33 C
Phnom Penh

តំបន់​ព្រៃព្រះរការ​រង​ការ​កាប់​បំផ្លាញ​ព្រៃឈើ​យ៉ាង​អណាធិបតេយ្យ​ក្នុង​រយៈពេល​៧​ឆ្នាំ​ចុងក្រោយ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សហគមន៍​ព្រៃព្រះរការ អះអាង​ថា ក្នុង​រយៈពេល ៧​ឆ្នាំ​កន្លង​មក​នេះ ដើមឈើ​ធំៗ​នៅ​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃព្រះរការ ត្រូវ​បាន​កាប់​បំផ្លាញ​យ៉ាង​អណាធិបតេយ្យ​ចាប់តាំង​ពី​ក្រសួង​បរិស្ថាន ហាមឃាត់​មិន​ឲ្យ​ប្រជា​សហគមន៍​ចូលរួម​ការពារ​ព្រៃឈើ។

ប្រជា​សហគមន៍​ការពារ​ព្រៃព្រះរការ លោក ស៊ុត សាវន បាន​ថ្លែង​ថា ព្រៃព្រះរការ​ត្រូវ​បាន​កាប់​យ៉ាង​អណាធិបតេយ្យ​ចាប់តាំង​ពី​ក្រសួង​បរិស្ថាន ហាមឃាត់​មិន​ឲ្យ​សហគមន៍​ចូលរួម​ការពារ​ព្រៃឈើ​ចាប់​តាំង​ឆ្នាំ​២០១៩ កន្លងមក។

លោក​សម្ដែង​ការ​សោកស្ដាយ​ដែល​ក្រសួង​មិន​អនុញ្ញាត​ឲ្យ​ប្រជា​សហគមន៍ បាន​រួម​ចំណែក​ការពារ​នូវ​ទ្រព្យសម្បត្តិ​ជាតិ បែរជា​បណ្ដោយ​ឲ្យ​ក្រុម​ឈ្មួញ​ជាច្រើន​នាំគ្នា​សម្រុក​ចូល​ក្នុង​ព្រៃ ដើម្បី​កាប់​ឈើ​យ៉ាង​អណាធិបតេយ្យ​ទៅវិញ។

ចំណែកឯ​អ្នកស្រី ជួន ឃឹម ប្រជា​សហគមន៍​រស់នៅ​ភូមិ​ម្លូព្រៃ ឃុំ​ម្លូព្រៃ ស្រុក​ឆែប ខេត្ត​ព្រះវិហារ បាន​ថ្លែង​ថា សព្វថ្ងៃ​ប្រជាពលរដ្ឋ​ពឹង​អាស្រ័យ​ទៅ​លើ​ការ​ដង​ជ័រទឹក និង​ដើរ​រក​អនុផល​ផ្សេងៗ​ដែល​មាន​នៅ​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃព្រះរការ។ ក្នុង​មួយ​រដូវ ពលរដ្ឋ​អាច​រក​ចំណូល​បាន​ចាប់ពី ២​លាន​រៀល​ទៅ ៤​លាន​រៀល។

អ្នកស្រី​បាន​បន្ត​ទៀត​ថា បើសិនជា​ការពារ​ព្រៃឈើ​នៅ​ក្នុង​តំបន់​នេះ​មិន​បាន​ទេ ប្រជាពលរដ្ឋ​ទាំងនោះ​នឹង​បង្ខំ​ចិត្ត​នាំគ្នា​ចំណាកស្រុក ដើម្បី​ស្វែងរក​ថវិកា​ផ្គត់ផ្គង់​គ្រួសារ។ អ្នកស្រី​អំពាវនាវ​ទៅ​ដល់​មន្ត្រី​បើក​ចិត្ត​ឲ្យ​ទូលាយ ធ្វើ​យ៉ាង​ណា​ឲ្យ​ប្រជាពលរដ្ឋ​សហគមន៍​មាន​សិទ្ធិ​ចូលរួម​ការពារ​ព្រៃឈើ។

តាម​ការ​ស្រាវជ្រាវ​របស់​សកម្មជន​ការពារ​ព្រៃឈើ​បាន​រក​ឃើញ​ថា រយៈពេល ៣​ខែ​ចុងក្រោយ​នៅ​ចុង​ឆ្នាំ​២០២១ និង​ដើម​ឆ្នាំ​២០២២ នេះ ដើម​ច្បោះ​ជ័រ​ដែល​ផលិត​យក​ជ័រទឹក​នោះ ត្រូវ​បាន​កាប់​ជាង ៥​ពាន់​ដើម។ ដើមឈើ​គេ​កាប់​បំផ្លាញ​ទាំងនោះ​មាន ៨​ទីតាំង​ផ្សេងៗ​គ្នា ក្នុង​នោះ​រួម​មាន វាលខ្លុង យក្សពើត ដំបូកក្រហម វាលកើប អូរតាម៉ាក់ អូរដា អូរចាម៉ាស់ និង​ថ្មព្រះ ឋិត​នៅ​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃព្រះរការ នៃ​ស្រុក​ឆែប និង​ស្រុក​ត្បែងមានជ័យ។

យុវជន សកម្មជន និង​សហគមន៍​បាន​លើកឡើង​ដូចៗ​គ្នា​ថា មន្ត្រី​ឈរ​ជើង​នៅ​តំបន់​នោះ​ដែល​ជា​ឆ្មាំ​អភិរក្ស​របស់​ក្រសួង​បរិស្ថាន​មាន​ចំនួន ១៤​នាក់ ហាក់​មិន​អើពើ​ទៅ​លើ​ការ​ការពារ​នោះ​ទេ តែ​ពួកគេ​ថា​មន្ត្រី​ទាំងនោះ​កំពុងតែ​សហការ​គ្នា​ជាមួយ​ឈ្មួញ​ឲ្យ​មាន​ការ​កាប់​បំផ្លាញ​ព្រៃឈើ​នៅ​តំបន់​នោះ​ទៅវិញ។

តំបន់​ព្រៃព្រះរការ​ត្រូវ​បាន​ក្រសួង​បរិស្ថាន ដាក់​បញ្ចូល​ជា​ដែន​ជម្រក​សត្វព្រៃ​កាលពី​ឆ្នាំ​២០១៦។ ព្រៃ​អភិរក្ស​មួយ​នេះ​មាន​ទំហំ​ជាង ៩​ម៉ឺន​ហិកតារ (៩៦០០០​ហិកតារ) គ្របដណ្ដប់​លើ​ស្រុក​ចំនួន​បី គឺ​ស្រុក​ជាំក្សាន្ត ស្រុក​ត្បែងមានជ័យ និង​ស្រុក​ឆែប ក្នុង​ខេត្ត​ព្រះវិហារ។

សារព័ត៌មាន The Cambodia Daily មិន​អាច​ទាក់ទង​លោក នេត្រ ភក្ដ្រា រដ្ឋលេខាធិការ និង​ជា​អ្នក​នាំពាក្យ​ក្រសួង​បរិស្ថាន ដើម្បី​ធ្វើការ​អត្ថាធិប្បាយ​បាន​ទេ​នៅ​ថ្ងៃ​ទី​១១ ឧសភា នេះ។ ប៉ុន្តែ​លោក​បាន​ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​កន្លងមក​ថា ក្រសួង​ស្វាគមន៍ និង​បើក​ការ​ស៊ើបអង្កេត ប្រសិនបើ​មាន​ភស្តុតាង​ច្បាស់លាស់​បង្ហាញ​ថា មន្ត្រី​របស់​ក្រសួង​បរិស្ថាន​ប្រព្រឹត្ត​អំពើពុករលួយ។

កាលពី​ខែ​មករា ឆ្នាំ​២០២២ អង្គការ​លើកលែង​ទោស​អន្តរជាតិ (Amnesty International) បាន​ចេញ​របាយការណ៍​ថ្មី​ក្រោម​ចំណងជើង​ថា «ការ​កាប់​ឈើ​ខុសច្បាប់​ធ្វើ​ឱ្យ​អន្តរាយ​ដល់​សិទ្ធិ និង​វប្បធម៌​របស់​ជនជាតិ​ដើម​ភាគតិច» បាន​រក​ឃើញ​ថា នៅ​ក្នុង​ឆ្នាំ​២០២១ ព្រៃឈើ​ប្រមាណ​ជាង ៦​ពាន់​ហិកតារ (៦២៧១​ហិកតារ) ត្រូវ​បាន​កាប់​បំផ្លាញ​នៅ​ក្នុង​ដែន​ជម្រក​សត្វព្រៃ​ចំនួន​ពីរ គឺ​ដែន​ជម្រក​សត្វ​ព្រៃឡង់ និង​ព្រៃព្រះរការ។

នៅ​ក្នុង​របាយការណ៍​នោះ ថែមទាំង​ចោទប្រកាន់​ចំៗ​ទៅ​លើ​អាជ្ញាធរ​ពាក់ព័ន្ធ និង​ជាពិសេស​មន្ត្រី​ក្រសួង​បរិស្ថាន ថា​មិន​បាន​អើពើ​នឹង​ការ​រាយការណ៍​បទល្មើស​ពី​ប្រជាពលរដ្ឋ និង​ថា​ពេល​ខ្លះ មន្ត្រី​ក្រសួង​បរិស្ថាន​ទាំងនោះ​បាន​ចុះ​ទៅ​ស៊ើបអង្កេត ប៉ុន្តែ​គ្រាន់តែ​ស៊ើបអង្កេត​ដើម្បី​ទទួល​លុយ​ក្រោម​តុ​ពី​ជនល្មើស​តែប៉ុណ្ណោះ៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស