38 C
Phnom Penh

ទូត​អូស្ត្រាលី​ស្នើ​អាជ្ញាធរ​កម្ពុជា​ធានា​ពី​សិទ្ធិ​ចូលរួម​បោះឆ្នោត​ដោយ​សេរី​របស់​បក្ស​ប្រឆាំង​និង​សង្គម​ស៊ីវិល

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ឯកអគ្គរាជទូត​អូស្ត្រាលី​ប្រចាំ​នៅ​កម្ពុជា ស្នើ​ឲ្យ​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ ធានា​អំពី​សិទ្ធិ​ចូលរួម​ក្នុង​ការ​បោះឆ្នោត​ដោយ​សេរី​របស់​បក្ស​ប្រឆាំង និង​សង្គម​ស៊ីវិល ដើម្បី​ធានា​បាន​នូវ​លទ្ធផល​ពិតប្រាកដ។

ការ​លើកឡើង​របស់​ឯកអគ្គរាជទូត​អូស្ត្រាលី​ប្រចាំ​នៅ​កម្ពុជា លោក ប៉ាប្លូ កង់ (Pablo Kang) បាន​ធ្វើឡើង​ក្នុង​ជំនួប​ជាមួយ​រដ្ឋមន្ត្រី​ក្រសួង​យុតិ្តធម៌ លោក កើត រិទ្ធ នៅ​ថ្ងៃ​សុក្រ ទី​២២ មេសា។

ស្ថានទូត​អូស្ត្រាលី បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​ថា ក្នុង​កិច្ច​សន្ទនា​ជាមួយ​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ លោក កើត រិទ្ធ គឺ​លោក កង់ (Kang) បាន​ពិភាក្សា​អំពី​កិច្ច​សហប្រតិបត្តិការ​ដ៏​យូរ​អង្វែង​របស់​អូស្ត្រាលី​លើ​ការ​អនុវត្ត​ច្បាប់ និង​បញ្ហា​យុត្តិធម៌ រួម​ទាំង​សន្តិសុខ​តាម​ព្រំដែន ក៏ដូចជា​ការ​បោះឆ្នោត​ឃុំ-សង្កាត់​នា​ពេល​ខាងមុខ និង​សេចក្តី​ព្រាងច្បាប់​ផ្សេងៗ។

ក្នុង​ជំនួប​នោះ លោក ប៉ាប្លូ កង់ (Pablo Kang) ក៏​បាន​លើក​ទឹកចិត្ត​ឱ្យ​អាជ្ញាធរ​កម្ពុជា​ធានា​ឱ្យ​គណបក្ស​ប្រឆាំង និង​ក្រុម​សង្គម​ស៊ីវិល​អាច​ចូលរួម​ក្នុង​ការ​បោះឆ្នោត​ដោយ​សេរី ដើម្បី​ធានា​បាន​នូវ​លទ្ធផល​ពិតប្រាកដ។

កាលពី​ថ្ងៃ​ទី​៧ ខែ​មករា ឆ្នាំ​២០២២ ឧត្ដមស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស អ្នកស្រី មីឆែល ប៉ាហ្សេលែត ក៏​បាន​ជំរុញ​ទៅ​អាជ្ញាធរ​កម្ពុជា​ឱ្យ​ការពារ​សិទ្ធិ​សេរីភាព​មូលដ្ឋាន ដោយ​ថា​សិទ្ធិ​នេះ​មាន​សារសំខាន់​ណាស់ ខណៈ​កម្ពុជា​ឈាន​ឆ្ពោះ​ទៅកាន់​ការ​បោះឆ្នោត​ឃុំ-សង្កាត់​ខាងមុខ នៅ​គ្រា​ដែល​គណបក្ស​ជំទាស់​ធំ​ជាងគេ​របស់​ប្រទេស​នេះ​ពុំ​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចូលរួម​ប្រកួតប្រជែង។

ទន្ទឹម​គ្នា​នេះ​ដែរ អ្នកស្រី​ថា ថ្នាក់ដឹកនាំ និង​អ្នក​គាំទ្រ​ជាច្រើន​របស់​គណបក្ស​ជំទាស់​ត្រូវ​រស់នៅ​និរទេស​ខ្លួន​នៅ​ក្រៅ​ស្រុក ជាប់​ឃុំ និង​ប្រឈម​នឹង​ការ​ធ្វើ​ទុក្ខបុកម្នេញ ដោយសារ​សកម្មភាព​ស្រប​ច្បាប់​របស់​ខ្លួន​ស្របតាម​ច្បាប់​អន្តរជាតិ។

ការ​លើកឡើង​របស់​ឧត្ដមស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស និង​ឯកអគ្គរាជទូត​អូស្ត្រាលី​ប្រចាំ​នៅ​ប្រទេស​កម្ពុជា លោក ប៉ាប្លូ កង់ ធ្វើឡើង​ស្រប​ពេល​ដែល​កម្ពុជា​នឹង​រៀបចំ​ការ​បោះឆ្នោត​ឃុំ-សង្កាត់​អាណត្តិ​ទី​៥ នៅ​ថ្ងៃ​អាទិត្យ ទី​៥ ខែ​មិថុនា ឆ្នាំ​២០២២ ខណៈ​ការ​បោះឆ្នោត​ថ្នាក់​ជាតិ ឆ្នាំ​២០២៣ ខាងមុខ​នេះ ត្រូវ​គេ​រិះគន់​ថា​ជា​សមាសភាព​ដែល​រៀបចំ​ឡើង​ដោយ​បក្ស​កាន់​អំណាច៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស