35 C
Phnom Penh

អាមេរិក​នឹង​បង្វែរ​បំណុល​កម្ពុជា​ជំពាក់​ទៅ​ជួយ​ផ្នែក​មនុស្សធម៌​សម្រាប់​ពលរដ្ឋ​ខ្មែរ​ជំនួស​វិញ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សហរដ្ឋ​អាមេរិក នឹង​បង្វែរ​បំណុល​ដែល​កម្ពុជា​បាន​ជំពាក់​ខ្លួន​ចាប់តាំងពី​អំឡុង​ទសវត្ស​១៩៧០ រហូត​ដល់​ពេលនេះ ទាំង​ដើម ទាំង​ការ សរុប​ប្រមាណ​ជាង ៦០០​លាន​ដុល្លារ​អាមេរិក​ទៅជា​ជំនួយ​ផ្នែក​មនុស្សធម៌​សម្រាប់​ពលរដ្ឋ​ខ្មែរ​ជំនួស​វិញ។

តាម​ប្រភព​ច្បាស់​ការណ៍​បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​នៅ​ថ្ងៃ​ទី​២០ ឧសភា ថា សហរដ្ឋ​អាមេរិក​នឹង​បង្វិល​បំណុល​ដែល​កម្ពុជា​ជំពាក់​ទៅ​ជួយ​អភិវឌ្ឍ​លើ​វិស័យ​អប់រំ​នៅ​កម្ពុជា​វិញ ហើយ​ជំនួយ​ទាំងនេះ​ទំនង​ជា​សហរដ្ឋ​អាមេរិក​នឹង​ផ្តល់​ជា​ដំណាក់កាលៗ​សម្រាប់​ជួយ​និស្សិត​អាហារូបករណ៍​ដែល​ជាប់​ឈ្មោះ​ទៅ​បន្ត​ការ​សិក្សា​នៅ​សហរដ្ឋ​អាមេរិក។

ប្រភព​ដដែល​បាន​អះអាង​ថា ការ​បង្វែរ​បំណុល​ប្រទេស​កម្ពុជា​ជំពាក់​ជាច្រើន​រយ​លាន​ដុល្លារ​អាមេរិក ដើម្បី​ជួយ​អភិវឌ្ឍ​ដល់​វិស័យ​អប់រំ​នៅ​ប្រទេស​កម្ពុជា​ពេលនេះ ទំនង​ជា​ធ្វើឡើង​តាមរយៈ​ភ្នាក់ងារ​សហរដ្ឋ​អាមេរិក​សម្រាប់​អភិវឌ្ឍន៍​អន្តរជាតិ ហៅ​កាត់​ថា USAID ប៉ុណ្ណោះ មិនមែន​ជា​ការ​ផ្តល់​ឲ្យ​ប្រទេស​កម្ពុជា​តាម​វិធី​ណា​មួយ​ដោយ​ផ្ទាល់​នោះ​ទេ ពីព្រោះ​រាល់​ការ​ផ្តល់​ជំនួយ​របស់​សហរដ្ឋ​អាមេរិក ត្រូវតែ​ធានា​បាន​នូវ​ប្រសិទ្ធភាព​នៃ​គោលដៅ​របស់​ពួកគេ។

ការ​អះអាង​នេះ ធ្វើឡើង​បន្ទាប់ពី​ជំនួប​រវាង​រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា និង​រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក កាលពី​សប្តាហ៍​កន្លងទៅ​នេះ។

កាលពី​ថ្ងៃ​ទី​១៦ ខែ​ឧសភា ឆ្នាំ​២០២២ រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា លោក ប្រាក់ សុខុន ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ជុំវិញ​ជំនួប​ពិភាក្សា​ជាមួយ​រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក លោក អែនតូនី ប្លីងខិន (Antony Blinken) ថា ជំនួប​នេះ​គឺ​មាន​បំណង​លើកស្ទួយ​ទំនាក់ទំនង​រវាង​ប្រទេស​កម្ពុជា និង​សហរដ្ឋ​អាមេរិក​ឲ្យ​កាន់តែ​ល្អ​ប្រសើរ​ឡើងវិញ។

មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក មាជ សុវណ្ណារ៉ា បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​២០ ឧសភា នេះ​ដែរ​ថា ការ​បន្ធូរបន្ថយ​បំណុល​ដែល​កម្ពុជា​ជំពាក់​សហរដ្ឋ​អាមេរិក​តាមរយៈ​ជំនួយ​មនុស្សធម៌​ដើម្បី​លើកស្ទួយ​វិស័យ​អប់រំ​នៅ​កម្ពុជា​បែប​នេះ គឺជា​ការ​បង្ហាញ​ឲ្យ​ឃើញ​នូវ​ពន្លឺ​ថ្មី​មួយ​ជា​វិជ្ជមាន​សម្រាប់​ទំនាក់ទំនង​ទ្វេភាគី ទាំង​ទំនាក់ទំនង​ការទូត និង​សហប្រតិបត្តិ​ផ្សេងៗ​រវាង​សហរដ្ឋ​អាមេរិក និង​រាជាណាចក្រ​កម្ពុជា​ទៅ​ថ្ងៃ​មុខ។

លោក មាជ សុវណ្ណារ៉ា លើកឡើង​ថា ប្រសិនបើ​សហរដ្ឋ​អាមេរិក​លើកលែង​បំណុល​ផ្នែក​ខ្លះ ឬ​ក៏​លើកលែង​ទាំងស្រុង​នោះ គឺ​បង្ហាញ​ឲ្យ​ឃើញ​នូវ​ឱកាស​ល្អ​មួយ​សម្រាប់​ប្រទេស​កម្ពុជា ក្នុង​ការ​ស្ដារ​ទំនាក់ទំនង​ជាមួយ​សហរដ្ឋ​អាមេរិក​ឡើងវិញ ហើយ​អ្វី​ដែល​សហរដ្ឋ​អាមេរិក​ចង់​បាន គឺ​មិន​មែន​ទាល់​តែ​ប្រទេស​កម្ពុជា​ទៅ​ជួយ​សហរដ្ឋ​អាមេរិក​នោះ​ទេ ប៉ុន្តែ​សហរដ្ឋ​អាមេរិក​ចង់​ឲ្យ​ប្រទេស​កម្ពុជា​ស្ដារ​លទ្ធិប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិមនុស្ស​ឡើងវិញ​ប៉ុណ្ណោះ។

មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង​រូប​នេះ​បញ្ជាក់​ថា សព្វថ្ងៃ​នេះ​អ្វី​ដែល​សហរដ្ឋ​អាមេរិក​ចង់​ឃើញ​នោះ គឺ​ការ​បើក​លំហ​ប្រជាធិបតេយ្យ​តាមរយៈ​នៃ​ការ​បើក​សិទ្ធិ​សេរីភាព​នយោបាយ​មេដឹកនាំ​បក្ស​ប្រឆាំង លោក កឹម សុខា ការ​គោរព​សិទ្ធិមនុស្ស​តាមរយៈ​នៃ​ការ​ដោះលែង​អ្នកទោស​មនសិការ និង​ការ​រក្សា​អព្យាក្រឹត​របស់​ខ្លួន ដោយ​ធ្វើ​ឲ្យ​ជាក់ច្បាស់​នៃ​វត្តមាន​កងកម្លាំង​យោធា​ចិន​នៅ​តំបន់​រាម ដែល​សហរដ្ឋ​អាមេរិក​កំពុងតែ​សង្ស័យ​នៅ​ពេលនេះ។ ដូច្នេះ បើ​ប្រទេស​កម្ពុជា​អាច​ធ្វើ​បាន​តាម​លក្ខខណ្ឌ​ដែល​សហរដ្ឋ​អាមេរិក​ចង់​បាន​នោះ បំណុល​ទាំងនេះ​មិន​មែន​ជា​បញ្ហា​ធំដុំ​សម្រាប់​ប្រទេស​កម្ពុជា​ត​ទៅ​ទៀត​នោះ​ដែរ។

ប្រទេស​កម្ពុជា​បាន​ជំពាក់​បំណុល​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​អំឡុង​ឆ្នាំ​១៩៧០ ក្នុង​ទំហំ​ទឹកប្រាក់ ២៧៤​លាន​ដុល្លារ​អាមេរិក ដើម្បី​ទិញ​ស្បៀង និង​ផលិតផល​កសិកម្ម​យក​ទៅ​ចែក​ប្រជាពលរដ្ឋ​ដែល​ជួប​វិបត្តិ​អំឡុង​ពេល​ប្រទេស​កម្ពុជា​មាន​សង្គ្រាម​ជាមួយ​ប្រទេស​វៀតណាម​ខាងជើង-យៀកកុង និង​ខ្មែរក្រហម ហើយ​បំណុល​នេះ​បាន​បន្ត​រហូត​មក​ឆ្លងកាត់​ពីរ​របប គឺ​របប​កម្ពុជា​ប្រជាធិបតេយ្យ ឬ​របប​ខ្មែរក្រហម និង​របប​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា ហើយ​ក៏​បាន​បន្ត​រហូត​ដល់​បច្ចុប្បន្ន រាជាណាចក្រ​ទី​២​នេះ ដែល​បាន​កើន​នូវ​ការប្រាក់​ជិត​ស្មើ​នឹង​ប្រាក់​ដើម​ទៅ​ហើយ។ ក្នុង​នោះ បើ​គិត​ជា​សរុប​បំណុល​នេះ​បាន​កើនឡើង​មាន​ចំនួន​ប្រមាណ ៦០០​លាន​ដុល្លារ​អាមេរិក​ហើយ​នៅ​ពេលនេះ៕

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស