុខ បាន​លើកឡើង​ក្នុង​កិច្ចពិភាក្សា Idea Talk កាលពី​ថ្ងៃ​អង្គារ ទី​៥ មេសា ថា កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​នេះ​ហើយ​ដែល​ជា​កិច្ចសន្យា​អន្តរជាតិ​បញ្ចប់​ជម្លោះ​នយោបាយ​នៅ​កម្ពុជា និង​រៀបចំ​ឱ្យ​កម្ពុជា​អនុវត្ត​តាម​បែប​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស ដើម្បី​ផ្តល់​សិទ្ធិ និង​អំណាច​ជូន​ពលរដ្ឋ​ដែល​ជា​ម្ចាស់​ប្រទេស​ឱ្យ​បាន​ពេញលេញ។

លោក គឹម សុខ លើកឡើង​ថា នៅ​ពេល​ដែល​កម្ពុជា​អាច​អនុវត្ត​បាន​ត្រឹមត្រូវ​តាម​ខ្លឹមសារ​នៃ​កិច្ចព្រមព្រៀង​នេះ​ហើយ បើ​មាន​បរទេស​ជិតខាង​លូក​ដៃ​ចូល​លុកលុយ​អធិបតេយ្យ​ជាតិ​កម្ពុជា ប្រទេស​ដែល​ជា​ម្ចាស់​ហត្ថលេខី​ទាំងអស់​មាន​សិទ្ធិ​ជួយ​អន្តរាគមន៍​ភ្លាមៗ ប៉ុន្តែ​បើ​រដ្ឋាភិបាល​កម្ពុជា​អនុវត្ត​ការ​ដឹកនាំ​តាម​ទំនើង​ចិត្ត​ដូច​លោក ហ៊ុន សែន ដឹកនាំ​សព្វថ្ងៃ​នេះ គឺជា​ការ​បំផ្លាញ​សន្តិភាព ឬ​បង្ក​អសន្តិសុខ​ធ្ងន់ធ្ងរ​ដល់​កម្ពុជា​ទៅវិញ​ប៉ុណ្ណោះ។

អ្នកវិភាគ​នយោបាយ​និង​សង្គម​រូប​នេះ​បញ្ជាក់​ថា សង្គ្រាម​កម្រិត​ប្រទេស និង​ប្រទេស ពិត​មែន​តែ​មិន​បង្ក​ជា​ការ​ផ្ទុះ​អាវុធ ប៉ុន្តែ​ការ​ឈ្លានពាន​គ្រប់​វិធីសាស្ត្រ និង​គ្រប់​រូបភាព​ពី​រដ្ឋាភិបាល​វៀតណាម​បច្ចុប្បន្ន​នេះ ល្មម​គ្រប់គ្រាន់​អាច​បញ្ជាក់​បាន​ហើយ​ថា កម្ពុជា​មិន​មាន​សន្តិភាព​នោះ​ទេ។

ដោយឡែក​ការ​រំលោភ​ដីធ្លី ការ​ចាប់​ឃុំ​ខ្លួន​អ្នក​តវ៉ា ការ​អនុវត្ត​ច្បាប់​ការពារ​តែ​អ្នក​មាន​អំណាច និង​ការ​ប្រកាស​តាម​កម្ទេច​ក្រុម​ប្រឆាំង​ដល់​អាយុជីវិត​ពី​សំណាក់​រដ្ឋាភិបាល​ឯក​បក្ស​សព្វថ្ងៃ​នេះ គឺ​សុទ្ធសឹងតែ​ជា​សញ្ញា​ដែល​បង្ហាញ​ពី​រូបភាព​អសន្តិសុខ​សម្រាប់​ពលរដ្ឋ​ខ្មែរ​គ្រប់​រូប ស្រប​ពេល​ដែល​លោក ហ៊ុន សែន តែង​ប្រកាស​ពី​ការ​សម្លាប់​ពលរដ្ឋ​ខ្លួនឯង​ដើម្បី​ការពារ​សន្តិភាព​ដែល​គេ​មើល​ឃើញ​ថា ជា​សន្តិភាព​សម្រាប់​តែ​ក្រុម​គាត់​ប៉ុណ្ណោះ។

ការ​អះអាង​នេះ ធ្វើឡើង​ស្រប​ពេល​ដែល​មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន ប្រកាស​ការពារ​សន្តិភាព​ដាច់ខាត បើ​ទោះបីជា​ត្រូវ​កម្ទេច​ក្រុម​អ្នក​ប្រឆាំង​នឹង​ការ​ដឹកនាំ​របស់​លោក​ឱ្យ​រលាយ​ពី​កម្ពុជា​ក៏ដោយ។

ចំណែក​អតីត​អគ្គ​ទីប្រឹក្សា​ប្រចាំ​ស្ថានទូត​ខ្មែរ​នៅ​ប្រទេស​ឥណ្ឌូនេស៊ី បណ្ឌិត សូ ណារ៉ូ បាន​លើកឡើង​ក្នុង​កិច្ចពិភាក្សា​នេះ​ដែរ​ថា បើ​លោក ហ៊ុន សែន អះអាង​ថា​លោក​ធានា​សន្តិភាព​នៅ​កម្ពុជា ត្រឹមតែ​មិន​មាន​សង្គ្រាម នោះ​សន្តិភាព​បែប​នេះ​ក៏​មិន​ខុស​ពី​សន្តិភាព​នៅ​ប្រទេស​កូរ៉េ​ខាងជើង​ដែរ ព្រោះ​ថា​ប្រទេស​កូរ៉េ​ខាងជើង​ក៏​គ្មាន​សង្គ្រាម​ដូច​កម្ពុជា​ដែរ ប៉ុន្តែ​ពលរដ្ឋ​នៃ​ប្រទេស​នោះ​រស់​ក្នុង​ភាព​ភ័យខ្លាច​គ្រប់ៗ​គ្នា​ពី​ការ​ធ្វើ​បាប​របស់​អ្នក​មាន​អំណាច មិន​ខុស​ពី​ពលរដ្ឋ​កម្ពុជា​នោះ​ឡើយ។

ដោយឡែក​ប្រធាន​សហភាព​សហជីព​កម្ពុជា លោក រ៉ុង ឈុន បាន​អះអាង​ថា ពិត​មែន​តែ​កម្ពុជា​មិន​មាន​សំឡេង​គ្រាប់​ផ្លោង​ដាក់​គ្នា ប៉ុន្តែ​កម្ពុជា​ក្រោម​ការ​ដឹកនាំ​របស់​បក្ស​កាន់​អំណាច ធ្វើ​ឱ្យ​មាន​សំឡេង​ទ្រហោយំ​របស់​ពលរដ្ឋ​ខ្មែរ​គ្រប់​ទីកន្លែង ដោយសារ​ការ​រំលោភ​យក​ដីធ្លី ការ​ចាប់​ឃុំ​ខ្លួន​អ្នក​តវ៉ា​ដើម្បី​សេរីភាព និង​ការ​បិទ​ខ្ទប់​សេរីភាព​បញ្ចេញមតិ​គ្រប់​បែប​យ៉ាង​ពី​សំណាក់​រដ្ឋាភិបាល​កម្ពុជា​សព្វថ្ងៃ​នេះ។

ជុំវិញ​ការ​រក្សា​សន្តិភាព​នៅ​កម្ពុជា​នេះ កាលពី​ថ្ងៃ​ទី​១៩ ខែ​វិច្ឆិកា ឆ្នាំ​២០១៧ មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន ធ្លាប់​បាន​អះអាង​ក្នុង​ពិធី​មួយ​នៅ​មជ្ឈមណ្ឌល​កោះពេជ្រ ក្នុង​ទីក្រុង​ភ្នំពេញ ថា ទោះ​ត្រូវ​លះបង់​ក្នុង​តម្លៃ​ណា​ក៏ដោយ លោក​ត្រូវតែ​ការពារ​សន្តិភាព​ដែល​លោក​រក​បាន​ដោយ​កម្រ​នេះ​ឱ្យ​បាន​ជាដាច់ខាត។

លោក ហ៊ុន សែន គូស​បញ្ជាក់​ថា លោក​ពិត​ជា​មាន​ការ​សោកស្តាយ​ណាស់​ដែល​លោក​មិន​បាន​សម្លាប់​ក្រុម​អ្នក​ប្រឆាំង​ចោល ដោយសារ​លោក​មិន​បាន​ដឹង​ពី​ផែនការ​ផ្តួល​រំលំ​រដ្ឋាភិបាល​របស់​លោក​ពី​ក្រុម​អ្នក​ប្រឆាំង​ទាំងនោះ​ទាន់​ពេលវេលា។

ក្រុម​អ្នក​ឃ្លាំមើល​សង្គម លើកឡើង​ថា លោក ហ៊ុន សែន មិន​ដែល​ចាត់ទុក​ជីវិត​មនុស្ស​សំខាន់​ជាង​អំណាច​របស់​គាត់​ទេ ហើយ​គាត់​តែង​យក​ពាក្យ​ការពារ​សន្តិភាព​មក​បាំង​ពី​មុខ​ជានិច្ច ប៉ុន្តែ​សន្តិភាព​ដែល​លោក ហ៊ុន សែន ប្រឹង​ការពារ​សព្វថ្ងៃ​នេះ​ជា​សន្តិភាព​លើ​គំនរ​សាកសព និង​ទឹកភ្នែក​ពលរដ្ឋ​ខ្មែរ​ស្លូតត្រង់​រាប់​លាន​ប៉ុណ្ណោះ៕

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស