28 C
Phnom Penh

សង្គម​ស៊ីវិល​ថា​បក្ស​ក្រៅ​រដ្ឋាភិបាល​ដែល​ចូលរួម​ការ​បោះឆ្នោត​ឃុំ​សង្កាត់​ស្មើ​នឹង​ក្បត់​រដ្ឋធម្មនុញ្ញ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សកម្មជន​អត្ថាធិប្បាយ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស លើកឡើង​ថា គណបក្ស​នយោបាយ​ក្រៅ​រដ្ឋាភិបាល​ទាំងអស់​ដែល​ចូលរួម​ការ​បោះឆ្នោត​ឃុំ-សង្កាត់​អាណត្តិ​ទី​៥ ឆ្នាំ​២០២២ ខាងមុខ​នេះ គឺ​ស្មើ​នឹង​នាំគ្នា​ចូលរួម​ជាមួយ​បក្ស​កាន់​អំណាច​រំលោភ​រដ្ឋធម្មនុញ្ញ។

សកម្មជន​អត្ថាធិប្បាយ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស លោក ស្រ៊ុន ស្រ៊ន បាន​លើកឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​ថ្ងៃ​ទី​២០ ខែ​មេសា ថា ដំណើរ​នៃ​ការ​ប្រព្រឹត្តិ​ទៅ​ក្នុង​ការ​ការ​បោះឆ្នោត​ខាងមុខ​នេះ គឺជា​ដំណើរការ​មួយ​ដែល​ពោរពេញ​ទៅ​ដោយ​ភាព​មិន​ប្រក្រតី ព្រោះ​ថា​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ដែល​មាន​តួនាទី​ដឹកនាំ​កិច្ចការ​នេះ ត្រូវ​គេ​មើល​ឃើញ​ថា​ស្ថិត​ក្រោម​ការ​រៀបចំ​របស់​បក្ស​កាន់​អំណាច​ទាំងអស់។

លោក ស្រ៊ុន ស្រ៊ន អះអាង​ថា គណបក្ស​នយោបាយ​ទាំងអស់​គួរតែ​នាំគ្នា​សើរើ​សមាសភាព​ក្បាល​ម៉ាស៊ីន​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ឡើងវិញ មុន​នឹង​សម្រេច​ចិត្ត​ចូលរួម​ក្នុង​ការ​បោះឆ្នោត​ខាងមុខ​នេះ ពីព្រោះ​សមាសភាព​របស់​ស្ថាប័ន​នេះ​សុទ្ធសឹងតែ​ជា​មន្ត្រី​ដែល​មកពី​បក្ស​កាន់​អំណាច​ទាំងអស់ ដូច្នេះ​ស្ថាប័ន​អាជ្ញាកណ្ដាល​មួយ​នេះ​ប្រាកដជា​មិន​អាច​ធានា​បាន​នូវ​ឯករាជភាព​នោះ​ទេ។

សកម្មជន​អត្ថាធិប្បាយ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​រូប​នេះ​បញ្ជាក់​ថា គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ដែល​អាច​ជឿ​ទុកចិត្ត​ក្នុង​ការ​រៀបចំ​ដំណើរការ​បោះឆ្នោត​បាន​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ លុះត្រាតែ​គណៈកម្មាធិការ​នោះ​កើត​ចេញពី​គណបក្ស​កាន់​អំណាច​ផង គណបក្ស​ក្រៅ​រដ្ឋាភិបាល និង​សង្គម​ស៊ីវិល​ផង​ដែរ មិនមែន​បង្កើត​ឡើង​ដោយ​ឯក​បក្ស​ដូច​សព្វថ្ងៃ​នេះ​ទេ។

ការ​អះអាង​នេះ ធ្វើឡើង​ស្របពេល​ដែល​ការ​បោះឆ្នោត​អាណត្តិ​ទី​៥ ឆ្នាំ​២០២២ ខាងមុខ​នេះ នឹង​ប្រព្រឹត្ត​ទៅ​ក្រោម​ការ​រៀបចំ​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ដែល​គេ​រិះគន់​ថា​ជា​សមាសភាព​ដែល​រៀបចំ​ឡើង​ដោយ​បក្ស​កាន់​អំណាច។

ចំណែក​មន្ត្រី​ជាន់ខ្ពស់​របស់​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក ស៊ឹង សែនករុណា បាន​លើកឡើង​ក្នុង​កិច្ចពិភាក្សា​នេះ​ដែរ​ថា កម្ពុជា​សព្វថ្ងៃ​នេះ​បាន​រង​នូវ​ការ​រិះគន់​ជាច្រើន​ពី​មជ្ឈដ្ឋាន​ជាតិ និង​អន្តរជាតិ ពី​ភាព​មិន​ឯករាជ្យ​របស់​ស្ថាប័ន​រដ្ឋ​នានា ដូចជា​ស្ថាប័ន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត និង​ស្ថាប័ន​តុលាការ ជាដើម ជាពិសេស​មន្ត្រី​រាជការ​ស្ទើរតែ​ទាំងអស់​ដែល​គេ​មើល​ឃើញ​ថា​ត្រូវ​បាន​រង​ការ​គាបសង្កត់​ឱ្យ​គាំទ្រ​បក្ស​កាន់​អំណាច​រហូត​មក។

លោក ស៊ឹង សែនករុណា លើកឡើង​ថា ដើម្បី​ធានា​នូវ​ការ​បោះឆ្នោត​ឲ្យ​មាន​ភាព​ត្រឹមត្រូវ​ស្រប​តាម​ខ្លឹមសារ​រដ្ឋធម្មនុញ្ញ​ដែល​មាន​ចែង រដ្ឋាភិបាល​កម្ពុជា​គួរតែ​បើក​សេរីភាព​ដល់​អ្នក​នយោបាយ សកម្មជន​នយោបាយ និង​ពលរដ្ឋ​ឱ្យ​មាន​សិទ្ធិ​ពេញលេញ​ក្នុង​ការ​ចូលរួម​ប្រកួតប្រជែង​ក្នុង​ការ​បោះឆ្នោត​ខាងមុខ​នេះ​ដោយ​យុត្តិធម៌ និង​មាន​សិទ្ធិ​ពេញលេញ​ក្នុង​ការ​ជ្រើសរើស​គណបក្ស​នយោបាយ​ដែល​ពួកគេ​ពេញ​ចិត្ត​ដោយ​គ្មាន​ការ​បង្ខិតបង្ខំ និង​ការ​បំភិត​បំភ័យ​ណា​មួយ​នោះ​ឡើយ។

ចាប់តាំង​ពី​មាន​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ឆ្នាំ​១៩៩១ មក កម្ពុជា​បាន​ទទួល​យក​របប​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស ដោយ​ការ​បោះឆ្នោត​ជ្រើសរើស​មេដឹកនាំ និង​មន្ត្រី​នៅ​មូលដ្ឋាន​របស់​ខ្លួន ដូចជា​តំណាងរាស្ត្រ ក្រុមប្រឹក្សា​ខេត្ត ក្រុមប្រឹក្សា​ស្រុក និង​ក្រុមប្រឹក្សា​ឃុំ ជាដើម ខណៈ​ការ​បោះឆ្នោត​ឃុំ-សង្កាត់​ក៏​បាន​ដំណើរការ ៤​អាណត្តិ​មក​ហើយ​ដែរ។

មាត្រា​១៥១​ថ្មី​ពីរ​នៃ​រដ្ឋធម្មនុញ្ញ បាន​ចែង​ថា គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​មាន​សមាសភាព ៩​រូប ក្នុង​នោះ ៤​រូប​ត្រូវ​ជ្រើស​ដោយ​គណបក្ស​ដឹកនាំ​រដ្ឋាភិបាល ៤​រូប​ផ្សេង​ទៀត​ត្រូវ​ជ្រើសរើស​ពី​គណបក្ស​មាន​អាសនៈ​ក្នុង​រដ្ឋសភា​ដែល​មិន​ចូលរួម​ក្នុង​រដ្ឋាភិបាល និង ១​រូប​ទៀត​ត្រូវ​ជ្រើសរើស​ដោយ​ការ​ព្រមព្រៀង​គ្នា​រវាង​គណបក្ស​ដែល​មាន​អាសនៈ​ក្នុង​រដ្ឋសភា​ទាំងអស់។

បច្ចុប្បន្ន សមាសភាព​ទាំង ៩​រូប​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត ដែល​ហៅ​កាត់​ថា គ.ជ.ប សុទ្ធសឹងតែ​មកពី​គណបក្ស​កាន់​អំណាច​ទាំងអស់ ក្នុង​នោះ​រួម​មាន លោក ប្រាជ្ញ ចន្ទ ជា​ប្រធាន លោក នុត សុខុម ជា​អនុប្រធាន និង​លោក ហង្ស ពុទ្ធា ជា​សមាជិក ជាដើម៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស