27 C
Phnom Penh

អ្នក​នាំពាក្យ​ក្រសួង​យុត្តិធម៌​បដិសេធ​សំណើ​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ភ្លើង​ទៀន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នក​នាំពាក្យ​ក្រសួង​យុត្តិធម៌​បដិសេធ​សំណើ​របស់​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ភ្លើង​ទៀន ដែល​បាន​ស្នើ​ទៅ​ក្រសួង​យុត្តិធម៌ ឱ្យ​ទម្លាក់​ចោល​បទ​ចោទ និង​ការ​ដោះលែង​សកម្មជន​គណបក្ស​ភ្លើង​ទៀន ឱ្យ​នៅ​ក្រៅ​ឃុំ ព្រមទាំង​ពន្យារ​នីតិវិធី​តុលាការ​កុំ​ឱ្យ​មាន​ការ​កោះហៅ​ក្នុង​អំឡុង​ពេល​រៀបចំ​ការ​បោះឆ្នោត​ឃុំ-សង្កាត់​នៅ​ខែ​មិថុនា ខាងមុខ​នេះ។

អ្នក​នាំពាក្យ​ក្រសួង​យុត្តិធម៌ លោក ជិន ម៉ាលីន បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​កាលពី​ថ្ងៃ​ទី​៣ ឧសភា ថា តាម​គោលការណ៍​ច្បាប់ ការ​ទម្លាក់​ចោល​បទ​ចោទ ឬ​ការ​ដោះលែង​ឱ្យ​នៅ​ក្រៅ​ឃុំ​ជា​សមត្ថកិច្ច​របស់​តុលាការ​ដែល​ជា​ស្ថាប័ន​ឯករាជ្យ ដោយ​ផ្អែកលើ​អង្គហេតុ និង​អង្គ​ច្បាប់។ ដោយឡែក​ក្រសួង​យុត្តិធម៌​ដែល​ជា​ស្ថាប័ន​នីតិប្រតិបត្តិ ពុំ​មាន​សមត្ថកិច្ច និង​សិទ្ធិ​អំណាច​ក្នុង​ការ​ជ្រៀតជ្រែក​កិច្ចការ​របស់​តុលាការ​នោះ​ទេ។

លោក​បន្ថែម​ថា មាន​តែ​ការ​ចូលរួម​នៅក្នុង​ដំណើរការ​នីតិវិធី​របស់​តុលាការ​ប៉ុណ្ណោះ​ដែល​ជា​មធ្យោបាយ​ខាង​ផ្លូវច្បាប់​តែ​មួយ​គត់ ក្នុង​ការ​ការពារ​ខ្លួន​តាមរយៈ​នៃ​ការ​ពឹងពាក់​មេធាវី​ដើម្បី​ជួយ​ការពារ​ក្តី​នៅ​ក្នុង​ដំណើរការ​នីតិវិធី​របស់​តុលាការ​នោះ។

លោក ជិន ម៉ាលីន អះអាង​ចំពោះ​ការ​ស្នើសុំ​ពន្យារ​នីតិវិធី​តុលាការ​លើ​សកម្មជន​គណបក្ស​ភ្លើង​ទៀន ដែល​កំពុង​ស្ថិត​ក្នុង​ចំណាត់ការ​របស់​តុលាការ ដោយ​កុំ​ឱ្យ​មាន​ការ​កោះហៅ​ក្នុង​អំឡុង​ពេល​រៀបចំ​ការ​បោះឆ្នោត​ឃុំ-សង្កាត់​ខាងមុខ​នេះ ក្រសួង​យុត្តិធម៌​ក៏​ពុំ​មាន​សមត្ថកិច្ច​ក្នុង​ការ​បង្គាប់​បញ្ជា​ទៅ​តុលាការ​ដូច​គ្នា​ដែរ។

អ្នក​នាំពាក្យ​រូប​នេះ​បញ្ជាក់​ថា ក្រសួង​យុត្តិធម៌​ពុំ​ដែល​ណែនាំ​ឱ្យ​មាន​ការ​ពន្យារ​នីតិវិធី​តុលាការ​នោះ​ទេ គឺ​មាន​តែ​ផ្តល់​គោលការណ៍​ណែនាំ​ឱ្យ​ពន្លឿន​ដំណើរការ​នីតិវិធី​សំណុំរឿង​ដោយ​ផ្អែក​ទៅ​លើ​ផ្លូវច្បាប់​ប៉ុណ្ណោះ ដើម្បី​ដោះស្រាយ​ការ​កកស្ទះ​សំណុំរឿង និង​ភាព​ចង្អៀត​ណែន​នៅ​តាម​ពន្ធនាគារ។

កាលពី​ថ្ងៃ​ទី​៣ ខែ​ឧសភា ឆ្នាំ​២០២២ អនុប្រធាន​គណបក្ស​ភ្លើង​ទៀន លោក សុន ឆ័យ បាន​ជួប​ជាមួយ​តំណាង​ក្រសួង​យុត្តិធម៌ ដើម្បី​ស្នើសុំ​ឱ្យ​ទម្លាក់​ចោល​បទ​ចោទ និង​ការ​ដោះលែង​សកម្មជន​គណបក្ស​ភ្លើង​ទៀន​ឱ្យ​នៅ​ក្រៅ​ឃុំ ព្រមទាំង​ពន្យារ​នីតិវិធី​តុលាការ​កុំ​ឱ្យ​មាន​ការ​កោះហៅ​ក្នុង​អំឡុង​ពេល​រៀបចំ​ការ​បោះឆ្នោត​ឃុំ-សង្កាត់​ខាងមុខ​នេះ ប៉ុន្តែ​ការ​ស្នើសុំ​នេះ​ត្រូវ​ក្រសួង​យុត្តិធម៌​ទាត់​ចោល​ទាំងស្រុង។

ប៉ុន្តែ​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក មុត ចន្ថា បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​កាលពី​ថ្ងៃ​ទី​២ ឧសភា ថា បក្ស​ភ្លើង​ទៀន​អាច​នឹង​ត្រូវ​ប្រឈម​នឹង​ការ​រំលាយ ព្រោះ​ថា​មេដឹកនាំ​បច្ចុប្បន្ន​របស់​បក្ស​នេះ​សុទ្ធតែ​នៅ​ជាប់​បណ្តឹង​នៅ​តុលាការ ខណៈ​សមាជិក និង​សកម្មជន​នឹង​ត្រូវ​រង​ការ​ធ្វើ​ទុក្ខបុកម្នេញ​ឥត​ឈប់ឈរ​ពី​អាជ្ញាធរ​កម្ពុជា។

ចំណែក​អ្នក​នាំពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ ធ្លាប់​បាន​អះអាង​កាល​ថ្ងៃ​ទី​១៧ ខែ​មីនា ឆ្នាំ​២០២២ កន្លងទៅ​ថា សមត្ថកិច្ច​កំពុង​ប្រមូល​ភស្តុតាង​ជុំវិញ​ទំនាក់ទំនង​គណបក្ស​ភ្លើង​ទៀន​ជាមួយ​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ក្រៅ​ប្រទេស ដោយ​សង្ស័យ​ថា​អាច​រំលោភ​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ។

លោក ខៀវ សុភ័គ បញ្ជាក់​ថា ថ្នាក់ដឹកនាំ​គណបក្ស​ភ្លើង​ទៀន​ដឹង​ច្បាស់​អំពី​ខ្លឹមសារ​ច្បាប់ ដូច្នេះ​មិន​គួរ​មាន​ទំនាក់ទំនង​ជាមួយ​ទណ្ឌិត​នោះ​ទេ ដើម្បី​ជៀសវាង​ផលវិបាក​នៃ​ការ​រំលាយ​គណបក្ស​នា​ពេល​ខាងមុខ៕

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស