33 C
Phnom Penh

កម្ពុជា​នឹង​ប្រារព្ធ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ជាតិ​រយៈពេល​៣​ថ្ងៃ​បន្ទាប់ពី​ខកខាន​២​ឆ្នាំ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កម្ពុជា​នឹង​ប្រារព្ធ​ពិធី​បុណ្យ​ឆ្លង​ឆ្នាំ​ប្រពៃណី​ជាតិ​ខ្មែរ ឆ្នាំ​ឆ្លូវ ត្រី​ស័ក ពុទ្ធសករាជ ២៥៦៥ ចូល​ឆ្នាំ​ខាល ចត្វា​ស័ក ពុទ្ធសករាជ ២៥៦៦ រយៈពេល ៣​ថ្ងៃ ចាប់ផ្តើម​ពី​ថ្ងៃ​ព្រហស្បតិ៍ ទី​១៤ និង​បញ្ចប់​ទៅវិញ​នៅ​ថ្ងៃ​សៅរ៍ ទី​១៦ ចុង​សប្តាហ៍​នេះ បន្ទាប់ពី​ខកខាន​អស់​រយៈពេល ២​ឆ្នាំ​មក​ហើយ​ដោយសារ​ការ​ឆ្លង​រាលដាល​ជំងឺ​កូវីដ-១៩។

ព្រះរាជាណាចក្រ​កម្ពុជា​បាន​ប្រកាន់​យក​ទំនៀមទម្លាប់​ប្រពៃណី​ជាតិ​របស់​ខ្លួន​ក្នុង​ការ​ប្រារព្ធ​ពិធី​បុណ្យ​ចូល​ឆ្នាំ​រយៈពេល ៣​ថ្ងៃ នៅ​ថ្ងៃ​ដំបូង​គឺជា​ថ្ងៃ​មហា​សង្ក្រាន្ត ថ្ងៃ​ទី​២ គឺជា ថ្ងៃ​វារៈ​វ័នបត និង​ថ្ងៃ​ទី​៣ គឺជា ថ្ងៃ​វារៈ​ឡើង​ស័ក ហើយ​ថ្ងៃ​ចូល​ឆ្នាំ​ប្រពៃណី​ជាតិ​ខ្មែរ​នេះ​តែងតែ​ប្រារព្ធ​ឡើង​នៅ​ថ្ងៃ​ទី​១៣ ឬ​ថ្ងៃ​ទី​១៤ ខែ​មេសា ត្រូវ​នឹង​ខែ​ចេត្រ ជា​រៀងរាល់​ឆ្នាំ។ ប៉ុន្តែ​បើ​ថ្ងៃ​ចូល​ឆ្នាំ​ថ្មី​ជាន់​លើ​ថ្ងៃ​ដូច​គ្នា​នឹង​ឆ្នាំ​ចាស់ នោះ​គេ​នឹង​រំកិល​មក​ថ្ងៃ​បន្ទាប់​វិញ។ ជាក់ស្តែង​កាលពី​ឆ្នាំ​ចាស់ ឆ្នាំ​២០២១ ថ្ងៃ​ចូល​ឆ្នាំ​ត្រូវ​បាន​កំណត់​យក​ថ្ងៃ​ពុធ ទី​១៤ ខែ​មេសា ដូច្នេះ​ឆ្នាំ​២០២២ នេះ មិន​ត្រូវ​បាន​កំណត់​យក​ថ្ងៃ​ពុធ ទី​១៤ ខែ​មេសា ទៀត​នោះ​ទេ គេ​ត្រូវ​រំកិល​មក​ថ្ងៃ​ព្រហស្បតិ៍ ជំនួស​វិញ។

ការ​ប្រារព្ធ​ពិធី​បុណ្យ​ចូល​ឆ្នាំ​សម្រាប់​ប្រជាជន​ខ្មែរ​នេះ តែង​ធ្វើ​ឡើង​ជា​រៀងរាល់​ឆ្នាំ​នៅ​ពាក់កណ្តាល​ខែ​មេសា ឬ​ខែ​ចេត្រ ដែល​ជា​ពិធី​បុណ្យ​មួយ​ក្នុង​ចំណោម​ពិធី​បុណ្យ​ប្រពៃណី​ជាច្រើន​ទៀត​របស់​ពលរដ្ឋ​កម្ពុជា។

សង្ក្រាន្ត​ឆ្នាំ​ថ្មី ឆ្នាំ​ខាល ចត្វា​ស័ក ពុទ្ធសករាជ ២៥៦៦ នឹង​ឈាន​ចូល​មក​ដល់​នៅ​ថ្ងៃ​ព្រហស្បតិ៍ ១៣​កើត ខែ​ចេត្រ ត្រូវ​នឹង​ថ្ងៃ​ទី​១៤ ខែ​មេសា ឆ្នាំ​២០២២ វេលា​ម៉ោង ១០.០០​នាទី​ព្រឹក​តាម​កាលកំណត់។

ទេវតា​ឆ្នាំ​ថ្មី​ឆ្នាំ​ខាល ព្រះនាម កិរិណីទេវី តំណាង​ឲ្យ​ថ្ងៃ​ព្រហស្បតិ៍ ដែល​ជា​បុត្រី​ទី​៥ ក្នុង​ចំណោម​បុត្រី​ទាំង​៧ នៃ​កបិលមហាព្រហ្ម ដែល​គង់​នៅ​ឋាន​ចាតុមហារាជិការ នឹង​យាង​ចុះ​មក​ថែរក្សា​ភព​ផែនដី​នេះ​បន្ត​ពី​ទេវតា​ឆ្នាំ​ចាស់។

ព្រះនាង កិរិណីទេវី ទ្រង់​អម្ពរ​ដោយ​ពណ៌​បៃតង សៀត​ផ្កា​ចំប៉ី​នៅ​ត្រង់​ព្រះ​ការណ៍ ឬ​ត្រចៀក ដែល​មាន​គ្រឿង​ប្រដាប់​ដោយ​ត្បូង​មរកត ក្នុង​នោះ​ព្រះហស្ដ​ស្តាំ​កាន់​កង្វេរ​ដំរី ព្រះហស្ដ​ឆ្វេង​កាន់​រន្ទះ គង់​លើ​ខ្នង​សត្វ​ដំរី​ជា​យានជំនិះ ហើយ​ទ្រង់​សោយ​សណ្ដែក ល្ង ជា​ព្រះ​ក្រយា។

ជុំវិញ​ការ​ប្រារព្ធ​ពិធី​បុណ្យ​ចូល​ឆ្នាំ​នេះ ពលរដ្ឋ​ខ្មែរ​តែងតែ​រៀបចំ​ពិធី​នៅ​តាម​គេហដ្ឋាន​រៀងៗ​ខ្លួន ដើម្បី​ទទួល​ទេវតា​ឆ្នាំ​ថ្មី មុន​នឹង​ពិធី​ចូល​ឆ្នាំ​ខ្មែរ​ចាប់ផ្តើម​ដោយ​ការ​បូជា​គ្រឿង​សក្ការៈ​ជាច្រើន ដូចជា​បាយសី ស្លាធម៌ ធូប ទៀន ទឹកអប់ ផ្កា​ភ្ញី និង​ផ្លែឈើ​ជាច្រើន​មុខ​ផង​ដែរ។

រយៈពេល ៣​ថ្ងៃ​នៃ​ការ​ប្រារព្ធ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​នេះ នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​១ គឺ​មហា​សង្ក្រាន្ត ពលរដ្ឋ​ខ្មែរ​តែង​យក​ចង្ហាន់​ទៅ​ប្រគេន​ព្រះសង្ឃ​នៅ​តាម​វត្ត​អារាម ចំណែក​ថ្ងៃ​ទី​២ គឺជា​ថ្ងៃ​វារៈ​វ័នបត ប្រជាពលរដ្ឋ​ខ្មែរ​តែង​ជូន​សម្លៀកបំពាក់ និង​គ្រឿង​បរិក្ខារ​ផ្សេងៗ​ដល់​អ្នក​មាន​គុណ ដូចជា​ឪពុក​ម្តាយ ជីដូន​ជីតា ជាដើម និង​និមន្ត​ព្រះសង្ឃ​បង្សុកូល​ដើម្បី​បញ្ជូន​មគ្គផល​ដល់​វិញ្ញាណក្ខន្ធ​បុព្វការី​ជន​ដែល​បាន​ស្លាប់​ទៅ ជាដើម។

ដោយឡែក​នៅ​ថ្ងៃ​ទី​៣ គឺជា​ថ្ងៃ​វារៈ​ឡើងស័ក គេ​តែ​ស្រង់​ទឹក​ដល់​ព្រះពុទ្ធ​បដិមា និង​ព្រះសង្ឃ ដើម្បី​សុំ​ខមាទោស​នៅ​ថ្ងៃ​ចុងក្រោយ​នៃ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ជាតិ​របស់​ខ្លួន។

ជុំវិញ​ការ​ប្រារព្ធ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​នេះ ពលករ​ខ្មែរ​ដែល​កំពុង​បម្រើ​ការ​នៅ​ប្រទេស​ថៃ បាន​នាំគ្នា​សម្រុក​មក​ស្រុក​កំណើត​វិញ​តាម​ច្រក​ជាច្រើន​កន្លែង ដូចជា​ច្រក​ដូង ច្រក​ព្រុំ ច្រក​អូរអន្លក់ និង​ច្រក​ឡែម ជាដើម ដើម្បី​ចូលរួម​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​នៅ​ស្រុក​កំណើត​របស់​ខ្លួន។

ទិន្នន័យ​សង្គម​ស៊ីវិល​បង្ហាញ​ថា រយៈពេល​ត្រឹមតែ ៧​ថ្ងៃ​ប៉ុណ្ណោះ ដោយ​រាប់​ចាប់តាំង​ពី​ថ្ងៃ​ទី​១ ដល់​ទី​៧ ខែ​មេសា ឆ្នាំ​២០២២ នេះ ពលករ​ខ្មែរ​បាន​នាំគ្នា​វិលត្រឡប់​ពី​ប្រទេស​ថៃ មក​កម្ពុជា​វិញ​សរុប​ជាង ៥​ពាន់​នាក់​ហើយ ក្នុង​នោះ​ពលករ​ខ្មែរ​ដែល​អាជ្ញាធរ​ថៃ ចាប់​បញ្ជូន​មក​វិញ​មាន​ចំនួន​ជាង ៣​ពាន់​នាក់​ផង​ដែរ។

ចំណែក​កម្មករ​មួយ​ចំនួន​ដែល​ធ្វើការ​នៅ​ក្នុង​ប្រទេស បាន​ស្នើ​ឲ្យ​រដ្ឋាភិបាល​ចាត់​វិធានការ​យ៉ាង​ណា​កុំ​ឱ្យ​មាន​ការ​ដំឡើង​ថ្លៃ​រថយន្ត​ឈ្នួល​តាម​ចិត្ត​នា​អំឡុង​ពេល​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ខាងមុខ​នេះ ដើម្បី​ជួយ​សម្រួល​ដល់​ពួកគេ​អាច​ធ្វើ​ដំណើរ​ទៅ​ជួបជុំ​គ្រួសារ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស