27.4 C
Phnom Penh

រដ្ឋការ​លោក បៃដិន និង​សម្ព័ន្ធភាព​ពីរ​ទៀត​បើក​ភ្លើង​ខៀវ​ឱ្យ​អ៊ុយក្រែន​វាយប្រហារ​ចូល​ទឹកដី​រុស្ស៊ី​ដោយ​មីស៊ីល​រយៈ​ចម្ងាយ​ឆ្ងាយ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រដ្ឋការ​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក ចូ បៃដិន នៅ​ទីបំផុត​បាន​អនុញ្ញាត​ឱ្យ​អ៊ុយក្រែន ប្រើប្រាស់​អាវុធ​ផ្ដល់​ដោយ​សហរដ្ឋ​អាមេរិក ដើម្បី​វាយប្រហារ​ចូល​ជ្រៅ​ក្នុង​ទឹកដី​រុស្ស៊ី ខណៈ​ប្រទេស​អង់គ្លេស និង​បារាំង ក៏​បាន​អនុញ្ញាត​ដូច​នឹង​អាមេរិក​ដែរ។

នេះ​ជា​ការ​ផ្លាស់ប្ដូរ​គោលនយោបាយ​សន្តិសុខ​អន្តរជាតិ​ដ៏​សំខាន់​មួយ​របស់​សហរដ្ឋ​អាមេរិក ចំពោះ​សង្គ្រាម​រុស្ស៊ី ដែល​រុស្ស៊ី ឈ្លានពាន​ប្រទេស​អ៊ុយក្រែន។

មីស៊ីល ATTAMS ជា​មីស៊ីល​របស់​សហរដ្ឋ​អាមេរិក មីស៊ីល SCALP និង Storm Shadow ជា​មីស៊ីល​របស់​បារាំង និង​អង់គ្លេស។ មីស៊ីល​របស់​ប្រទេស​មហាអំណាច​ទាំ​បី​នេះ ជា​មីស៊ីល​រយៈ​ចម្ងាយ​ឆ្ងាយ​ដែល​វា​អាច​រត់​បាន​ពី ៣០០​គីឡូម៉ែត្រ​ទៅ ៣៥០​គីឡូម៉ែត្រ។

កាសែត The New York Times បាន​ចុះផ្សាយ​ថា មន្ត្រី​សហរដ្ឋ​អាមេរិក ២​រូប​នៅ​មន្ទីរ​ប៉ុងតាហ្គោន​ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ កាលពី​ថ្ងៃ​អាទិត្យ ទី​១៧ ខែ​វិច្ឆិកា បាន​ឱ្យ​ដឹង​ថា អ៊ុយក្រែន​មាន​ផែនការ​ដឹកនាំ​ការ​វាយប្រហារ​រយៈ​ចម្ងាយ​ឆ្ងាយ​លើ​ដែនដី​ខាង​ក្នុង​ប្រទេស​រុស្ស៊ី ជា​លើកដំបូង​របស់​ខ្លួន​នៅ​ប៉ុន្មាន​ថ្ងៃ​ខាងមុខ​នេះ។

ការ​ផ្លាស់ប្ដូរ​ជំហរ​ជា​យុទ្ធសាស្ត្រ​របស់​ប្រទេស​មហាអំណាច​បី​នេះ កើត​មាន​ឡើង​ទំនង​ជា​ឆ្លើយតប​ទៅ​នឹង​ការ​ដាក់​ពង្រាយ​កងទ័ព​កូរ៉េខាងជើង ទៅ​ជួយ​កងទ័ព​រុស្ស៊ី ក្នុង​សង្គ្រាម​ប្រឆាំង​អ៊ុយក្រែន និង​បន្ទាប់ពី​រុស្ស៊ី បាញ់​មីស៊ីល​រយៈ​ចម្ងាយ​ឆ្ងាយ​បាលីស្ទិក​ជាង ១២០​គ្រាប់​លើ​រដ្ឋធានី​គៀវ និង​ទីក្រុង​ផ្សេងៗ​ទៀត​នៅ​ទូទាំង​ប្រទេស​អ៊ុយក្រែន កាលពី​ព្រឹក​ព្រលឹម​ថ្ងៃទី​១៧ ខែ​វិច្ឆិកា។

ការ​សម្រេច​ចិត្ត​ខាងលើ​របស់​រដ្ឋការ​លោក បៃដិន រដ្ឋាភិបាល​អង់គ្លេស និង​បារាំង ធ្វើឡើង​តែ​ជាង ២​ខែ​ប៉ុណ្ណោះ មុន​នឹង​លោក ដូណាល់ ត្រាំ ស្បថ​ចូល​កាន់​តំណែង​ជា​ប្រធានាធិបតី​នៅ​ថ្ងៃទី​២០ ខែ​មករា ឆ្នាំ​២០២៥ និង​បន្ទាប់ពី​អ៊ុយក្រែន បាន​ទទូច​សុំ​ជាច្រើន​ខែ​មក​ហើយ ដើម្បី​អាច​ប្រើប្រាស់​អាវុធ​រយៈ​ចម្ងាយ​ឆ្ងាយ​វាយប្រហារ​លើ​គោលដៅ​យោធា​ស្ថិត​នៅ​ជ្រៅ​ក្នុង​ទឹកដី​រុស្ស៊ី។

រុស្ស៊ី តែងតែ​ព្រមាន​ថា​ខ្លួន​នឹង​ចាត់ទុក​ថា​ការ​វាយប្រហារ​រយៈ​ចម្ងាយ​ឆ្ងាយ​លើ​ប្រទេស​រុស្ស៊ី ពី​សំណាក់​អាវុធ​ផ្ដល់​ពី​សហរដ្ឋ​អាមេរិក ឬ NATO ដែល​បើក​ការ​វាយប្រហារ​ដោយ​កងទ័ព​អ៊ុយក្រែន វាយប្រហារ​លើ​ទឹកដី​រុស្ស៊ី គឺជា​ការ​បង្កើន​ជម្លោះ​ដែល​ក្រុង​មូស្គូ មាន​សិទ្ធិ​ស្រប​ច្បាប់​ក្នុង​ករណី​សងសឹក។

មន្ត្រី​ជាន់ខ្ពស់ និង​សមាជិក​សភា​រុស្ស៊ី បាន​និយាយ​ថា ការ​សម្រេច​ចិត្ត​របស់​ទីក្រុង​វ៉ាស៊ីនតោន ដោយ​អនុញ្ញាត​ឱ្យ​អ៊ុយក្រែន វាយប្រហារ​ចូល​ជ្រៅ​ក្នុង​ទឹកដី​រុស្ស៊ី ជាមួយ​អាវុធ​ផ្ដល់​ដោយ​ពួក​បស្ចិម​ប្រទេស ជា​ការ​បង្ខំ​ឱ្យ​ក្រុង​មូស្គូ ចាត់​វិធានការ​ឆ្លើយតប​យ៉ាង​ខ្លាំងក្លា។

សមាជិក​សភា​រុស្ស៊ី​មួយ​រូប​បាន​និយាយ​ថា រដ្ឋការ​ប្រធានាធិបតី​អាមេរិក លោក ចូ បៃដិន កំពុង​បង្កើន​ហានិភ័យ​ទៅ​រក​សង្គ្រាម​លោក​លើក​ទី​៣ ប្រសិនបើ​អ៊ុយក្រែន​ប្រើប្រាស់​អាវុធ​ទាំងនោះ​វាយប្រហារ​ជ្រៅ​ចូល​ក្នុង​ទឹកដី​រុស្ស៊ី។

សមាជិក​សភា​រុស្ស៊ី​រូប​នេះ គឺ​អ្នកស្រី Maria Butina ដែល​បាន​លើកឡើង​ថា រដ្ឋការ​លោក បៃដិន កំពុងតែ​ព្យាយាម​បង្កើន​កម្តៅ​នៃ​ស្ថានការណ៍​ឱ្យ​ដល់​កម្រិត​ខ្ពស់។ អ្នកស្រី​សមាជិក​សភា​រុស្ស៊ី ជឿ​ថា លោក ដូណាល់ ត្រាំ នឹង​អាច​ជម្នះ​បាន​នូវ​ការ​ដក​មក​វិញ​សេចក្ដី​សម្រេច​របស់​លោក បៃដិន នេះ​វិញ។

ប្រធានាធិបតី​រុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន ធ្លាប់​បាន​និយាយ​ថា ការ​អនុញ្ញាត​របស់​លោក​ខាងលិច​ឱ្យ​អ៊ុយក្រែន ប្រើប្រាស់​អាវុធ​របស់​ពួកគេ វាយប្រហារ​ជ្រៅ​ចូល​មក​ក្នុង​ទឹកដី​ប្រទេស​រុស្ស៊ី វា​មាន​ន័យ​ថា ជា​ការ​ចូលរួម​ដោយ​ផ្ទាល់​របស់​ប្រទេស​អង្គការ NATO សហរដ្ឋ​អាមេរិក ក៏ដូចជា​អឺរ៉ុប នៅ​ក្នុង​សង្គ្រាម​អ៊ុយក្រែន។

កាលពី​ចុង​ខែ​តុលា លោក ពូទីន បាន​និយាយ​ថា ក្រសួង​ការពារ​ជាតិ​រុស្ស៊ី កំពុង​ពិចារណា​លើ​មធ្យោបាយ​ផ្សេងៗ​ដើម្បី​ឆ្លើយតប ប្រសិនបើ​សហរដ្ឋ​អាមេរិក និង​សម្ព័ន្ធមិត្ត NATO សម្រេច​ចិត្ត​ជួយ​អ៊ុយក្រែន វាយប្រហារ​ចូល​ជ្រៅ​ក្នុង​ដី​រុស្ស៊ី។

ទាំង​អង់គ្លេស និង​បារាំង ជា​ម្ចាស់​ជំនួយ​មីស៊ីល​រយៈ​ចម្ងាយ​ឆ្ងាយ​បាន​ថ្កោលទោស​រុស្ស៊ី ដែល​បន្ត​វាយប្រហារ​ទ្រង់ទ្រាយ​ធំ​ដោយ​មីស៊ីល​បាលីស្ទិក កាលពី​ថ្ងៃ​អាទិត្យ ទី​១៧ ខែ​វិច្ឆិកា លើ​ប្រទេស​អ៊ុយក្រែន បណ្ដាល​ឱ្យ​ដាច់​ចរន្ត​អគ្គិសនី​សឹង​ទូទាំង​ប្រទេស។

ប្រធានាធិបតី​បារាំង លោក អេម៉ានុយអែល ម៉ាក្រុង និយាយ​ថា ការ​វាយប្រហារ​តាម​ផ្លូវអាកាស​ទ្រង់ទ្រាយ​ធំ​របស់​រុស្ស៊ី ប្រឆាំង​នឹង​អ៊ុយក្រែន បង្ហាញ​ថា​ប្រធានាធិបតី​រុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន មិន​ចង់​បាន​សន្តិភាព​នោះ​ទេ ហើយ​ក៏​មិន​ទាន់​ត្រៀម​ខ្លួន​សម្រាប់​កិច្ចចរចា​នោះ​ដែរ។

ថ្លែង​ប្រាប់​អ្នក​សារព័ត៌មាន​នៅ​ក្រុង​ប៉ារីស លោក ម៉ាក្រុង បាន​សង្កត់​ធ្ងន់​ថា អាទិភាព​របស់​បារាំង នោះ​គឺ​បំពាក់​អាវុធ គាំទ្រ និង​ជួយ​ដល់​ការ​តស៊ូ​របស់​ប្រជាជន​អ៊ុយក្រែន។

នៅ​ពេល​ត្រូវ​បាន​សួរ​ពី​កិច្ចសន្ទនា​តាម​ទូរសព្ទ​រវាង​លោក ពូទីន និង​អធិការបតី​អាល្លឺម៉ង់ លោក Olaf Scholz កាលពី​សប្ដាហ៍​មុន លោក ម៉ាក្រុង និយាយ​ថា សម្ព័ន្ធមិត្ត​របស់​អ៊ុយក្រែន​ត្រូវតែ​រួបរួម​សាមគ្គី​គ្នា​ដើម្បី​សន្តិភាព​ពិតប្រាកដ ជា​សន្តិភាព​មួយ​ដែល​ប្រកប​ដោយ​យុត្តិធម៌ មិនមែន​មាន​ន័យ​ថា​អ៊ុយក្រែន ត្រូវ​ចុះចាញ់​អ្នក​ឈ្លានពាន​នោះ​ទេ។

នៅ​ក្នុង​ការ​សន្ទនា​តាម​ទូរសព្ទ​ជាមួយ​លោក​ប្រធានាធិបតី​រុស្ស៊ី វ៉្លាឌីមៀ ពូទីន លោក Olaf Scholz អធិការបតី​អាល្លឺម៉ង់ បាន​ទាមទារ​ឲ្យ​លោក ពូទីន ដក​ទ័ព​ទាំងអស់​ចេញពី​ទឹកដី​អ៊ុយក្រែន​ជាមួយ​នឹង​ការ​ព្រមាន​ថា អាល្លឺម៉ង់​នឹង​បន្ត​ជួយ​គាំទ្រ​អ៊ុយក្រែន​ជានិច្ច ដរាបណា​រុស្ស៊ី​នៅតែ​បន្ត​ធ្វើ​សង្គ្រាម។

លោក​អធិការបតី​អាល្លឺម៉ង់ បាន​ប្រាប់​ទៅ​លោក ពូទីន ទៀត​ថា រុស្ស៊ី​ត្រូវតែ​បង្ហាញ​ជំហរ​ពិតប្រាកដ​ក្នុង​ការ​បិទ​បញ្ចប់​សង្គ្រាម​តាមរយៈ​ការ​បើក​ផ្លូវ​ចរចា ដើម្បី​កសាង​សន្តិភាព​សម្រាប់​អ៊ុយក្រែន វិញ។

នៅ​ក្នុង​កិច្ចសន្ទនា​គ្នា​នោះ លោក Olaf Scholz ក៏​បាន​ថ្កោលទោស​ចំពោះ​វត្តមាន​កងទ័ព​កូរ៉េខាងជើង ដែល​មក​ជួយ​ច្បាំង​ឱ្យ​កងទ័ព​រុស្ស៊ី នៅ​ក្នុង​សមរភូមិ​ប្រឆាំង​នឹង​ទ័ព​អ៊ុយក្រែន ដោយ​ចាត់ទុក​ថា​ជា​ការ​រុញ​ឱ្យ​ស្ថានភាព​សង្គ្រាម​កាន់តែ​ធ្ងន់ធ្ងរ។

កងទ័ព​កូរ៉េខាងជើង មាន ១​ម៉ឺន ១​ពាន់​នាក់​បាន​កំពុង​ជួយ​ច្បាំង​កងទ័ព​រុស្ស៊ី នៅ​ក្នុង​សមរភូមិ​តំបន់ Kursk ខាង​ក្នុង​ទឹកដី​រុស្ស៊ី ខណៈ​ទ័ព​រុស្ស៊ី មាន ៤០០០០​នាក់។

លោក ពូទីន បាន​បញ្ជា​ឱ្យ​ទ័ព​របស់​លោក​វាយ​យក​ឱ្យ​បាន​វិញ​នូវ​ទីតាំង​ក្នុង​តំបន់ Kursk ដែល​កងទ័ព​អ៊ុយក្រែន វាយ​កាន់កាប់​តាំង​ពី​ដើម​ខែ​សីហា ឆ្នាំ​២០២៤ ឱ្យ​បាន​នៅ​មុន​លោក ដូណាល់ ត្រាំ ទៅ​កាន់​សេតវិមាន​វិញ​នៅ​ថ្ងៃទី​២០ ខែ​មករា ឆ្នាំ​២០២៥៕

© 2024, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស