30 C
Phnom Penh

តុលាការ ICC បញ្ជូន​អ្នកជំនាញ​ស៊ើបអង្កេត​ករណី​ឧក្រិដ្ឋកម្ម​សង្គ្រាម​នៅ​អ៊ុយក្រែន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រដ្ឋអាជ្ញា​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ (ICC) លោក Karim Khan និយាយ​កាលពី​ថ្ងៃ​អង្គារ ទី​១៧ ឧសភា ថា លោក​បាន​បញ្ជូន​ក្រុម​អ្នក​ស៊ើប​អង្កេត​ជា​ក្រុម​ជំនាញ​ផ្នែក​នីតិបច្ចេកវិទ្យា និង​បុគ្គលិក​ជំនួយការ​ចំនួន ៤២​នាក់​ទៅកាន់​ប្រទេស​អ៊ុយក្រែន ដែល​ជា​ផ្នែក​មួយ​នៃ​ការ​ស៊ើបអង្កេត​លើ​ករណី​ឧក្រិដ្ឋកម្ម​សង្គ្រាម​ក្នុង​អំឡុង​ពេល​ដែល​រុស្ស៊ី​ឈ្លានពាន​អ៊ុយក្រែន។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន Associated Press។

ការ​បញ្ជូន​ក្រុម​ជំនាញ​ផ្នែក​ស៊ើបអង្កេត​បទល្មើស​ឧក្រិដ្ឋកម្ម​សង្គ្រាម​ទៅកាន់​ប្រទេស​អ៊ុយក្រែន ធ្វើឡើង​បន្ទាប់ពី​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ កាលពី​ពេល​ថ្មីៗ​នេះ​បាន​អនុម័ត​ជា​ផ្លូវការ ដោយ​សម្រេច​ផ្ដល់​សិទ្ធិ​ឱ្យ​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ (ICC) ចាត់ចែង​ការ​បញ្ជូន​អ្នកជំនាញ​ទៅ​ស៊ើបអង្កេត​ឧក្រិដ្ឋកម្ម​សង្គ្រាម​ដែល​ប្រព្រឹត្ត​ដោយ​កងទ័ព​រុស្ស៊ី​ទៅលើ​ជនស៊ីវិល​នៃ​ប្រទេស​អ៊ុយក្រែន។

នៅ​ក្នុង​កិច្ចប្រជុំ​នោះ ទោះ​ជា​មហាអំណាច​ចិន បាន​ជំទាស់​ក៏ដោយ ក៏​ក្រុមប្រឹក្សា​នៅតែ​រក​សំឡេង​បាន​គ្រប់គ្រាន់​ផ្ដល់​សិទ្ធិ​ឱ្យ ICC បើក​សំណុំរឿង​ក្ដី​កម្រិត​អន្តរជាតិ​ខ្ពស់​បំផុត​នេះ​ប្រឆាំង​របប​ទីក្រុង​មូស្គូ ដែល​ស្ថិត​នៅ​ក្រោម​ការ​ដឹកនាំ​របស់​បុរស​ខ្លាំង វ៉្លាឌីមៀរ ពូទីន (Vladimir Putin) ដែល​បញ្ជា​ទ័ព​រុស្ស៊ី​ឈ្លានពាន​ប្រទេស​អ៊ុយក្រែន។

តាម​ដំណឹង​មក​ថា ក្រុម​អ្នកជំនាញ​របស់ ICC នឹង​ត្រូវ​ទៅដល់​ទីតាំង​កប់​សព​រួម​នៅ​ក្រុង​បូចា ដែល​មាន​មនុស្ស​ជាង ៤០០​នាក់​ស្លាប់​ដោយ​ដៃ​ជាប់​ចំណង​ចង​មក​ក្រោយ និង​ការ​ស្លាប់​ដោយ​ការ​បាញ់​ចំ​ក្បាល។ បន្ថែម​លើស​នេះ​ទៀត ក្រុម​អ្នកជំនាញ​នឹង​ទៅកាន់​ទីក្រុង​ម៉ារីយូប៉ូល ដែល​នៅ​ទីនោះ​មាន​រណ្ដៅ​សព​រួម​ដ៏​ធំ​មួយ​មាន​មនុស្ស​ស្លាប់​ជាង ១០៨០​នាក់ ហើយ​មាន​ទាំង​កុមារ​ផង​ដែរ។ ក្រៅពី​នេះ នឹង​ពិនិត្យ​មើល​ភាព​ជាក់ស្ដែង​នៅ​ទីតាំង​ផ្សេងៗ​ទៀត ដូចជា​សាលារៀន មន្ទីរពេទ្យ ដែល​មាន​ជនស៊ីវិល​ស្លាប់​រាប់​រយ​នាក់​ដោយ​គ្រាប់​កាំជ្រួច​របស់​រុស្ស៊ី។

គេ​រំពឹង​ថា ក្រោយពី​ប្រមូល​ភស្តុតាង​បាន​រួចរាល់​ហើយ រដ្ឋអាជ្ញា​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ លោក Karim Khan នឹង​បញ្ជូន​សេចក្ដី​សន្និដ្ឋាន​ទៅកាន់​ប្រធាន​តុលាការ​នេះ ហើយ​ផ្ដើម​បើក​ការ​ជំនុំ​ជម្រះ​ក្ដី​ជា​សាធារណៈ​ប្រឆាំង​របប​លោក ពូទីន និង​កងទ័ព​រុស្ស៊ី ដែល​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​សង្គ្រាម​លើ​ប្រជាជន​អ៊ុយក្រែន។ លោក​ប្រធានាធិបតី ចូ បៃដិន ដែល​នាំ​មុខ​គេ​ហៅ​លោក ពូទីន ថា​ជា​ឧក្រិដ្ឋជន​សង្គ្រាម និង​ឧក្រិដ្ឋជន​ប្រល័យ​ពូជសាសន៍ សម្រេច​ឱ្យ​ក្រសួង​ការបរទេស​អាមេរិក ប្រកាស​ចាប់ផ្តើម​កម្មវិធី​ស្រាវជ្រាវ និង​វិភាគ​រក​ភស្តុតាង​នៃ​ឧក្រិដ្ឋកម្ម និង​អំពើ​ឃោរឃៅ​ដែល​ត្រូវ​បាន​ចោទប្រកាន់​ថា​ប្រព្រឹត្ត​ដោយ​កងទ័ព​រុស្ស៊ី នៅ​ក្នុង​សង្គ្រាម​អ៊ុយក្រែន ខណៈ​ទីក្រុង​វ៉ាស៊ីនតោន កំពុង​ព្យាយាម​រុញ​ទីក្រុង​មូស្គូ ឱ្យ​ទទួល​ខុសត្រូវ​ចំពោះ​សកម្មភាព​ឧក្រិដ្ឋ​របស់​ខ្លួន។

នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍ ក្រសួង​ការបរទេស​អាមេរិក​បាន​បញ្ជាក់​ថា ដំណើរការ​ស៊ើបអង្កេត​ករណី​ឧក្រិដ្ឋកម្ម​សង្គ្រាម​ប្រឆាំង​របប​លោក ពូទីន នឹង​រួម​បញ្ចូល​ឯកសារ​ស្រាវជ្រាវ ការ​ផ្ទៀងផ្ទាត់ និង​ការ​ផ្សព្វផ្សាយ​ពី​ប្រភព​នៃ​ភស្តុតាង​ជា​សាធារណៈ​អំពី​សកម្មភាព​របស់​កងទ័ព​រុស្ស៊ី នៅ​ទឹកដី​អ៊ុយក្រែន។ ក្រសួង​ការបរទេស​អាមេរិក​ពន្យល់​ថា កម្មវិធី​នេះ​នឹង​ត្រូវ​ចំណាយ​ថវិកា​ប្រមាណ ៦​លាន​ដុល្លារ ដោយ​រួម​បញ្ចូល​នូវ​ការ​វិភាគ និង​រក្សា​ទុក​ព័ត៌មាន រូបភាព​ផ្កាយរណប និង​ព័ត៌មាន​ដែល​ប្រមូល​បាន​ពី​បណ្ដាញ​សង្គម​ដើម្បី​យក​ទៅ​ដាក់​បង្ហាញ​នៅ​តុលាការ ICC។

អ្នក​នាំពាក្យ​វិមាន​ក្រឹមឡាំង លោក Dmitry Peskov បាន​និយាយ​ថា បណ្ដា​ប្រទេស​លោក​ខាងលិច ជាពិសេស​សហរដ្ឋ​អាមេរិក គឺជា​មេខ្លោង​ក្នុង​ការ​រុញ​ឱ្យ​មាន​ករណី​ថ្មីៗ​កើតឡើង​នៅ​លើ​ទឹកដី​អ៊ុយក្រែន ដែល​លោក​ចោទ​បក​វិញ​ថា ការ​ស្លាប់​ជនស៊ីវិល​ក្នុង​សង្គ្រាម​អ៊ុយក្រែន ក៏​ជា​ការ​រួម​ចំណែក​ផង​ដែរ​របស់​កងទ័ព​អ៊ុយក្រែន។

លោក Dmitry Peskov បាន​ហៅ​សហរដ្ឋ​អាមេរិក​ជា​អ្នក​ធ្វើ​ឱ្យ​សង្គ្រាម Hybrid War ឬ​សង្គ្រាម​កូន​កាត់​ផ្ទុះឡើង​ប្រឆាំង​នឹង​រុស្ស៊ី។ លោក​ថា អាមេរិក​បាន​ក្លាយ​ជា​រដ្ឋ​ដែល​ប្រកាន់​ជំហរ​ជា​សត្រូវ​ដ៏​ធំ​របស់​រុស្ស៊ី។ អ្នក​នាំពាក្យ​វិមាន​ក្រឹមឡាំង​រូប​នេះ​បាន​សង្កត់​ធ្ងន់​ថា សង្គ្រាម​កូនកាត់​នេះ​នាំ​ឱ្យ​អ៊ុយក្រែន​ក្លាយជា​សមរភូមិ​ខ្ចី​ដៃ​របស់​អាមេរិក និង​ពួក​បស្ចិម​ប្រទេស​អូស​អាវុធ​របស់​ពួកគេ​ឱ្យ​កងទ័ព​អ៊ុយក្រែន​ធ្វើ​សង្គ្រាម ដែល​ពុំ​អាច​រក​ទី​បញ្ចប់​ឃើញ​ឡើយ។

មិន​ត្រឹមតែ​ប៉ុណ្ណោះ លោក Dmitry Peskov ចោទ​ថា ប្រទេស​អង់គ្លេស ក៏​ជា​អ្នក​រុញ​ឱ្យ​សង្គ្រាម​កាន់តែ​ធ្ងន់ធ្ងរ​នៅ​លើ​ទឹកដី​អ៊ុយក្រែន ដែរ ព្រោះ​អង់គ្លេស​បញ្ជូន​ក្រុម​ហ្វឹកហ្វឺន​មក​ជួយ​កងទ័ព​អ៊ុយក្រែន។ លោក Peskov បាន​ហៅ​ប្រទេស​មហាអំណាច​ពីរ​នេះ​ថា​ជា​សត្រូវ​ដ៏​ធំ​របស់​រុស្ស៊ី។

តែ​សម្រាប់​សហភាព​អឺរ៉ុប ដែល​បាន​បញ្ជូន​មូលនិធិ​ច្រើន​លាន​ដុល្លារ​ជួយ​ដល់​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ (ICC) បាន​បង្ហាញ​ការ​សោកស្ដាយ និង​រន្ធត់​ចិត្ត​ដោយ​បាន​ឃើញ​នឹង​ភ្នែក​ជនស៊ីវិល​អ៊ុយក្រែន​ស្លាប់​ដោយ​គ្រាប់កាំភ្លើង​របស់​កងទ័ព​រុស្ស៊ី គឺជា​ការ​បាញ់​សម្លាប់​ដោយ​ចេតនា ហើយ​ថា​នេះ​ជា​ការ​រុញ​ឱ្យ​មាន​ការ​ចោទ​របប​ក្រុង​មូស្គូ ពាក់ព័ន្ធ​នឹង​ឧក្រិដ្ឋកម្ម​សង្គ្រាម។ ដោយ​មូលហេតុ​នេះ បាន​នាំ​ឱ្យ​សហភាព​អឺរ៉ុប ២៧​ប្រទេស​សន្យា​បន្ត​ជួយ​អាវុធ​ទៅ​ឱ្យ​អ៊ុយក្រែន គឺ​ជួយ​រហូត​រុស្ស៊ី​ចាញ់​សង្គ្រាម។

រដ្ឋមន្ត្រី​គោល​នយោបាយ​ការបរទេស​សហភាព​អឺរ៉ុប លោក Josep Borrell បាន​និយាយ​ថា សហភាព​អឺរ៉ុប​នឹង​ធ្វើ​យ៉ាង​ណា​ឱ្យ​អ៊ុយក្រែន​មាន​សព្វាវុធ​ប្រើ​ជា​បន្ត​រហូត បើ​រុស្ស៊ី​នៅ​បន្ត​សង្គ្រាម​នៅ​លើ​ទឹកដី​អ៊ុយក្រែន។ លោក Borrell បាន​ប្រាប់​អ្នកកាសែត​នៅក្នុង​ទីក្រុង​ប្រ៊ុចសែល ប្រទេស​បែលហ្ស៊ិក គឺ​នៅ​ក្រោយ​កិច្ចប្រជុំ​នៃ​ថ្នាក់​រដ្ឋមន្ត្រី​ការពារ​ជាតិ​នៃ​សហភាព​អឺរ៉ុប​ថា សហភាព​អឺរ៉ុប​នឹង​មិន​ឱ្យ​អ៊ុយក្រែន​អស់​សព្វាវុធ​ប្រើប្រាស់​ឡើយ។

មន្ត្រី​ការទូត​កំពូល​របស់​សហភាព​អឺរ៉ុប​រូប​នេះ​បន្ត​ថា ប្រសិនបើ​តួលេខ និង​សេចក្ដី​រាយការណ៍​នានា​ដែល​បង្ហាញ​ថា​កងទ័ព​រុស្ស៊ី​ស្លាប់​ដ៏​ច្រើន​មែន​នោះ ហើយ​ជា​ការពិត គឺ​មាន​ន័យ​ថា​កងទ័ព​រុស្ស៊ី​បាន​រង​ការ​បាត់បង់​ដ៏​ធំ​សម្បើម​នៅ​ក្នុង​ការ​ឈ្លានពាន​ទៅលើ​ប្រទេស​អ៊ុយក្រែន។

បើ​តាម​លោក Borrell ប្រសិនបើជា​ការពិត​ដែល​ថា​រុស្ស៊ី​បាន​បាត់បង់​កងទ័ព​របស់​ខ្លួន​ចំនួន ១៥% នៃ​កងទ័ព​ជិត ២០​ម៉ឺន​នាក់​លើក​ទៅ​ឈ្លានពាន​អ៊ុយក្រែន គឺជា​កំណត់ត្រា​ពិភពលោក​ដែល​ប្រទេស​មហាអំណាច​យោធា​ដ៏​ធំ​នេះ​បាត់បង់​អាយុជីវិត​កងទ័ព​ដ៏​សម្បើម​ពុំ​ធ្លាប់​មាន​ចាប់តាំងពី​សង្គ្រាម​លោក​លើក​ទី​២។

តែ​បើ​តាម​ក្រសួង​ការពារ​ជាតិ​អ៊ុយក្រែន រុស្ស៊ី​ស្លាប់​កងទ័ព​ដល់​ជិត ២៨០០០​នាក់ តែ​សម្រាប់​រដ្ឋមន្ត្រី​គោល​នយោបាយ​ការបរទេស​សហភាព​អឺរ៉ុប លោក Josep Borrell ប្រកាស​ថា ករណី​ឧក្រិដ្ឋកម្ម​សង្គ្រាម​ប្រព្រឹត្ត​ដោយ​កងទ័ព​រុស្ស៊ី ត្រូវតែ​នាំ​របប​ក្រុង​មូស្គូ ទៅ​ផ្ទៀងផ្ទាត់​កំហុស​របស់​ខ្លួន​នៅ​តុលាការ ICC៕

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស