35 C
Phnom Penh

គ្រឿងចក្រ​ជាច្រើន​កំពុង​ឈូស​ឆាយ​ទន្ទ្រាន​ព្រៃស្រោង​ក្នុង​តំបន់​ព្រៃឡង់​រាប់ពាន់​ហិកតារ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

គ្រឿងចក្រ​ជាច្រើន​គ្រឿង និង​កម្មករ​ជាច្រើន​នាក់ កំពុង​មមាញឹក​ឈូស​ឆាយ​កម្ទេច​ព្រៃស្រោង​ស្ថិត​ក្នុង​ដែន​ជម្រក​សត្វព្រៃ​ព្រៃឡង់ ក្នុង​ស្រុក​ថាឡាបរិវ៉ាត់ ខេត្ត​ស្ទឹងត្រែង ដើម្បី​ទន្ទ្រាន​យក​ដី​ធ្វើ​ជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន។

ប្រជា​សហគមន៍​ការពារ​ព្រៃឡង់ បាន​ចុះ​ដល់​ទីតាំង​បទល្មើស​ព្រៃឈើ​កាលពី​សប្តាហ៍​មុន បាន​ថត​វីដេអូ និង​គ្រឿងចក្រ​បង្ហាញ​ពី​សកម្មភាព​ឈូស​ឆាយ​ព្រៃ​ទ្រង់ទ្រាយ​ធំ​នេះ ដោយ​ស្នើ​ឱ្យ​អាជ្ញាធរ​ទប់ស្កាត់ ប៉ុន្តែ​ពុំ​ឃើញ​មន្ត្រី​ជំនាញ​ចុះ​បង្ក្រាប​នៅឡើយ​ទេ​មក​ទល់​ពេលនេះ។

សមាជិក​សហគមន៍​ការពារ​ព្រៃឡង់​ដែល​ចុះ​អង្កេត​រឿង​នេះ លោក ថាន់ សាន បាន​ប្រាប់​សារព័ត៌មាន ឌឹ ខេមបូឌា ដេលី នៅ​ថ្ងៃ​ទី​១៩ ឧសភា ថា បច្ចុប្បន្ន​ដែន​ជម្រក​សត្វព្រៃ​ព្រៃឡង់ ស្ថិត​ក្នុង​ឃុំ​ចម្ការលើ ឃុំ​អន្លង់ភេ និង​ឃុំ​អន្លង់ជ្រៃ ត្រូវ​ក្រុម​ឈ្មួញ​ឃុបឃិត​ជាមួយ​អាជ្ញាធរ​យក​គ្រឿងចក្រ​ឈូស​ឆាយ​ព្រៃ​ឱ្យ​ក្លាយជា​វាល​រហោឋាន​អស់​រាប់​ពាន់​ហិកតារ។

លោក​បញ្ជាក់​ថា ព្រៃឡង់​នៅ​ចំណុច​ភូមិ​ស្រឡៅ ឃុំ​អន្លង់ជ្រៃ ទំហំ​ជាង ៣​ពាន់​ហិកតារ ត្រូវ​ក្រុម​ឈ្មួញ​ប្រើ​គ្រឿងចក្រ​ឈូស​ឆាយ​កម្ទេច​ឱ្យ​ក្លាយ​ជា​វាល​ធំ​ល្វឹងល្វើយ​ដើម្បី​យក​ដី​ធ្វើ​កសិកម្ម។ លោក​ថា បទល្មើស​ព្រៃឈើ​ទាំងនេះ​ធ្វើឡើង​ជិត ១​ឆ្នាំ​មក​ហើយ ពុំ​ឃើញ​មន្ត្រី​ជំនាញ​ចុះ​ទប់ស្កាត់​ឱ្យ​ច្បាស់លាស់​នៅឡើយ​ទេ។

ប្រភព​ដដែល​បន្ថែម​ថា មកទល់​ពេលនេះ សកម្មភាព​ឈូស​ឆាយ​ដើមឈើ​តូច​ធំ​កំពុង​ដួល​រាយប៉ាយ​ពេញ​ព្រៃ ដើម្បី​យក​ដី​ធ្វើ​កម្មសិទ្ធិ​ស្ថិត​ក្នុង​ឃុំ​អន្លង់ជ្រៃ នៅតែ​កើតមាន​ច្រើន ធ្វើ​ឱ្យ​តំបន់​អភិរក្ស​នេះ​វិនាស​ហិនហោច។

សារព័ត៌មាន ឌឹ ខេមបូឌា ដេលី នៅ​មិនទាន់​អាច​ទាក់ទង​អភិបាល​ស្រុក​ថាឡាបរិវ៉ាត់ លោក ជា សារឿន ដើម្បី​ធ្វើការ​បំភ្លឺ​បាន​នៅឡើយ​ទេ​នៅ​ថ្ងៃ​ទី​១៩ ឧសភា។ រីឯ​អភិបាល​ខេត្ត​ស្ទឹងត្រែង លោក ស្វាយ សំអ៊ាង ក៏​មិន​អាច​សុំ​ការ​អធិប្បាយ​បាន​ដែរ។ ប៉ុន្តែ​អភិបាល​ខេត្ត​រូប​នេះ​ធ្លាប់​ប្ដេជ្ញា​ចិត្ត​ក្នុង​ថ្ងៃ​ប្រកាស​ចូល​កាន់​តំណែង​កាលពី​ឆ្នាំ​២០២១ ថា លោក​នឹង​ប្រឹងប្រែង​ទប់ស្កាត់​បទល្មើស​ធនធាន​ធម្មជាតិ​គ្រប់​រូបភាព​ស្រប​តាម​ច្បាប់ និង​បទបញ្ជា​របស់​រដ្ឋាភិបាល។

ប៉ុន្តែ​ប្រជា​សហគមន៍​សង្កេតឃើញ​ថា ការលើកឡើង​នេះ គ្រាន់តែ​សន្យា​ខ្យល់ ដើម្បី ឱ្យ​ពលរដ្ឋ​ស្ងប់ចិត្ត​តែប៉ុណ្ណោះ ប៉ុន្តែ​ការពិត ព្រៃ​ឡង់​ឋិត​ក្នុងភូមិ​សាស្ត្រ​ខេត្តស្ទឹងត្រែង កំពុង​ប្រឈម​គ្រោះថ្នាក់​ជាងគេ។

ប្រជា​សហគមន៍​ការពារ​ព្រៃឡង់ អះអាង​ថា អាជ្ញាធរ​ខេត្ត​ស្ទឹងត្រែង គ្មាន​ឆន្ទៈ​ការពារ​ព្រៃ​អភិរក្ស​នេះ​ឱ្យ​គង់វង្ស​នោះ​ទេ បើ​ទោះបីជា​ពួកគេ​បង្ហាញ​ភស្តុតាង និង​ទីតាំង​ឈូស​ឆាយ​ព្រៃ​ឱ្យ​ក្លាយ​ជា​វាល ក៏​គ្មាន​ដំណោះស្រាយ​ដែរ​ជាច្រើន​ខែ​មក​ហើយ។ ពួកគេ​សង្ស័យ​ថា ឧក្រិដ្ឋកម្ម​ព្រៃ​នេះ​មាន​ការ​ឃុបឃិត​គ្នា​ជា​ប្រព័ន្ធ​រវាង​ជនល្មើស និង​អាជ្ញាធរ​មួយ​ចំនួន។

មន្ត្រី​សង្គម​ស៊ីវិល​សង្កេត​ឃើញ​ថា បទល្មើស​ព្រៃឈើ​ក្នុង​ដែន​ជម្រក​សត្វព្រៃ​ព្រៃឡង់​មាន​ពីរ​ប្រភេទ គឺ​ទី​១ កាប់​ឈើ​មាន​តម្លៃ​លក់ ធ្វើ​អាជីវកម្ម និង​ទី​២ ឈូស​ឆាយ​ទន្ទ្រាន​ព្រៃ​យក​ដី​ធ្វើជា​កម្មសិទ្ធិ។ ពួកគេ​សង្កេត​ឃើញ​ថា ដែន​ជម្រក​សត្វ​ព្រៃឡង់ ទាំង​បួន​ខេត្ត សុទ្ធសឹងតែ​កើតមាន​សកម្មភាព​កាប់​ឈើ និង​ឈូស​ឆាយ​ព្រៃ​ទន្ទ្រាន​យក​ដី។

ចំណែក​នៅ​ខេត្ត​ស្ទឹងត្រែង សកម្មភាព​ឈូស​ឆាយ​ព្រៃស្រោង ក្នុង​តំបន់​ព្រៃឡង់​បាន​កើតមាន​ច្រើន​ជាង​ខេត្ត​ដទៃ​ទៀត ខណៈ​ដែល​អាជ្ញាធរ​ខេត្ត​នេះ​កំពុង​បើក​ដៃ​ឱ្យ​ឈ្មួញ​ទន្ទ្រាន​ព្រៃឡង់​តាម​អំពើ​ចិត្ត។

កាលពី​ខែ​មករា ឆ្នាំ​២០២២ អង្គការ​លើកលែង​ទោស​អន្តរជាតិ (Amnesty International) បាន​ចេញ​របាយការណ៍​ថ្មី​ក្រោម​ចំណងជើង​ថា «ការ​កាប់​ឈើ​ខុសច្បាប់​ធ្វើ​ឱ្យ​អន្តរាយ​ដល់​សិទ្ធិ និង​វប្បធម៌​របស់​ជនជាតិ​ដើម​ភាគតិច» បាន​រក​ឃើញ​ថា អាជ្ញាធរ​ពាក់ព័ន្ធ និង​ជាពិសេស​មន្ត្រី​ក្រសួង​បរិស្ថាន ថា​មិន​បាន​អើពើ​នឹង​ការ​រាយការណ៍​បទល្មើស​ពី​ប្រជាពលរដ្ឋ និង​ថា​ពេល​ខ្លះ មន្ត្រី​ក្រសួង​បរិស្ថាន​ទាំងនោះ​បាន​ចុះ​ទៅ​ស៊ើបអង្កេត ប៉ុន្តែ​គ្រាន់តែ​ស៊ើបអង្កេត​ដើម្បី​ទទួល​លុយ​ក្រោម​តុ​ពី​ជនល្មើស​តែប៉ុណ្ណោះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស