27.4 C
Phnom Penh

សេចក្តី​ព្រាង​ស្ដីពី​ច្បាប់​ដក​សញ្ជាតិ បាន​ចូល​ដល់​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​ហើយ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អគ្គលេខាធិការដ្ឋាន​នៃ​រដ្ឋសភា អះអាង​ថា សេចក្តី​ព្រាង​ស្ដីពី​ច្បាប់​ដក​សញ្ជាតិ ត្រូវ​បាន​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា អនុម័ត​ប្រគល់​ឱ្យ​គណៈកម្មការ​ផ្សេងៗ​ពិនិត្យ​ហើយ​នៅ​ថ្ងៃ​ពុធ​នេះ។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​អគ្គលេខាធិការដ្ឋាន​នៃ​រដ្ឋសភា នៅ​ថ្ងៃទី​២៣ សីហា ឱ្យ​ដឹង​ថា គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា បាន​អនុម័ត​ប្រគល់​សេចក្តី​ព្រាង​ច្បាប់​ស្ដីពី​វិសោធនកម្ម​ច្បាប់​ស្ដីពី​សញ្ជាតិ ទៅ​គណៈកម្មការ​មហាផ្ទៃ ការពារ​ជាតិ មុខងារ​សាធារណៈ និង​កិច្ចការ​ព្រំដែន រួម​ទាំង​គណៈកម្មការ​នីតិកម្ម និង​យុត្តិធម៌ ពិនិត្យ​សិក្សា ហើយ​ធ្វើ​របាយការណ៍​ជូន​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​វិញ។

ការ​សម្រេច​នេះ ធ្វើឡើង​ក្រោយ​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​នៅ​ថ្ងៃទី​១៣ ខែ​សីហា នេះ។

សេចក្តី​ព្រាង​ច្បាប់​ស្ដីពី វិសោធនកម្ម​ច្បាប់​ស្ដីពី​សញ្ជាតិ ត្រូវ​បាន​រៀបចំ​ឡើង​បន្ទាប់ពី​ព្រះមហាក្សត្រ​ខ្មែរ បាន​ប្រកាស​ឱ្យ​ប្រើ​ច្បាប់​ធម្មនុញ្ញ​ស្ដីពី​វិសោធនកម្ម​មាត្រា​៣៣ កាលពី​ថ្ងៃទី​១៥ ខែ​កក្កដា កន្លង​ទៅ។

ច្បាប់​ធម្មនុញ្ញ​ស្ដីពី​វិសោធនកម្ម​មាត្រា​៣៣ ត្រូវ​បាន​រដ្ឋសភា អនុម័ត​កាលពី​ថ្ងៃទី​១១ ខែ​កក្កដា និង​ត្រូវ​បាន​ព្រឹទ្ធសភា ពិនិត្យ​ចប់​សព្វគ្រប់​នៅ​ថ្ងៃទី​១៤ ខែ​កក្កដា ឆ្នាំ​២០២៥។

ខ្លឹមសារ​ដើម​មាត្រា​៣៣ នៃ​រដ្ឋធម្មនុញ្ញ ចែង​ថា ពលរដ្ឋ​ខ្មែរ​មិន​អាច​ត្រូវ​បាន​ដក​សញ្ជាតិ និរទេស ឬ​ចាប់​បញ្ជូន​ខ្លួន​ទៅ​ឱ្យ​ប្រទេស​ក្រៅ​ណា​មួយ​ឡើយ លើកលែងតែ​មាន​កិច្ចព្រមព្រៀង​ជាមួយ​គ្នា​ទៅវិញ​ទៅមក។ ពលរដ្ឋ​ខ្មែរ​ដែល​កំពុង​រស់នៅ​ឯ​បរទេស ត្រូវ​បាន​រដ្ឋ​គាំពារ ហើយ​ការ​ទទួល​សញ្ជាតិ​ខ្មែរ ត្រូវ​កំណត់​ក្នុង​ច្បាប់។

ក្រោយពី​ការ​អនុម័ត​របស់​រដ្ឋសភា និង​ព្រឹទ្ធសភា ឃ្លា​ថ្មី​ដែល​ត្រូវ​បាន​ដាក់​បញ្ចូល​ក្នុង​មាត្រា​៣៣​ចាស់ បាន​កំណត់​ថា ការ​ទទួល​សញ្ជាតិ​ខ្មែរ និង​ការ​បាត់​សញ្ជាតិ​ខ្មែរ ដោយ​រួម​ទាំង​ការ​ដក​សញ្ជាតិ​ខ្មែរ ត្រូវ​កំណត់​ក្នុង​ច្បាប់។

ជុំវិញ​បញ្ហា​នេះ មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន ធ្លាប់​បាន​ព្រមាន​កាលពី​ថ្ងៃទី​១៤ ខែ​កក្កដា ឆ្នាំ​២០២៥ ថា មាន​ខ្មែរ​មួយ​ក្រុម​កំពុង​គប់គិត​គ្នា​ជាមួយ​ថៃ គ្រោង​បង្កើត​កម្លាំង​វាយប្រហារ​កម្ពុជា ដូច្នេះ​បុគ្គល​ទាំងនោះ​កំពុង​ប្រព្រឹត្ត​អំពើ​ក្បត់​ជាតិ ហើយ​ពួកគេ​ក៏​ជា​គោលដៅ​នៃ​ច្បាប់​ដក​សញ្ជាតិ​នេះ​ដែរ។

មេដឹកនាំ​បក្ស​កាន់​អំណាច​រូប​នេះ បញ្ជាក់​ថា គ្មាន​ពលរដ្ឋ​ខ្មែរ​ណា​ម្នាក់​ត្រូវ​បាន​ដក​សញ្ជាតិ​ទេ ប្រសិនបើ​ពួកគេ​មិន​បាន​ធ្វើ​អ្វី​មួយ​ដែល​ប្រឆាំង ឬ​ក្បត់​ផលប្រយោជន៍​ជាតិ ចំណែក​ពលរដ្ឋ​ខ្មែរ​មួយ​ចំនួន​ដែល​ខ្លាច​គេ​ដក​សញ្ជាតិ កុំ​តែ​ធ្វើ​អំពើ​ក្បត់​ជាតិ​ទៅ គឺ​បាន​ហើយ។

ជុំវិញ​បញ្ហា​នេះ មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក ហ៊ីង សុខសាន្ត បាន​លើកឡើង​កាលពី​ពេល​ថ្មីៗ​នេះ​ថា លោក​ឯកភាព​ឱ្យ​មាន​ច្បាប់​ដក​សញ្ជាតិ​ខ្មែរ​ពី​ជនជាតិ​ដទៃ​ដែល​ក្បត់​ជាតិ​ខ្មែរ ដើម្បី​ធានា​ការពារ​តម្លៃ​ជនជាតិ​ខ្មែរ និង​សញ្ជាតិ​ខ្មែរ ប៉ុន្តែ​លោក​មិន​ឯកភាព​នឹង​ការ​ធ្វើ​ច្បាប់​ដក​សញ្ជាតិ​ខ្មែរ​ពី​ជនជាតិ​ខ្មែរ​ឡើយ៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស