29.3 C
Phnom Penh

អាមេរិក​ថា​កងកម្លាំង​រដ្ឋាភិបាល​កម្ពុជា​មួយ​ចំនួន​ជាប់​ពាក់ព័ន្ធ​ការ​រំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រសួង​ការបរទេស​អាមេរិក រក​ឃើញ​ថា សមាជិក​នៃ​កងកម្លាំង​របស់​រដ្ឋាភិបាល​កម្ពុជា​មួយ​ចំនួន បាន​ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​រំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ ដែល​ជំរុញ​ឱ្យ​អំពើ​និទ្ទណ្ឌភាព​នៅតែ​បន្ត​កើតមាន​ឡើង​នៅ​កម្ពុជា។

នៅ​ក្នុង​របាយការណ៍​ប្រចាំ​ឆ្នាំ​របស់​ក្រសួង​ការបរទេស​អាមេរិក ស្ដីពី «ការ​គោរព​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ឆ្នាំ​២០២១» ដែល​មាន​កម្រាស់​ជាង ៤០​ទំព័រ​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី​១២ ខែ​មេសា ឱ្យ​ដឹង​ថា ករណី​រំលោភបំពាន​សិទ្ធិមនុស្ស​នៅ​កម្ពុជា មាន​ដូចជា​ការ​ធ្វើ​ទារុណកម្ម​ដោយ​អំពើ​ឃោរឃៅ ការ​ចាប់​ឃុំឃាំង​មនុស្ស​តាម​អំពើ​ចិត្ត និង​ការ​ប្រឆាំង​អ្នកទោស​នយោបាយ ជាដើម។

ក្រៅពី​បញ្ហា​នេះ ក៏​មាន​ការ​តាមដាន​ការ​ប្រាស្រ័យ​ទាក់ទង​គ្នា​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​ក្នុង​ជីវិត​ឯកជន​របស់​ពលរដ្ឋ​តាម​ទំនើង​ចិត្ត និង​ការ​រឹតត្បិត​យ៉ាង​ធ្ងន់ធ្ងរ​ទៅលើ​សេរីភាព​បញ្ចេញមតិ សេរីភាព​សារព័ត៌មាន និង​សេរីភាព​នៅ​លើ​អ៊ីនធឺណិត រួម​ទាំង​ការ​ប្រព្រឹត្ត​អំពើ​ហិង្សា និង​ការ​គំរាមកំហែង ចាប់​ខ្លួន ឬ​កាត់ទោស​អ្នក​សារព័ត៌មាន​ដោយ​អយុត្តិធម៌។

ចំណែក​សេរីភាព​នៃ​ការ​ជួប​ប្រជុំ​ដោយ​សន្តិវិធី និង​សេរីភាព​ក្នុង​ការ​បង្កើត​សមាគម​វិញ ក៏​នៅតែ​មាន​ការ​រឹតត្បិត​ខ្លាំង ដោយ​ការ​ធ្វើ​ទុក្ខបុកម្នេញ​លើ​អង្គការ​សិទ្ធិមនុស្ស​ជាតិ និង​អន្តរជាតិ។

ជាមួយ​គ្នា​នេះ ក្រសួង​ការបរទេស​អាមេរិក ក៏​បាន​រក​ឃើញ​ដែរ​ថា រដ្ឋាភិបាល​កម្ពុជា​បច្ចុប្បន្ន​កំពុង​កាត់បន្ថយ​សិទ្ធិ​របស់​ពលរដ្ឋ​ក្នុង​ការ​ផ្លាស់ប្ដូរ​រដ្ឋាភិបាល​ដោយ​សន្តិវិធី​តាមរយៈ​ការ​បោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌។ ខណៈ​អំពើពុករលួយ​នៅក្នុង​ប្រព័ន្ធ​តុលាការ​ក៏​កំពុង​រីក​រាលដាល ដោយសារតែ​រដ្ឋាភិបាល​ខ្វះ​ការ​ស៊ើបអង្កេត និង​ដាក់​ទោស​ទណ្ឌ​ចំពោះ​អំពើ​ហិង្សា​លើ​ស្ត្រី ការ​ជួញដូរ​មនុស្ស និង​ទម្រង់​នៃ​ពលកម្ម​កុមារ ជាដើម។

របាយការណ៍​ប្រចាំ​ឆ្នាំ​ដដែល​បន្ត​ថា អំពើ​រំលោភបំពាន​សិទ្ធិមនុស្ស​ទាំងអស់​នេះ​បាន​ធ្វើ​ឡើង​ដោយ​មន្ត្រី ឬ​កងកម្លាំង​មាន​សមត្ថកិច្ច​មួយ​ចំនួន​ដែល​ជា​អ្នក​រក្សា​សន្តិសុខ ក្នុង​នោះ​មាន​នគរបាល​ជាតិ កងយោធពល​ខេមរភូមិន្ទ និង​អាជ្ញាធរ​ស៊ីវិល ដែល​ជា​ក្រុម​ប្រដាប់​អាវុធ​របស់​គណបក្ស​កាន់​អំណាច​ដែល​ដឹកនាំ​ដោយ​លោក ហ៊ុន សែន។ ករណី​នេះ បាន​ជំរុញ​ឱ្យ​វប្បធម៌​និទ្ទណ្ឌភាព​បន្ត​រីក​រាលដាល ដោយសារតែ​មន្ត្រី​រដ្ឋាភិបាល​មាន​ទាំង​កម្លាំង​នគរបាល​ផង បាន​រំលោភ​សិទ្ធិមនុស្ស និង​ប្រព្រឹត្ត​អំពើពុករលួយ។

ក្រសួង​ការបរទេស​អាមេរិក​ដដែល​បន្ត​ទៀត​ថា ទោះបីជា​មន្ត្រី​រដ្ឋាភិបាល​ទាំងនោះ​បាន​រំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ​ក្ដី ប៉ុន្តែ​ពួកគេ​មិន​ត្រូវ​ចាត់​វិធានការ​ច្បាប់​នោះ​ទេ ដោយសារ​មន្ត្រី​រដ្ឋាភិបាល និង​សមាជិក​គ្រួសារ​របស់​ពួកគេ​មាន​អភ័យ​ឯកសិទ្ធិ ដែល​ធ្វើ​ឱ្យ​ពួកគេ​រួច​ផុត​ពី​ការ​ដាក់​ទោស​ទណ្ឌ​តាម​ច្បាប់​ផង​ដែរ។

របាយការណ៍​បាន​លើកឡើង​ពី​ករណី​របស់​តុលាការ​ខេត្ត​បាត់ដំបង កាលពី​ឆ្នាំ​២០២០ បាន​កាត់ទោស​ទៅលើ​មន្ត្រី​កងរាជ​អាវុធហត្ថ ២​នាក់​ឈ្មោះ សរ ប៊ុនសឿង និង​ឈ្មោះ ឆយ រតនា ឱ្យ​ជាប់​ពន្ធនាគារ​ម្នាក់ ៤​ឆ្នាំ និង​ម្នាក់ ៧​ឆ្នាំ ក្រោយពី​ពួកគេ​បាន​ធ្វើ​ទារុណកម្ម​លើ​ជន​ជាប់​ឃុំ​ឈ្មោះ ទុយ ស្រស់ រហូត​ដល់​ស្លាប់​បាត់បង់​ជីវិត ខណៈ​ទោស​របស់​ពួកគេ​អាច​ជាប់​ពន្ធនាគារ​រហូត​ដល់ ១០ ទៅ ២០​ឆ្នាំ ប៉ុន្តែ​សំណុំ​រឿង​នេះ​បាន​បាត់​ដំណឹង​ឈឹង​នៅ​ខែ​ធ្នូ ឆ្នាំ​២០២១ បន្ទាប់ពី​សាច់ញាតិ​បាន​ប្តឹង​ឧទ្ធរណ៍។

អ្នក​នាំពាក្យ​គណៈកម្មាធិការ​សិទ្ធិមនុស្ស​រដ្ឋាភិបាល លោក កត្តា អ៊ន។ (រូបថត​ពី​ហ្វេសប៊ុក)

អ្នក​នាំពាក្យ​គណៈកម្មាធិការ​សិទ្ធិមនុស្ស​រដ្ឋាភិបាល លោក កត្តា អ៊ន បាន​ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​ដោយ​ច្រានចោល​ចំពោះ​ការ​ចោទប្រកាន់​នេះ។ លោក​ថា របាយការណ៍​របស់​ក្រសួង​ការបរទេស​អាមេរិក មិន​ឆ្លុះបញ្ចាំង​ពី​ការពិត​នៅ​កម្ពុជា​នោះ​ទេ។

អ្នក​នាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក ស៊ឹង សែនករុណា បាន​ថ្លែង​ប្រាប់​កាសែត The Cambodia Daily ថា លោក​តែងតែ​សង្កេត​ឃើញ​ថា រដ្ឋាភិបាល​កម្ពុជា​តែងតែ​ច្រានចោល​រាល់​របាយការណ៍​ដែល​ឆ្លុះបញ្ចាំង​អំពី​ការពិត។ លោក​ថា តាមពិត​រដ្ឋាភិបាល​គួរតែ​ទទួលស្គាល់​របាយការណ៍​នោះ ហើយ​យក​មក​ដោះស្រាយ​តាម​ការ​រក​ឃើញ​របស់​គេ ដើម្បី​ធ្វើ​ឱ្យ​ស្ថានភាព​ការ​គោរព​សិទ្ធិមនុស្ស​នៅ​កម្ពុជា​បាន​ល្អ​ប្រសើរ និង​ជៀសវាង​ការ​ដាក់​សម្ពាធ​ណា​មួយ​ពី​សំណាក់​រដ្ឋាភិបាល​អាមេរិក៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស