គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា អះអាងចំពោះមុខក្រុមប្រឹក្សាសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ ពីទង្វើឈ្លានពានរបស់ប្រទេសថៃ លើប្រទេសកម្ពុជា ថាជាទង្វើរំលោភយ៉ាងធ្ងន់ធ្ងរលើច្បាប់អន្តរជាតិ ជាពិសេសច្បាប់សិទ្ធិមនុស្ស និងច្បាប់មនុស្សធម៌អន្តរជាតិ។
សេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ស្ដីពីលទ្ធផលចូលរួមកិច្ចប្រជុំលើកទី៦១ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស នៅថ្ងៃទី៩ មីនា នេះថា មុននិងក្រោយសង្គ្រាមតាមព្រំដែនជាមួយប្រទេសកម្ពុជា យោធាថៃ បានរំលោភលើច្បាប់អន្តរជាតិ ជាពិសេសច្បាប់សិទ្ធិមនុស្ស និងច្បាប់មនុស្សធម៌អន្តរជាតិយ៉ាងគឃ្លើនជាបន្តបន្ទាប់។
ប្រភពដដែលរៀបរាប់ថា ទង្វើឈ្លានពានរបស់ថៃ រួមមានការបិទព្រំដែនជាឯកតោភាគីដោយគ្មានការជូនដំណឹងជាមុន ការរើសអើង និងការប្រើប្រាស់អំពើហិង្សាលើពលករទេសន្តរប្រវេសន៍កម្ពុជា ការប្រព្រឹត្តអំពើហិង្សាផ្លូវភេទលើស្ត្រីពលករកម្ពុជាពីសំណាក់កងទ័ពថៃ និងការប្រើប្រាស់សំឡេងមានដេស៊ីបែលខ្ពស់ សំឡេងខ្មោច សំឡេងយន្តហោះ ដើម្បីរំខានដល់ផ្លូវចិត្តប្រជាជននៅតាមព្រំដែន ជាដើម។
ជាងនេះទៀត យោធាថៃ ក៏បានវាយប្រហារដោយមិនរើសគោលដៅ ដោយប្រើប្រាស់អាវុធធុនធ្ងន់គ្រប់ប្រភេទ ដូចជា គ្រាប់បែកចង្កោម ផ្សែងពុល យន្តហោះចម្បាំងប្រភេទ F-16, Gripen និង TH-50 ដែលបណ្តាលឱ្យខូចខាតទ្រព្យសម្បត្តិឯកជន និងសាធារណៈ រួមទាំងប្រាសាទព្រះវិហារ ដែលជាបេតិកភណ្ឌពិភពលោកផងដែរ។
សេចក្តីប្រកាសព័ត៌មានដែលនេះបញ្ជាក់ថា លើសពីនេះ យោធាថៃ បានព្យាយាមបង្កើតតថភាពថ្មីនៅនឹងកន្លែងតាមរយៈការដាក់ពង្រាយលួសបន្លា ដាក់ទូកុងតឺន័រ ឈូសបំផ្លាញផ្ទះពលរដ្ឋ ការលួចទ្រព្យសម្បត្តិឯកជន និងការដាក់ឈ្មោះផ្លូវថ្មីក្នុងតំបន់ឈ្លានពានដែលពួកគេបានកាន់កាប់ដោយខុសច្បាប់ ព្រមទាំងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធថ្មី ដែលធ្វើឱ្យជនភៀសសឹកប្រមាណ ៨ម៉ឺននាក់ (៨០០០០នាក់) មិនអាចត្រឡប់ទៅលំនៅឋានវិញបានសព្វថ្ងៃនេះ។
ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា លោក កែវ រ៉េមី និងមន្ត្រីរដ្ឋាភិបាលកម្ពុជាមួយចំនួន បានទៅចូលរួមកិច្ចប្រជុំលើកទី៦១ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦ ជាមួយបណ្តាប្រទេសជាច្រើន រួមមានប្រទេសបារាំង សាធារណរដ្ឋនៃប្រជុំកោះម៉ាសាល់ សាធារណរដ្ឋដូមីនីក កូរ៉េខាងត្បូង កូឡុំប៊ី អេស្តូនី ប្រេស៊ីល ជប៉ុន គុយបា កូវ៉ែត អ៊ីរ៉ាក់ និងអ៊ីតាលី ផងដែរ។
កាសែតថៃ The Nation បានស្រង់សម្ដីរដ្ឋមន្ត្រីក្រសួងការបរទេសថៃ លោក ស៊ីហាសាក់ ភួងកេតកែវ ក្នុងកិច្ចប្រជុំអង្គការសហប្រជាជាតិ ដោយគំរាមថា តើកម្ពុជាចង់បានសន្តិភាព ឬចង់ឈ្លោះគ្នាជាមួយថៃ បន្តទៀត ទើបកម្ពុជារុញបញ្ហាព្រំដែនរវាងប្រទេសទាំងពីរមកលើឆាកអន្តរជាតិបែបនេះ។
បែបនេះក្តី នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត ក្នុងដំណើរទស្សនកិច្ចទៅចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាសន្តិភាព និងទៅកាន់ទ្វីបអឺរ៉ុប បានប្រាប់សារព័ត៌មានអន្តរជាតិធំៗថា យោធាថៃ បានកាន់កាប់ចូលជ្រៅក្នុងទឹកដីរបស់កម្ពុជាដោយខុសច្បាប់ ក្រោយសង្គ្រាមកាលពីចុងខែធ្នូ ឆ្នាំ២០២៥ រហូតដល់ពេលនេះ។
ចំណែកអភិបាលខេត្តបន្ទាយមានជ័យ លោក អ៊ុំ រាត្រី ក៏បានប្រាប់អង្គទូត និងអង្គការអន្តរជាតិ រួមទាំងអ្នកសារព័ត៌មានកាលពីពេលថ្មីៗនេះដែរថា សព្វថ្ងៃនេះ យោធាថៃ បានរាយលួសបន្លាព័ទ្ធយកដីខ្មែរក្នុងខេត្តបន្ទាយមានជ័យ ចំនួន ៣តំបន់ ដែលមាន ២០ទីតាំង ដោយដាក់ពង្រាយលួសបន្លា និងទូកុងតឺន័រជាង ១០០ទូ (១០៥ទូ) ដែលគិតជាផ្ទៃដីសរុបទំហំជិត ៨០០ហិកតា (៧៦៣ហិកតា)៕
© 2026, ឌឹ ខេមបូឌា ដេលី. All rights reserved.

