29 C
Phnom Penh

លោក បៃដិន ទៅ​កូរ៉េ​ខាងត្បូង​និង​ជប៉ុន​ចំ​ពេល​កូរ៉េ​ខាងជើង​ពន្លឿន​ការ​បាញ់​មីស៊ីល​គំរាម​ឧបទ្វីប

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​ម្នាក់​នៃ​ក្រុមប្រឹក្សា​សន្តិសុខ​អាមេរិក បាន​និយាយ​ថា លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ចូ បៃដិន ចាប់ផ្ដើម​ចាក​ចេញពី​សេតវិមាន​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​១៨ ឧសភា សំដៅ​ទៅ​ធ្វើ​ទស្សនកិច្ច ២​ប្រទេស គឺ​កូរ៉េ​ខាងត្បូង និង​ប្រទេស​ជប៉ុន។

តាម​ទីភ្នាក់ងារ​សារព័ត៌មាន AFP ទស្សនកិច្ច​របស់​ប្រធានាធិបតី​អាមេរិក​វ័យ​ជិត ៨០​ឆ្នាំ​រូប​នេះ​ទៅ​កាន់​ប្រទេស​ក្នុង​តំបន់​អាស៊ី​ខាងកើត​ពីរ​នេះ គឺជា​លើកដំបូង​បន្ទាប់ពី​លោក​បាន​ក្លាយជា​ប្រធានាធិបតី​អាមេរិក នៅ​ថ្ងៃ​ទី​២០ ខែ​មករា ឆ្នាំ​២០២០។

ដំណើរ​ទស្សនកិច្ច​របស់​មេដឹកនាំ​មហាអំណាច​ទី​មួយ​នេះ ត្រូវ​បាន​អ្នក​សង្កេតការណ៍​មើល​ឃើញ​ថា លោក បៃដិន មក​បំពេញ​ការ​ប្ដេជ្ញា​ចិត្ត​របស់​លោក​ក្នុង​ការ​ពង្រឹង​យុទ្ធសាស្ត្រ​របស់​អាមេរិក​នៅ​តំបន់​ឥណ្ឌូ-ប៉ាស៊ីហ្វិក ទាំង​សន្តិសុខ និង​នយោបាយ។ ទស្សនកិច្ច​នេះ ក្រោយពី​លោក បៃដិន បាន​បិទ​បញ្ចប់​ជំនួប​កំពូល​ប្រចាំ​ឆ្នាំ​ជាមួយ​មេដឹកនាំ​សមាគម​អាស៊ាន ៩​ប្រទេស។ តែ​បើ​តាម​មន្ត្រី​សេតវិមាន មុន​ឡើង​យន្តហោះ​ទៅ​កាន់​ទីក្រុង​សេអ៊ូល និង​តូក្យូ លោក បៃដិន ត្រូវ​ជួប​ផ្ទាល់​ជាមួយ​នឹង​មេដឹកនាំ​ប្រទេស​ហ្វាំងឡង់ និង​ស៊ុយអែត។

លោក បៃដិន ត្រូវ​បង្ហាញ​ការ​ស្វាគមន៍​ប្រទេស​ពីរ​នេះ​ក្លាយជា​សមាជិក​អង្គការ​យោធា​ណាតូ។ លោក​ប្រកាស​ធានា​សន្តិសុខ​ជូន​ប្រទេស​ពីរ​នេះ​ដែល​មាន​ព្រំដែន​ជាប់​នឹង​រុស្ស៊ី។ កាលពី​ថ្ងៃ​ទី​១៨ ឧសភា រដ្ឋាភិបាល​ហ្វាំងឡង់ និង​ស៊ុយអែត បាន​ជ្រើសរើស​ពេល​តែ​មួយ​ដូច​គ្នា​ដោយ​បញ្ជូន​ពាក្យ​សុំ​ចូល​ជា​សមាជិក​ណាតូ​ជា​ផ្លូវការ ដោយ​ការ​ទទួល​យក​ពាក្យ​សុំ​នេះ​ដោយ​លោក​អគ្គលេខាធិការ ជេនស្តូ ស្តែនបើក។

យ៉ាងណា​ការ​ចាប់អារម្មណ៍​ខ្លាំង​ដែល​លោក បៃដិន សម្រេច​ទៅ​កាន់​ក្រុង​សេអ៊ូល មុន​ក្រុង​តូក្យូ គឺ​លោក​ទៅ​សម្ដែង​ការ​សាទរ​ដោយ​ផ្ទាល់​ប្រធានាធិបតី​ថ្មី​នៃ​សាធារណរដ្ឋ​កូរ៉េ​ខាងត្បូង គឺ​លោក Yoon Suk-yeol ដែល​ទើប​ស្បថ​ចូល​កាន់​តំណែង​កាលពី​ថ្ងៃ​ទី​១០ ខែ​ឧសភា បន្ទាប់ពី​លោក​បាន​ឈ្នះ​នៅ​ក្នុង​ការ​បោះឆ្នោត​ប្រធានាធិបតី​កាលពី​ថ្ងៃ​ទី​៩ មីនា កន្លងមក​នេះ។

អតីត​អគ្គ​រដ្ឋអាជ្ញា​រូប​នេះ​បាន​ផ្ញើ​សារ​ភ្លាមៗ​ទៅ​កូរ៉េ​ខាងជើង​ថា ក្នុង​ឋានៈ​លោក​ជា​មេដឹកនាំ​កូរ៉េ​ខាងត្បូង លោក​មិន​ទុក​ឱ្យ​ប្រទេស​របស់​លោក​បន្ត​ស្ថិត​នៅ​ក្រោម​ការ​គំរាមកំហែង​ពី​របប​កុម្មុយនីស្ត​ក្រុង​ព្យុងយ៉ាង នោះ​ទេ។ លោក​សន្យា​ថា​នឹង​ពិនិត្យ​មើល​ដៃគូ​នៃ​ក្រុម​ចតុ​ភាគី​ហៅថា Quad ដើម្បី​ឱ្យ​កូរ៉េ​ខាងត្បូង​ក្លាយជា​ដៃគូ​យុទ្ធសាស្ត្រ​របស់​ក្រុម​យោធា ៤​ប្រទេស​ដែល​មាន​អាមេរិក ឥណ្ឌា ជប៉ុន និង​អូស្ត្រាលី គឺ​ធ្វើ​ឱ្យ​មាន​តុល្យភាព​សន្តិសុខ​ជាមួយ​នឹង​កូរ៉េ​ខាងជើង។

តែ​យ៉ាងណា ទស្សនកិច្ច​របស់​លោក បៃដិន ដែល​ស្ថិត​នៅ​លើ​ទឹកដី​កូរ៉េ​ខាងត្បូង​ដល់​ទៅ ៣​ថ្ងៃ ត្រូវ​គេ​រំពឹង​ថា លោក បៃដិន ចង់​ស្ដាប់​មតិ​របស់​សមភាគី​កូរ៉េ​ខាងត្បូង Yoon Suk-yeol ថា​គាត់​ត្រូវការ​អ្វី​ខ្លះ​ពី​សហរដ្ឋ​អាមេរិក​ដើម្បី​ជួយ​បន្ត​ពង្រឹង​សន្តិសុខ​របស់​កូរ៉េ​ខាងត្បូង។

នៅ​រយៈពេល​ប៉ុន្មាន​សប្ដាហ៍​មក​នេះ កូរ៉េ​ខាងជើង​បាន​បាញ់​មីស៊ីល​ផ្លោង​ជាច្រើន​គ្រាប់​ដែល​ជា​ការ​បាញ់​គំរាម​សម្ពន្ធមិត្ត​អាមេរិក គឺ​ជប៉ុន និង​កូរ៉េ​ខាងត្បូង ស្រប​ពេល​ក្រុង​វ៉ាស៊ីនតោន​កំពុង​ជាប់​ដៃ​ជួយ​ផ្ដល់​អាវុធ​យ៉ាង​ច្រើន​ទៅ​ឱ្យ​ប្រទេស​អ៊ុយក្រែន ដែល​ធ្វើ​សង្គ្រាម​វាយ​ការពារ​ទឹកដី​ពី​សំណាក់​កងទ័ព​មហាអំណាច​រុស្ស៊ី។ ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ មាន​ការ​រំពឹង​ថា លោក បៃដិន នឹង​សួរ​សុខទុក្ខ​កងទ័ព​អាមេរិក​ដែល​មាន​វត្តមាន​នៅ​លើ​ទឹកដី​កូរ៉េ​ខាងត្បូង។

ទីប្រឹក្សា​សន្តិសុខ​ជាតិ​អាមេរិក លោក Jake Sullivan បាន​និយាយ​ថា ភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​របស់​អាមេរិក​បាន​បង្ហើប​ពី​លទ្ធភាព​នៃ​ការ​ធ្វើ​តេស្ដ​នុយក្លេអ៊ែរ ឬ​មីស៊ីល​របស់​កូរ៉េ​ខាងជើង ឬ​ក៏​អាច​ធ្វើ​តេស្ដ​អាវុធ​ទាំង​ពីរ​នេះ​តែ​ម្ដង​អំឡុង​លោក ចូ បៃដិន នៅ​លើ​ទឹកដី​កូរ៉េ​ខាងត្បូង និង​ប្រទេស​ជប៉ុន។

លោក Jake Sullivan បាន​ប្រាប់​សន្និសីទ​សារព័ត៌មាន​នៅ​ឯ​សេតវិមាន​ថា ភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​របស់​អាមេរិក​ជឿ​ថា កូរ៉េ​ខាងជើង​អាច​នឹង​ធ្វើ​តេស្ដ​មីស៊ីល​រយៈ​ចម្ងាយ​ឆ្ងាយ ឬ​មីស៊ីល​បំពាក់​ដោយ​គ្រាប់​នុយក្លេអ៊ែរ​នៅ​ថ្ងៃ​ដែល​លោក បៃដិន ជាន់​ទឹកដី​កូរ៉េ​ខាងត្បូង ឬ​ក៏​នៅ​ពេល​លោក​កំពុង​ប្រជុំ​ជាមួយ​មេដឹកនាំ​ក្រុម​ចតុ​ភាគី​ហៅថា Quad នៅ​ទីក្រុង​តូក្យូ។

តាម​លោក Jake Sullivan សេតវិមាន​កំពុង​ត្រៀម​សម្រាប់​គ្រប់​ស្ថានការណ៍ រួម​ទាំង​ការ​បង្ក​ហេតុ​ណា​មួយ​អំឡុង​លោក បៃដិន នៅ​លើ​ទឹកដី​កូរ៉េ​ខាងត្បូង ឬ​ប្រទេស​ជប៉ុន។

ក្នុង​ជំនួប​ចតុ​ភាគី​នេះ​ហើយ​ដែល​សហរដ្ឋ​អាមេរិក​ត្រូវ​សម្របសម្រួល​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ប្រទេស​ទាំង​៣ គឺ​ជប៉ុន ឥណ្ឌា និង​អូស្ត្រាលី ករណី​នៃ​ការ​បង្ក​អសន្តិសុខ​ដោយ​ក្រុង​ព្យុងយ៉ាង និង​ត្រូវ​ពិភាក្សា​ផង​ដែរ​អំពី​ឥទ្ធិពល​ចិន នៅ​ពីក្រោយ​កូរ៉េ​ខាងជើង។

ពុំ​មាន​ដំណឹង​ណា​មួយ​ចុះផ្សាយ​ថា លោក បៃដិន នឹង​ទៅ​ពិនិត្យ​តំបន់​គ្មាន​កងទ័ព​នៅ​តាម​ព្រំដែន​កូរ៉េ​ខាងត្បូង និង​ខាងជើង​ដូច​នឹង​អតីត​ប្រធានាធិបតី ដូណាល់ ត្រាំ ដែល​បាន​ទៅកាន់​តំបន់​នោះ​ភ្លាមៗ​បន្ទាប់ពី​លោក ត្រាំ បាន​ទៅ​ដល់​ទីក្រុង​សេអ៊ូល គឺ​នៅ​ថ្ងៃ​ទី​៣០ ខែ​មិថុនា ឆ្នាំ​២០១៩ ដោយ​បាន​ជួប​ផ្ទាល់​នឹង​លោក គីម ជុងអ៊ុន ដែល​ជំនួប​នេះ​គេ​ហៅថា​ជំនួប ត្រាំ និង គីម លើក​ទី​៣។

ប៉ុន្តែ​ទោះ​ជា​មាន​ជំនួប​បី​លើក​ក៏ដោយ ក៏​ពុំ​អាច​បំបែក​ភាព​ទាល់ច្រក​ណា​មួយ​បាន​ដែរ ខណៈ​ក្រុង​ព្យុងយ៉ាង នៅតែ​មិន​ព្រម​រំលាយ​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ​តាម​សំណើ​របស់​សហរដ្ឋ​អាមេរិក​នោះ​ទេ៕

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស