ជនជាតិដើមភាគតិចចារ៉ាយ អះអាងថា ជំនួញឈើឆ្លងដែនខុសច្បាប់ឆ្លងកាត់ប៉ុស្តិ៍ព្រំដែនចំណុចលេខ៦០១ និងវរៈការពារព្រំដែនគោកលេខ៦២៣ ក្នុងស្រុកអូរយ៉ាដាវ ជាប់ព្រំដែនខេត្តយ៉ាឡាយ ប្រទេសវៀតណាម កំពុងកើតមានយ៉ាងសស្រាក់សស្រាំក្នុងរយៈពេលជាង ២សប្តាហ៍ចុងក្រោយនេះ ខណៈអាជ្ញាធរពាក់ព័ន្ធកំពុងមមាញឹកដើរឃោសនាអូសទាញទឹកចិត្តពលរដ្ឋមុនពេលបោះឆ្នោតឃុំ-សង្កាត់។
ជនជាតិដើមភាគតិចចារ៉ាយ រស់នៅស្រុកអូរយ៉ាដាវ លោក រចំ វើន បានប្រាប់សារព័ត៌មាន ឌឹ ខេមបូឌា ដេលី ថា ស្ទើរជារៀងរាល់ថ្ងៃមានម៉ូតូដឹកជញ្ជូនឈើយ៉ាងហោចណាស់ ៦០គ្រឿងឆ្លងដែនចូលប្រទេសវៀតណាម ឆ្លងកាត់ប៉ុស្តិ៍ព្រំដែនលេខ៦០១ និងវរៈការពារព្រំដែនគោកលេខ៦២៣ ក្នុងស្រុកអូរយ៉ាដាវ ជាប់ព្រំដែនខេត្តយ៉ាឡាយ ប្រទេសវៀតណាម។
លោក រចំ វើន បានថ្លែងបន្តថា ឈើជ្រុងភាគច្រើនប្រភេទសុក្រំ មានមុខកាត់ចាប់ពី ២តឹកឡើងទៅប្រវែងជាងពីរម៉ែត្រ ត្រូវឈ្មួញដឹកជញ្ជូនចេញពីព្រៃអភិរក្សនៅពេលយប់ ឆ្ពោះទៅកាន់ប្រទេសវៀតណាម ក្នុងខេត្តយ៉ាឡាយ ដោយគ្មានការអនុវត្តច្បាប់។
លោកថា អាជ្ញាធរពាក់ព័ន្ធកំពុងមមាញឹកដើរឃោសនាអូសទាញទឹកចិត្តពលរដ្ឋមុនពេលបោះឆ្នោតឃុំ-សង្កាត់ ដោយពួកគាត់មិនចាប់អារម្មណ៍បង្ក្រាបបទល្មើសព្រៃឈើទាំងនេះទេ ព្រោះខ្លាចក្រែងប៉ះពាល់ផ្លូវចិត្តពលរដ្ឋ។
ប្រភពដដែលបន្ថែមថា ឈើដែលគេកំពុងនាំចេញតាមម៉ូតូមានប្រភពពីតំបន់ឧទ្យានជាតិវរជ័យខ្លះ មកពីព្រៃសហគមន៍ក្នុងស្រុកអូរយ៉ាដាវ ខ្លះ។ អ្នកភូមិបន្ថែមថា នគរបាល សមត្ថកិច្ច និងអាជ្ញាធរខេត្តរតនគិរី សុទ្ធសឹងតែទទួលព័ត៌មានពីសកម្មភាពដឹកជញ្ជូនឈើទាំងនេះ ប៉ុន្តែពួកគេមិនហ៊ានចេញមុខឈឺឆ្អាលនោះទេ ព្រោះខ្លាចបាត់បង់តំណែង ឬតួនាទី។
ឌឹ ខេមបូឌា ដេលី មិនទាន់អាចទាក់ទងអភិបាលខេត្តរតនគិរី លោក ញ៉ែម សំអឿន ដើម្បីធ្វើការបំភ្លឺបាននៅឡើយទេនៅថ្ងៃទី១៧ ឧសភា។ រីឯអ្នកនាំពាក្យគណៈកម្មការជាតិបង្ក្រាប និងទប់ស្កាត់បទល្មើសព្រៃឈើ លោក អេង ហ៊ី ក៏ពុំទាន់អាចសុំការអធិប្បាយបានដែរ។
រីឯមន្ត្រីសង្គមស៊ីវិលបារម្ភថា សកម្មភាពកាប់ និងដឹកជញ្ជូនឈើពីតំបន់ព្រៃអភិរក្សកម្ពុជាទៅកាន់ប្រទេសវៀតណាម នៅតែជាក្តីកង្វល់ខ្លាំងនាំឲ្យព្រៃអភិរក្សវិនាសហិនហោច។ ពួកគេអង្កេតឃើញថា ពលរដ្ឋនៅមូលដ្ឋានបានស្ដីបន្ទោសអាជ្ញាធរថា មិនអើពើបង្ក្រាបការដឹកជញ្ជូនឈើឆ្លងដែនទៅប្រទេសវៀតណាម ផ្ទុយនឹងបទបញ្ជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង ថ្លែងកាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២ ថា កម្ពុជាបានបាត់បង់ព្រៃឈើយ៉ាងគំហុកនាពេលបច្ចុប្បន្ន។ លោកថា កាលពីមុន កម្ពុជាសម្បូរព្រៃឈើហូរហៀរ មើលមេឃមើលថ្ងៃមិនឃើញ តែឥឡូវរកកន្លែងជ្រកបាំងថ្ងៃក៏មិនបានដែរ។
កាលពីកន្លងមក លោក ហ៊ុន សែន ប្រកាសក្ដែងៗដោយកាត់កខ្លួនឯង រួមទាំងបង្កើតគណៈកម្មការបង្ក្រាបបទល្មើសព្រៃឈើនៅប្រទេសកម្ពុជាឱ្យបានដាច់ខាតនោះ ត្រូវបរាជ័យ ក្នុងនោះព្រៃឈើនៅប្រទេសកម្ពុជាស្ទើរតែហិនហោចចាប់តាំងពីលោក ហ៊ុន សែន អះអាងថាការពាររហូតមកដល់ពេលបច្ចុប្បន្ននេះ។
នៅក្នុងវិស័យព្រៃឈើនេះ កម្ពុជាក៏បានបាត់បង់ការគាំទ្រពីទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់អភិវឌ្ឍន៍អន្តរជាតិ (USAID) នៅក្នុងការអនុវត្តគម្រោងព្រៃឡង់បៃតងនៅតំបន់ដែនជម្រកសត្វព្រៃព្រៃឡង់ ដែលមានរយៈពេល ៥ឆ្នាំចាប់ពីឆ្នាំ២០១៨ ដល់ឆ្នាំ២០២៣ ដោយមានទឹកប្រាក់ប្រមាណ ២១លានដុល្លារអាមេរិក៕