34 C
Phnom Penh

លោក សុខ ទូច រិះគន់​រដ្ឋមន្ត្រី​ក្រសួង​បី​មិន​ជួយ​លើក​តម្លៃ​វប្បធម៌​និង​រក​ទីផ្សារ​ជូន​ពលរដ្ឋ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រធាន​រាជបណ្ឌិត្យសភា​កម្ពុជា បណ្ឌិត សុខ ទូច រិះគន់​រដ្ឋមន្ត្រី​ក្រសួង​ចំនួន​៣ ដែល​មិន​បាន​ជួយ​ជ្រោមជ្រែង​លើក​តម្លៃ​វប្បធម៌​ខ្មែរ​ឱ្យ​ទៅ​បរទេស​ស្គាល់​ទូលំទូលាយ និង​រក​ទីផ្សារ​ជូន​កសិករ​ខ្មែរ ខណៈ​ផលិតផល​មួយ​ចំនួន​ត្រូវ​បាន​យក​ទៅ​ចាក់​ចោល​ដោយសារ​គ្មាន​ទីផ្សារ។

ការ​រិះគន់​របស់​លោក សុខ ទូច ធ្វើឡើង​នៅ​ក្នុង​កិច្ចពិភាក្សា​តុមូល​មួយ​ស្ដីពី​ទេសចរណ៍​កម្ពុជា ក្នុង​បរិបទ​កូវីដ-១៩ កាលពី​ថ្ងៃ​សុក្រ ទី​២២ ខែ​មេសា។

បណ្ឌិត សុខ ទូច ថា​ក្រសួង​ចំនួន​៣ ដែល​ដើរ​តួនាទី​សំខាន់​ក្នុង​ការ​ធ្វើ​កិច្ចការ​ទាំងអស់​នេះ ក្នុង​នោះ​ក្រសួង​កសិកម្ម ក្រសួង​ពាណិជ្ជកម្ម និង​ក្រសួង​ទេសចរណ៍ ត្រូវ​ផ្សារភ្ជាប់​គ្នា​ដោយ​ក្រសួង​កសិកម្ម​ត្រូវ​ធ្វើ​កសិកម្ម​បម្រើ​សេវាកម្ម​ឱ្យ​ទេសចរ ត្រូវ​កែច្នៃ​ឱ្យ​ឧស្សាហកម្ម ធ្វើ​កសិកម្ម​ដើម្បី​ពាណិជ្ជកម្ម ដែល​ជា​ឆ្អឹងខ្នង​ដ៏​ធំ​រឹងមាំ ប៉ុន្តែ​បើសិនជា​ធ្វើ​កសិកម្ម​ដើម្បី​កសិកម្ម នោះ​កម្ពុជា​នឹង​គ្មាន​ទីផ្សារ ដោយ​មិន​អាច​កែច្នៃ​ជា​ដំណាប់​ស្វាយ​សម្រាប់​នាំចេញ​ដោយ​ខ្លួនឯង​បាន​ឡើយ។

ក្នុង​កិច្ចពិភាក្សា​នោះ លោក សុខ ទូច ថា​បើសិនជា​ក្រសួង​ចង់​ផ្សព្វផ្សាយ​វប្បធម៌​ឱ្យ​បាន​ទូលំទូលាយ​នៅ​ពេល​ភ្ញៀវ​ទេសចរ​ចុះ​ដល់​ព្រមាន​យន្តហោះ​ភ្លាម ក្រសួង​ត្រូវ​រៀបចំ​របាំង​អប្សរា​មុន​ពេល​ពួកគេ​ទៅ​ដល់​សណ្ឋាគារ។ បន្ថែម​ពី​នេះ នៅពេល​ពួកគេ​មក​ដល់​សណ្ឋាគារ ក្រសួង​ទេសចរណ៍​ត្រូវ​រៀបចំ​បង្ហាញ​ពី​ផលិតផល​របស់​ខ្មែរ​ដល់​ភ្ញៀវ​បរទេស និង​មន្ត្រី​ទូត​ធំៗ ជាដើម។ លោក​បង្ហាញ​ការ​សោកស្ដាយ​ចំពោះ​មន្ត្រី​ដែល​កាន់​តួនាទី​នេះ អះអាង​គ្មាន​លទ្ធភាព​ក្នុង​ការ​ផ្សព្វផ្សាយ​វប្បធម៌​ខ្លួនឯង ទោះបីជា​ខ្មែរ​ជា​ម្ចាស់​មាន​វប្បធម៌​ល្អ​ដោយ​មិន​មាន​បរទេស​ណា​អាច​ធ្វើ និង​ត្រាប់​តាម ឬ​ចម្លង​បាន​ក៏ដោយ។

ក្រៅពី​បង្ហាញ​ពី​វប្បធម៌​ហើយ លោក សុខ ទូច ថា​ក្រសួង​ពាក់ព័ន្ធ​គួរតែ​បង្ហាញ​ផលិតផល​ខ្មែរ​ទៅ​កាន់​ភ្ញៀវ​បរទេស​ឱ្យ​បាន​ឃើញ និង​ដឹង ដោយ​ថា​សូម្បីតែ​ជីគ្រប់មុខ​របស់​ខ្មែរ​ក៏​អាច​ផលិត​ជា​ទឹក​ផ្លែឈើ​បាន ហើយ​ផ្លែស្វាយ​ក៏​អាច​ធ្វើជា​ដំណាប់ ផលិត​ជា​ស្រា និង​អាច​កែច្នៃ​បាន​ច្រើន​មុខ ប៉ុន្តែ​ផលិតផល​ទាំងអស់​នេះ​បែរជា​ត្រូវ​យក​ទៅ​ចាក់​ចោល​ដោយសារ​គ្មាន​ទីផ្សារ​ទៅវិញ។

លោក​បន្ត​ថា ក្រសួង​៣ ដែល​ដើរ​តួនាទី​សំខាន់​ក្នុង​ការ​ធ្វើ​កិច្ចការ​ទាំងអស់​នេះ ក្នុង​នោះ​ក្រសួង​កសិកម្ម ក្រសួង​ពាណិជ្ជកម្ម និង​ក្រសួង​ទេសចរណ៍ ត្រូវ​ផ្សារភ្ជាប់​គ្នា​ដោយ​ក្រសួង​កសិកម្ម​ត្រូវ​ធ្វើ​កសិកម្ម​បម្រើ​សេវាកម្ម​ឱ្យ​ទេសចរ ត្រូវ​កែច្នៃ​ឱ្យ​ឧស្សាហកម្ម ធ្វើ​កសិកម្ម​ដើម្បី​ពាណិជ្ជកម្ម ដែល​ជា​ឆ្អឹងខ្នង​ដ៏​ធំ​រឹងមាំ ប៉ុន្តែ​បើសិនជា​ធ្វើ​កសិកម្ម​ដើម្បី​កសិកម្ម នោះ​កម្ពុជា​នឹង​អត់​មាន​ទីផ្សារ​ដោយ​មិន​អាច​កែច្នៃ​ជា​ដំណាប់​ស្វាយ​សម្រាប់​នាំចេញ​ដោយ​ខ្លួនឯង​បាន​ឡើយ។

លោក​ក៏​ស្នើ​ទៅ​ក្រសួង​ពាណិជ្ជកម្ម ឱ្យ​ពិនិត្យ​មើល​ឡើងវិញ​ចំពោះ​ការ​នាំចេញ​ផ្លែឈើ​ទៅកាន់​ទីផ្សារ​ចិន ដោយ​លោក​ងឿងឆ្ងល់ និង​ដាក់​ជា​សំណួរ​ថា ហេតុ​អ្វី​កម្ពុជា​មិន​អាច​នាំ​តាង៉ែន ស្វាយ និង​ដំឡូង​ទៅ​ចិន​បាន​ដូច​ប្រទេស​ថៃ និង​វៀតណាម ទាំង​ដែល​កម្ពុជា​ជា​មិត្ត​ដែកថែប​របស់​ចិន​នោះ? ករណី​នេះ លោក​ថា​រដ្ឋមន្ត្រី​ពាក់ព័ន្ធ​ត្រូវ​ពិនិត្យ​មើល​ចំពោះ​រឿង​នេះ​ឡើងវិញ។

កាលពី​ថ្ងៃ​ទី​៤ ខែ​មេសា ឆ្នាំ​២០២២ រដ្ឋាភិបាល​បាន​ចេញ​សារ​លិខិត​មួយ​ដោយ​ជំរុញ​ទៅ​ក្រសួង​ពាណិជ្ជកម្ម និង​ក្រសួង​ពាក់ព័ន្ធ រួម​ទាំង​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​ត្រូវ​បន្ត​ផ្សព្វផ្សាយ​ឱ្យ​បាន​ទូលំទូលាយ​ពី​ផលិតផល​ខ្មែរ និង​ផ្តល់​ជំនាញ​នានា​ដល់​ផលិតករ​លើ​ដំណើរការ​ខ្សែ​សង្វាក់​ផលិតកម្ម ការ​ពង្រឹង​គុណភាព សុវត្ថិភាព​ផលិតផល ការ​កែច្នៃ និង​ការ​វេច​ខ្ចប់​ជាដើម ដើម្បី​ឆ្លើយតប​ទៅ​នឹង​ទីផ្សារ​ក្នុង​ប្រទេស និង​ក្រៅ​ប្រទេស។ លោក ហ៊ុន សែន ក៏​ជំរុញ​ឱ្យ​មាន​ការ​ជួយ​គាំទ្រ និង​ជួយ​លើក​កម្ពស់​ផលិតផល​ក្នុង​ស្រុក​ផង​ដែរ។

ប៉ុន្តែ​សង្គម​ស៊ីវិល​ចាត់ទុក​សារ​អំពាវនាវ​របស់​លោក ហ៊ុន សែន ថា​មិន​អាច​ទៅ​រួច​នោះ​ទេ ប្រសិនបើ​រដ្ឋាភិបាល​ពុំ​មាន​យន្តការ និង​យុទ្ធសាស្ត្រ​ច្បាស់លាស់​ក្នុង​ការ​ជំរុញ​ឱ្យ​ក្រសួង​ពាក់ព័ន្ធ​ដោះស្រាយ​បញ្ហា​នេះ តាមរយៈ​ការ​ជជែក និង​ប្រមូល​ក្តី​កង្វល់​ពី​សំណាក់​អ្នក​ផលិត ឬ​កសិករ​យក​មក​ដោះស្រាយ​រួម​គ្នា និង​រក​ទីផ្សារ​ជូន​ពួកគេ។

យ៉ាងណា​ក៏ដោយ ការ​រិះគន់​របស់​បណ្ឌិត សុខ ទូច ធ្វើឡើង​ស្រប​ពេល​ដែល​មាន​អ្នក​ចម្ការ​ម្នាក់​នៅ​ខេត្ត​សៀមរាប បាន​សម្រេច​ចាក់​ផ្លែស្វាយ​ចំនួន ៣០​តោន​ចោល ដោយសារ​គ្មាន​ទីផ្សារ និង​គ្មាន​អ្នក​ទិញ​កាលពី​ពេល​ថ្មីៗ​នេះ។

បញ្ហា​ផ្លែស្វាយ​គ្មាន​ទីផ្សារ​មិនមែន​កើតឡើង​តែ​នៅ​ខេត្ត​សៀមរាប នោះ​ទេ គឺ​នៅ​ខេត្ត​បាត់ដំបង ខេត្ត​កណ្ដាល ក៏​ជួប​បញ្ហា​ស្រដៀង​គ្នា​ដែរ ដោយ​កសិករ​ខ្លះ​បាន​នាំគ្នា​កាប់​ដើម​ស្វាយ​ចោល ដោយសារ​ស្វាយ​ថោក​ក្នុង​មួយ​គីឡូក្រាម​តម្លៃ​មិន​ដល់ ១០០​រៀល ហើយ​គ្មាន​អ្នក​ទិញ​ថែម​ទៀត៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស