37.6 C
Phnom Penh

សហជីព​ក្រុមហ៊ុន​ណាហ្គា​វើលដ៍​អំពាវនាវ​រក​ជំនួយ​ពី​សាធារណជន​ជួយ​ដល់​ក្រុម​កូដករ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​ឲ្យ​បុគ្គលិក​កម្មករ​ខ្មែរ​នៃ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ (NAGA World) បាន​អំពាវនាវ​ស្វែងរក​ជំនួយ​ពី​សាធារណជន សប្បុរសជន​ជាតិ និង​អន្តរជាតិ ព្រមទាំង​ស្ថាប័ន​សប្បុរសធម៌​នានា ឲ្យ​ជួយ​ចូលរួម​ឧបត្ថម្ភ​ជា​ស្បៀងអាហារ ឬ​ថវិកា និង​សម្ភារៈ​ផ្សេងៗ​ដល់​ក្រុម​កូដករ​ដែល​កំពុង​ប្រឈម​នឹង​ការ​ខ្វះខាត​សព្វថ្ងៃ​នេះ។

សហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​បុគ្គលិក​កម្មករ​ខ្មែរ​នៃ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ បាន​ចេញ​សេចក្តី​ប្រកាស​ស្វែងរក​ជំនួយ​សប្បុរសធម៌​កាលពី​ថ្ងៃ​ទី​២៧ ខែ​មេសា ឆ្នាំ​២០២២ ថា ដើម្បី​ការពារ​សេរីភាព​សហជីព សិទ្ធិ​ការងារ និង​យុត្តិធម៌​សង្គម កម្មករ​និយោជិត​ទាំងអស់​ដែល​ភាគច្រើន​ជា​ស្ត្រី សុខចិត្ត​ប្រឈម​នឹង​ជីវភាព​រស់នៅ​ដែល​លំបាក​គ្មាន​ប្រាក់ចំណូល ខណៈ​ការ​ចំណាយ​លើ​ជីវភាព​ប្រចាំ​ថ្ងៃ​នៅ​ជា​បន្ទុក​ធ្ងន់ធ្ងរ​ដដែល។

ប្រភព​ដដែល​អះអាង​ថា ទោះបីជា​មាន​ការ​ដោះលែង​ថ្នាក់​ដឹកនាំ និង​សកម្មជន​សហជីព​ឱ្យ​នៅ​ក្រៅ​ឃុំ​ជា​បណ្ដោះអាសន្ន​កាល​ពី​ពេល​កន្លងទៅ​ក្តី ប៉ុន្តែ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍​មិន​មាន​ចេតនា​ដោះស្រាយ​បញ្ហា​ដែល​ខ្លួន​បាន​បង្ក​ឡើង​ជាមួយ​បុគ្គលិក​នោះ​ឡើយ ហើយ​តែងតែ​បដិសេធ​រាល់​សំណើ​របស់​កម្មករ​និយោជិត​គ្រប់​លក្ខខណ្ឌ​ទាំងអស់ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​កម្មករ​និយោជិត​ទាំងនេះ​បាត់បង់​ប្រាក់​ចំណូល​រហូត​ដល់​សព្វថ្ងៃ​នេះ។

សហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​នេះ បញ្ជាក់​ថា កម្មករ​និយោជិត​ដែល​ជា​សមាជិក​សហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​បុគ្គលិក​កម្មករ​ខ្មែរ ដែល​ភាគច្រើន​ជា​ស្ត្រី បាន​តស៊ូ​មតិ​ដើម្បី​សិទ្ធិ​សេរីភាព​សហជីព និង​សិទ្ធិ​ការងារ​របស់​ខ្លួន​អស់​រយៈពេល​ជាច្រើន​ខែ​មក​ហើយ ក្នុង​នោះ​ក៏​មាន​ការ​ចាប់​ឃុំ​ខ្លួន​ពី​សំណាក់​អាជ្ញាធរ​កម្ពុជា​ថែមទៀត ប៉ុន្តែ​ពួកគាត់​នៅតែ​មិន​អាច​ទទួល​បាន​នូវ​ដំណោះស្រាយ​សមរម្យ​ណា​មួយ​ពី​ក្រុមហ៊ុន​ណាហ្គា​វើលដ៍​នេះ​ឡើយ។

ការ​ប្រកាស​ស្វែងរក​ជំនួយ​សប្បុរសធម៌​នេះ ធ្វើឡើង​បន្ទាប់ពី​កម្មករ​និយោជិត​នៃ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ កំពុង​ជួប​បញ្ហា​សេដ្ឋកិច្ច​ក្នុង​គ្រួសារ​ធ្ងន់ធ្ងរ ស្រប​ពេល​ដែល​ក្រុមហ៊ុន​ណាហ្គា​វើលដ៍​នៅតែ​មិន​ផ្តល់​ដំណោះស្រាយ​សមរម្យ​ណា​មួយ​ដល់​ពួកគេ។

កាលពី​ថ្ងៃ​ទី​១៨ ខែ​ធ្នូ ឆ្នាំ​២០២១ បុគ្គលិក​ក្រុមហ៊ុន​បន​ល្បែង​ណាហ្គា​វើលដ៍ (Naga World) ជាង ១​ពាន់​នាក់ បាន​ប្រមូល​ផ្តុំ​គ្នា​ធ្វើ​កូដកម្ម​ដោយ​សន្តិវិធី​នៅ​សួនច្បារ​ខាង​មុខ​អគារ​ក្រុមហ៊ុន ដើម្បី​ទាមទារ​ឲ្យ​ថៅកែ​ក្រុមហ៊ុន​ទទួល​យក​ថ្នាក់ដឹកនាំ​សហជីព និង​បុគ្គលិក ៣៦៥​នាក់ ដែល​ក្រុមហ៊ុន​បាន​បញ្ឈប់​ពី​ការងារ​កន្លងមក​ឱ្យ​ចូល​ធ្វើការ​វិញ។

យ៉ាងណា​ក៏ដោយ ក្រោយ​កម្មករ​និយោជិត​ទាំងនោះ​ប្រមូលផ្ដុំ​គ្នា​តវ៉ា​ជាមួយ​ក្រុមហ៊ុន ស្ថាប័ន​មាន​សមត្ថកិច្ច ដូចជា​តុលាការ ក្រសួង​ការងារ ព្រមទាំង​អាជ្ញាធរ ជាដើម គឺ​ពួកគេ​បាន​រង​ចោទប្រកាន់​ថា​ជា​ការ​ធ្វើ​បាតុកម្ម​ដោយ​ខុសច្បាប់ ក្នុង​នោះ​អាជ្ញាធរ​បាន​ប្រើ​ហិង្សា​បង្ក្រាប ដោយ​ការ​ចាប់​ឃុំ​ខ្លួន​កម្មករ និង​ថ្នាក់​ដឹកនាំ​សហជីព ដោយ​ចោទប្រកាន់​ពី​បទ​ញុះញង់​ឲ្យ​មាន​ផែនការ​ធ្វើ​បដិវត្តន៍​ពណ៌​ជាដើម។

គិត​ត្រឹម​ថ្ងៃ​ទី​២៨ ខែ​មេសា ឆ្នាំ​២០២២ នេះ មាន​រយៈពេល​ជាង ៤​ខែ​ហើយ ដែល​កម្មករ​និយោជិត​នៃ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ បាន​ទាមទារ​ឲ្យ​ក្រុមហ៊ុន​ផ្តល់​ដំណោះស្រាយ​ជូន​ពួកគេ​ចំពោះ​បុគ្គលិក​ដែល​ក្រុមហ៊ុន​បាន​បញ្ឈប់​ផ្ទុយ​ពី​ច្បាប់​ការងារ​កន្លងមក ប៉ុន្តែ​ក្រុមហ៊ុន​នៅតែ​បដិសេធ​ចរចា​ជាមួយ​ក្រុម​កូដករ​ទាំងនោះ​រហូត។

ជុំវិញ​បញ្ហា​នេះ អង្គការ​សមាគម​ដែល​ធ្វើការ​លើ​វិស័យ​សិទ្ធិមនុស្ស ដូចជា​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា (CCHR) សមាគម​ការពារ​សិទ្ធិមនុស្ស និង​អភិវឌ្ឍន៍​នៅ​កម្ពុជា (អាដហុក) និង​មជ្ឈមណ្ឌល​សាមគ្គីភាព ព្រមទាំង​អង្គការ​សង់ត្រាល់ ជាដើម បាន​ចេញ​ផ្សាយ​របាយការណ៍​រួម​គ្នា​នៅ​ថ្ងៃ​ទី​២៨ ខែ​មេសា ឆ្នាំ​២០២២ ស្ដីពី​ការ​ឃ្លាំមើល​សេរីភាព​មូលដ្ឋាន​នៅ​កម្ពុជា ថា​រដ្ឋាភិបាល​កម្ពុជា​កំពុង​ប្រើប្រាស់​ច្បាប់​មួយ​ចំនួន​ដែល​ខ្លួន​បាន​តាក់តែង​ឡើង ដើម្បី​កាត់បន្ថយ​លំហ​សេរីភាព​ពលរដ្ឋ និង​រឹតត្បិត​ការ​អនុវត្ត​សេរីភាព​មូលដ្ឋាន ជាជាង​ការ​ការពារ​សិទ្ធិ​ពលរដ្ឋ​ដូច​ដែល​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ។

អង្គការ​សង្គម​ស៊ីវិល​ទាំងនោះ​បញ្ជាក់​ថា ការ​វិវឌ្ឍ​សំខាន់ៗ​មួយ​ចំនួន​នៃ​ការ​រឹតត្បិត​សេរីភាព​ពី​សំណាក់​រដ្ឋាភិបាល​កម្ពុជា​សព្វថ្ងៃ​នេះ រួម​មាន​ការ​តាក់តែង​ឯកសារ​គតិយុត្តិ​ថ្មីៗ​ដែល​អាច​ប៉ះពាល់​ដល់​លទ្ធភាព​របស់​ពលរដ្ឋ​ក្នុង​ការ​អនុវត្ត​សេរីភាព​មូលដ្ឋាន​របស់​ខ្លួន ការ​ព្យាយាម​ជាច្រើន​របស់​រដ្ឋាភិបាល​ក្នុង​ការ​ជ្រៀតជ្រែក​ដោយ​បំពាន​ជា​ញឹកញាប់​ទៅ​លើ​ការ​ជួប​ប្រជុំ​ជា​សាធារណៈ និង​ការ​បង្កើន​ការ​រឹតត្បិត​ទៅលើ​ការ​បញ្ចេញមតិ​តាម​ប្រព័ន្ធ​អនឡាញ ជាដើម៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស