34 C
Phnom Penh

រដ្ឋាភិបាល​ប្ដេជ្ញា​បង្កើត​ស្ថាប័ន​សិទ្ធិមនុស្ស​ជាតិ​ដើម្បី​ធានា​ការ​អនុវត្ត​សិទ្ធិ​សេរីភាព​របស់​ពលរដ្ឋ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រធាន​គណៈកម្មាធិការ​សិទ្ធិមនុស្ស​នៃ​រដ្ឋាភិបាល​លោក ហ៊ុន សែន អះអាង​ថា កម្ពុជា​ត្រូវតែ​បង្កើត​ស្ថាប័ន​សិទ្ធិមនុស្ស​ជាតិ​ឲ្យ​បាន ដើម្បី​ធានា​នូវ​ការ​អនុវត្ត​សិទ្ធិ​សេរីភាព​របស់​ពលរដ្ឋ​ឲ្យ​បាន​ត្រឹមត្រូវ ខណៈ​ក្រុម​សង្គម​ស៊ីវិល​ទាមទារ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​បើក​លំហ​សេរីភាព​របស់​ពលរដ្ឋ​ឲ្យ​បាន​ទូលំទូលាយ​ជាង​នេះ គឺជា​អាទិភាព។

ប្រធាន​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា លោក កែវ រ៉េមី បាន​លើកឡើង​ក្នុង​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​មួយ​ក្នុង​ខេត្ត​មណ្ឌលគិរី នៅ​ថ្ងៃ​ទី​២១ ខែ​មេសា ឆ្នាំ​២០២២ នេះ​ថា សិទ្ធិ​របស់​ពលរដ្ឋ​ត្រូវ​ចែង​យ៉ាង​ច្បាស់​នៅ​ក្នុង​ច្បាប់​នានា ដូចជា​ធម្មនុញ្ញ​អង្គការ​សហប្រជាជាតិ សេចក្តី​ប្រកាស​ជា​សកល​ស្ដីពី​សិទ្ធិមនុស្ស កតិកាសញ្ញា អនុសញ្ញា និង​លិខិតុបករណ៍​អន្តរជាតិ​ទាក់ទង​សិទ្ធិមនុស្ស​ដែល​កម្ពុជា​ជា​រដ្ឋ​ភាគី​បាន​ផ្តល់​សច្ចាប័ន​លើ​ច្បាប់​នេះ។

លោក កែវ រ៉េមី បញ្ជាក់​ថា មក​ដល់​ពេល​នេះ កម្ពុជា​នៅតែ​រក្សា​ជំហរ​របស់​ខ្លួន​យ៉ាង​មុតមាំ​ក្នុង​ការ​បង្កើត​ស្ថាប័ន​សិទ្ធិមនុស្ស​ជាតិ​មួយ​នៅ​កម្ពុជា​ឲ្យ​បាន ក្នុង​នោះ​រដ្ឋាភិបាល​ក៏​ធ្លាប់​បាន​ប្រគល់​តួនាទី​ឲ្យ​ក្រុម​ការងារ​អង្គការ​មិនមែន​រដ្ឋាភិបាល​ទទួល​បន្ទុក​លើ​សេចក្តី​ព្រាងច្បាប់​ស្ដីពី​ការ​បង្កើត​ស្ថាប័ន​សិទ្ធិមនុស្ស​ជាតិ​នេះ​ផង​ដែរ។

ការ​អះអាង​នេះ ធ្វើឡើង​ស្រប​ពេល​ដែល​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា​កំពុង​ប្រមូល​ធាតុ​ចូល​ពី​មជ្ឈដ្ឋាន​ជាតិ និង​អន្តរជាតិ ដើម្បី​បង្កើត​ស្ថាប័ន​សិទ្ធិ​មនុស្ស​ជាតិ​នៅ​កម្ពុជា​សព្វថ្ងៃ​នេះ។

នាយក​ប្រតិបត្តិ​អង្គការ​អភិវឌ្ឍ​ផ្នត់គំនិត បណ្ឌិត សេក សុជាតិ បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​២១ មេសា នេះ​ថា ស្ថាប័ន​សិទ្ធិមនុស្ស​ជាតិ​នៅ​កម្ពុជា​គ្មាន​ភាព​ចាំបាច់​នឹង​បង្កើត​ឡើង​ទេ ក្នុង​នោះ​រដ្ឋាភិបាល​កម្ពុជា​គ្រាន់តែ​បើក​លំហ​សេរីភាព​របស់​ពលរដ្ឋ​ឲ្យ​បាន​ទូលំទូលាយ​ជាង​នេះ។ លោក​ថា ជាពិសេស​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា​ត្រូវតែ​ធានា​ឲ្យ​បាន​នូវ​ការ​អនុវត្ត​សិទ្ធិ​មូលដ្ឋាន​របស់​ពលរដ្ឋ​ដោយ​គ្មាន​ការ​គំរាមកំហែង គឺ​គ្រប់គ្រាន់​ទៅ​ហើយ។

បណ្ឌិត សេក សុជាតិ អះអាង​ថា ការ​បង្កើត​ស្ថាប័ន​មួយ​ដែល​គ្មាន​ប្រសិទ្ធភាព​ការងារ​ក្នុង​ការ​ធានា​នូវ​សេរីភាព​បញ្ចេញមតិ និង​សិទ្ធិ​មូលដ្ឋាន​របស់​ពលរដ្ឋ ធ្វើ​ឲ្យ​ខាតបង់​ថវិកា​ជាតិ​ទៅវិញ​ទេ ខណៈ​កម្ពុជា​ក៏​បាន​បង្កើត​ឲ្យ​មាន​គណៈកម្មាធិការ​សិទ្ធិមនុស្ស​ដើម្បី​អនុវត្ត និង​ធានា​នូវ​ការ​ប្រើប្រាស់​សិទ្ធិ​របស់​ពលរដ្ឋ​ទៅ​ហើយ​នោះ។

នាយក​ប្រតិបត្តិ​អង្គការ​អភិវឌ្ឍ​ផ្នត់គំនិត​រូប​នេះ​បញ្ជាក់​ថា ប្រសិនបើ​រដ្ឋាភិបាល​កម្ពុជា​ពិត​ជា​មាន​ចេតនា​ក្នុង​ការ​លើកស្ទួយ​ការ​អនុវត្ត​សិទ្ធិ​សេរីភាព​របស់​ពលរដ្ឋ​មែន​នោះ រដ្ឋាភិបាល​គ្រាន់តែ​ទទួល​យក​ការ​រិះគន់​របស់​អង្គការ​សង្គម​ស៊ីវិល​ដែល​ធ្វើការ​លើ​វិស័យ​សិទ្ធិមនុស្ស និង​កង្វល់​របស់​អ្នក​រាយការណ៍​ពិសេស​នៃ​អង្គការ​សហប្រជាជាតិ​ទៅ​ដោះស្រាយ​ឲ្យ​បាន​ត្រឹមត្រូវ ក៏​ជា​ការ​លើកស្ទួយ​នូវ​ការ​អនុវត្ត​សិទ្ធិ​សេរីភាព​របស់​ពលរដ្ឋ​បាន​ល្អ​ដែរ។

រដ្ឋធម្មនុញ្ញ​កម្ពុជា មាត្រា​៣១ បាន​ចែង​ថា កម្ពុជា​ទទួលស្គាល់ និង​គោរព​សិទ្ធិមនុស្ស​ដូច​ដែល​មាន​ចែង​ក្នុង​ធម្មនុញ្ញ​អង្គការ​សហប្រជាជាតិ សេចក្តី​ប្រកាស​ជា​សកល​ស្ដីពី​សិទ្ធិមនុស្ស និង​កតិកាសញ្ញា ព្រមទាំង​អនុសញ្ញា​ទាំងឡាយ​ទាក់ទង​នឹង​សិទ្ធិមនុស្ស សិទ្ធិ​នារី និង​សិទ្ធិ​កុមារ ដែល​បាន​បង្កើត​ឡើង​តាំងពី​ឆ្នាំ​១៩៤៨ មក។ មាត្រា​១ នៃ​សេចក្តី​ប្រកាស​ជា​សកល​ស្ដីពី​សិទ្ធិមនុស្ស ចែង​ថា មនុស្ស​ទាំងអស់​កើតមក​មាន​សេរីភាព និង​ភាព​ស្មើ​គ្នា​ក្នុង​សេចក្តី​ថ្លៃថ្នូរ និង​សិទ្ធិ។

យ៉ាងណា​ក៏ដោយ បុរស​ខ្លាំង​របស់​កម្ពុជា​ដែល​ឧស្សាហ៍​ប្រើ​កណ្ដាប់ដៃ​ដែក លោក ហ៊ុន សែន ធ្លាប់​សារភាព​កាលពី​ពេល​កន្លងទៅ​ថា ការ​ចាប់​ខ្លួន​សកម្មជន​សង្គម និង​អ្នក​តវ៉ា​ផ្សេង​ទៀត​កន្លងមក គឺ​លោក​ជា​អ្នក​បញ្ជា​ដោយ​ផ្ទាល់ ពីព្រោះ​ពួកគេ​នាំគ្នា​តវ៉ា​ប្រឆាំង​នឹង​ការ​ដឹកនាំ​របស់​លោក។

របាយការណ៍​ស្ដីពី​នីតិរដ្ឋ​ឆ្នាំ​២០២១ របស់​គម្រោង​យុត្តិធម៌​ពិភពលោក (The World Justice Project) បាន​រក​ឃើញ​ថា កម្ពុជា​គឺជា​ប្រទេស​ដែល​មាន​ការ​ដឹកនាំ​គ្មាន​តម្លាភាព ពោរពេញ​ដោយ​ការ​គំរាមកំហែង​សិទ្ធិ​ជា​មូលដ្ឋាន​របស់​ពលរដ្ឋ និង​ការ​មិន​ធានា​បាន​នូវ​ប្រព័ន្ធ​យុត្តិធម៌​របស់​ខ្លួន​តាម​ផ្លូវ​តុលាការ ជាដើម ដែល​បាន​ធ្លាក់​ទៅ​ក្នុង​ចំណោម​ប្រទេស​ដែល​មាន​នីតិរដ្ឋ​អាក្រក់​បំផុត​ក្នុង​ចំណាត់ថ្នាក់​លេខ​ទី​១៣៨ ក្នុង​ចំណោម​ប្រទេស​១៣៩ នៅ​លើ​ពិភពលោក៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស