27.5 C
Phnom Penh

គណបក្ស​ខ្មែរ​តែ​មួយ​ថា​ធ្លាប់​រង​ភាព​អយុត្តិធម៌​ពី​ការ​ចោទប្រកាន់​របស់​លោក សម រង្ស៊ី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រធាន​គណបក្ស​ខ្មែរ​តែ​មួយ អះអាង​ថា ខ្លួន​បាន​ទទួល​រង​នូវ​ភាព​អយុត្តិធម៌​ធ្ងន់ធ្ងរ​ពី​អតីត​មេដឹកនាំ​បក្ស​ប្រឆាំង លោក សម រង្ស៊ី ដែល​ធ្លាប់​បាន​ចោទ​ខ្លួន​ថា​ជា​គណបក្ស​អាយ៉ង​របស់​គណបក្ស​កាន់​អំណាច ដោយសារតែ​ខ្លួន​បាន​ចូលរួម​ការ​បោះឆ្នោត​កាលពី​ឆ្នាំ​២០១៨ កន្លងទៅ ខណៈ​គណបក្ស​ភ្លើង​ទៀន បាន​ចូលរួម​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​អាណត្តិ​ទី​៥ ឆ្នាំ​២០២២ នេះ។

ប្រធាន​គណបក្ស​ខ្មែរ​តែ​មួយ លោក គុច លី បាន​ចេញ​លិខិត​ចំហ​មួយ​កាលពី​ថ្ងៃ​ទី​១៥ ខែ​ឧសភា ឆ្នាំ​២០២២ ថា លោក សម រង្ស៊ី ធ្លាប់​ចោទ​គណបក្ស​ដែល​បាន​ចូលរួម​ការ​បោះឆ្នោត​ជាតិ​កាលពី​ឆ្នាំ​២០១៨ ថា​ជា​គណបក្ស​អាយ៉ង​របស់​បក្ស​កាន់​អំណាច ដោយ​បង្កើត​ល្បិច​ទុច្ចរិត​ក្រោម​យុទ្ធនាការ​ដេក​ផ្ទះ​ឈ្នះ​ឯង និង​យុទ្ធនាការ​ម្រាម​៩ ជាដើម ដែល​ជា​ការ​លាប​ពណ៌​យ៉ាង​អយុត្តិធម៌​មក​លើ​គណបក្ស​របស់​ខ្លួន។

លោក គុច លី លើកឡើង​ថា នៅ​ពេល​នេះ គណបក្ស​ភ្លើង​ទៀន​ដែល​ជា​កម្មសិទ្ធិ​របស់​លោក សម រង្ស៊ី បាន​ចូលរួម​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​អាណត្តិ​ទី​៥ ឆ្នាំ​២០២២ ខាងមុខ​នេះ​ដែរ ដូច្នេះ​លោក​សុំ​សួរ​ទៅកាន់​លោក សម រង្ស៊ី ថា​តើ​លោក សម រង្ស៊ី ហ៊ាន​ប្រើ​យុទ្ធនាការ​ដេក​ផ្ទះ​ឈ្នះ​ឯង​ក្នុង​អំឡុង​ពេល​នៃ​ការ​បោះឆ្នោត​ឃុំ-សង្កាត់​ខាងមុខ​នេះ​ទៀត​ដែរ​ឬ​ទេ?

ជាង​នេះ​ទៀត តើ​លោក សម រង្ស៊ី ហ៊ាន​ប្រកាស​មិន​ទទួលស្គាល់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត ឬ គ.ជ.ប នៅ​មុន​ការ​បោះឆ្នោត​នេះ​ដែរ​ឬ​ទេ? ហើយ​បន្ទាប់ពី​ការ​បោះឆ្នោត តើ​លោក សម រង្ស៊ី ហ៊ាន​ប្រកាស​ថា គ.ជ.ប ជា​ចោរ​លួច​សន្លឹកឆ្នោត ឬ​ជា​ស្ថាប័ន​បម្រើ​ឱ្យ​បក្ស​កាន់​អំណាច​ដែរ​ឬ​ក៏​អត់?

ប្រធាន​គណបក្ស​ខ្មែរ​តែ​មួយ​រូប​នេះ​លើកឡើង​ថា នៅ​ពេល​នេះ​មាន​គណបក្ស​ចំនួន​១៧ បាន​ចូលរួម​ការ​បោះឆ្នោត​នា​ពេល​ខាងមុខ ក្នុង​នោះ​ក៏​មាន​គណបក្ស​ភ្លើង​ទៀន ដែល​ជា​គណបក្ស​របស់​លោក សម រង្ស៊ី ផង​ដែរ ដូច្នេះ​តើ​លោក សម រង្ស៊ី ហ៊ាន​ប្រកាស​ទេ​ថា គណបក្ស​ដែល​បាន​ចូលរួម​ការ​បោះឆ្នោត​ទាំងនេះ​មាន​គណបក្ស​ណា​ខ្លះ​ជា​គណបក្ស​អាយ៉ង​របស់​បក្ស​កាន់​អំណាច?

កាលពី​ថ្ងៃ​ទី​៤ ខែ​ឧសភា ឆ្នាំ​២០១៨ អតីត​មេដឹកនាំ​បក្ស​ប្រឆាំង លោក សម រង្ស៊ី បាន​ចេញ​វីដេអូ​ឃ្លីប​មួយ​ដែល​មាន​ប្រវែង​ជាង ៥​នាទី បាន​អំពាវនាវ​ឱ្យ​ពលរដ្ឋ​ធ្វើ​ពហិការ​កុំ​ចេញ​ទៅ​បោះឆ្នោត​នៅ​ខែ​កក្កដា ឆ្នាំ​២០១៨ ដោយ​លោក​អះអាង​ថា ការ​បោះឆ្នោត​នៅ​ពេល​នោះ គឺជា​ការ​បោះឆ្នោត​ក្លែងក្លាយ គ្មាន​ការ​ទទួលស្គាល់​ពី​អន្តរជាតិ ដោយសារតែ​គ្មាន​គណបក្ស​សង្គ្រោះ​ជាតិ​ចូលរួម។

ក្រៅពី​ការ​អំពាវនាវ​ឱ្យ​ពលរដ្ឋ​ធ្វើ​ពហិការ​កុំ​ចេញ​ទៅ​បោះឆ្នោត លោក សម រង្ស៊ី បាន​ចោទ​គណបក្ស​ដែល​ទើប​បង្កើត​ថ្មី និង​គណបក្ស​ដែល​បាន​ចូលរួម​ការ​បោះឆ្នោត​នៅ​ពេល​នោះ ថា​ជា​គណបក្ស​ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​លម្អ​ឆាក​នយោបាយ​ឱ្យ​បក្ស​កាន់​អំណាច ហើយ​ពួកគេ​នឹង​រលាយ​ខ្លួន​ទៅវិញ​ក្រោយ​ការ​បោះឆ្នោត​ទាំងអស់។

បន្ថែម​ពី​នេះ កាលពី​ថ្ងៃ​ទី​២៤ ខែ​ឧសភា ឆ្នាំ​២០១៨ លោក សម រង្ស៊ី ក៏​បាន​សរសេរ​លិខិត​មួយ​ច្បាប់​ថ្វាយ​ព្រះមហាក្សត្រ ព្រះបាទ​សម្ដេច ព្រះ​បរមនាថ នរោត្តម សីហមុនី ដោយ​ស្នើ​ឱ្យ​ព្រះអង្គ​ធ្វើ​អន្តរាគមន៍​ដើម្បី​កុំ​ឱ្យ​ប្រជាពលរដ្ឋ​ទៅ​បោះឆ្នោត ក្រោម​ហេតុផល​ថា ការ​បោះឆ្នោត​ដែល​គ្មាន​គណបក្ស​សង្គ្រោះ​ជាតិ​ចូលរួម គឺជា​ការ​បោះឆ្នោត​ក្លែងក្លាយ។

ជុំវិញ​ការ​ចោទ​ថា​លោក សម រង្ស៊ី នៅ​ពីក្រោយ​គណបក្ស​ភ្លើង​ទៀន​នេះ លោក សម រង្ស៊ី មិន​បាន​ចេញ​មុខ​បដិសេធ ឬ​បញ្ជាក់​ថា​លោក​ជា​អ្នក​បញ្ជា​ពី​ខាងក្រោយ ឬ​ក៏​អត់​នោះ​ឡើយ ប៉ុន្តែ​គណបក្ស​ភ្លើង​ទៀន​ធ្លាប់​បាន​អះអាង​កាលពី​ពេល​ថ្មីៗ​នេះ​ថា ការ​ចូលរួម​ការ​បោះឆ្នោត​របស់​ខ្លួន​នៅ​ឆ្នាំ​២០២២ ខាងមុខ​នេះ គឺ​ដើម្បី​ពង្រឹង​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​ឡើងវិញ។

សារព័ត៌មាន The Cambodia Daily មិនទាន់​អាច​ទាក់ទង​លោក សម រង្ស៊ី សុំ​ការ​បំភ្លឺ​ជុំវិញ​ការ​លើកឡើង​ខាងលើ​នេះ​បាន​នៅឡើយ​ទេ​រហូត​មក​ទល់​នឹង​ម៉ោង​ផ្សាយ​នេះ។

ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​អាណត្តិ​ទី​៥ ឆ្នាំ​២០២២ ខាងមុខ​នេះ មិន​មាន​គណបក្ស​សង្គ្រោះ​ជាតិ​ចូលរួម​នោះ​ទេ ប៉ុន្តែ​គណបក្ស​ភ្លើង​ទៀន​ដែល​ក្រុម​មន្ត្រី​ជាន់ខ្ពស់ និង​សកម្មជន​បក្ស​ប្រឆាំង​អះអាង​ថា​មាន​លោក សម រង្ស៊ី បញ្ជា​ពីក្រោយ កំពុង​ចូលរួម​ការ​បោះឆ្នោត​នេះ​ដែរ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស