27.5 C
Phnom Penh

លោក ស ខេង ស្នើ​ចិន​ឲ្យ​ជួយ​ទប់ស្កាត់​ព័ត៌មាន​ក្លែងក្លាយ​ស្ដីពី​ទាសករ​ឈាម​នៅ​កម្ពុជា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ និង​ជា​អនុប្រធាន​គណបក្ស​កាន់​អំណាច លោក ស ខេង សរសេរ​លិខិត​ផ្ញើ​ទៅ​កាន់​រដ្ឋមន្ត្រី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន ឱ្យ​ជួយ​លុបបំបាត់​ព័ត៌មាន​ក្លែងក្លាយ​ស្ដីពី ទាសករ​ឈាម​នៅ​កម្ពុជា ព្រោះ​វា​បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​កេរ្តិ៍​ឈ្មោះ​របស់​កម្ពុជា​យ៉ាង​ធ្ងន់ធ្ងរ។

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង បាន​លើកឡើង​ក្នុង​ពិធី​ផ្សព្វផ្សាយ​របាយការណ៍​ជាតិ​ស្ដីពី​ការ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​របស់​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស ដែល​ហៅ​កាត់​ថា គ.ជ.ប.ជ កាលពី​ថ្ងៃ​ទី​៧ ខែ​មេសា ឆ្នាំ​២០២២ ថា គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​តែងតែ​យកចិត្ត​ទុកដាក់​ពី​ស្ថានភាព និង​ការ​ប្រែប្រួល​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​ចំពោះ​ល្បិច​កល​ថ្មីៗ​នៃ​ជនល្មើស ដែល​ធ្វើការ​ជួញដូរ​មនុស្ស​យ៉ាង​ហ្មត់ចត់។

លោក ស ខេង អះអាង​ថា រដ្ឋាភិបាល​កម្ពុជា និង​ដៃគូ​ពាក់ព័ន្ធ​ជាតិ និង​អន្តរជាតិ បាន​ព្យាយាម​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​គ្រប់​រូបភាព​តាំងពី​ថ្នាក់​ជាតិ​ដល់​មូលដ្ឋាន និង​រហូត​ដល់​កម្រិត​អន្តរជាតិ​ផង​ដែរ ដើម្បី​ឃាត់​ខ្លួន​ជនសង្ស័យ​ពាក់ព័ន្ធ​ទៅ​នឹង​អំពើ​ជួញដូរ​មនុស្ស ការ​អនុវត្ត​នីតិវិធី​តាម​ផ្លូវ​តុលាការ ដើម្បី​ផ្ដន្ទាទោស​ជនល្មើស​ដែល​ពាក់ព័ន្ធ​នឹង​ការ​ជួញដូរ​មនុស្ស​ប្រកប​ដោយ​ប្រសិទ្ធភាព​នា​ពេល​កន្លងមក។

ការ​អះអាង​នេះ ធ្វើឡើង​បន្ទាប់ពី​កម្ពុជា​រង​នូវ​ការ​ចោទប្រកាន់​ថា​មាន​ការ​បង្ខាំង​មនុស្ស ដើម្បី​ធ្វើជា​ទាសករ​ឈាម ដោយ​ការ​បង្ខាំង​ដើម្បី​បូម​យក​ទៅ​លក់​នៅ​ក្នុង​ខេត្ត​ព្រះសីហនុ កាល​ពី​ពេល​ថ្មីៗ​នេះ។

ស្ត្រី​ជនជាតិ​ថៃ​ម្នាក់​ធ្លាប់​អះអាង​ថា នាង​បាន​ប្រឈម​នឹង​គ្រោះថ្នាក់​នៃ​ការ​ជួញដូរ​សរីរាង្គ​នៅ​កម្ពុជា ប៉ុន្តែ​ក្រោយ​មក​នាង​បាន​សារភាព​ដល់​សមត្ថកិច្ច​ថា ករណី​នេះ​គឺ​នាង​ជា​អ្នក​ប្រឌិត​ឡើង ដោយសារ​តែ​នាង​បាន​ចូល​មក​ប្រទេស​កម្ពុជា​ដោយ​ខុសច្បាប់ ហើយ​បារម្ភ​ខ្លាច​មិន​អាច​វិលត្រឡប់​ទៅ​ប្រទេស​កំណើត​វិញ​បាន។

សារព័ត៌មាន​ពីរ​របស់​ថៃ គឺ Thai Examiner និង Thai PBS World បាន​ស្រង់​សម្ដី​របស់​នគរបាល​កម្ពុជា និង​នគរបាល​ថៃ ធ្វើ​សន្និសីទ​កាសែត​កាលពី​ថ្ងៃ​ទី​១៨ ខែ​មីនា ឆ្នាំ​២០២២ នៅ​ប្រទេស​ថៃ ថា ស្ត្រី​ថៃ​រូប​នោះ​បាន​ចូល​កម្ពុជា​ដោយ​ខុសច្បាប់ ដូច្នេះ​នាង​បារម្ភ​ខ្លាច​សមត្ថកិច្ច​កម្ពុជា​មាន​ចំណាត់ការ​ផ្លូវច្បាប់​លើ​នាង ដែល​ធ្វើ​ឲ្យ​នាង​មិន​អាច​វិលត្រឡប់​ទៅ​ប្រទេស​កំណើត​វិញ​បាន​ឆាប់។

បើ​តាម​សារព័ត៌មាន​ថៃ​ទាំង​ពីរ​នេះ បាន​ឲ្យ​ដឹង​ថា មូលហេតុ​ដែល​នាង​សារភាព​អំពី​ការ​ប្រឌិត​រឿង​ដូច្នេះ គឺ​ដើម្បី​អាច​ឲ្យ​នាង​រួច​ផុត​ពី​ចំណាត់ការ​ផ្លូវច្បាប់​ពី​សមត្ថកិច្ច​កម្ពុជា ហើយ​អាច​ត្រឡប់​ទៅ​កាន់​ប្រទេស​ថៃ​វិញ​បាន​លឿន ក្រោយពី​នាង​ត្រូវ​កាត់ទោស​ឲ្យ​ជាប់​ពន្ធនាគារ ៦​ខែ។

ជុំវិញ​បញ្ហា​នេះ ក្រុម​អ្នក​សង្កេតការណ៍​លើកឡើង​ថា ខេត្ត​ព្រះសីហនុ ធ្លាប់​តែ​ជា​ខេត្ត​ដែល​ផ្តល់​ផាសុកភាព​សម្រាប់​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​គ្រប់​ជាតិ​សាសន៍​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​កន្លងមក ប៉ុន្តែ​ចាប់តាំង​ពី​មាន​វត្តមាន​ជនជាតិ​ចិន​មក​រស់នៅ​ក្នុង​ខេត្ត​នេះ បាន​បង្ក​អសន្តិសុខ​យ៉ាង​ធ្ងន់ធ្ងរ ដូចជា​ការ​ចាប់​ជំរិត ការ​ធ្វើ​ទារុណកម្ម​ផ្លូវភេទ អំពើ​ឆក់​ប្លន់ និង​ការ​ប្រើ​អំពើ​ហិង្សា​គ្រប់​រូបភាព​ផង​ដែរ។

ទាក់ទិន​នឹង​បញ្ហា​នេះ រដ្ឋាភិបាល​កម្ពុជា​បាន​បង្ហាញ​របាយការណ៍​របស់​ខ្លួន​ក្នុង​រយៈពេល ៦​ខែ​កាលពី​ដើម​ឆ្នាំ​២០២១ កន្លងទៅ​ថា នាយកដ្ឋាន​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន បាន​រក​ឃើញ និង​បង្ក្រាប​អំពើ​ជួញដូរ​មនុស្ស អាជីវកម្ម​ផ្លូវភេទ​សរុប​បាន​ចំនួន ១៩៨​ករណី ដែល​ចំនួន​នេះ​បាន​កើនឡើង​ចំនួន ១៣៥​ករណី បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​ក្នុង​ឆ្នាំ​២០២០។

ជុំវិញ​បញ្ហា​នេះ កាលពី​ចុង​ឆ្នាំ​២០២១ ក្រសួង​ការបរទេស​អាមេរិក បាន​ចេញផ្សាយ​ការ​អង្កេត និង​វាយតម្លៃ​ប្រចាំ​ឆ្នាំ​របស់​ខ្លួន​នូវ​របាយការណ៍​ស្ដីពី​ការ​ជួញដូរ​មនុស្ស​លើ​សកលលោក​ឆ្នាំ​២០២១ ដោយ​បាន​ចាត់​ថ្នាក់​ប្រទេស​កម្ពុជា​ស្ថិត​ក្នុង​កម្រិត Tier 2 Watchlist គឺ​កម្រិត​ពីរ​ដែល​ស្ថិត​ក្នុង​បញ្ជី​តាមដាន៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស