31.4 C
Phnom Penh

លោក ហេង សិទ្ធី ស្នើ​ឱ្យ​លោក ហ៊ុន ម៉ាណែត ពិនិត្យ​ឡើងវិញ​នូវ​ទង្វើ​ខុស​ច្បាប់​របស់​រដ្ឋមន្ត្រី​ក្រសួង​ពីរ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ថ្លែង​ចេញ​តាមរយៈ​លិខិត​ដែល​ផ្ញើ​ចេញពី​ពន្ធនាគារ​ក្នុង​ប្រទេស​រុស្ស៊ី អតីត​អ្នកឧកញ៉ា ហេង សិទ្ធី និង​ជា​នាយក​គ្រប់គ្រង​ក្រុមហ៊ុន Maritime Group ស្នើ​ឲ្យ​នាយករដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន ម៉ាណែត មេត្តា​ពិនិត្យ​មើល​ឡើងវិញ​នូវ​ទង្វើ​ខុស​ច្បាប់​មួយ​ចំនួន​របស់​មន្ត្រី​ក្រសួង​មហាផ្ទៃ និង​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ ពីព្រោះ​លោក​ពុំ​បាន​ប្រព្រឹត្ត​ទោស​កំហុស​ដូច​អ្វី​ដែល​ក្រសួង​ទាំង​ពីរ​នេះ​បាន​ប្រឌិត​នោះ​ឡើយ។

បើ​តាម​លិខិត​របស់​លោក ហេង សិទ្ធី បាន​សរសេរ​ថា ក្នុង​សំណុំរឿង​របស់​លោក គឺ​លោក​បាន​បក​អាក្រាត​មន្ត្រី​ទាំង​ពីរ​ក្រសួង​នោះ ដែល​បាន​ប្រព្រឹត្ត​អំពើពុករលួយ និង​ជាប់​ពាក់ព័ន្ធ​ក្នុង​ឧក្រិដ្ឋកម្ម​តាម​អ៊ីនធឺណិត។

លោក ហេង សិទ្ធី បាន​សរសេរ​រៀបរាប់​ថា លោក​គ្មាន​អ្វី​នឹង​ខ្លាច​ទៅ​ស្រុក​ខ្មែរ​នោះ​ទេ បើ​ទោះបី​គ្មាន​ប៉ូលិស​អន្តរជាតិ Interpol ក៏​លោក​នៅតែ​ទៅ​ស្រុក​ខ្មែរ​ដែរ ព្រោះ​ជា​ប្រទេស​របស់​លោក។ លោក​ស្នើសុំ​ឲ្យ​លោក ហ៊ុន ម៉ាណែត ពិនិត្យ​មើល​ឡើងវិញ​នូវ​ទង្វើ​ខុស​ច្បាប់​មួយ​ចំនួន​របស់​មន្ត្រី​ក្រសួង​មហាផ្ទៃ និង​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌។

លោក ហេង សិទ្ធី អះអាង​ថា វា​ជា​សំណាង​មួយ​ដែរ​ដែល​ពេលនេះ​អាជ្ញាធរ​រុស្ស៊ី ធ្វើ​តាម​ច្បាប់ និង​ការពារ​អាយុជីវិត​របស់​លោក​ពី​គម្រោង​ធ្វើ​ឃាត​នានា ហើយ​លោក​ក៏​សូម​បញ្ជាក់​ប្រាប់​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​ថា ការ​ដក​លិខិត​ឆ្លងដែន​របស់​លោក ជា​ទង្វើ​ខុស​ច្បាប់​រដ្ឋធម្មនុញ្ញ​កម្ពុជា មាត្រា​៣៣ និង​ខុស​ច្បាប់​អន្តរជាតិ​ស្ដីពី​ការ​ការពារ ប្រឆាំង និង​ការ​ដកហូត​សញ្ជាតិ​តាម​អំពើ​ចិត្ត​មាត្រា​១៧។

កតិកាសញ្ញា​អន្តរជាតិ​ស្ដីពី​សិទ្ធិ​ពលរដ្ឋ និង​សិទ្ធិ​នយោបាយ (ICCPR) មាត្រា​១២ ធានា​នូវ​សេរីភាព​ក្នុង​ការ​ធ្វើ​ចលនា។

លោក​អះអាង​ថា ការ​ប្រឌិត​រឿង​ដើម្បី​ដាក់​លោក​ចូល Interpol គឺជា​អំពើ​ខុស​ច្បាប់។

លោក ហេង សិទ្ធី បាន​ចោទ​លោក ស សុខា រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក កើត រិទ្ធ រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ ពី​បទ «ពុករលួយ និង​ជាប់​ពាក់ព័ន្ធ​ក្នុង​ឧក្រិដ្ឋកម្ម​តាម​អ៊ីនធឺណិត»។ លោក​អះអាង​ថា លោក ស សុខា តែងតែ​ទទួល​សំណូក​ពី​ឧក្រិដ្ឋជន​ក្នុង​ពេល​បង្ក្រាប​ល្បែងស៊ីសង​ខុស​ច្បាប់ និង​ទទួល​សំណូក​ពី​ឧក្រិដ្ឋជន​ផ្តល់​កម្ចី​អនឡាញ​ខុស​ច្បាប់ រួម​ទាំង​ចេញ​មុខ​ការពារ​ក្រុម​ឧក្រិដ្ឋជន​ខុស​ច្បាប់​ផ្សេង​ទៀត​ដែល​កំពុង​ប្រព្រឹត្ត​នៅ​ក្នុង​ប្រទេស​កម្ពុជា​ផង​ដែរ។

លោក​បន្ត​ថា លោក ស សុខា ក៏​បាន​គាប​សង្កត់​អគ្គនាយកដ្ឋាន​ក្រោម​បង្គាប់​ទាំងអស់ ឱ្យ​រក​លុយ​ឱ្យ​ខ្លួន​រាល់​ពេល​បំពេញ​ភារកិច្ច​ថែម​ទៀត។

លោក ហេង សិទ្ធី ក៏​បាន​បង្ហោះ​ពាក្យបណ្ដឹង​ចុះ​ថ្ងៃទី​៣ ខែ​មករា ឆ្នាំ​២០២៤ របស់​ខ្លួន ដោយ​ទាមទារ​ឱ្យ​លោក កើត រិទ្ធ រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ បើក​ការ​ស៊ើបអង្កេត​លើ​លោក ហ៊ុន តូ ផង​ដែរ។

អតីត​អ្នកឧកញ៉ា​រូប​នេះ ក៏​បាន​ចោទប្រកាន់​មន្ត្រី​ជាន់ខ្ពស់​មួយ​ចំនួន​ទៀត​ផង​ដែរ ពី​បទ ពុករលួយ និង​ជាប់​ពាក់ព័ន្ធ​ក្នុង​ឧក្រិដ្ឋកម្ម​តាម​អ៊ីនធឺណិត។ លោក​បាន​ចោទ​ថា លោក គួច ចំរើន ដែល​បច្ចុប្បន្ន​ជា​អភិបាល​ខេត្ត​កណ្តាល មាន​លុយ​រាប់​រយ​លាន​ដុល្លារ​ជា​រូបិយប័ណ្ណ​គ្រីបតូ ក្នុង​ពេល​កាន់​តំណែង​ជា​អភិបាល​ខេត្ត​ព្រះសីហនុ (២០១៩-២០២៤)។ លើស​ពី​នេះ លោក​បាន​ចោទប្រកាន់​អ្នកឧកញ៉ា ហ៊ុន តូ ដែល​ជា​ក្មួយប្រុស​របស់​លោក ហ៊ុន សែន ថា​បាន​លួច​លុយ​ចំនួន ៩​លាន​ដុល្លារ​ពី​អ្នក​វិនិយោគ​ចិន ដើម្បី​សុំ​ការ​អនុម័ត​គម្រោង​ជីក​រ៉ែ។

បន្ថែម​លើ​នេះ លោក ហេង សិទ្ធី ក៏​បាន​ដាក់​ពាក្យបណ្ដឹង​ទៅ​កាន់​អង្គភាព​ប្រឆាំង​អំពើពុករលួយ ក្រសួង​មហាផ្ទៃ និង​ខុទ្ទកាល័យ​លោក ហ៊ុន ម៉ាណែត ដើម្បី​ឱ្យ​ស៊ើបអង្កេត​លើ​មន្ត្រី​ពាក់ព័ន្ធ ប៉ុន្តែ​គ្មាន​ការ​ស៊ើបអង្កេត​នោះ​ទេ៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស