32 C
Phnom Penh

យុវជន​និង​សកម្មជន​ខក​ចិត្ត​ដែល​អាជ្ញាធរ​ហាម​មិន​ឱ្យ​ជិះ​កង់​រំឭក​ពី​វីរភាព​លោក ឈុត វុទ្ធី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យុវជន​ខ្មែរ​ថាវរៈ និង​សកម្មជន​បរិស្ថាន បង្ហាញ​ការ​ខកចិត្ត​ចំពោះ​អាជ្ញាធរ​រាជធានី​ភ្នំពេញ​ដែល​ហាមឃាត់​មិន​ឱ្យ​ពួកគាត់​ជិះ​កង់​ដើម្បី​ទាមទារ​យុត្តិធម៌ និង​បង្ហាញ​ពី​ការ​ចងចាំ​វីរភាព​របស់​លោក ឈុត វុទ្ធី ដែល​ជា​សកម្មជន​ព្រៃឈើ​កម្ពុជា​ដ៏​ល្បីល្បាញ​នៅ​ក្នុង​ថ្ងៃ​ខួប ១០​ឆ្នាំ​នៃ​ការ​បាញ់​សម្លាប់​នៅ​កណ្តាល​ព្រៃ​ក្នុង​ខេត្ត​កោះកុង។

ថ្ងៃ​ខួប ១០​ឆ្នាំ​នៃ​ការ​បាញ់​សម្លាប់​សកម្មជន​ព្រៃឈើ​កម្ពុជា លោក ឈុត វុទ្ធី នា​ថ្ងៃ​នេះ យុវជន​ខ្មែរ​ថាវរៈ រួម​ទាំង​សកម្មជន​បរិស្ថាន​បាន​នាំគ្នា​ធ្វើ​យុទ្ធនាការ​ជិះ​កង់​ដើម្បី​ទាមទារ​យុត្តិធម៌ និង​បង្ហាញ​ថា​ពួកគេ​នៅតែ​ចងចាំ​វីរភាព​របស់​លោក ឈុត វុទ្ធី ដែល​ជា​សកម្មជន​ព្រៃឈើ​កម្ពុជា​ដ៏​ល្បីល្បាញ។

ការ​ជិះ​កង់​ពី​វិមាន​ឯករាជ្យ និង​មាន​ការ​ដាក់​ផ្កា​នៅ​ទីនោះ ហើយ​បន្ត​ទៅ​ព្រះអង្គ​ដងទង់ ដោយ​មាន​ការ​កាន់​រូប​ថត​លោក ឈុត វុទ្ធី ភ្ជាប់​ជាមួយ​ផង​ដែរ ប៉ុន្តែ​យុទ្ធនាការ​របស់​ក្រុម​យុវជន​ខ្មែរ​ថាវរៈ និង​សកម្មជន​បរិស្ថាន ត្រូវ​បាន​ក្រុម​សន្តិសុខ​សាលា​រាជធានី​ភ្នំពេញ​ហាមឃាត់ ដោយ​មិន​ឱ្យ​ពួកគេ​ជិះ​កង់ និង​បាន​ដក​យក​កង់ រួម​ទាំង​ឃាត់​ម៉ូតូ ផាស់អាប់ (Passapp) ដែល​បាន​ដឹក​កង់​ឱ្យ​ពួកគេ​ថែម​ទៀត។

ក្រោយពី​មាន​ការ​ដក​យក​កង់​របស់​ពួកគេ​ហើយ ក្រុម​យុវជន​ក៏​បាន​នាំគ្នា​ដើរ​ដោយ​ថ្មើរជើង​កាន់​រូបថត​លោក ឈុត វុទ្ធី ប៉ុន្តែ​អាជ្ញាធរ​នៅតែ​មិន​ឱ្យ​ពួកគេ​ដើរ​ថ្មើរជើង​ទៀត។

សកម្មជន​បរិស្ថាន កញ្ញា ភួន កែវរស្មើ ចាត់ទុក​សកម្មភាព​របស់​ក្រុម​សន្តិសុខ​ដែល​ហាមឃាត់​មិន​ឱ្យ​ដើរ និង​រុញច្រាន​ពួកគេ ថា​ជា​ការ​គំរាមកំហែង និង​បំបិទ​សិទ្ធិ​សេរីភាព​របស់​ពលរដ្ឋ​ក្នុង​ការ​សម្ដែង​មតិ​ដែល​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ និង​ច្បាប់​អន្តរជាតិ។

ថ្ងៃ​ខួប ១០​ឆ្នាំ​នេះ ក្រុម​អង្គការ​សង្គម​ស៊ីវិល​ជិត ៣០​ស្ថាប័ន ក៏​បាន​នាំគ្នា​យក​ញត្តិ​ដាក់​ទៅ​រដ្ឋាភិបាល និង​ក្រសួង​ពាក់ព័ន្ធ​ផ្សេងៗ ដើម្បី​ឱ្យ​ស្ថាប័ន​ទាំងនោះ​ជំរុញ​ឱ្យ​មាន​ការ​បង្កើត​គណៈកម្មការ​ឯករាជ្យ​មួយ​ស៊ើបអង្កេត​ស្វែងរក​ការពិត ប្រកប​ដោយ​តម្លាភាព និង​យុត្តិធម៌ ពាក់ព័ន្ធ​នឹង​ករណី​បាញ់​សម្លាប់​សកម្មជន​ព្រៃឈើ​កម្ពុជា លោក ឈុត វុទ្ធី។

ក្នុង​ញត្តិ​របស់​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ទាំង ២៨​ស្ថាប័ន ពួកគេ​ស្នើ​ឲ្យ​ក្រសួង​មហាផ្ទៃ ក្រសួង​ការពារ​ជាតិ ក្រសួង​យុត្តិធម៌ រួម​ទាំង​រដ្ឋាភិបាល ត្រូវ​ធ្វើ​កិច្ចការ​នេះ​ឡើងវិញ។ ពួកគេ​សង្ឃឹម​ថា រដ្ឋាភិបាល និង​ស្ថាប័ន​ពាក់ព័ន្ធ បន្ត​ធ្វើ​ការ​ស៊ើបអង្កេត​ដោយ​ឯករាជ្យ​ឱ្យ​បាន​ឆាប់​រហ័ស និង​ដោយ​យកចិត្ត​ទុកដាក់​លើ​ករណី​បាញ់​សម្លាប់​សកម្មជន​ការពារ​ព្រៃឈើ និង​ធនធាន​ធម្មជាតិ លោក ឈុត វុទ្ធី។

ក្រៅពី​ដាក់​ញត្តិ​នោះ យុវជន​មួយ​ចំនួន​ដែល​គោរព​ស្រឡាញ់​លោក ឈុត វុទ្ធី ក៏​បាន​នាំគ្នា​តាំង​រូប​លោក​លើ Profile ហ្វេសប៊ុក​របស់​ពួកគេ (រូប Profile) ដើម្បី​បង្ហាញ​ពី​ការ​រម្លឹក​ខួប ១០​ឆ្នាំ​នៃ​ការ​បាញ់​សម្លាប់​លោក​នៅ​ថ្ងៃ​ទី​២៦ ខែ​មេសា ឆ្នាំ​២០២២ នេះ។ ចំណែក​វីដេអូ និង​រូបភាព​ផ្សេងៗ​អំពី​លោក ត្រូវ​បាន​ពួកគេ​ចែករំលែក​តៗ​គ្នា​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ផង​ដែរ។

ចំណែក​អ្នក​ខ្លះ​ទៀត​ក៏​បាន​តាំង​រូប​ដើម​របស់​លោក ឈុត វុទ្ធី ដោយ​គ្មាន​អក្សរ​ក្នុង​រូប​នោះ​ឡើយ រីឯ​អ្នក​ខ្លះ​ទៀត បាន​តាំង​រូបលោក​ដោយ​មាន​សរសេរ​អក្សរ​ថា «ខួប ១០​ឆ្នាំ​នៃ​មរណភាព​សកម្មជន​ការពារ​ព្រៃឈើ លោក ឈុត វុទ្ធី ដែល​ត្រូវ​បាន​ខ្មាន់កាំភ្លើង​បាញ់​សម្លាប់​កាលពី​ថ្ងៃ​ទី​២៦ ខែ​មេសា ឆ្នាំ​២០១២»។ ជាមួយ​គ្នា​នេះ ពួកគេ​ក៏​បាន​បញ្ចេញមតិ​របស់​ខ្លួន​ពាក់ព័ន្ធ​នឹង​ឃាតកម្ម​លើ​អ្នក​ការពារ​ព្រៃឈើ លោក ឈុត វុទ្ធី ដោយ​ចាត់ទុក​លោក​ជា​កុលបុត្រ និង​សកម្មជន​បរិស្ថាន​ខ្មែរ​ដ៏​ឆ្នើម​ម្នាក់។

ទោះបីជា​លោក​ត្រូវ​បាន​ខ្មាន់កាំភ្លើង​បាញ់​សម្លាប់​អស់​រយៈពេល ១០​ឆ្នាំ​មក​ហើយ​ក្ដី ប៉ុន្តែ​យុត្តិធម៌​សម្រាប់​រូបលោក និង​ក្រុម​គ្រួសារ​របស់​លោក ហាក់​នៅ​ឆ្ងាយ​ដូច​ជើងមេឃ។

មុន​ពេល​កើតហេតុ ប្រធាន​អង្គការ​ការពារ​ធនធាន​ធម្មជាតិ លោក ឈុត វុទ្ធី រួម​ទាំង​អ្នក​កាសែត​ពីរ​នាក់​ទៀត បាន​ចុះ​ទៅ​ថត​គំនរ​វល្លិ​រមៀត​នៅ​ក្នុង​បរិវេណ​ក្រុមហ៊ុន ធីមប៊ឺ​គ្រីន (Tiber Green) ដែល​ជា​ក្រុមហ៊ុន​របស់​លោក​ឧកញ៉ា ទ្រី ភាព ដែល​ជា​មនុស្ស​ស្និទ្ធ​នឹង​លោក ហ៊ុន សែន។

លោក ឈុត វុទ្ធី ត្រូវ​បាន​គេ​បាញ់​សម្លាប់​នៅ​លើ​រថយន្ត​របស់​លោក​កាលពី​ថ្ងៃ​ទី​២៦ ខែ​មេសា ឆ្នាំ​២០១២ នៅ​ស្រុក​ថ្មបាំង ខេត្ត​កោះកុង។ ករណី​ឃាតកម្ម​នេះ មន្ត្រី​កងរាជ​អាវុធហត្ថ​ម្នាក់​ឈ្មោះ អ៊ិន រតនា បាន​រង​នូវ​ការ​ចោទប្រកាន់​ថា​ជា​អ្នក​បាញ់​សម្លាប់​លោក ឈុត វុទ្ធី នៅ​លើ​រថយន្ត​របស់​លោក ក្នុង​ពេល​ដែល​មាន​ការ​ទាស់​ពាក្យ​សម្ដី​គ្នា​ជាមួយ​សន្តិសុខ​យាម​ឱ្យ​ក្រុមហ៊ុន ធីមប៊ឺ​គ្រីន (Timber Green)។

ទោះបីជា​យ៉ាងណា មន្ត្រី​ជាន់ខ្ពស់​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ អះអាង​ថា សំណុំរឿង​លោក ឈុត វុទ្ធី ត្រូវ​បាន​តុលាការ​បិទ​បញ្ចប់​ដោយ​មិន​ស៊ើបអង្កេត​ទៀត​ឡើយ ក្រោម​ហេតុផល​ថា សំណុំ​រឿង​នេះ​សមត្ថកិច្ច​បាន​ចាប់​ជនល្មើស​ហើយ ហើយ​ជន​បង្ក​ហេតុ​ក៏​ស្លាប់​ជាមួយ​នឹង​ជនរងគ្រោះ។

កូនប្រុស​ច្បង​លោក ឈុត វុទ្ធី គឺ​លោក ឆឺយ ឧត្ដមរស្មី បាន​បង្ហោះ​សារ​នៅ​លើ​ហ្វេសប៊ុក​ដោយ​ដកស្រង់​ពី​ញត្តិ​របស់​អង្គការ​សង្គម​ស៊ីវិល​ថា រដ្ឋាភិបាល​សូម​បង្កើត​គណៈកម្មការ​ឯករាជ្យ​ដើម្បី​ធ្វើការ​ស៊ើបអង្កេត​ស្វែងរក​ការពិត​ឱ្យ​បាន​ឆាប់​រហ័ស ប្រកប​ដោយ​តម្លាភាព និង​យុត្តិធម៌។ រីឯ​ក្រសួង​យុត្តិធម៌ សូម​បន្ត​ជំរុញ​ឱ្យ​ស្ថាប័ន​អយ្យការ​ធ្វើការ​ស៊ើបអង្កេត​ដោយ​ឯករាជ្យ​លើ​ករណី​នេះ ដើម្បី​ឈាន​ទៅ​រក​ការ​កំណត់​អ្នក​បញ្ជា និង​អ្នក​ពាក់ព័ន្ធ​ឱ្យ​មក​ទទួល​ខុសត្រូវ​ទៅ​តាម​ផ្លូវច្បាប់។

តែ​យ៉ាងណា​ក៏ដោយ ក្រុម​អង្គការ​សង្គម​ស៊ីវិល​នៅតែ​ទាមទារ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​បន្ត​ស៊ើបអង្កេត និង​ស្រាវជ្រាវ​រក​ជនល្មើស ដោយ​ថា​បើ​ពិនិត្យ​លើ​អង្គហេតុ​ដែល​កើតមាន​ឡើង​នោះ នៅតែ​មិន​អាច​ជឿ​ទុកចិត្ត​បាន និង​នៅ​មាន​ភាព​ខ្វះ​ចន្លោះ​ជាច្រើន​ចំណុច​ក្នុង​រឿង​ក្តី​មួយ​នេះ៕

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស