33 C
Phnom Penh

លោក ស ខេង ណែនាំ​មន្ត្រី​ក្រោម​ឱវាទ​ដោះស្រាយ​សំណើ​នានា​ជូន​សមាជិក​បក្ស​នៅ​មូលដ្ឋាន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អនុប្រធាន​បក្ស​កាន់​អំណាច លោក ស ខេង ណែនាំ​ឱ្យ​មន្ត្រី​ក្រោម​ឱវាទ​របស់​លោក​ដោះស្រាយ​សំណូមពរ និង​សំណើ​នានា​ដល់​សមាជិក​គណបក្ស​របស់​ខ្លួន​នៅ​មូលដ្ឋាន ដែល​ជួប​បញ្ហា​នានា​ក្នុង​ជីវភាព​រស់នៅ និង​ផ្តល់​សេវា​សាធារណៈ​ដល់​ពលរដ្ឋ​ឱ្យ​បាន​ល្អ​ប្រសើរ។

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង បាន​លើកឡើង​ក្នុង​ពិធី​សម្ពោធ​អគារ​ទីស្នាក់ការ​គណបក្ស​កាន់​អំណាច​ស្ថិត​ក្នុង​ក្រុង​ព្រៃវែង ខេត្ត​ព្រៃវែង កាលពី​ថ្ងៃ​ទី​៣០ ខែ​មេសា ឆ្នាំ​២០២២ ថា ថ្នាក់​ដឹកនាំ ក្រុម​ការងារ និង​អាជ្ញាធរ​មូលដ្ឋាន ត្រូវតែ​រៀបចំ​វេទិកា​សាធារណៈ​ឱ្យ​បាន​ទៀងទាត់​ក្នុង​ការ​ដោះស្រាយ​បញ្ហា កង្វល់ និង​សំណូមពរ​នានា ដើម្បី​ឆ្លើយតប​ឱ្យ​បាន​ទាន់​ពេលវេលា​ទៅ​តាម​សេចក្ដី​ត្រូវការ​របស់​ពលរដ្ឋ។

លោក ស ខេង លើកឡើង​ថា ទីស្នាក់ការ​គណបក្ស​មិនមែន​ជា​កន្លែង​អង្គុយ​ស្រណុក​ស្រួល​របស់​មន្ត្រី​គណបក្ស​ប៉ុណ្ណោះ​ទេ តែ​ជា​កន្លែង​ផ្ដល់​សេវា​សាធារណៈ និង​រក​ដំណោះស្រាយ​តាម​សំណូមពរ និង​សំណើ​នានា​របស់​ប្រជាពលរដ្ឋ ជាពិសេស​សមាជិក​សមាជិកា​គណបក្ស​ដែល​ជួប​បញ្ហា​នានា​នៅ​មូលដ្ឋាន។

អនុប្រធាន​បក្ស​កាន់​អំណាច​រូប​នេះ​បញ្ជាក់​ថា គណបក្ស​កាន់​អំណាច​តែង​ប្រកាន់​គោលជំហរ​បម្រើ​ផល​ប្រយោជន៍​រួម មិន​ប្រកាន់​បក្សពួក​ដែល​ប្រាសចាក​ពី​ច្បាប់​រដ្ឋ និង​គោលការណ៍​គណបក្ស​ឡើយ។ លោក​សង្កត់​ធ្ងន់​ថា ការ​ដឹកនាំ និង​គ្រប់គ្រង​ត្រូវ​មាន​គោលការណ៍​មួយ​ដែល​ត្រូវ​គោរព​ដាច់ខាត​នោះ គឺជា​ច្បាប់។

ការ​អះអាង​នេះ ធ្វើឡើង​ស្រប​ពេល​ដែល​គេ​មើល​ឃើញ​ថា ការ​បម្រើ​សេវា​សាធារណ​នៅ​តាម​មូលដ្ឋាន​ដែល​កំពុង​គ្រប់គ្រង និង​ដឹកនាំ​ដោយ​បក្ស​កាន់​អំណាច ស្ថិត​ក្នុង​ភាព​រើសអើង​ដោយ​ការ​ប្រកាន់​និន្នាការ​នយោបាយ​ទូទាំង​ប្រទេស។

ប្រធាន​គណៈកម្មាធិការ​នាយក​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន បណ្ឌិត យ៉ង សាំងកុមារ បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​២ ឧសភា ថា ការ​បម្រើ​សេវា​សាធារណៈ​ពី​សំណាក់​មន្ត្រី​បក្ស​កាន់​អំណាច​នៅ​មូលដ្ឋាន ពិត​មែន​តែ​អាច​ធ្វើ​បាន​ខ្លះ ប៉ុន្តែ​នៅតែ​មាន​ការ​រើសអើង​និន្នាការ​នយោបាយ​នៅឡើយ។ ជាក់ស្តែង ភាព​យឺតយ៉ាវ និង​ការ​បង្ក​ភាព​ស្មុគស្មាញ​ចំពោះ​សេវា​សាធារណៈ នៅតែ​កើត​មាន​លើ​ពលរដ្ឋ​ដែល​គេ​ចោទ​ថា​មាន​និន្នាការ​នយោបាយ​ផ្សេង​ដដែល។

បណ្ឌិត យ៉ង សាំងកុមារ រិះគន់​ថា ការ​រើសអើង​នយោបាយ​នេះ គឺ​ដោយសារតែ​មន្ត្រី​មូលដ្ឋាន​របស់​បក្ស​កាន់​អំណាច​ទាំងអស់ សុទ្ធសឹងតែ​ជា​មន្ត្រី​ជាប់​កាតព្វកិច្ច​បម្រើ​គណបក្ស។ ដូច្នេះ​ពួកគេ​ត្រូវតែ​អនុវត្ត​ទៅ​តាម​ផែនការ​របស់​គណបក្ស​ដែល​ជា​មូលហេតុ​ចម្បង​នាំ​ឱ្យ​រាំងស្ទះ​ក្នុង​ដំណើរការ​នៃ​ការ​អភិវឌ្ឍ​ជាតិ ក្នុង​នោះ​មន្ត្រី​ថ្នាក់​ឃុំ​មិន​ហ៊ាន​ធ្វើ​កិច្ចការ​ណា​ដែល​ប្រាសចាក​ពី​បន្ទាត់​នយោបាយ​ដែល​ដាក់​ចេញ​ដោយ​ថ្នាក់​ស្រុក និង​ថ្នាក់​ខេត្ត​របស់​បក្ស​កាន់​អំណាច​នោះ​ឡើយ។

លោក​បន្ថែម​ថា ត្រង់​ចំណុច​នេះ ក៏​អាច​បញ្ជាក់​បាន​ដែរ​ថា ពួកគេ​នៅតែ​ចាត់ទុក​ការងារ​គណបក្ស​របស់​ពួកគេ​មាន​សារសំខាន់​ជាង​ផលប្រយោជន៍​របស់​ពលរដ្ឋ​នៅ​មូលដ្ឋាន​ដដែល។

ប្រធាន​គណៈកម្មាធិការ​នាយក​រូប​នេះ​បញ្ជាក់​ថា នៅ​ពេល​ដែល​ក្រុម​របស់​លោក​ទទួល​បាន​ការ​គាំទ្រ​ពី​ពលរដ្ឋ​ដឹកនាំ​ឃុំ-សង្កាត់​ណា​មួយ​ក្នុង​ការ​បោះឆ្នោត​ខាងមុខ​នេះ គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន នឹង​បង្កើត​ឱ្យ​មាន​គណៈកម្មាធិការ​ឃ្លាំមើល​ដែល​មកពី​និន្នាការ​ផ្សេងៗ ដើម្បី​តាមដាន​ការងារ​របស់​មន្ត្រី​មូលដ្ឋាន​ដើម្បី​ឱ្យ​តម្លាភាព​សម្រាប់​ពលរដ្ឋ។ ជាង​នេះ​ទៀត មេភូមិ​ទាំងអស់​ក្នុង​ឃុំ-សង្កាត់​នោះ នឹង​ត្រូវ​បោះឆ្នោត​ជ្រើស​តាំង​ពី​ពលរដ្ឋ​ដើម្បី​ឱ្យ​មេភូមិ​ទាំងនោះ​ក្លាយ​ជា​តំណាង​របស់​ពលរដ្ឋ​ពិតប្រាកដ។

ក្រុម​អ្នក​សង្កេតការណ៍​លើកឡើង​ថា ការ​រើសអើង​និន្នាការ​នយោបាយ​នៅ​កម្ពុជា នៅតែ​បន្ត​កើត​មាន​គ្រប់​រូបភាព និង​គ្រប់​ទម្រង់​ទាំងអស់ ដូចជា​ការ​រើសអើង​ពលរដ្ឋ​ដែល​មាន​និន្នាការ​នយោបាយ​ផ្សេង តាមរយៈ​នៃ​ការ​មិន​បង្ក​លក្ខណៈ​ងាយស្រួល​ក្នុង​ការ​ផ្តល់​សេវា​សាធារណៈ​ជូន​ពួកគាត់ ការ​រើសអើង​លើ​អ្នក​សារព័ត៌មាន​ឯករាជ្យ អង្គការ​សង្គម​ស៊ីវិល សហជីព​ដែល​មិន​គាំទ្រ​ការ​ដឹកនាំ​មិន​ត្រឹមត្រូវ​របស់​រដ្ឋាភិបាល តាមរយៈ​នៃ​ការ​ចាប់​ខ្លួន​ដោយ​ប្រើ​ប្រព័ន្ធ​តុលាការ ជាដើម។

ប្រភព​ដដែល​បញ្ជាក់​ថា តួនាទី​របស់​មន្ត្រី​មូលដ្ឋាន និង​មន្ត្រី​រាជការ​របស់​រដ្ឋ​ទាំងអស់​ក្នុង​ការ​បម្រើ​ពលរដ្ឋ មិន​ត្រូវ​ភ្ជាប់​ជាមួយ​នឹង​និន្នាការ​បក្ស​នយោបាយ​ឡើយ គឺ​ត្រូវ​ផ្តល់​សេវាកម្ម និង​អនុវត្ត​តួនាទី​របស់​ខ្លួន​ឱ្យ​បាន​ត្រឹមត្រូវ ដោយ​ឯករាជភាព អព្យាក្រឹតភាព​ប៉ុណ្ណោះ ប៉ុន្តែ​បើ​ពួកគេ​ភ្ជាប់​ជាមួយ​នឹង​ការ​រើសអើង និន្នាការ​នយោបាយ​ក្នុង​តួនាទី​របស់​ពួកគេ នោះ​នឹង​នាំ​ឱ្យ​កើតមាន​នូវ​ជំងឺ​មហារីក​សង្គម​ដ៏​ធំ​មួយ​ដែល​នាំ​ឱ្យ​មាន​ការ​បែកបាក់​ជាតិ​ជាមិនខាន៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស